
ភាគទី២
«អា៎ក...» ត្រឹមតែម្រាមដៃទាំងប្រាំប៉ះគ្រឿងរណ្ដាប់ទាំងនោះ រាងកាយមាំទាំងមូលរបស់ម៉ាហ្វៀក៏កន្រ្តាក់ គេមានអារម្មណ៍ថាមានកម្លាំងអ្វីម្យ៉ាងស្រូបទាញ រំពេចនោះពន្លឺពណ៌សហាក់ដូចជាភ្លើងហ្វាល់លេចចេញកណ្ដាលបន្ទប់ឡើងចាំងភ្នែក ត្រឹមមួយប៉ប្រិចភ្នែកម្ចាស់រាងកាយកណ្ដាលបន្ទប់ក៏បាត់ទៅតាមពន្លឺ បន្សល់ទុកត្រឹមតែគ្រឿងរណ្ដាប់នៅកន្លែងដដែល។ខណៈនោះនៅទឹកដីមហានគរក្នុងតំណាក់មានចំហាយទុក្ខសោក។
«ម្ចាស់បងទ្រង់កុំព្រះកន្សែងអី... ព្រះរាជគ្រូកំពុងតែរកមធ្យោបាយហើយ មិនយូរទេយើងប្រាកដជាបាន ទេពី ត្រឡប់មកវិញហើយព្រះមែ» ព្រះនាង ឥន្ទ្រីនា មានព្រះសុវនីយ៍លួងលោមម្ចាស់បងឲ្យបាត់ទុក្ខសោក ដោយសារតែបុត្រីតែមួយបានបាត់ខ្លួនទៅតាមកម្លាំងកួចនៃពពកខ្មៅ។
«តែយើងពិតជាព្រួយព្រះទ័យខ្លាំងណាស់ម្ចាស់អូន បើសិនជាមានរឿងហេតុអ្វីមិនល្អ កើតឡើងលើបុត្រីរបស់យើងនោះ តើយើងគិតយ៉ាងណាទៅ?»
«មិនអាចនោះទេព្រះមែម្ចាស់... ព្រះអាទិទេពប្រាកដជាតាមថែរក្សា ទេពី»
ថ្វីត្បិតតែព្រះនាង ឥន្ទ្រីនា មានគន្លាតអាយុខុសពីបងស្រីឆ្ងាយ ប៉ុន្តែទ្រង់មានគំនិតចាស់ទុំ រឹងមាំជាងបងស្រី ព្រមទាំងប្រកាន់ទស្សនៈសុទិដ្ឋិនិយម ប្រកាន់នូវអំពើល្អ មិនសាងបាប និងគោរពបូជាដល់ព្រះអាទិទេពដោយសុទ្ធិចិត្ត។
តាមពិតទៅទ្រង់ក៏មានក្ដីកង្វល់ពីម្ចាស់ក្មួយមិនចាញ់បងស្រីឡើយ ប៉ុន្តែទ្រង់ត្រូវតែជឿជាក់និងបន់ស្រន់ដល់ព្រះអាទិទេព អោយទ្រង់តាមថែរក្សា ឥន្ទ្រីទេពី ឲ្យមានសុវត្ថិភាព។
«ហ៊ឹក... យើងនឹងបន់ស្រន់ដល់ព្រះអាទិទេពឲ្យតាមថែរក្សាបុត្រីរបស់យើង»
«អ៊ីចឹងយើងយាងទៅតំណាក់បន់ស្រន់ទាំងអស់គ្នាពេលនេះតែម្ដងទៅព្រះមែ»
ក្សត្រីទាំងពីរអង្គយាងចេញទៅតំណាក់ព្រះអាទិទេពជាមួយគ្នា ពេលទៅដល់ក៏ធ្វើការអុជទៀនធូបថ្វាយផ្កាដែលជាទីសការៈដល់ព្រះអាទិទេព បន្ទាប់ដោយការបួងសួងសុំឲ្យទ្រង់តាមឃុំគ្រង ឥន្ទ្រីទេពី ដែលបានបាត់ខ្លួនទៅ។
បន្ទាប់ពីបន់ស្រន់រួចហើយ ពួកទ្រង់ក៏ត្រឡប់ទៅព្រះតំណាក់វិញ ដោយព្រះនាង ឥន្ទ្រីនា ទ្រង់អមដំណើរម្ចាស់បងរហូតដល់ព្រះតំណាក់។
«សូមទ្រង់កុំខ្វល់ព្រះទ័យខ្លាំងពេក ខ្លាចថាទ្រង់នឹងធ្លាក់ខ្លួនប្រឈួនមួយអង្គទៀតណា...ខ្ញុំម្ចាស់បារម្ភពីទ្រង់ព្រះមែ»
«អរគុណណាស់ម្ចាស់អូន... ទ្រង់ត្រឡប់ទៅតំណាក់វិញចុះ ម្ចាស់បងមានអារម្មណ៍ថាគ្រាន់បើវិញហើយ ក្រោយពីទៅបន់ស្រន់ព្រះអាទិទេព»
«ខ្ញុំម្ចាស់ថ្វាយបង្គំលាហើយ សូមទ្រង់ប្រញាប់ចូលផ្ទំ សុបិនល្អណាព្រះមែ»
«ម្ចាស់អូនក៏ដូចគ្នា យើងរំខានទ្រង់ហើយពីរថ្ងៃនេះ»
«យើងជាបងប្អូននឹងគ្នា គ្មានអ្វីដែលហៅថារំខានសម្រាប់យើងទាំងពីរទេ»
ព្រះនាង ឥន្ទ្រីនា យាងមកដល់តំណាក់ខ្លួន ពួកភិលៀងស្រីៗនាំគ្នារៀបចំទឹកស្រង់ឲ្យទ្រង់។ ភិលៀងបម្រើចាត់ការដោះសម្លៀកបំពាក់ឲ្យទ្រង់។ សាច់សម្បុរស្រអែមតាមបែបធម្មជាតិដែលបញ្ជាក់ពីសមាសភាពរបស់ជនជាតិអាស៊ី លេចឡើងបង្អួតភ្នែក សក់វែងអន្លាយគ្របដណ្ដប់ខ្នងរលោងស្រិល ឃើញហើយបបួលដៃអោយចង់តែលូកទៅប៉ះនិងស្ទាបអង្អែលថែថើប កែវភ្នែកពណ៌ខ្មៅនិល ច្រមុះស្រួច បបូរមាត់ក្រមិបបានរូប ញោចញញឹមតិចៗដាក់ភិលៀងដែលបម្រើ និយាយថាពីសមអើយសែនសមនឹងទម្រង់មុខពងក្រពើ។ កាន់តែល្អទៀតនោះគឺសមនឹងសម្បុរស្រអែម កាន់តែធ្វើឲ្យទ្រង់ញញឹមស្រស់ លេចចេញភាពទន់ភ្លន់តាមបែបកិរិយានារីខ្មែរ តែរឹងមាំ។
«បានហើយ...ពួកនាងសម្រាកទៅចុះ យើងចូលក្រឡាបន្ទំហើយ» បន្ទាប់ពីតុបតែងព្រះកាយរួចរាល់ ទ្រង់ក៏មានបន្ទូលទៅកាន់ភិលៀងស្រីៗ រួចយាងចូលទៅក្រឡាបន្ទំដោយអង្គឯង ចំនែកពួកភិលៀងស្រីៗទាំងប៉ុន្មានរូប ក៏ដាក់ខ្លួនតម្រេតដេកនៅក្បែរមាត់ទ្វារតំណាក់របស់ព្រះនាង។
ពន្លឺព្រះច័ន្ទចាំងចូលក្រឡាបន្ទំតាមចម្រឹងថ្មនៃបង្អួចប្រសាទ ជះពន្លឺព្រាលៗទៅលើរាងស្ដើងម្ចាស់តំណាក់ ដែលផ្ទំលង់លក់លើក្រឡាបន្ទំ។
ឌឹប! សំឡេងលាន់ឡើងតាមកម្លាំងអុកទង្គិចនឹងថ្ម រាងខ្ពស់មាឌធំដំបងស្ទុះក្រោកស្វ័យប្រវត្តិតាមសតិញាណរបស់អ្នកប្រយុទ្ធ។
ដេសម៉ាណូ សង្កេតមើលជុំវិញខ្លួនទើបយល់ថា ពេលនេះខ្លួនកំពុងតែរបូតធ្លាក់មកក្នុងរឿងនិទាន។
យល់សប្ត?
«...» ម៉ាហ្វៀកំលោះនឹកក្នុងចិត្ត ឃើញច្បាស់ណាស់ថាសុទ្ធតែជញ្ជាំងប្រាសាទ។ មើលចុះមើលឡើងក៏ប្រទះភ្នែកនឹងមនុស្សកំពុងតែដេកលើគ្រែ ទើបរាងខ្ពស់ដើរតម្រង់ទៅឥតរារែកចិត្ត។
ផ្ទៃមុខស្រទន់ស្រស់ស្អាតដូចទេពអប្សរ ខណៈកំពុងលង់លក់បែបនេះពិតជាចំណីត្រជាក់ភ្នែកពិតមែន។ កម្លាំងថាមពលដ៏ស្រស់ស្អាតទាក់ទាញឲ្យដៃជនឈ្លានពានឈោងដៃទៅរកបន្តិចម្ដងៗ។
«អុស៎...អ្នកណា? សេនា... អុប៎!» សំឡេងស្រែកត្រូវលេបចូលទៅវិញពេលដៃធំរហ័សដូចផ្លេកបន្ទោលបិទមាត់ទាន់។
ជនរងគ្រោះបើកភ្នែកក្រឡេបក្រឡាប់ រឹងខ្លួនស្ដូក ត្រជាក់តាំងពីក្បាលរហូតដល់ចុងជើង។ ព្រះនាងកំពុងតែផ្ទំសុខៗក៏មានអារម្មណ៍ថាមានមនុស្សចូលមកក្បែរ ទើបបើកនេត្រាឡើងដើម្បីមើល ដឹងអីក៏ត្រូវបិទមាត់បែបដូចដែលឃើញទៅវិញ។ ទ្រង់ព្យាយាមបេះបាតដៃធំនោះចេញពីមាត់ តែមិនបានសម្រេច ទើបបានតែបើកភ្នែកធំៗមើលអ្នកចំពោះមុខ ខណៈគង់លើកក្រឡាបន្ទំដោយទឹកមុខភ័យខ្លាច មិនដឹងថាគេជាបិសាចមកពីឋានណា។
«ស៊ូត... កុំមាត់» អ្នកកំលោះដាក់ដៃចង្អុលត្រឹមបបូរមាត់ ហើយខ្សិបតិចៗជាការហាមប្រាម។
គេនិយាយអំពីអ្វីហ្នឹង? ស្រីក្រមុំបានត្រឹមតែបើកភ្នែកមើលអ្នកចំពោះមុខដោយក្រសែភ្នែកងឿងឆ្ងល់ ទ្រង់ស្ដាប់គេនិយាយមិនយល់ តែបើមើលតាមកាយវិការគឺគេចង់ឲ្យទ្រង់ស្ងាត់កុំស្រែក។
កុំស្រែក? ហើយចុះបានអ្នកណាមកជួយយើងទៅ? ទាហាន និង ភិលៀងនៅខាងក្រៅ អ្នកណាក៏បានដែរ ចូលមកខាងក្នុងបន្តិចមក! ទ្រង់បានត្រឹមតែនឹកភាវនាក្នុងចិត្ត ភ្នែកនៅតែមើលគេមិនដាក់។
«អូខេ! កុំស្រែក...ខ្ញុំនឹងលែងមាត់នាង បើនាងហ៊ានតែស្រែកខ្ញុំនឹងសម្លាប់នាងចោល» គេគំរាមព្រមទាំងធ្វើសញ្ញាអារ.កខ្លួនឯងជាគំរូ។ បើសិនជាអ្នកផ្សេងដែលមិនមែនជាអ្នកចំពោះមុខបានឮទឹកដមសំឡេងនិងទឹកមុខគេនៅពេលនេះ ប្រាកដជាខ្លាចឡើងញ័រខ្លួនមិនខាន ប៉ុន្តែវាមិនមែនសម្រាប់ស្រីម្នាក់នេះ។
បន្ទាប់ពីឃើញថាស្រីចម្លែកព្រមងក់ក្បាល ទើបគេព្រមពន្លែងដៃម្ដងបន្តិចៗ ខណៈនោះហើយដែលគេសង្កេតឃើញថាស្រីម្នាក់នេះមិនបានមានសម្លៀកបំពាក់ត្រឹមត្រូវ ល្វែងលើគឺល្ហល្ហេវគ្មានអ្វីទាំងអស់។
នេះទាក់ទាញច្បាស់ណាស់! ថៅកែធំបិទភ្នែកប្រិចៗដើម្បីហៅសតិអារម្មណ៍កុំឲ្យចាប់អារម្មណ៍ស្អីមិនដឹងជាស្អីចំពោះមុខ ប៉ុន្តែក៏អត់គិតមិនបានថាបើសិនជាចាប់នាងផ្ដួលហើយចាត់ការតើល្អដែរទេ? បើលេងមកម៉ូតៗហ្នឹង។
«សេ...»
«អេ...ខ្ញុំប្រាប់ថាកុំឲ្យស្រែក តិចបាញ់ធ្លុះក្បាលងាប់ឥលូវ»
ដកដៃមិនទាន់ផុតល្អផង ស្រីល្ងីល្ងើម្នាក់នេះក៏ប្រុងស្រែកម្ដងទៀត ពិតជាមិនខ្លាចងាប់មែន។ រំពេចនោះរាងស្ដើងគ្មានសម្លៀកបំពាក់ល្វែងលើ ត្រូវគេចាប់ផ្ដួលទៅលើក្រឡាបន្ទំ ទើបដើមទ្រូងក្រពុំប៉ះកកិតនឹងដើមទ្រូងហាប់ណែនដោយជួយមិនបាន។
ទោះជាគេមានអាវពាក់សម្រាប់ខណ្ឌធ្វើឲ្យសាច់មិនបានប៉ះគ្នាផ្ទាល់ ប៉ុន្តែគេនៅតែមានអារម្មណ៍ដឹងដល់ភាពទន់អន្ធឹលៗនៃដើមទ្រូងមូលក្លំមួយគូនេះ សមាសភាពពិតដែលមិនអាចគ្រងគ្រប់បានវាភ្ញាក់ដឹងខ្លួនហើយ។ ស្លាប់អញហើយ មកមានអារម្មណ៍អីក្នុងស្ថានការបែបនេះអាក្អូន? ស្ថិតក្នុងសភាពបែបនេះ ម៉ាហ្វៀកំលោះក៏បានតែអត់ដង្ហើម រួចសម្លុតនាងតិចៗម្ដងទៀត ពេលឃើញនាងធ្វើភ្នែកក្រឡេបក្រឡាប់ឡើងវិល គេក៏បានតែស្បថជេរក្នុងចិត្ត ប្រហែលជាមិនយល់អ្វីដែលគេនិយាយនឹងឯង។
គេធ្វើសញ្ញាស្ងាត់ម្ដងទៀត ពេលនាងងក់ក្បាល បែបប្រាកដប្រជាទើបលែងដៃនៅទីបំផុត។
«ស្ងាត់បើនាងនៅតែរើទៀតខ្ញុំនឹងស៊ីនាងត្រង់នេះឥលូវនេះ»
«លោកឯងជាអ្នកណា? ម៉េចក៏ថ្លើមធំហានចូលមកក្នុងតំណាក់របស់យើង?» ពេលមាត់មានសេរីភាពហើយ ទ្រង់ក៏សួរឡើង មានឬដែលទ្រង់យល់ន័យដែលគេនិយាយ ទើបមិនបានខ្លាចអីបន្តិចទេ ទ្រង់និយាយភាសាទ្រង់ ឯគេនិយាយភាសារបស់គេ។
ចិញ្ចើមក្រាស់របស់ជនឈ្លានពានជ្រួញចូលគ្នា ព្រោះស្ដាប់មិនដឹងនាងនិយាយស្អីដូចគ្នា។
«នាងនិយាយភាសាស្អីរបស់នាងហ្នឹង?» គេសួរត្បកទៅវិញ ស្បថបានថាអារម្មណ៍ពេលនេះចង់តែបាញ់ស្រីល្ងីល្ងើនេះចោលឲ្យផុតៗពីមុខមាត់ជំនួសឲ្យការចាប់នាងស៊ីលើគ្រែថ្មនេះ។
ស្អីហ្នឹង ដេកយល់សប្តឡើងដូចការពិតមែនអញ! គេគិតក្នុងចិត្តខណៈប្រភ្នែកសម្លឹងមើលស្រីចំពោះមុខ ហើយរេមើលជុំវិញជាលើកជាប៉ុន្មានហើយក៏មិនដឹង។
«សេនា! សេនា! អ្នកណានៅខាងក្រៅឆាប់ចូលមកភ្លាម» ឆ្លៀតឱកាសពេលគេមិនបានប្រយ័ត្នរវល់មើលនេះមើលនោះ ទ្រង់ក៏រលាស់ខ្លួនស្ទុះក្រោកចេញពីជនគ្រោះថ្នាក់ ហើយស្រែកខ្លាំងៗខុសពីច្បាប់ស្រ្តីដៅអ្នកខាងក្រៅ ប៉ុន្តែស្ថានការណ៍បែបនេះតើអ្នកណាទ្រាំគោរពច្បាប់បានទៀតទៅ។
«នាងឆ្កួតទេអី! ឈប់ស្រែកភ្លាម! ព្រះអើយ...ស្រែករកម៉ាំងស្អីនាង» គេស្រែកឃាត់ តែក៏យឺតជាងទ្រង់មួយចម្រៀកនាទីទៅហើយ ត្រឹមតែបានឮសំឡេងទ្រង់សេនាក៏តម្រង់ជួរគ្នាដើរចូលមកញាប់ជើងដូចមនុស្សយន្ត ព្រមទាំងពួកភិលៀងស្រីៗផងដែរ។
«អេ! ចាប់យើងធ្វើស្អី?» ម៉ាហ្វៀដែលស្រឡាំងកាំងព្រោះឃើញពួកមនុស្សក្នុងព្រេននិទានប្រទេសមួយណាក៏មិនដឹង កាន់ដាវលំពែងចូលមក។ ដឹងខ្លួនម្ដងទៀត រាងខ្ពស់ក៏ត្រូវកងសេនាមាឌមាំក្រវាញអស់នោះចាប់ក្រៀកអូសសំដៅទៅទ្វារ។
គេស្រែក ហើយងាកមកខាងក្រោយ ប្រើកែវភ្នែកពេញដោយកំហឹងសម្លឹងមើលទៅមេនាំហេតុដោយការគុំកួន។
«លែងយើងភ្លាម! ពួកអាចង្រៃយ៍ ធុញទ្រាន់នឹងជីវិតហើយមែនទេ? ឆាប់លែងយើងភ្លាម បើមិនអ៊ីចឹងទេគ្រាប់កាំភ្លើងច្បាស់ជាបានចោះក្បាលឯងលេងហើយ» គេស្រែកឡូឡាឡើង មិញនេះមិនបានត្រៀមខ្លួន ព្រោះស្ងានការណ៍ទាន់ហន់ពេក បណ្ដាលឲ្យត្រូវចាប់អូសទៅងាយៗ។
«នាង! នាងឆាប់ប្រាប់ពួកគេឲ្យលែងយើងភ្លាម មិនអ៊ីចឹងយើងនឹងសម្លាប់នាង» គេស្រែក តែមានឬដែលគ្រប់គ្នាស្ដាប់បាននោះ ពេលនេះពួកគេត្រូវចាប់ជនល្មើសយកទៅឃុំឃាំងសិន។
យើងស្បថថានឹងយកកាំភ្លើងចោះថ្ងាសរលោងរបស់ស្រីម្នាក់នោះឲ្យបាន ចាំតែមើលទៅ!
ព្រឹកថ្ងៃបន្ទាប់...
«ឥទ្ទ្រីនា មើល៍ចូរទ្រង់មានព្រះបន្ទូលពីដំណើរដើមទងអំពីរឿងកាលពីយប់មិញទៅមើល៍» ព្រះមហាក្សត្រ សូរ្យកាន ទ្រង់ត្រាស់បង្គាប់សួរ។
កាលពីយប់មិញមានដំណឹងបន្ទាន់ពីសេនាយាមវាំងបានរាយការណ៍ថាចាប់បានជនឈ្លានពានទឹកដីម្នាក់ ជាជនជាតិបរទេស ពេលនេះអាម្នាក់នោះក៏បានយកទៅឃុំនៅគុកក្រោយប្រាសាទស្រេចទៅហើយ។
«ព្រះពរម្ចាស់ កាលពីយប់មិញនេះ ពេលដែលខ្ញុំម្ចាស់កំពុងតែផ្ទំសុខៗក៏មានអារម្មណ៍ថាមានមនុស្សលួចចូលតំណាក់ ទើបខ្ញុំម្ចាស់ភ្ញាក់ព្រះកាយឡើង ពេលនោះស្រាប់តែមានមនុស្សមកបិទមាត់ខ្ញុំម្ចាស់ បន្ទាប់មក...» ព្រះនាងមានព្រះបន្ទូលថ្វាយតាមដំណើររឿងរហូតដល់ចប់។
ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់បានដូច្នេះ ក៏ងក់ក្បាល ហើយក៏ត្រាស់បង្គាប់ឲ្យសេនាទៅយកជនប្រហើននោះទៅទីលានប្រហារជីវិត។
«ពួកអាចង្រៃយ៍ឯងនេះ ពិតជាចង់ស្លាប់សាកសពមិនស្អាតមែនហើយ បានជាហ៊ានចាប់យើងចងបែបនេះ» អ្នកទោសឆ្លងភពត្រូវចាប់មកដល់ទីលានប្រហារជីវិត ព្រមទាំងត្រូវវាយជង្គង់ឲ្យលុតចុះផ្ទាល់នឹងដី។
កែវភ្នែកពណ៌ទឹកសមុទ្រគ្រលៀសមើលទៅខាងមុខ ឃើញស្រីម្នាក់រាងខ្ពស់ស្រឡះ សក់វែងអន្លាយទម្លាក់គ្របខ្នងកាលយប់មិញ ឥលូវត្រូវបួងឡើងលើអស់ បង្ហាញទម្រង់មុខពងក្រពើគ្រប់ ត្រឹមតែឃើញពីចំងាយក៏គេស្គាល់ជាក់ថាជាស្រីមេបញ្ហាដែលនាំគេឲ្យជាប់គុកនិងត្រូវធ្វើទារុណ្ឌកម្ម។
ស្លាប់ហើយសភាពម៉ាហ្វៀកំណាចបាត់អស់ហើយ តាំងពីកើតមករហូតដល់អាយុ ៣៤ ឆ្នាំ គេមិនធ្លាប់ជាប់គុក មិនធ្លាប់ត្រូវគេប្រមាថ តែពេលបានជួបស្រីម្នាក់នេះ មើលសភាពគេទៅចុះ ទាំងនេះមកពីស្រីកំណាចនោះទាំងអស់ កុំឲ្យដល់វេនគេឲ្យសោះគេនឹងសងសឹកនាងឲ្យណាណី។
ដេស មើលជុំវិញខ្លួនហើយឃើញមានសុទ្ធតែមនុស្សស្លៀកពាក់ចម្លែក ចំនែកឯគ្រប់យ៉ាងជុំវិញខ្លួនក៏មិនធ្លាប់ឃើញ ទើបគេយល់បានថាពេលនេះ ខ្លួនពិតជាធ្លាក់ចូលមកក្នុងពិភពមួយផ្សេងទៀត ខណៈនេះគេកំពុងតែត្រូវមនុស្សភពផ្សេងចាប់មកសម្លាប់ចោល គួរឲ្យចង់សើចខ្លាំងណាស់ ម៉ាហ្វៀមានអំណាចពេញៗដៃដូចគេចេះមានថ្ងៃនេះដែរ។
«ព្រះអង្គដល់ពេលហើយក្រាបទូល»
«ល្អ! ប្រហារជីវិតទៅ» ព្រះបាទ សូរ្យកាន អាទិច្ចវង្ស មានបន្ទូល ហើយក៏ចាំមើលជនប្រហើនដែលហ៊ានចូលទៅក្នុងតំណាក់របស់ម្ចាស់ប្អូនថ្លៃ។
«ពិជឃាដប្រហារជីវិត»
ទោះមិនដឹងថាពួកគេនិយាយស្អី ប៉ុន្តែថៅកែធំនៅតែអាចប៉ាន់ស្មានដឹងថាប្រហែលជាបញ្ជាឲ្យសម្លាប់គេនឹងឯង ទើបអ្នកអ្នកទោសបានតែបិទភ្នែកទទួលយកជោគជតាកម្ម ទោះបីជាចង់ប្រយុទ្ធតទល់ក៏មិនកើត ខ្លួនប្រាណត្រូវចងជាប់ឡើងជុំវិញជិតរើមិនរួចដល់ថ្នាក់នេះហើយ រើយ៉ាងណាក៏មិនរួចដែរ ចំនងអស់នេះពិតជាជាប់ស្វិតល្អពិតមែន។
«ឈប់សិន...»
គ្រប់សកម្មភាពត្រូវបង្អាក់ រាងកោងខ្នង ដើរយឺតៗតម្រង់មកដោយអាស្រ័យឈើច្រត់នៅនឹងដៃ។ ព្រះរាជគ្រូសម្លឹងមើលអ្នកទោសដោយទឹកមុខរាបស្មើ គាត់ថ្វាយការគោរពដល់ព្រះមហាក្សត្រនិងព្រះមហេសី។
«បពិត្រព្រះសន្ដោស ទ្រង់មិនអាចសម្លាប់ជនបរទេសម្នាក់នេះបានទេ»
«ហេតុអីទៅព្រះរាជគ្រូ?» បានឮសម្ដីរបស់ព្រះរាជគ្រូហើយ ព្រះមហាក្សត្រក៏បានតែត្រាស់បង្គាប់សួររកហេតុផល។
«បើសិនជាទ្រង់ចង់ឲ្យព្រះនាង ទេពី អាចមានឱកាសត្រឡប់វិលវិញបាន ទ្រង់ត្រូវតែទុកជីវិតឲ្យគេក្រាបទូល»
«ព្រះរាជគ្រូនិយាយនេះបានន័យថា...»
«បពិត្រព្រះអង្គ... កាលពីយប់មិញក្រោយពីទូលបង្គំទៅមើលអ្នកទោសនៅគុកជាមួយនឹងទ្រង់ ពេលត្រឡប់មកតំណាក់វិញ ទូលបង្គំក៏គន់គូរជើងលេខមើល ព្រមទាំងសាកសួរដល់ព្រះអាទិទេព ទើបបានចម្លើយថា តាមពិតបុរសម្នាក់នេះជាមនុស្សដែលមកពីអនាគតកាល ជាកន្លែងដែលព្រះនាងបានស្រូបទាញទៅដល់ក្រាបទូល»
«អនាគតកាល?»
គ្រប់គ្នាមានការភ្ញាក់ផ្អើលក្រោយពីឮសម្ដីបកស្រាយរបស់ព្រះរាជគ្រូ។ ច្បាស់ណាស់ថាគ្រប់គ្នាជឿ ព្រោះមានតែគាត់ទេដែលអាចទាក់ទងនឹងព្រះអាទិទេពបាន ទើបរំពេចនោះខ្សែភ្នែកសឹងតែគ្រប់គូបាញ់ទៅរកអ្នកទោសកណ្ដាលទីលាន រំខានឲ្យថៅកែធំអត់នឹងនឹកមួម៉ៅមិនបានព្រោះមិនធ្លាប់ត្រូវអ្នកណាប្រហើនសម្លឹងគេស្ទើលានភ្នែកទាំងគូបែបនេះ ណាមួយក៏ខឹងចិត្តដែលស្ដាប់ពួកនេះនិយាយគ្នាមិនបាន មិនដឹងថាកំពុងតែរៀបគម្រោងសម្លាប់គេបែបណាទៀតឲ្យប្រាកដ។
«ក្រាបទូល គឺអនាគតកាលដែលជាសម័យកាលទាន់សម័យក្រោយសម័យយើងរាប់ពាន់ឆ្នាំ ទូលបង្គំគិតថាទ្រង់គួរតែឲ្យសេនាយកបុរសម្នាក់នេះទៅឃុំក្នុងតំណាក់ណាមួយសិនទៅ ហើយទូលបង្គំនឹងប្រាប់រឿងលំអិតតាមក្រោយ»
«ល្អ!»
បន្ទាប់ពីនោះ ដេស ក៏ត្រូវពួកសេនាមានមាឌធំៗមិនចាញ់គេអូសឲ្យដើរទៅកន្លែងណាមួយនៃប្រាសាទ។
ក្នុងតំណាក់ព្រះមហាក្សត្រមានតែព្រះរាជគ្រូ ព្រះមហាសីឥន្ទ្រីនី ព្រះនាង ឥន្ទ្រីនា និង ព្រះបាទ សូរ្យកាន។
«មើល៍ព្រះរាជគ្រូលោកជួយពន្យល់យើងឲ្យកាន់តែច្បាស់បន្តិចទៅមើល យើងពិតជាចង់ដឹងខ្លាំងណាស់»
ព្រះមហាក្សត្រគង់លើបល្ល័ង្ក ដោយមានព្រះមហេសីទ្រង់គង់ក្បែរ ព្រមទាំងព្រះនាង ឥន្ទ្រីនា គង់នៅអាសនៈជាន់បន្ទាប់ រីឯព្រះរាជគ្រូក៏ឈរត្រង់ខ្លួននៅកណ្ដាលតំណាក់ដើម្បីថ្វាយការពន្យល់ដល់គ្រប់គ្នា។
«បពិត្រ ពេលនេះព្រះនាង ទេពី កំពុងតែនៅទីដ៏សែនឆ្ងាយ វាជាអាណាចក្រតែមួយដែលបុរសនោះចាកចេញមក ហេតុដូច្នេះហើយមានតែគេទេដែលអាចនាំយើងទៅយកព្រះនាង ទេពី ត្រឡប់មកវិញបានក្រាបទូល»
«...»
«ប៉ុន្តែក្នុងចំនោមយើងទាំងអស់គ្នាគឺមានតែម្នាក់ប៉ុណ្ណោះដែលជើងលេខប្រាប់ថាអាចឆ្លងទៅបាន នោះគឺព្រះនាង ឥន្ទ្រីនា»
«ទេ! យើងមិនព្រមឲ្យម្ចាស់ប្អូនរបស់យើងទៅផ្សងគ្រោះថ្នាក់ជាដាច់ខាត ព្រះរាជគ្រូចុះអ្នកផ្សេងមិនអាចទៅយកបុត្រីរបស់យើងមកវិញបានទេឬ? លោកចង់បញ្ជូនយើងទៅក៏បានដែរ» ព្រះមហេសីទ្រង់ចេញជំទាស់ បើសិនជាបាត់បង់ប្អូនស្រីម្នាក់ទៀតនោះទ្រង់ប្រាកដជាទុក្ខសោកដល់ថ្ងៃស្លាប់និងបន្ទោសខ្លួនឯងជាក់មិនខាន។
«នេះជាព្រហ្មលិខិតដែលព្រះអាទិទេពបានកំណត់មករួចទៅហើយ ក្រាបទូល»
«ម្ចាស់បង ខ្ញុំម្ចាស់ស្ម័គ្រចិត្តទៅយកម្ចាស់ក្មួយត្រឡប់មកវិញ ខ្ញុំម្ចាស់ជឿជាក់ថាព្រះអាទិទេពនឹងតាមថែរក្សាខ្ញុំម្ចាស់ក៏ដូចជាម្ចាស់ក្មួយដែរ»
«មើលទៅយើងគ្មានមធ្យោយបាយផ្សេងពិតមែន ម្ចាស់អូន» ព្រះបាទ សូរ្យកាន មានព្រះបន្ទូល ទ្រង់សម្លឹងព្រះជាយាដោយទឹកមុខតានតឹងមិនចាញ់គ្នា។
«ប៉ុន្តែមិនអាចទៅពេលនេះបាននោះទេ» ព្រះរាជគ្រូបន្ថែម។
«តើនៅមានអីទៀតមែនទេព្រះរាជគ្រូ?» ព្រះបាទ សូរ្យកាន ត្រាស់សួរដោយចម្ងល់ ព្រោះមិនគិតថាមានរឿងបន្តអីទៀតដែលរាំងស្ទះការធ្វើដំណើរទៅរកបុត្រីរបស់ខ្លួនលើកនេះ។
«យើងត្រូវរងចាំរហូតដល់អយនកាលមកដល់នៅរយះពេលប្រាំថ្ងៃខាងមុខក្រាបទូល»
ពេលនោះព្រះអាទិត្យនឹងរះចំកណ្ដាលកំពូលប្រាសាទ ហើយពន្លឺព្រះអាទិត្យនឹងបាញ់ចូលទៅក្នុងរន្ធមួយនៅកណ្ដាលកំពូលប្រាសាទ ហើយពន្លឺនោះនឹងចាំងចុះទៅក្រោមនៅតំណាក់សំងាត់ក្រោមដីនៃប្រាសាទអង្គរវត្តជម្រៅប្រមាណជា៣០ម៉ែត្រ ដែលមានសមត្ថភាពអាចបញ្ជូនអ្វីគ្រប់យ៉ាងឲ្យឆ្លងពេលវេលាបាន ព្រមទាំងអាចបញ្ជូនវិញ្ញាណទៅកាន់កន្លែងដ៏អស្ចារ្យមួយ។
***សមរាត្រី ឬ អយនកាល (Equinox) ដែលមានន័យសម្រាយថា ផ្លូវឬកន្លងសុរិយាគតិដែលមានថ្ងៃនិងយប់ស្មើគ្នា វាជាបាតុភូតដ៏មហាអស្ចារ្យដែលព្រះអាទិត្រនឹងរះបណ្ដែតខ្លួនឡើងចំកំពូលកណ្ដាលនៃប្រាង្គប្រាសាទអង្គរវត្ត ដែលកើតមានឡើងពីរដងក្នុងមួយឆ្នាំគឺ ថ្ងៃទី ២១ ឬ ២២ មិនា និង ថ្ងៃទី ២២ ឬ ២៣ កញ្ញា(ថេរវេលានៃរដូវវស្សា ដូច្នេះយើងមិនអាចយើងឃើញទិដ្ឋភាពអច្ឆរិយៈនោះបានច្បាស់ទេ) ជារៀងរាល់ឆ្នាំ។ ហើយបាតុភូតដែលកើតឡើងនេះដោយសារតែ ដំណើរនៃអក្ស័ផែនដី ទ្រេតចុះមកយ៉ាងទាប ពោលគឺ វាស្ថិតនៅក្នុងខ្សែស្របមួយជាមួយនឹងព្រះអាទិត្យ។ ចំណុចកណ្ដាលនៃព្រះអាទិត្យ ស្ថិតនៅក្នុងផ្ទៃតែមួយជាមួយនឹងខ្សែអេក្វាទ័រផែនដី។ ទាំងនេះសបញ្ជាក់ឲ្យឃើញថាបុព្វបុរសខ្មែរពិតជាមានសមត្ថភាពនិងប្រាជ្ញាក្នុងការសាងសង់សំណង់ប្រាសាទ មិនមែនចេះត្រឹមតែ វិស័យសំណង់និងសិល្បះធម្មតាៗប៉ុណ្ណោះទេ លោកថែមទាំងដឹងច្បាស់ពីដំណើរនៃតារាវិធីក្នុងច្រវាលយើងនេះទៀតផង ព្រោះថាក្នុងចំណោមអច្ឆរិយៈវត្ថុធំៗទាំង៧ក្នុងពិភពលោក មានតែប្រាសាទអង្គរមួយគត់ដែលត្រូវសាងសង់ស្របទៅតាមរូបមន្តតារាភូគសាស្រ្ត ដែលគ្មានវត្ថុណាអាចផ្ទឹមបាន។
«អ៊ីចឹងយើងត្រូវរងចាំរយះពេលប្រាំថ្ងៃទៀត តើមែនដែរទេ?»
«បពិត្រព្រះអង្គតាមពិតទៅនៅមានរឿងមួយទៀតដែលទូលបង្គំមិនទាន់បានបញ្ជាក់ តាមជើងលេខដែលទូលបង្គំបានគន់គូរគឺព្រះនាងទាំងពីរព្រះអង្គអាចនឹងមិនបានត្រឡប់មកវិញ»
ត្រឹមព្រះរាជគ្រូនិយាយចប់ តំណាក់ទាំងមូលក៏ស្ងាត់ជ្រៀប មួយនាទីក្រោយមកទើបព្រះនាង ឥន្ទ្រីនា ក៏មានព្រះបន្ទូលអះអាង។
«ខ្ញុំម្ចាស់មិនខ្លាចទេ ខ្ញុំម្ចាស់នឹងទៅយកម្ចាស់ក្មួយមកវិញឲ្យបាន»
«ម្ចាស់អូន» ព្រះមហេសី រលីងរលោងទឹកភ្នែក។
«តាមពិតទៅវាអាស្រ័យលើព្រះទ័យរបស់ព្រះនាងថាចង់មកវិញឬអត់តែប៉ុណ្ណោះក្រាបទូល»
«ម្ចាស់បងឮទេ ច្បាស់ណាស់ថាខ្ញុំម្ចាស់ត្រូវតែត្រឡប់មកវិញជាមួយម្ចាស់ក្មួយ»
ពេលបានឮប្រយោគចុងក្រោយ គ្រប់គ្នាក៏ដកដង្ហើមធូរទ្រូងបានបន្តិច ទោះវាមិនល្អអីណាស់ណា តែវាក៏ល្អជាងកាលគិតមុនហ្នឹងឆ្ងាយណាស់។
«ល្អណាស់! អ៊ីចឹងយើងនឹងទុកជននោះរហូតដល់ថ្ងៃអយនកាលមកដល់»
«ទូលព្រះបង្គំនឹងរៀបចំពិធីបួងសួងដល់ព្រះអាទិទេពរបស់យើងឲ្យក្រាបទូល ពេលថ្ងៃនោះមកដល់»
«យើងពិតជាអរគុណលោកខ្លាំងណាស់ ព្រះរាជគ្រូ»
«ជាកិត្តិយសរបស់ទូលបង្គំណាស់ក្រាបទូល»
«ចំនែកព្រះនាង នេះខ្សែកគុជត្បូងខៀវ ដែលវាអាចជួយនាំព្រះនាងត្រឡប់មកទីនេះវិញបានតាមចិត្តត្រូវការ កុំប្រើវាផ្ដេសផ្ដាសអោយសោះបើសិនជាមិនចាំបាច់ ព្រោះប្រើបានតែម្ដងប៉ុណ្នោះ»
«យើងនឹងរក្សាវាអោយបានល្អ»
យប់ថ្ងៃទីពីរ...នៅតំណាក់ខាងជើង
«ចង្រៃយ៍អើយពួកអស់នេះពិតជាគួរតែបាញ់ចោលឲ្យងាប់អស់» ថៅកែធំឧទានព្រោះមួម៉ៅត្រូវមកជាប់ឃុំក្នុងបន្ទប់តូចប៉ុនរន្ធកណ្ដុរ វាគ្មានស្អីគួរឲ្យបេតីដូចបន្ទប់ធំទូលាយមានស្រីស្អាតចាំកំដរបម្រើដូចគ្រែរបស់គេនោះទេ។
គួរឲ្យខឹងណាស់ ពេលទាញទូរសព្ទមកមើលក៏ឃើញថាវាគ្មានសេវាគ្រប់ពេល ហើយថ្មក៏លោតជិតអស់ទៀត។
គ្មានប្រយោជន៍មែន!
ប្រាវ...
នេះប្រាកដថានៅលើផែនដីឬអត់? ដេស ក្ដៅចិត្តគ្រវែងទូរសព្ទចោល បោកផ្ទប់នឹងជញ្ជាំងប្រាសាទ បណ្ដាលឲ្យទូរសព្ទបែកអស់សភាព។
ឱ! អាយហ្វូនអើយអាយហ្វូន អាសេរីចុងក្រោយផង ឃើញហើយគួរឲ្យស្ដាយពិតមែន អ្នកនិពន្ធពុងតែរកអាអិនចុចពិលមួយប្រើមិនបានផង-_-។
ប្រមាណជាមួយម៉ោងក្រោយមកក៏មានមនុស្សម្នាក់យកអាហារមកឲ្យ។ ដោយសតិញាណជាប្រមាញ់តាំងពីណាពីណីមក ថៅកែធំឈាមជើងទៅឈរកៀនជញ្ជាំង រួចក៏ឆ្លៀតឱកាសខណៈដែលអ្នកយកអាហារមកមិនបានប្រយ័ត្នខ្លួន ទាញកាំបិតដែលដាក់ជាប់ខ្លួនរហូតមក ស្ទុះមកចាប់ក្រៀកអ្នកយកអាហារ ហើយអារ.កគេស្លាប់មួយរំពេច។
ដេស ទម្លាក់សាកសពចោល និងរហ័សមើលលិចកើតជើងត្បូង ពេលឃើញថាគ្មានមនុស្សទើបដាក់ខ្លួនអង្គុយជិតសាកសព។
«ខ្ចីសម្លៀកបំពាក់ឯងសិនទៅចុះ»
«ហើយស្លៀកយ៉ាងម៉េចទៅហ្នឹង?» ថៅកែធំសម្លឹងមើលសម្លៀកបំពាក់ក្បិននោះមួយសន្ទុះ អាស្រ័យលើការចងចាំធ្លាប់ឃើញពួកនេះស្លៀកពីរបីដងក៏ចាប់ផ្ដើមស្លៀកពាក់តាម តែវាពិតជាលំបាកណាស់សម្រាប់គេ ពិបាកជាងធ្វើជំនួញនិងធ្វើសង្រ្គាមសម្លាប់គ្នាទៅទៀត។
មួយសន្ទុះក្រោយមកគេក៏ស្លៀកពាក់រួច ពេលពិនិត្យមើលខ្លួនឯងចុះឡើងៗក៏បានតែក្រវីក្បាល ព្រោះគេមានសម្បុរស ភ្លេចគិតចំនុចនេះឲ្យឈឹងទៅ ហើយបើមានតែក្បិនស្លៀកមួយល្វែងក្រោមអ៊ីចឹង ល្វែងលើ.សក្បុសចាំងភ្នែកដដែល ឃើញបែបនេះហើយម៉ាហ្វៀក៏បានតែដកដង្ហើមធំ រួចទាញកន្ត្រាក់ក្បិននោះចោលទៅម្ខាង ទៅមកៗក៏រើសខោអាវខ្លួនមកស្លៀកពាក់ដដែល។
«ឥតប្រយោជន៍មែន ខាតពេល»
បន្ទាប់មកទើបគេដើរកន្លងសាកសពតម្រង់ទៅទ្វារ ពេលអើតកចេញទៅក្រៅក៏ឃើញមានអ្នកយាមពីរបីនាក់ គេអាស្រ័យលើស្នៀតប្រយុទ្ធរហ័សរហួនរបស់ខ្លួនក៏អាចចាត់ការអារ.កពួកអ្នកយាមដេកអស់ដង្ហើមបានមួយរំពេច។ គេប្រើតែកាំបិតចាត់ការពួកនេះ ព្រោះថាពេលនេះគេមិនអាចប្រើកាំភ្លើងបានទេព្រោះវាអាចបង្កសំឡេងបាន មិនដឹងថាទីនេះមានមនុស្សប៉ុន្មាននាក់ឲ្យប្រាកដទេ ដាច់ខាតបើមិនចាំបាច់កាំភ្លើងមិនត្រូវការប្រើ។
ថៅកែធំផ្លោះបង្អួចចេញទៅខាងក្រៅ ឃើញកងសេនាដើរល្បាតក៏ប្រញាប់រកកន្លែងលាក់ខ្លួន បន្ទាប់មកទៀតទើបរកវិធីដើរចេញពីត្រង់នោះ គោលបំណងរបស់គេគឺត្រូវតែរកបន្ទប់របស់ស្រីមេនាំរឿងនោះឲ្យបាន ព្រោះគិតថាកន្លែងដែលធ្លាក់មកគឺនៅបន្ទប់មួយនោះដូចនេះកន្លែងដែលអាចនាំគេទៅវិញបានក៏មានតែបន្ទប់មួយនោះដូចគ្នា ហេតុនេះហើយធ្វើយ៉ាងណាឲ្យតែរកបន្ទប់ស្រីចម្លែកនោះឃើញ នោះគេអាចទៅវិញបានហើយ។
កំពុងតែគិតៗក៏បានឮសំឡេងនិយាយគ្នារបស់ភិលៀងស្រីៗដែលដើរកាន់ផ្កានិងគ្រឿងរណ្ដាប់ផ្សេងៗ ទោះស្ដាប់មិនបានថាពួកនិយាយអី តែ ដេសម៉ាណូ ក៏អាស្រ័យពួកនាងដើម្បីរកផ្លូវទៅរកកន្លែងគេចង់រក យ៉ាងណាក៏មនុស្សស្រីត្រូវតែនៅម្ដុំមនុស្សស្រីស្រាប់ទៅហើយ។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!
No comments:
Post a Comment