"ចក្រវាឡការស្រមើស្រមៃខ្ញុំ​ ដំណើរផ្សងព្រេងរបស់អ្នក"

Responsive Advertisement

Tuesday, April 7, 2020

សង្គ្រុបស្នេហ៍ ម៉ាហ្វៀវគ្គ១ សេចក្ដីផ្ដើម

សេចក្ដីផ្ដើម
«សេនា... អុប៎!» សំឡេងស្រែកត្រូវលេបចូលទៅវិញ ពេលដៃរហ័សដូចផ្លេកបន្ទោលរបស់នរណាម្នាក់បិទមាត់ជិត។

ជនរងគ្រោះបើកភ្នែកក្រឡេបក្រឡាប់ រឹងខ្លួនស្ដូក ត្រជាក់តាំងពីក្បាលរហូតដល់ចុងជើង។
ព្រះនាងកំពុងតែផ្ទំសុខៗក៏មានអារម្មណ៍ថាមានមនុស្សចូលមកក្បែរ ទើបបើកភ្នែកឡើង ដឹងអីក៏ត្រូវបិទមាត់បែបដូចដែលឃើញ។ ទ្រង់ព្យាយាមបេះដៃមាំនោះចេញពីមាត់ តែមិនបានសម្រេច ទើបបានតែបើកភ្នែកធំៗមើលអ្នកចំពោះមុខ ខណៈអង្គុយលើក្រឡាបន្ទំដោយទឹកមុខភ័យខ្លាច មិនដឹងថាគេជាបិសាចមកពីឋានណា។
«ស៊ូត... កុំមាត់» អ្នកកំលោះដាក់ដៃចង្អុលត្រឹមបបូរមាត់ ហើយខ្សិបតិចៗជាការហាមប្រាម។
គេនិយាយអំពីអ្វីហ្នឹង? ស្រីក្រមុំបានត្រឹមតែបើកភ្នែកមើលអ្នកចំពោះមុខដោយការងឿងឆ្ងល់ ទ្រង់ព្រះសណ្ដាប់គេនិយាយមិនយល់ តែបើមើលតាមកាយវិការគឺគេចង់ឲ្យទ្រង់ស្ងាត់កុំស្រែក។
កុំស្រែក? ហើយចុះបានអ្នកណាមកជួយយើងទៅ?ទាហាន ភិលៀងនៅខាងក្រៅ អ្នកណាក៏បានដែរ ចូលមកខាងក្នុងបន្តិចមក! ទ្រង់បានត្រឹមតែភាវនាក្នុងចិត្ត ភ្នែកនៅតែមើលគេមិនដាក់។
«អូខេ! កុំស្រែក...ខ្ញុំនឹងលែងមាត់នាង បើនាងហ៊ានតែស្រែកខ្ញុំនឹងសម្លាប់នាងចោល» គេគំរាមព្រមទាំងធ្វើសញ្ញាអារ.កខ្លួនឯងជាគំរូ។ បន្ទាប់ពីឃើញថាស្រីចម្លែកព្រមងក់ក្បាល ទើបគេពន្លែងដៃម្ដងបន្តិចៗ។
«សេ...អ៊ុប!» o)o ភ្នែកបើកធំៗ។
«អេ...ខ្ញុំប្រាប់ថាកុំឲ្យស្រែក តិចបាញ់ធ្លុះក្បាលងាប់ឥលូវ» ដកដៃមិនទាន់ផុតល្អផង ស្រីល្ងីល្ងើម្នាក់នេះក៏ស្រែកឡើង រំពេចនោះរាងស្ដើងដែលគេទើបតែចាប់អារម្មណ៍ថាគ្មានសម្លៀកបំពាក់ល្វែងលើ ក៏ត្រូវគេចាប់ផ្ដួលទៅលើក្រឡាបន្ទំ។ ស្ថិតក្នុងសភាពបែបនេះឃើញហើយគេក៏បានតែអត់ដង្ហើម រួចសម្លុតនាងតិចៗម្ដងទៀត កាន់តែឃើញនាងធ្វើភ្នែកឡេមឡាម គេក៏បានតែស្បថជេរក្នុងចិត្ត ប្រហែលជាមិនយល់អ្វីដែលគេនិយាយនឹងឯង។
គេធ្វើសញ្ញាស្ងាត់ម្ដងទៀត ដោយដាក់ម្រាមចង្អុលប៉ះបបូរមាត់ ពេលនាងងក់ក្បាលតប បែបប្រាកដប្រជាទើបលែងដៃម្ដងទៀត។
«លោកឯងជាអ្នកណា? ម៉េចក៏ថ្លើមធំហ៊ានចូលមកក្នុងតំណាក់របស់យើង?» ពេលមាត់មានសេរីភាពហើយ ទ្រង់ក៏សួរឡើង។
ចិញ្ចើមក្រាស់របស់ជនឈ្លានពានទឹកដីជ្រួញចូលគ្នា ព្រោះស្ដាប់មិនដឹងថានាងនិយាយស្អីដូចគ្នា។
«នាងនិយាយភាសាស្អីរបស់នាងហ្នឹង?» គេសួរត្បកទៅវិញ ស្បថបានថាអារម្មណ៍ពេលនេះចង់តែបាញ់ស្រីល្ងីល្ងើនេះចោលឲ្យផុតៗពីមុខមាត់ទេ។
គេយល់ហើយ នាងមិនចេះភាសាអ៊ីតាលី តែអេ...ឈប់សិន មិនចេះភាសាអ៊ីតាលីអ៊ីចឹងឬ? ហើយចុះទីនេះ... គិតបានត្រឹមប៉ុននេះ ភ្នែកពណ៌ទឹកសមុទ្រក៏រេមើលជុំវិញខ្លួន វិនាទីបន្ទាប់ក៏គាំងមាត់និយាយស្ដីសឹងតែមិនចេញ។
ស្អីហ្នឹង! ដេកយល់សប្តធ្លាក់ចូលក្នុងរឿងនិទានបុរាណឬ?
«សេនា! សេនា! អ្នកណានៅខាងក្រៅឆាប់ចូលមកភ្លាម» ឆ្លៀតពេលគេកំពុងតែមានអាការៈស្លុតចិត្តនឹងអ្វីជុំវិញខ្លួន ទ្រង់ក៏រលាស់ខ្លួនស្ទុះក្រោកចេញពីជនគ្រោះថ្នាក់ ហើយស្រែកខ្លាំងៗហៅមនុស្សឲ្យចូលមកជួយ។
«ឈប់ស្រែកភ្លាម! ព្រះអើយ...» គេស្រែកឃាត់ តែក៏យឺតជាងនាងមួយចម្រៀកនាទីទៅហើយ ត្រឹមតែបានឮសំឡេងទ្រង់ សេនាក៏តម្រង់ជួរគ្នាដើរចូលមកញាប់ជើងដូចមនុស្សយន្ត។
«អេ! ចាប់យើងធ្វើស្អី?» ពេលដឹងខ្លួនម្ដងទៀត រាងខ្ពស់ក៏ត្រូវកងសេនាមាឌមាំក្រវាញចាប់ក្រៀកអូសសំដៅទៅទ្វារ។
កែវភ្នែកពេញដោយកំហឹងសម្លឹងមើលទៅមេដើមហេតុដោយការគុំកួន។
«លែងអញភ្លាម! ពួកអាចង្រៃយ៍ ធុញទ្រាន់នឹងជីវិតហើយមែនទេ? ឆាប់លែងអញភ្លាម បើមិនអ៊ីចឹងទេគ្រាប់កាំភ្លើងច្បាស់ជាបានចោះក្បាលពួកឯងលេងហើយ» គេស្រែកឡូឡា។
មិញនេះមិនបានត្រៀមខ្លួនព្រោះស្ថានការណ៍ទាន់ហន់ពេក បណ្ដាលឲ្យត្រូវចាប់អូសទៅបានងាយៗ។
«នាង! នាងឆាប់ប្រាប់ពួកគេឲ្យលែងយើងភ្លាម មិនអ៊ីចឹងទេយើងនឹងសម្លាប់នាង» គេស្រែក តែមានដែរឬដែលគ្រប់គ្នាស្ដាប់បង្គាប់នោះ? ពេលនេះពួកគេត្រូវចាប់ជនឈ្លានពានយកទៅឃុំឃាំងសិន។
អញស្បថថានឹងយកកាំភ្លើងចោះថ្ងាសរលោងរបស់ស្រីម្នាក់នោះឲ្យបាន ចាំតែមើលទៅ! ភ្នែកពេញដោយកំហឹងសម្លឹងមុខស្រីល្អរហូតដល់ផុតទ្វារតំណាក់។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!


No comments:

Post a Comment

ប្រមូលសិនពិសេស

ប្រមូលសិនពិសេស

ម៉ាណូវែលManovel

ជីវិតពិតប្រៀបបាននឹងប្រលោមលោក ខុសគ្នាត្រង់ជីវិតពិតយើងត្រូវរៀបប៉ារ៉ូដើរតួដោយខ្លួនឯង។ ពួកយើងសប្បាយចិត្តដរាបណាអ្នកគាំទ្រនៅតែរីករាយជាមួយប្រលោមលោករបស់យើងខ្ញុំ។


Comments

Contact Form

Name

Email *

Message *