
ភាគទី១
ទីក្រុងអង្គរ គឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដ៏មានឥទ្ធិពលបំផុតកាលពីសតវត្សទី១៣ នៅទ្វីបអាស៊ី មាននគរចំណុះរហូតដល់ជាងមួយរយនគរ។ ប្រជាជនរស់នៅក្នុងសម័យកាលនោះមានតែភាពរុងរឿងហើយនិងរុងរឿង។ ប្រជាជនរស់នៅដោយពឹងផ្អែកទៅលើការដាំដុះជាធំ ជាពិសេសគឺដំណាំស្រូវ នៅតាមដងបឹងទន្លេសាបនិងនៅតាមទីទួលនានាពេលដែលមានទឹកជំនន់នឹងមិនប៉ះពាល់ដល់ផលកសិកម្ម។ ផលដំណាំទាំងអស់ស្រោចស្រពទៅដោយទឹកបានពីបារាយណ៍អាងស្ដុកទឹកធំ គូទឹកដែលព័ទ្ធជុំវិញប្រសាទអង្គរវត្ត និងអូរប្រលាយផ្សេងទៀតផងដែរ។
ប្រាសាទអង្គរគឺជាប្រាសាទដែលមានអាយុកាលវ័យចំណាស់ ជាអឆ្ឆរិយៈវត្ថុដែលបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពផងដែរ។
នៅលើជញ្ជាំងនៃប្រសាទអង្គរ មានចារផ្ទាំងគំនូរគ្រប់សកម្មភាព គ្រប់រឿងរ៉ាវ មានតាំងពី របបនយោបាយ របៀបរស់នៅរបស់ប្រជាជន ទំនៀមទម្លាប់ ប្រពៃណី ជាដើម។
ក្រឡេកមើលមុខស្លេកស្លាំង បបូរមាត់ឡើងស្វាយល្អូក ឯរាងកាយក៏ដេកស្ដូកស្ដឹងមិនកម្រើកលើក្រឡាបន្ទំ ធ្វើអោយអ្នកកំពុងសម្លឹងមើលទប់ទឹកភ្នែកមិនជាប់ដោយការឈឺចាប់ឥតប្រមាណ ព្រោះខ្លាចថាបាត់បង់មនុស្សជាទីស្រឡាញ់។
«ម្ចាស់បង!» សំឡេងស្រទន់ពីរោះដូចរ៉ៃកណ្ដឹងហៅបងស្រី កែវភ្នែកមិនដកចេញពីរាងកាយរបស់ក្មួយសម្លាញ់។
«ឥន្ទ្រីនា! ម្ចាស់ប្អូនទតទៅ បុត្រីរបស់យើងគិតតែពីផ្ទំបែបនេះច្រើនថ្ងៃហើយ» ព្រះមហេសី ឥន្រ្ទីនី ព្រះកន្សែងដោយការខូចព្រះទ័យ អ្នកដែលជាអនុជត្រីទតឃើញដូច្នេះហើយទើបបានតែដកដង្ហើមធំ រឿងម្យ៉ាងដែលធ្វើអាចបានបាននៅពេលនេះគឺការមានព្រះបន្ទូលលើកទឹកចិត្តបងស្រីដែលមានអាយុឆ្ងាយគ្នាមួយមេឃមួយដី។
«ម្ចាស់បង! កុំព្រះកន្សែងអី ទេពី ប្រាកដជាមិនអី ទ្រង់ជាមនុស្សល្អ ដូចនេះព្រះអាទិទេពប្រាកដជាជួយទ្រង់ជាក់ជាពុំខានឡើយ ព្រះមែម្ចាស់»
«តែយើងខ្លាចតែ...»
«សូមទ្រង់កុំមានព្រះបន្ទូលអ្វីទាំងអស់ ចូលគិតថាព្រះអាទិទេពទ្រង់នឹងជួយនាំ ទេពី ត្រលប់មករកពួកយើងវិញ»
ព្រះនាង ឥន្រ្ទីនា មានព្រះបន្ទូលចប់ រាងមាំក្រវាញរបស់ព្រះរាជាដែលមានដំណើរយ៉ាងអង់អាចស័ក្តិសមជាម្លប់សម្រាប់ប្រជានុរាស្រ្តទូទាំងនគរ ក៏នាំព្រះកាយយាងចូលមកដល់អមដោយសេនាមាឌធំៗមិនចាញ់គ្នា។
«សូមថ្វាយបង្គំព្រះស្វាមី!/ថ្វាយព្រះបង្គំព្រះអង្គម្ចាស់»
«បុត្រីយើងយ៉ាងម៉េចទៅហើយ?» ព្រះរាជាមានព្រះបន្ទូលត្រាស់សួរ ហើយក៏យាងមកជិតក្រឡាបន្ទំរបស់បុត្រីសំណព្វដោយផ្ទាល់ បន្ទាប់មកក៏បានតែដកដង្ហើមធំ ខណៈឮព្រះសុវនីយ៍របស់ព្រះជាយា។
«មិនឃើញមានអ្វីដែលល្អប្រសើរឡើងឡើយព្រះមែម្ចាស់ បុត្រីនៅតែផ្ទំបែបនេះដដែល»
«ហ៊ើយ...យើងពិតជាពិបាកព្រះទ័យណាស់ មើលទៅប្រហែលជាតែវិធីម្យ៉ាងទេ...លោកអាមាត្រ! នាំបញ្ជារបស់យើងទៅប្រាប់ព្រះរាជគ្រូ ឲ្យរៀបចំពិធីបួងសួងនៅមុខព្រះរាជដំណាក់របស់បុត្រីយើងនៅថ្ងៃពេញបរមណីខាងមុខនេះ...យើងនឹងប្រារព្ធពិធីទេវរាជដើម្បីបួងសួងដល់ព្រះអាទិទេពសុំបុត្រីរបស់យើងត្រលប់មកវិញ» ព្រះអង្គ សូរ្យកាន អាទិច្ចវង្ស មានព្រះបន្ទូលបញ្ជាទៅអាមាត្រជំនិត។
គ្រប់គ្នាដែលរស់នៅក្នុងទីក្រុងនេះសុទ្ធតែជឿលើព្រាហ្មណ៍សាសនា ដែលជាសាសនាជឿលើអារក្សអ្នកតា ជាពិសេសគឺ អាទិទេព ដែលពួកគេជឿថាជាព្រះនៃចក្រវាលទាំងមូល។
«ករុណាថ្វាយវិសេសក្រាបទូល!»
ពិធីត្រូវបានរៀបចំឡើង មានពួកទាហាន សេនា អ្នកកាន់ទង់ជ័យនិងអ្នកភ្លេង ចំនែកឯពួកភិលៀងស្រីៗស្លៀកពាក់តែល្វែងក្រោម បួងសក់ឡើងលើមានផ្កាភ្ញីសៀតក្នុងផ្នួងសក់ ដៃកាន់ទៀនដែលកំពុងតែឆេះ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់ស្ដេចធ្វើពីមាស ប្រាក់ និងគ្រឿងលំអរដែលសុទ្ធសឹងតែជារបស់មានតម្លៃ ចំនែកប្រុសៗមួយពួកទៀតជារាជអង្គរក្សដើរកាន់លំពែងនិងខែល។ ក្សត្រនិងពួកនាយម៉ឺនសព្វមុខមន្ត្រីសុទ្ធតែគង់នៅកន្លែងតាមឋានៈស័ក្តិ ព្រមទាំងប្រជានុរាស្រ្តដែលមកចូលរួមបន់ស្រន់សុំព្រះជនដល់បុត្រីរបស់មហាក្សត្រខ្លួនដូចគ្នា។
នៅលើថ្មទីខ្ពស់ដែលមានរាងស្ដើងរបស់ព្រះនាង ឥន្ទ្រីទេពី ផ្ទំពីលើ អមដោយព្រះខ័នពីរនិងភ្លុកដំរី សុទ្ធសឹងតែស្រោបដោយមាស និងគ្រឿងរណ្ដាប់ជាច្រើនផ្សេងទៀតត្រូវបានរៀបចំរុះពណ៌មាសប្រាក់ដាក់នៅម្ខាង។
លោកគ្រូអាចារ្យឈ្មោះ គិវសោម ដែលគ្រប់គ្នាអោយតម្លៃនិងផ្ដល់ការគោរព ចាត់ទុកគាត់ជាកូនចៅរបស់ព្រះអាទិទេព ព្រោះមានតែគាត់ទេដែលនិយាយជាមួយនឹងព្រះអាទិទេពបាន ខណៈពេលនេះគាត់កំពុងតែរៀបចំប្រារព្ធពិធី។
គ្រប់គ្នាលើកដៃសំពះបួងសួងដោយមិនបញ្ចេញសំឡេងអ្វីទាំងអស់ ឃើញតែមាត់រាជគ្រូប៉ុណ្ណោះដែលកម្រើក។ ភ្លាមៗនោះស្រាប់តែមានដុំពពករសាត់ត្របាញ់ចូលគ្នាជាធ្លុងមួយ ផ្ទៃមេឃក៏ប្រែជាងងឹត ខ្យល់ក៏ចាប់ផ្ដើមបក់ផាត់ ជាទិដ្ឋភាពគួរអោយស្ងើចសម្បើមណាស់ ប៉ុន្តែសម្រាប់អ្នកនិពន្ធ បើតាមដែលឃើញគឺយល់ថាវាគ្រោះថ្នាក់ខ្លាំងណាស់ វាអាចនឹងមានខ្យល់ព្យុះធ្វើអោយមានគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់គ្នាបាន ណ្ហើយឈប់បារម្ភបានព្រោះគ្រប់គ្នានៅទីនេះបែរជាមិនបានខ្លាច ហើយថែមទាំងយល់ឃើញថា ពេលនេះព្រះអាទិទេពកំពុងតែឆ្លើយតបនឹងសេចក្ដីបួងសួងរបស់ពួកគេគ្រប់គ្នាទៅវិញ។
ភ្លាមៗនោះ គេឃើញរាងកាយដែលផ្ទំស្ដូកស្ដឹងលើថ្មខ្ពស់រាងដូចគ្រែនោះ ងើបអង្គុយត្រង់ខ្លួន សូរ្យកាន ឥន្រ្ទីទេពី បើកនេត្រាឡើងសន្សឹមៗ ព្រះនាងងាកទៅទតជុំវិញខ្លួន មើលឃើញគ្រប់យ៉ាងរាងព្រាលៗស្កេកស្កាសព្រោះភ្នែកមិនទាន់ស៊ាំ ព្រះនាងខំប្រមើលទតជាខ្លាំងក៏ប្រទះនឹងព្រះមាតា ព្រះបិតាដែលគង់នៅមិនឆ្ងាយប៉ុន្មាន។
គ្រប់គ្នាឃើញដូចនោះក៏មានស្នាមញញឹមដោយក្ដីសោមនស្សរីករាយជាខ្លាំង។ តែគ្រប់យ៉ាងក៏ក្រឡាប់ចាក់ពេលឃើញថាមានពន្លឺឆ្វេតឆ្វាតដូចជាភ្លើងហ្វាលបាញ់ចំព្រះនាង។
«ព្រះបិតា! ព្រះមាតា!» ព្រះនាងស្រែកខ្លាំងៗ ប្រុងស្ទុះងើបចេញទៅរកអ្នកមានគុណទាំងពីរ តែក៏អារម្មណ៍ថាកម្លាំងអ្វីម្យ៉ាងទាញទ្រង់ឲ្យឡើងទៅលើខាងលើ។
គ្រប់គ្នាស្រែកឡើងអស់សំឡេង រន្ធត់ចិត្តណាស់ពេលឃើញខ្យល់គួចព្រះនាងឡើងទៅខាងលើត្រង់ចំនុចដែលពពកផ្ដុំគ្នាជាធ្លុងមួយនោះបាត់ស្រមោលឈឹង។
«ទេពី...»
ផ្នែកម្ខាងទៀតនៃដែនដីដ៏សែនឆ្ងាយ...
«អាក៎...»
ប្រូស... ឈាមហូរចេញពីមាត់សាកសពដែលទើបតែដាច់ខ្យល់ស្លាប់អំបាញ់មិញពាសពេញមុខ ឃើញសភាពស្លាប់របស់អ្នកចំពោះហើយគ្នីគ្នាបួនប្រាំនាក់ទៀតដែលស្ថិតក្នុងហេតុការណ៍ដែរ ក៏បានតែញ័រខ្លួនទទ្រើកដោយការភ័យខ្លាច។
ហ៊ឹស ពួកអាកំសាក ឆ្កែសម្រាប់តែគេប្រើអោយមកលបខាំ!
គ្មានអ្នកណាមិនខ្លាចស្លាប់នោះទេ ប៉ុន្តែពាក្យនេះប្រហែលមិនសមប្រើសម្រាប់បុរសម្នាក់ ដែលកំពុងតែឈរស្ងៀម ទឹកមុខមាំកំណាចអមដោយកូនចៅមួយក្រុមសុទ្ធតែមុខមាត់កាចៗមិនចាញ់គ្នាគេគឺ ដេសម៉ាណូ ម៉ាយស៊ែឡូ។
«លើកលែងជីវិតអោយពួកយើងផង...ល្បង!» ពួកវានាំគ្នាលុតជង្គង់ក្រាបក្បាលដល់ដី ឱនងើបៗព្រោះចង់បានជីវិតរស់។
«អាណាជាល្បងរបស់ពួកឯង?» កែវភ្នែកស្រអាប់គ្មានពន្លឺមេត្តាសម្លឹងគ្រប់កាយវិការរបស់ក្រុមមនុស្សចំពោះមុខ។
«ប្រេដន ចាត់ការឲ្យស្អាត!!!»
បបូរមាត់បានរូបបង្ហើបបញ្ជាដោយសំឡេងត្រជាក់ បន្ទាប់មក សំលេងស្នូរកាំភ្លើងក៏បន្លឺឡើង ខណៈតែមួយនោះវាមិនមែនតែមួយគ្រប់។
ប៉ាំង! ប៉ាំង! ប៉ាំង! ប៉ាំង! ប៉ាំង!
«...» ស្នូរកាំភ្លើងបានបញ្ចប់ ភាពស្ងប់ស្ងាត់ក៏ចូលមកគ្របដណ្ដប់ពេញផ្ទៃបន្ទប់ ម្ចាស់រាងខ្ពស់ក្រោកឈរហើយបែរខ្នងដើរចេញទៅ បន្ទាប់ពីចាត់ការជនឈ្លានពានដែលហ៊ានចូលមកវាយលុកក្នុងបន្ទប់របស់ខ្លួនក្នុងបំណងអាក្រក់។
«ថៅកែធំ! ថៅកែតូច ត្រលប់មកពី សៀងហៃ វិញហើយ...ឮថាមានរឿងចង់ជម្រាបថៅកែធំ ពេលនេះគាត់កំពុងតែចាំនៅភូមិគ្រឹះ» ប្រេនដន កេនឌី កូនចៅស្លាប់រស់ រាយការណ៍ដោយឫកពាឱនលំទោន ឃើញចៅហ្វាយងក់ក្បាល ទើបនិយាយបន្ថែមទៀត «ថៅកែតូចបញ្ជាក់ថាអោយថៅកែធំទៅរកគាត់ភ្លាមបន្ទាប់ពីរួចកិច្ចការ» ប្រេនដន បញ្ជាក់ដោយសំឡេងមាំ។
«អោយវាចាំបន្តិចទៅ! ទៅសួរសុខទុក្ខអា ប្រ៊ីស បន្តិចសិនចាំទៅរកវា» គេបញ្ជាចប់ក៏មិននិយាយស្ដីស្អីទៀតតាមទម្លាប់ តែខួរក្បាលម៉ាហ្វៀកំលោះត្រូវយកទៅគិតដល់រឿងដែលបានកើតឡើងអំបាញ់មិញ។
«បាទ!»
ម៉ាហ្វៀកំណាចដើរសំដៅឡាន ដែលមានកូនចៅបើកចាំជាស្រេច តាមដោយ ប្រេនដន ដើរចូលទៅតាមក្រោយ។
«ឈប់!» ពេលឡានបើបានឆ្ងាយបន្តិច សុខៗ ដេស ក៏ប្រាប់ងោយមនុស្សរបស់ខ្លួនឈប់ឡាន។
ងឺត...ឡានចាប់ហ្រ្វាំងសឹងតែមិនទាន់ ប្រេនដន ងាកមុខមករកសួរចៅហ្វាយថាមានរឿងអីកើតឡើង ទើបបានជាអោយឈប់ឡានបែបទាន់ហន់យ៉ាងនេះ តែមិនទាន់ទាំងបានសួរផងក៏ឃើញចៅហ្វាយស្ទុះចុះពីឡានបាត់។ កូនចៅដែលបើកឡានតាមក្រោយបីបួនគ្រឿងទៀតក៏នាំគ្នាបើកទ្វារឡានចុះមកដើម្បីការពារសុវត្ថិភាពចៅហ្វាយ ប៉ុន្តែពេលថៅកែធំរាដៃមិនអោយចុះមកទើបពួកនោះបានតែចូលទៅអង្គុយក្នុងឡានដូចដើមវិញ។
ដេស ដើរទៅខាងមុខឡាន ភ្នែករេរកមើលជុំខ្លួនក៏មិនឃើញថាមានស្អី គេឈរស្ងៀមបែបនោះមួយសន្ទុះធំ ព្រោះមិនអស់ចិត្ត ព្រោះអំបាញ់មិញនេះគេមើលឃើញស្រីម្នាក់ច្បាស់ណាស់។
«មិនអាចទេ! ប្រហែលជាព្រិលភ្នែកហើយមើលទៅ...» គេរង៉ូវបន្ទាប់មកទើបចូលទៅក្នុងឡានវិញ។
«ថៅកែធំមានអី តើមែនដែរទេ?» ប្រេនដន ងាកមកសួរ ឃើញមុខតានតឹងរបស់ចៅហ្វាយហើយក៏អត់នឹងសួរមិនបាន។
«គ្មានទេ! ចេញឡានទៅ»
«ប្រេនដន ឯងមានបានប្រាប់ថៅកែធំរបស់ឯងឬអត់ថាយើងនៅចាំ?» ល្វីសម៉ាណូ ទម្លាក់របស់ក្នុងដៃចុះ តំឡើងសំឡេងសួរទៅកូនចៅរបស់បងប្រុស។
សំឡេងមួម៉ៅមិនពេញចិត្តរបស់ប្អូនប្រុស មិនបានធ្វើអោយអ្នកដែលទើបតែដើរចូលមកមានអារម្មណ៍ស្អីបាននោះទេ ចំនែក ប្រេនដន ក៏បានតែតបតាមការពិតថាបានប្រាប់ហើយ។
ដេសម៉ាណូ នៅតែធ្វើទឹកមុខស្មើតាមបែបផែនរបស់គេដាក់ប្អូនប្រុសដដែល ជាហេតុធ្វើឲ្យ ល្វីសម៉ាណូ ឃើញហើយកាន់តែក្ដៅចិត្តនឹងភាពមិនក្ដៅរងាររបស់បងប្រុស។
«ល្បងធ្វើអោយខ្ញុំមួម៉ៅ»
«ចុះឯងក៏បែបហ្នឹងស្រាប់ទៅហើយ!»
ព្រោះ ល្វីស៍ម៉ាណូ ម៉ាយស៊ែឡូ ជាមនុស្សឆេវឆាវ ចិត្តក្ដៅដូចភ្លើង បើសិនជានិយាយថាគេមិនមូម៉ៅវារឿងជាចម្លែកហើយ។ ថៅកែតូចគ្មានថ្ងៃធ្វើជាមនុស្សចិត្តត្រជាក់ស្ងៀមស្ងាត់ដូចទឹកគ្មានរលកដូចថៅកែធំដែលជាបងប្រុសបានទេ។
ឮសម្ដីបងធំហើយ បានតែធ្វើឲ្យ ល្វីស ដកដង្ហើមខឺតខត ខណៈបកដៃអោយមនុស្សជំនិតយករបស់ទៅទុក ព្រោះត្រូវនិយាយសាច់ការជាមួយបងធំបន្តិច។
ម៉ាឆែល រ៉េនតូ មនុស្សជំនិតថៅកែតូចងក់ក្បាលដោយការគោរព ហើយកាន់របស់នោះប្រុងដើរចេញទៅ តែត្រូវឈប់ឆ្ងក់ពេលថៅកែធំសួរឡើង៖
«ស្អីគេហ្នឹង?» គេមិនត្រឹមតែសួរធម្មតា តែនៅដើរទៅជិត ម៉ាឆែល ឈ្ងោកមើលរបស់ក្នុងដៃគេដោយការចង់ដឹង។
«គ្មានស្អីទេ របស់បុរាណ ខ្ញុំទើបតែយកបានពី រ៉ាសស្ទៀន» ល្វីស ឆ្លើយជំនួស។
«ឯងចាប់អារម្មណ៍របស់បែបនេះតាំងពីពេលណាមកថៅកែតូច?» ព្រោះគេមិនគិតថាថៅកែតូចចូលចិត្តរបស់ចម្លែក ទាំងប្លែកបែបនេះ មើលលិចកើតជើងត្បូងយ៉ាងណាក៏មិនឃើញថាមានផលប្រយោជន៍អីសម្រាប់ពង្រីកមុខជំនួញ។
«អឺម...ចាប់អារម្មណ៍»
«???»
«បានហើយ ម៉ាឆែល យកទុកទៅ»
«ឈប់...ដាក់នៅលើតុនេះសិនទៅ ឯងទៅធ្វើការបស់ឯងទៅ ម៉ាឆេល...ខ្ញុំសុំមើលបន្តិចថាវាជារបស់អី» ដេស បញ្ជា ម៉ាឆែល។
«យកទៅទុកទៅ! ចាំបន្តិចទៀតចាំទៅមើលនៅបន្ទប់ខាងលើក៏បានដែរ ល្បងនិយាយការងារជាមួយខ្ញុំសិនមក»
ដេស ជ្រួញមុខដោយការមិនពេញចិត្ត តែក៏ព្រមដាក់ខ្លួនអង្គុយចុះលើសាឡុងតម្លៃថ្លៃវិញតាមសម្ដីប្អូនប្រុស។ លែងចាប់អារម្មណ៍នឹងប្រអប់ដែល ម៉ាឆែល បានកាន់ដើរចេញទៅតទៅទៀត។
«មានពួកក្មេងក្មាំងបង្កើតក្រុមថ្មីៗ ធ្វើបងតូចបងធំច្រើន ហើយមើលទៅម្នាក់ៗដូចជាចង់វ័ធទី តែបងកុំបារម្ភខ្ញុំបានចាប់ការរួចហើយ គ្មានអ្នកណាអាចបង្ករឿងអោយពិបាក»
ស្ថានភាពកាលពីប៉ុន្មានថ្ងៃមុន ពិតជារញ៉េរញ៉ៃខ្លាំងណាស់ តែពេលនេះវាត្រលប់មកធម្មតាវិញហើយ ទើបគេត្រូវប្រញាប់រាយការណ៍យកគុណសម្បត្តិខ្លះ។
«បើចាត់ការបានហើយក៏ល្អ...ចំនែកខាងនេះបងចាត់ការរៀបរយល្អ»
«ប៉ុន្តែរឿងដែលកំពុងតែមានបញ្ហាគឺគ្រួសារត្រកូល លី នៅម៉ាកាវ មិនព្រមសហការ តែគេបែរជាមានសំណើរ»
សមត្ថភាពប្រហែលគេមិនពិបាកចាត់ការ ប៉ុន្តែដោយសារតែត្រកូល លី ជាត្រកូលល្បីឈ្មោះនិងមានឥទ្ធិពលមួយនៅម៉ាកាវតាំងពីយូរយារមកហើយ ទើបចង់ស្រវាយកផល គេមិនចង់បានសត្រូវធំ គេត្រូវការមិត្តផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមកបានច្រើនជាង វានឹងធ្វើឲ្យគេកាន់តែវ័ធទីបានទាំងសៀងហៃនិងម៉ាកាវ។
«ហើយឯងទៅពាក់ព័ទ្ធអីនឹងត្រកូល លី នៅម៉ាកាវ?» ថៅកែធំសួរ ព្រោះឲ្យទៅមើលការងារនៅសៀងហៃសុខៗ ប្អូនប្រុសបែរជាបែកទៅដល់ ម៉ាកាវ។
«គឺឃើញថាទីផ្សារវាល្អខ្លាំងណាស់»
«ចុះក្រែងកាស៊ីណូយើងនៅម៉ាកាវមានអ្នកមើលហើយតើ ឯងទៅរញ៉េរញ៉ៃស្អី?»
«មិនចង់រញ៉េរញ៉ៃទេ ប៉ុន្តែប៉ុន្តែចាប់អារម្មណ៍ម៉ាកាវខ្លាំងពិតមែន មានសុទ្ធតែបនល្បែងនិងពួកបងតូចបងធំ» ល្វីស តប។
«ហើយកាស៊ណូយើងនៅទីនោះក៏មិនបានអន់អី មានភ្ញៀវចូលដំណើរកាតល្អធម្មតាតើ បើតាមក្រាហ្វិច»
«តែខ្ញុំចង់បានអំណាចបន្ថែម»
«ឯងនេះមានមហិចតាធំសមជាឈាម ម៉ាយស៊ែឡូ ពិតមែន» ថៅកែធំញោចមាត់ញញឹមដោយការពេញចិត្ត។
ថ្នាក់ជាត្រកូល ម៉ាយស៊ែឡូ ហើយ ទៅដល់ទីណាក៏ត្រូវតែមានអំណាចពេញៗដៃនៅទីនោះដែរ។
«ប្រាកដហើយ ឈាមម៉ាយស៊ែឡូ រត់ពេញសសៃឈាមខ្ញុំ រឿងលើគ្រែក៏មិនចាញ់បុព្វបុរសដែរ»
និយាយចុះឡើង ល្វីស ក៏នាំចូលរឿងត្រេតកាមដូចរាល់ដង ថៅកែតូចជាមនុស្សចូលចិត្តសប្បាយជាងបងប្រុសក្រៅពីជំនាញខាងរៀបផែនការជំនួញហើយ អ្នកប្រុសទីពីរជាកំលោះដែលត្រូវការរឿងលើគ្រែលំដាប់កំពូល។
«ឈប់និយាយរឿងឥតប្រយោជន៍ សំខាន់តើត្រកូល លី ដាក់សំណើរស្អីដល់ឯង?»
«ល្បងនេះកុំមើលងាយរឿងលើគ្រែ ខ្ញុំដឹងណាថាវាជួយល្បងពេលស្រ្តេសបានច្រើនណាស់»
«តិចត្រូវម៉ាជើងឥលូវហើយ ល្វីស មិនឮបងសួរឯងទេអី?»
«ខ្លាចដល់ហើយល្បង ជើងខ្ញុំអត់មានទេអី!» ល្វីស សួរឌឺទៅវិញ ព្រមទាំងធ្វើមុខគួរឲ្យដាល់បែកមាត់ថែមទៀត។
គេនិងបងប្រុសមានអាយុខុសគ្នាតែមួយឆ្នាំប៉ុណ្ណោះ ទើបនិយាយស្ដីរាងពាលស្មើបន្តិច។
«គេចង់ភ្ជាប់សាច់ឈាម» ពេលឃើញបងធំជ្រួញចិញ្ចើម កែវភ្នែករាបស្មើភ្នែកសម្លឹងគេត្មែ ដោយមិនចង់បានរង្វាន់បាតជើងរន្ទះទើប ល្វីស ប្រញាប់ប្រាប់។
«ជាមួយឯង?»
«ជាមួយត្រកូល ម៉ាយស៊ែឡូ ទៅវិញទេ» ថៅកែតូចបញ្ជាក់ រឿងអីដែលត្រូវប្រាប់ថាអ្នកខាងណោះដំបូងស្នើគេនោះ។
ហឹសៗ ល្បងធំគេប្រាកដជាមិនដឹងនោះទេ បើសិនជាគេ មិនប្រាប់ ព្រោះត្រកូល ម៉ាយស៊ែឡូ មានបងប្រុសពីរនាក់នោះគឺគេនិងល្បងធំនឹងឯង។
«ន័យរបស់ឯង...»
«ជួយប្អូនប្រុសដែលជាសាច់ឈាមតែមួយរបស់បងបន្តិចទៅ តាមធម្មតាបងតែងតែលះបង់ដើម្បីប្អូនមិនមែនឬ?» ល្វីស អង្វរបងប្រុសបានគួរឲ្យធាក់។
ឮបែបនេះហើយ មនុស្សដែលមិនចេះស្គាល់ក្ដីស្រឡាញ់និងហួងហែងភាពនៅលាវដូចជាថៅកែធំ មានឬដែរព្រមនោះ? ច្បាស់ណាស់ថាគេស្រឡញ់ប្អូនប្រុស ហើយអាចលះបង់គ្រប់យ៉ាងដើម្បីប្អូនប្រុសបាន ប៉ុន្តែរឿងមួយនេះដាច់ខាតគឺ មិនព្រម។
«ទៅស្លាប់ទៅ ល្វីស បើឯងចង់ពង្រីកអំណាចរបស់ឯងនៅទីនោះ ក៏លះបង់ដោយខ្លួនឯងទៅ»
«ហើយចុះវាមិនមែនអំណាចរបស់បងដែរទេអី? ក្រែងបងជាថៅកែធំហ្អី មិនមែនខ្ញុំបានតែម្នាក់ឯងណា?» ល្វីស បាញ់សំណួរដោយសំឡេងខឺតខត ចាប់ផ្ដើមខឹងបន្តិចហើយដែលបញ្ចុះបញ្ចូលល្បងធំមិនបាន។
«អ៊ីចឹងក្នុងនាមយើងជាថៅកែធំ និងជាប្រមុខត្រកូល សូមបញ្ជាឯងឲ្យទទួលសំណើរត្រកូល លី ដើម្បីជំនួញត្រកូល»
ស្ថានការណ៍ផ្លាស់ប្ដូរ ល្វីស ស្លេកមុខពេលបងប្រុសបញ្ជា ព្រោះបើប្រមុខត្រកូលបញ្ជាហើយគេគ្មានថ្ងៃជំទាស់បានទេ។
គិតៗទៅយើងរករឿងដាក់ខ្លួនឯងឬ?
«ថៅកែធំ នេះ...»
«បិទមាត់ឯងទៅ យើងមានការងារត្រូវធ្វើទៀត សង្ឃឹមថាគ្រោងការណ៍ពង្រីកអំណាចរបស់ឯងនឹងបានជោគជ័យអាប្អូនប្រុស»
«នេះល្បង...» បើកភ្នែកសម្លក់ថ្មែ។
«យើងទៅមើលទំនិញឯងមួយភ្លែតសិន... ហ៊ើយយ៉ាប់ណាស់ មនុស្សមិនខ្វល់រឿងស្នេហាស្រាប់ទៅហើយ ទោះរៀបការទៅក៏ឯងអាចប្រើជីវិតតាមបែបដែលឯងចូលចិត្តបានដដែល នេះជាជំនួញឯងមិនដឹងឬធ្វើជាភ្លេចចំនុចនឹង? កុំឲ្យបរាជ័យព្រោះតែរឿងតូចតាចបែបហ្នឹងណា ល្វីស» ដេស ដើរចេញទៅតែក៏មិនភ្លេចនិយាយបញ្ឃឺប្អូនប្រុស។
មានឬដែលមនុស្សដូចជា ល្វីសម៉ាណូ បង្ហើបគម្រោងឲ្យអ្នកដទៃដឹងហើយ នឹងធ្វើឲ្យវាបរាជ័យនោះ ទោះស្លាប់ក៏គេស៊ូឲ្យបានដែរ គ្មានថ្ងៃឲ្យបងធំចំអកជាដាច់ខាត។
ដេស ឈរធ្មឹងពេលចូលដល់ក្នុងបន្ទប់ឃើញរបស់ចំពោះមុខ វាច្បាស់ណាស់ថាគេធ្លាប់ឃើញវានៅក្នុងយល់សប្ត គឺមានរូបរាងស្រដៀងៗនេះឯង។
ម៉ាហ្វៀកំលោះឈរកណ្ដាលបន្ទប់មើលប្រអប់ដាក់របស់នោះយ៉ាងយូរ កម្លាំងអ្វីម្យ៉ាងទាញចំណាប់អារម្មណ៍ឲ្យគេលូកដៃទៅបើកប្រអប់។
គ្រឿងរណ្ដាប់ផ្សេងៗសុទ្ធសឹងតែជារបស់មានតម្លៃត្រូវបានបង្ហាញខ្លួនចំពោះមុខគេ កងដៃមានសណ្ឋានមូលជារង្វង់តែទុកប្រណោះប្រហែលមួយធ្នាប់ដៃនិងមានក្បាច់រចនា មានទាំងសម្លៀកបំពាក់ កងជើង ខ្សែ.កដែលមានបន្តោងពណ៌បៃតងស្រោបដោយមាសសុទ្ធមានក្បាច់រចនាយ៉ាងប្រណិតបែបដែលគេមើលមិនយល់ តែដោយអាយុកាលកន្លងទៅយូរយារហើយទើបមើលទៅសណ្ឋានរបស់វារាងស្រអាប់បន្តិច។
អារម្មណ៍លិចលង់យ៉ាងយូរជាមួយនឹងការពិនិត្យគ្រឿងរណ្ដាប់ទាំងនេះ ដៃមាំសន្សឹមៗលូកទៅប៉ះ។
«អា៎...» ត្រឹមតែម្រាមដៃទាំងប្រាំប៉ះគ្រឿងរណ្ដាប់ទាំងនោះ រាងកាយទាំងមូលរបស់ម៉ាហ្វៀក៏កន្រ្តាក់។ គេមានអារម្មណ៍ថាមានកម្លាំងអ្វីម្យ៉ាងស្រូបទាញ រំពេចនោះពន្លឺពណ៌សហាក់ដូចជាភ្លើងហ្វាល់លេចចេញកណ្ដាលបន្ទប់ឡើងចាំងភ្នែក ត្រឹមមួយប៉ប្រិចភ្នែកម្ចាស់រាងកាយកណ្ដាលបន្ទប់ក៏បាត់ទៅតាមពន្លឺនោះ បន្សល់ទុកត្រឹមតែគ្រឿងរណ្ដាប់នៅកន្លែងដដែល។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!
No comments:
Post a Comment