ភាគទី៣
ថ្ងៃដដែលរាងប្រលប់បន្តិច...«ពួកនាងមិនចាំបាច់ស្រង់ទឹកឲ្យយើងទេ ថ្ងៃនេះយើងចង់នៅម្នាក់ឯង ទាំងអស់គ្នាចេញទៅចុះ» ព្រះនាង ឥន្ទ្រីនា មានបន្ទូលបញ្ជាភិលៀងស្រី។
«ព្រះមែម្ចាស់» ពួកភិលៀងស្រីៗបង្ហែរគ្នាចេញទៅខាងក្រៅទាំងអស់។
ក្នុងតំណាក់ទាំងមូលក៏ស្ងប់ស្ងាត់ ព្រះនាងដកដង្ហើមធំ នឹកហត់ព្រះទ័យនឹងរឿងរ៉ាវដែលបានកើតឡើង។ ប៉ុន្មានថ្ងៃនេះទ្រង់បន់ស្រន់ឲ្យតែថ្ងៃអយនកាលមកដល់ឆាប់ៗ នឹងអាលបានជួបម្ចាស់ក្មួយសម្លាញ់ រួចនាំគ្នាត្រឡប់មកនគរវិញ ពេលនោះគ្រប់គ្នានឹងមានក្ដីសុខ។
គិតរឿងជាច្រើនបណ្ដើរទ្រង់ក៏យាងចូលទៅកន្លែងស្រង់ទឹកបណ្ដើរ ត្រឹមមិនប៉ុន្មាននាទីរាងកាយរលោងស្រិលទាំងមូលក៏គ្មានសម្លៀកបំពាក់។ ផ្តិលទឹកធ្វើពីប្រាក់សុទ្ធ មានក្បាច់រចនាយ៉ាងប្រណីត ត្រូវម្រាមដៃដូចបន្លាក្រូចចាប់កាន់យកទៅដួសដងទឹកស្រោចលើដងខ្លួន។
ខណៈទ្រង់កំពុងតែស្រង់ទឹក នៅក្នុងតំណាក់ផ្ទំឯណេះវិញកំពុងតែមានជនឈ្លានពានដើរទៅដើរមក សឹងតែគ្រប់ច្រកល្ហកនៃតំណាក់ផ្ទំទាំងមូល។
«ព្រះអើយធ្វើយ៉ាងម៉េចទៅ ទើបអាចស្រូបទៅអ៊ីតាលីវិញបានទៅ បើគ្មានអាប្រអប់ឆ្កួតនឹងនៅទីនេះផងហ្នឹង» ថៅកែធំ រអ៊ូ នឹកឈឺក្បាលមែនទែន គិតអីក៏មិនចេញ រកបន្ទប់នេះឃើញហើយបែរជារកវិធីទៅវិញមិនបាន។
«គួរតែមានរបស់បែបនោះនៅក្នុងនេះដែរ»
ម៉ាហ្វៀកំលោះឈរនៅកណ្ដាលតំណាក់ បន្ទាប់ពីរកសព្វកន្លែងអស់ហើយ ឃើញមានគ្រឿងរណ្ដាប់ស្អីប្លែកៗដូចគ្នា សាកលូកដៃប៉ះគ្រប់សព្វបែបយ៉ាងនិងសឹងតែគ្រប់របស់ក្នុងតំណាក់នេះ ប៉ុន្តែមិនឃើញមានស្អីចម្លែក មិនឃើញស្រូបគេទៅវិញអីបន្តិចទេ។
ដល់ថ្នាក់គេអត់នឹងឆ្ងល់មិនបាន ហើយចុះស្រូបគេមកទីនេះម៉េចក៏ងាយខ្លាំងម្ល៉េះ?
រាងខ្ពស់ដើរតម្រង់ទៅក្រឡាបន្ទំដែលនៅជ្រុងម្ខាងនៃតំណាក់ គេវែកវាំងននស្បៃស្ដើងចូលទៅ។
គ្រែធ្វើពីឈើគ្រញូងខ្មៅរលោងស្រិលដែលជិតដាច់ពូជនៅបច្ចុប្បន្ននេះ ត្រូវរចនាតាមក្បាច់បុរាណ ក្បាលគ្រែមានឆ្លាក់ចេញជារូបនាគពាំគុជអមដោយក្បាច់រចនាផ្សេងៗស្រដៀងនឹងក្បាច់លើជញ្ជាំងប្រសាទអង្គរដែរ។
នាគគឺជាសត្វរបស់ព្រះអាទិទេព ដែលខ្មែរសម័យនោះជឿគោរពបូជាលើសត្វនាគ ចាត់ទុកថាជាសត្វទីសក្ការៈបូជា។
កម្រាលសូត្រសាច់រលោងលេខមួយក្រាលជាន់ៗពីលើគ្នាមានកម្រាស់ក្រាស់គួរសម ភួយ ក្នើយរាងចតុកោណកែងស្រោបដោយតំណាត់សូត្រ ក្នុងព្រះតំណាក់ទាំងមូល របស់របរប្រើប្រាស់សុទ្ធតែជារបស់មានគុណភាពល្អលេខមួយ ដែលបច្ចុប្បន្ននេះគ្មានទៀតនោះទេ។
«អាចនៅទីនេះក៏ថាបានដែរ» និយាយបានប៉ុននេះ ម៉ាហ្វៀកំលោះក៏ចាប់ផ្ដើមប្រតិបត្តិការរុករានក្រឡាបន្ទំទាំងគ្មានការអនុញ្ញាតពីម្ចាស់គេ។
បានប្រហែលជាមួយសន្ទុះទៀត គេរើគ្មានឃើញស្អីទាំងអស់ ទើបជនឈ្លានពានបានតែដកដង្ហើមធំ នឹកមួម៉ៅចង់តែកំទេចគ្រប់យ៉ាងនៅក្នុងនេះឲ្យខ្ទេចអស់។
«ព្រះអើយស្អីក៏គ្មានដែរ»
នឹកមួម៉ៅចុះឡើងចុះៗ ក៏ផ្ដួលខ្លួនដេកផ្ងារលើគ្រែ ភ្នែកបើកមើលទៅខាងលើ អ្នកកំលោះដកដង្ហើមធំជាលើកទីប៉ុន្មានហើយក៏មិនដឹង។ បានមួយសន្ទុះក្រោយមកដោយសារតែភាពហត់នឿយប៉ុន្មានថ្ងៃកន្លងមកនេះ ភ្នែកទាំងគូក៏ចាប់ផ្ដើមបិទបន្តិចម្ដងៗ ក្លិនក្រអូបអ្វីម្យ៉ាងសាយភាយមកប៉ះច្រមុះ គេគិតថាជាក្លិនផ្កា ពិតជាក្លិនបរិសុទ្ធពិតមែន ដំបូងគេបញ្ជខ្លួនឯងថាបិទភ្នែកសម្រាកតែមួយភ្លែត ហើយចាំក្រោកចេញទៅវិញ ព្រោះខ្លាចថាមានមនុស្សមកទាន់ហើយចាប់ទៅឃុំឃាំងទៀត ចាំពេលក្រោយចាំមកម្ដងទៀត។
ប៉ុន្តែអ្វីដែល ដេស បានគិតគឺខុសពីបំណងទាំងស្រុងព្រោះថាគ្រាន់តែគេបិទភ្នែកភ្លាម គេក៏លង់លក់បាត់មាត់ឈឹងលែងកម្រើក។ រហូតដល់មានមនុស្សដើរចូលមកក្នុងតំណាក់ក៏គេមិនបានភ្ញាក់ដឹងខ្លួន ទាំងដែលគេជាមនុស្សរវៀស ត្រឹមតែមនុស្សដកដង្ហើមជិតក៏គេអាចដឹងបាន ទាំងនេះប្រហែលជាមកពីល្វើយមែនទែនហើយមើលទៅ។
ព្រះនាងទ្រង់យាងចូលមកដល់ ទ្រង់មិនទាន់ចង់ចូលក្រឡាបន្ទំផ្ទំភ្លាមៗ។ ទ្រង់យាងហួសទៅឈរនៅមាត់បង្កួច រួចចោលភ្នែកសម្លឹងចេញទៅខាងក្រៅ ឃើញផ្ទៃមេឃងងឹតសូន្យសុង មានតែពន្លឺភ្លើងដែលអុជតម្រង់ជួរគម្លាតគ្នាពីរម៉ែត្រមួយតាមផ្លូវដើរតែ និងភ្លើងដែលពួកសេនាយាមល្បាតដើរកាន់ម្នាក់មួយដើមៗ។ ពេលទតទៅខាងលើក៏ឃើញមានផ្កាយរះព្រោងព្រាត រះអមព្រះច័ន្ទមួយចំនិត បបូរមាត់ក្រពុំញញឹមតិចៗ ម្រាមដៃស្រឡូនឈោងទៅប៉ះចង្កឹងបង្អួចថ្ម ស្ទាបវាថ្នមៗ ខណៈខួរក្បាលកំពុងតែគិតដល់ក្មួយស្រី។
«ម្ចាស់ក្មួយទ្រាំបន្តិចទៅ មិនយូរប៉ុន្មានទេ ម្ចាស់មីងនឹងយាងទៅយកម្ចាស់ក្មួយមកវិញ» ទ្រង់មានព្រះបន្ទូលបង្ហើរតាមខ្យល់ ហាក់ដូចជាចង់ឲ្យខ្យល់ជួយនាំព្រះសុវនីយ៍ទ្រង់ទៅខ្សិបប្រាប់ម្ចាស់ក្មួយដូច្នោះដែរ។
ប្រហែលជាមួយសន្ទុះក្រោយមក ពេលអស់ព្រះទ័យមើលផ្កាយហើយ ទ្រង់ក៏យាងត្រឡប់ទៅក្រឡាបន្ទំវិញ។ ដៃស្រឡូនបើកស្បៃចូលទៅខាងក្នុង ក៏ត្រូវឈរទ្រឹងនៅនឹងមួយកន្លែង ពេលឃើញថាក្រឡាបន្ទំមានជនទីពីរបណ្ដើមយកទៅផ្ទំធ្វើប្រងើយ។
រំពេចនោះទ្រង់ប្រុងនឹងស្រែកហៅសេនាខាងក្រៅ តែមិនដឹងថាមន្តអីបណ្ដាលព្រះទ័យឲ្យទ្រង់មិនស្រែកចេញហៅ។ រាងស្ដើងគ្មានសម្លៀកបំពាក់ល្វែងលើ ឃ្លុំតែស្បៃស្ដើងយាងសន្សឹមៗខិតទៅជិតក្រឡាបន្ទំ។ ទ្រង់ឈរស្ងៀមសម្លឹងមនុស្សប្រុសដែលលួចកន្លែងផ្ទំដោយកែវភ្នែកចំលែកព្រះទ័យបែបនោះមួយសន្ទុះ ដឹងព្រះកាយម្ដងទៀត ទ្រង់ក៏ដាក់ព្រះកាយប្រថាប់លើក្រឡាបន្ទំក្បែរគេទៅហើយ។
ផ្ទៃមុខពេលដេកលក់របស់គេហាក់ដូចជាកូនក្មេងគ្មានពិសពុល កាន់តែដឹងថាគេជាជនឆ្លងភពមកទៀត ទ្រង់កាន់តែមានព្រះទ័យអាណិត មិនដឹងថាគេមានសំពាធនិងភ័យខ្លាចយ៉ាងណានោះទេ ចំពោះហេតុការណ៍ដែលបានកើតឡើង បើសិនជាទ្រង់សុខៗក៏ត្រូវឆ្លងទៅកន្លែងណាមិនដឹងដូចជាគេ ទ្រង់ប្រហែលជាភ័យស្លាប់ហើយ ស្រួលមិនស្រួលមិនដឹងថាពេលនេះទៅជាយ៉ាងណាទេ។ សំណាងណាស់ដែលពួកទ្រង់មិនបានកាត់ក្បាលសម្លាប់គេ កុំអីប្រាកដជាមានវិប្បដិសារីមួយជីវិតដែលសម្លាប់មនុស្សមិនដឹងអីដោយគ្មានហេតុផល។
ដោយឡែកស្រីនិងប្រុសនៅក្នុងតំណាក់តែមួយមិនមែនជារឿងសមគួរ ហើយគេត្រឹមតែជាជនបរទេសដែលរង្វេងផ្លូវ ទោះអាណិតយ៉ាងណាក៏ទ្រង់គួរតែឲ្យមនុស្សមកសែងគេត្រឡប់ទៅតំណាក់របស់គេវិញ ប៉ុន្តែមិនដឹងថាចិត្តមួយណានាំឲ្យទ្រង់ប្រថាប់ស្ងៀមហើយទតគេឡើងយូរ រហូតដល់ដឹងព្រះកាយម្ដងទៀតក៏លូកហត្ថាទៅប៉ះផ្ទៃមុខសង្ហាបាត់ទៅហើយ។
«អ្នកឯងមកពីណាឲ្យប្រាកដ? មានបំណងអ្វីជាមួយពួកយើង? តើម្ចាស់ក្មួយរបស់យើងត្រូវពួកអ្នកនៅទីនោះធ្វើបាបដែរទេ? ធ្វើដាក់ម្ចាស់ក្មួយយើងដូចដែលពួកយើងធ្វើដាក់អ្នកដូចកាលពីដំបូងដែរឬអត់?» ទ្រង់ត្រាស់សួរខ្សិបៗ ហត្ថាក៏រារេអង្អែលពេញផ្ទៃមុខនោះ ពុកមាត់គ្រើមៗដែលមិនបានកោតពីរថ្ងៃមកហើយធ្វើឲ្យចាក់ព្រះហត្ថទ្រង់រសើបតិចៗ។
ពេលត្រូវអង្អែលមុខ អ្នកដែលដេកលង់លក់ក៏កម្រើកខ្លួនបន្តិច ព្រមទាំងកម្រើកក្បាលខិតទៅរកចំហាយកក់ក្ដៅ ឯព្រះនាងវិញទ្រង់ភ្ញាក់ឡើងព្រើត រហ័សដកហត្ថាចេញវិញយ៉ាងលឿនដូចផ្លេកបន្ទោល អ្វីដែលធ្វើឲ្យទ្រង់រឹងខ្លួនស្ដូកជាងនឹងទៅទៀតនោះគឺ ក្បាលរបស់គេរំកិលមកប៉ះភ្លៅទ្រង់ ទើបរាងស្ដើងស្ទុះក្រោកភ្លាមៗ ដៃទាំងគូលើកឡើងស្ទាបទ្រូង។
ហេតុអីក៏បេះដូងយើងលោតញាប់ខ្លាំងម្ល៉េះ? មានរឿងកើតឡើង នេះយើងភ័យខ្លាចខ្លាំងឬ? គេជាបិសាចឬមនុស្សម៉េចក៏អាចរាយមន្តអាគមឲ្យយើងភិតភ័យ ត្រជាក់ចុងដៃចុងជើង និងញ័រព្រះកាយបានដល់ថ្នាក់នេះ?
ទ្រង់សួរខ្លួនឯងនៅក្នុងព្រះទ័យ ភ្នែកមិនអាចដកចេញពីរង្វង់មុខដែលធ្វើឲ្យទ្រង់មានអារម្មណ៍ចម្លែកបាន។
«នេះយើងកើតអីហ្នឹង? មិនស្រួលព្រះកាយទេដឹង?» ព្រះនាងរអ៊ូរង៉ូវ ហើយក៏ម្នីម្នាយាងចេញទៅកន្លែងដាក់ថ្នាំបុរាណដែលទុកដាក់បានយ៉ាងល្អ តម្រៀងជាជួរ។ ទ្រង់ជ្រើសយកដបថ្នាំមួយមកសោយ បន្ទាប់មកទៀតទើបយាងត្រឡប់មកវិញ ឃើញគេនៅតែគ្មានផ្លូវថានឹងភ្ញាក់ ទើបទ្រង់បានតែរេរាមួយសន្ទុះព្រោះមិនដឹងថាដាស់គេល្អដែរទេ។
គួរតែដាស់ មិនអាចឲ្យគេនៅដេកលើក្រឡាបន្ទំយើងបានទេ ព្រោះគេមិនមែនជាព្រះស្វាមីរបស់យើងឡើយ!
«នែ៎...ក្រោកឡើង អ្នកឯងមិនអាចដេកលើក្រឡាបន្ទំយើងបាននោះទេ» ទ្រង់ហៅ ហត្ថាក៏អង្រួនស្មាគេតិចៗ។
ត្របកភ្នែកដែលបិទជិតកម្រើកតិចៗ បន្ទាប់ពីបើកឡើងក៏ឃើញស្រមោលមនុស្សព្រាលៗចំពោះមុខ គេស្ទុះក្រោកចាប់ក្រៀកជនសង្ស័យជាប់។
«អួយ៎!...» ព្រះនាងឧទានព្រោះមិននឹកស្មានថាត្រូវចាប់ក្រៀកជាប់បែបនេះ។
«ជានាងទេឬ?» ពេលឃើញថាជាអ្នកណាហើយ ជនឈ្លានពានក៏ប្រលែងដៃ រួចក្រោកចេញ។
«...» តាមមើលគេឡើងស្លឺ។
«ចង់ស្លាប់ហើយមែនទេ ដែលមកប៉ះពេលយើងកំពុងតែសម្រាក» គេសំឡុតឮតាមជើងធ្មេញដោយកំហឹង ព្រោះត្រូវរំខានដំណេក យូរយារណាស់ហើយដែលខានបានដេកលក់ស្រួលបែបនេះ។
«ហ៊ើយ...» ពេលឃើញថាអ្នកដាស់គេ អង្គុយក្ដោបដៃឱបមុខជ្រប់មិនតបត គេគិតថានាងស្ដាប់មិនបានច្រើនជាង ទើបគេបានតែដកដង្ហើមធំម្ដងទៀត។
សក់វែងអន្លាយទម្លាក់ដល់ចង្កេះ មានខ្លះធ្លាក់មកខាងមុខទាំងសងខាង វាជួយបិទបាំងដើងទ្រូងណែនក្បំបានខ្លះ ប៉ុន្តែយ៉ាងណាក៏ ដេសម៉ាណូ ដឹងថានាងមិនបានពាក់អាវ វាជារូនកាន់តែសិចស៊ីថែមទៀត។
ឲ្យវាឡើងស្លាប់ទៅ!!! អ្នកកំលោះគិត រួចក៏ងាកមុខទៅខាងផ្សេង ព្រោះមិនអាចទ្រាំមើលសភាពស្រីចំពោះមុខបាន។ ប៉ុន្មានថ្ងៃនេះកំពុងតែដាច់សិចផង ស្រួលមិនស្រួលគេអាចងងឹតមុខចាប់នាងទាំងកម្រោល គេដឹងថាមិនគួរណាប៉ះពាល់នាង អារម្មណ៍អ្វីម្យ៉ាងប្រាប់គេបែបនោះ ព្រោះនាងជាភាពវិនាសរបស់គេក៏ថាបាន។
មិនអាចទ្រាំនៅបានតទៅទៀត គេក៏ម្នីម្នាដើរចេញពីត្រង់នោះ គិតថាគួរតែទៅស្វែងរកប្រអប់នោះនៅកន្លែងណាផ្សេង។
«អ្នកឯងប្រុងទៅណាហ្នឹង?» ពេលគេដើរចេញទៅ ទ្រង់ក៏រហ័សចុះមកតាម ឃើញគេប្រុងលោតចេញតាមចង្រឹងបង្អួចក៏ស្រែកសួរ ភ្លេចថាភាសាពីរផ្សេងគ្នា។
«...» ថៅកែធំមិនឆ្លើយ គេគ្រាន់តែងាកមកមើលទ្រង់បន្តិច បន្ទាប់មកក៏បែរប្រុងហកចុះទៅ រំពេចនោះសំឡេងស្រែកក៏បន្លឺឡើងធ្វើឲ្យម៉ាហ្វៀកំលោះបើកភ្នែកធំៗសំលឹងមើលអ្នកស្រែកស្ទើរលាន។
«សេនា! មានមនុស្សលួចរត់»
ដិប...ដេស លោតទៅដល់ដី ប៉ុន្តែរឿងដែលសាំរញាំក៏មកដល់ ពេលពួកអ្នកយាមល្បាតរត់តម្រង់មក ម៉ែអ្ហើយម្នាក់ៗមានដាវលំពែងម្នាក់មួយ ដៃម្ខាងក៏កាន់ភ្លើង។
«ស្លាប់ហើយ ចង្រៃយអើយ» គេឧទាន គិតថានឹងស៊ូជាមួយពួកនេះឲ្យដល់ពីបំផុត ទើបទាញកាំភ្លើងមកប្រើ។
ប៉ាំង! ប៉ាំង! សំឡេងលាន់ឮដូចផ្គររន្ទះបន្លឺឡើង ព្រះនាងដែលនៅមាត់បង្អួចភ្ញាក់ក្រញោង ស្ទុះចូលទៅក្រឡាបន្ទំដោយសតិញាណភ័យខ្លាច ចំនែកឯសេនាពីរនាក់ដែលត្រូវគ្រាប់កាំភ្លើងក៏បានតែដេកប្រកាច់ស្លាប់នៅក្នុងថ្លុកឈាម មនុស្សដូចជាថៅកែធំឬបាញ់ខុសចំនុចសំខាន់នោះ ត្រឹមតែមួយគ្រាប់គឺប្រកាច់ស្លាប់ភ្លាមៗ រីឯសេនាដទៃទៀតពេលឃើញបែបនេះក៏បានតែនាំគ្នាប្រុងប្រៀបដើរក្រឡឹង ដេស ដោយសារនឹកខ្លាចអាវុធខ្លីនៅក្នុងដៃគេ។
«អាណាហ៊ានតែចូលមកយើងនឹងបាញ់ឲ្យបែកក្បាលងាប់ដូចអាពីនាក់នេះអ៊ីចឹង» គេគម្រាមទាំងដែលគ្រាប់កាំភ្លើងនៅសល់មិនប៉ុន្មានគ្រាប់ទៀត តែពួកនោះស្ដាប់មិនបាន។
ដេស រេភ្នែករកចន្លោះប្រហោងគេចខ្លួន ប៉ុន្តែមនុស្សឈរព័ទ្ធបែបនេះតើឲ្យចេញយ៉ាងម៉េចទៅ ដឹងអ៊ីចឹងចាប់ស្រីម្នាក់នោះធ្វើចំណាប់ខ្មាំងបាត់ គិតបែបនោះក៏ងើយទៅមើលមាត់បង្អួចតែបាត់ស្រមោលម្ចាស់តំណាក់បាត់ទៅហើយ ម៉ាហ្វៀកំលោះគិតថាប្រហែលជាខ្លាចកាំភ្លើងរត់ទៅពួនយំបាត់ហើយមិនដឹង។
«ស្លាប់ហើយនេះលើកទ័ពមកឬ?» ពេលមិនប៉ុន្មានាទីផង ក៏មានមនុស្សរត់តម្រង់មកកន្លែងកើតហេតុច្រើនដល់ម្លឹងផង។
គេចោលភ្នែកមើលទៅមុខឃើញព្រះអង្គយាងមកដែរ ទើបតម្រង់កាណុងកាំភ្លើងទៅរកមេកើយ ចុងមាត់ក៏ញោចញញឹម។
មកចំពេលល្អណាស់!
ពួកសេនាឃើញបែបនោះក៏បញ្ចេញសកម្មភាពគម្រាមគេដូចគ្នាបើសិនជាហ៊ានធ្វើស្អីព្រះមហាក្សត្រ គេនឹងស្លាប់សាកសពមិនល្អ តែមនុស្សដូចជាថៅកែធំដែលខ្លាចស្លាប់ពីអង្កាល់ណាមក។
«អឹក!» គេមិនទាន់ទាំងកេះកៃផង មិនដឹងថាស្អីហោះមកចាក់ចំកញ្ចឹងក គេដឹងថាវាមិនមែនព្រួញ ព្រោះបើសិនជាព្រួញ.កគេប្រាកដជាធ្លុះ មិនដល់មួយនាទីផងភ្នែកថៅកែធំចាប់ផ្ដើមស្រវាំង ដៃជើងក៏ទន់ រូបភាពចុងក្រោយដែលឃើញគឺចុងជើងរបស់នរណាម្នាក់។
រូបភាពដំបូងពេលដែលបើកភ្នែកឡើងគឺជញ្ជាំងថ្ម ដេស ប្រិចភ្នែកតិចៗដើម្បីបណ្ដេញភាពងីងើ រួចក្រោកអង្គុយ គេយកដៃច្បូតមុខ និងជ្រោងសក់មុខសើយឡើងទៅក្រោយក្នុងការវិកាយតានតឹង ពុកចង្កាដែលមិនបានកោរចាប់ផ្ដើមដុះកាន់តែវែងទៅៗហើយ។
«ព្រះអើយវិលចុះវិលឡើងមកនៅទីនេះដដែល»
ធ្វើអីមិនកើតមានតែដាក់ខ្លួនដេកទៅវិញ ពេលនេះខ្ជិលខ្វល់ណាស់ សសុំសម្រាកយកម្លាំងសិនល្អជាង ទុកពេលឲ្យខួរក្បាលរកមធ្យោបាយ គិតបានដូចនេះទើបគេដាក់ខ្លួនដេកវិញម្ដងទៀត រួចបិទភ្នែក។
សង្ឃឹមថាភ្ញាក់ឡើងត្រឹមជាការយល់សប្តទៅចុះ!
បីថ្ងៃក្រោយមក...
យល់សប្តឆ្កួតអីបីថ្ងៃហើយនៅតែភ្ញាក់ដេកក្នុងគុកដដែល អ្នកកំលោះគិត ពេលខ្លះគេគិតថាខ្លួនឯងឡប់ខួរហើយក៏មិនដឹង។
សំឡេងស្នូរជើងមនុស្សដើរចូលមករក បណ្ដាលឲ្យអ្នកកំពុងតែបិទភ្នែកដេក បើកឡើងដោយសតិញាណ។ អ្នកត្រូវរំខានដំណេកសម្លឹងមើលជនអត់មាយាទដោយកែវភ្នែកសោះកក្រោះក្នុងចិត្តអត់នឹងឆ្ងល់មិនបានថាពួកនេះមករកមាំងស្អីទាំងមេឃងងឹតបែបនេះ។
«យកគេចេញមក» ព្រះរាជគ្រូបញ្ជា។
ពួកសេនាមាឌធំដើរចូលមកចាប់ក្រៀកថៅកែធំម្ដងទៀត ដំបូងម៉ាហ្វៀកំលោះគិតថាតដៃតជើង តែគិតម្ដងទៀតគួរតែសង្ងំចាំមើលឱកាសល្អសិន ព្រោះមើលទៅពួកនេះក៏មិនអន់ដែរ គេជាមនុស្សចូលចិត្តប្រើខួរក្បាលជាងប្រើកម្លាំង ណាមួយអាវុធពួកនេះចម្លែកៗបែបដែលគេនឹកស្មានមិនដល់ល ស្រួលមិនៗគេអាចនឹងសន្លប់ជាច្រើនម៉ោងទៀត។
ដេស ត្រូវទៅនាំចូលកន្លែងណាមួយ ដែលតាមពិតទៅកន្លែងនោះគឺជាតំណាក់សំងាត់ក្រោមដីដែលអាចទទួលពន្លឺព្រះអាទិត្យបានពេលរះចំកណ្ដាលកំពូលប្រាសាទនៅថ្ងៃអយនកាលមកដល់។
ត្រឹមមួយប៉ប្រិចភ្នែកគេក៏ត្រូវចាប់ចងជាប់គ្នាជាមួយនឹងព្រះនាង ឥន្ទ្រីនា ដោយចងឲ្យបែរខ្នងដាក់គ្នា។
«ពួកឯងចង់ធ្វើស្អី?» ថៅកែធំមួម៉ៅ អត់នឹងស្រែកសួរមិនបាន ហើយមកចាប់គេចងភ្ជាប់គ្នាជាមួយស្រីម្នាក់នេះធ្វើស្អី កុំប្រាប់ថាយកគេមកបូជាជាមួយស្រីម្នាក់នេះឲ្យសោះគឹមិនព្រមដាច់ខាត ប៉ុន្តែគ្មានអ្នកណាឆ្លើយតបនឹងគេសោះ។
«បរពិត្រព្រះអង្គម្ចាស់ មិនប៉ុន្មានយាមទៀតគឺដល់ពេលដែលព្រះអាទិត្យរះហើយក្រាបទូល» ព្រះរាជគ្រូទូលថ្វាយដល់ស្ដេចដែលគង់នៅអាសនៈក្បែរនោះ ព្រមទាំងមានព្រះមហេសីគង់នៅក្បែរ តែខ្សែភ្នែកទ្រង់បែរជាសម្លឹងមើលតែប្អូនស្រីដោយក្ដីព្រួយបារម្ភ។
«ល្អណាស់!»
ព្រះរាជគ្រូដើរតម្រង់ទៅអាសនៈដែលមានរៀបចំតម្វាយគ្រប់យ៉ាងដើម្បីប្រារព្ធពិធីនិងធ្វើការបួងសួងដល់ព្រះអាទិទេព។ គាត់បានឈប់ត្រង់អាសនៈនោះ បន្ទាប់មកក៏ចាប់ផ្ដើមអុជទៀនធូប ឡើងក្លិនឆួលពេញតំណាក់ក្រោមដី រួចក៏ចាប់ផ្ដើមសូត្រមន្តគាថាបន្តរហូតដល់ពេលព្រឹកព្រហាម។
នៅខាងក្រៅព្រះអាទិត្យចាប់ផ្ដើមរះឡើងបន្តិចម្ដងៗ ពន្លឺចាំងប៉ះកំពូលប្រាសាទ បាញ់ចុះមកខាងក្រោម។
«ដល់ពេលវេលាហើយក្រាបទូល»
ពន្លឺចាំងប៉ះរាងកាយគេទាំងពីរ ដេស ងើយមើលឡើងទៅលើ ក្ដីចម្ងល់ក៏កើតមានឡើងពេញខួរក្បាល ពន្លឺចែងចាំងបែបនេះគឺដូចពេលដែលគេប៉ះប្រអប់នោះបេះបិទ។
«ម្ចាស់អូន» ព្រះមហេសី ឥន្ទ្រីនី ស្រែកហៅប្អូនស្រី។
«ខ្ញុំម្ចាស់នឹងត្រឡប់មកវិញ»
រាងកាយចងជាប់គ្នារលាយបាត់ពីមុខមាត់គ្រប់គ្នា ព្រះមហេសី ស្រក់ទឹកនេត្រានឹកបារម្ភពីប្អូនស្រីពន់ពេក។
«សូមព្រះអាទិទេពទ្រង់តាមថែរក្សាម្ចាស់អូននិងបុត្រីរបស់ខ្ញុំម្ចាស់ ឲ្យត្រឡប់មកវិញដោយសុវត្ថិភាពផង។ស
«ពួកគេនឹងវិលត្រឡប់មកវិញដោយសុវត្ថិភាព ម្ចាស់អូនកុំខ្វល់ព្រះទ័យពេក»
ក្ដុក...ប្រូស!!
«អាក៎/អួយ៎ ឆ្កួតយក៍អើយ» សំឡេងឧទានព្រមគ្នា បិទគូទដោយសំឡេងជេរប្រទេចរបស់ថៅកែធំ ព្រោះត្រូវធ្លាក់អុកគូទជាលើកពីរ អ្នកទាំងពីរស្ទុះក្រោកអង្គុយបានទាំងត្រដាបត្រដួស។
កែវភ្នែកខ្មៅក្រិបសម្លឹងមើលជុំវិញឃើញតែព្រៃឈើ ហើយកាន់តែភ័យទៀតនោះគឺទ្រង់កំពុងតែឈរលើស្អីមិនដឹង គ្រៀតៗជើងគួរឲ្យខ្លាច។
«ព្រះអើយ តើឲ្យយើងធ្វើយ៉ាងម៉េចទៅ?» ព្រះនាងឧទានតិចៗ ព្រោះខ្លួនត្រូវចងជាប់គ្នារើសឹងមិនរួច។
«នៅឲ្យស្ងៀមបន្តិចទៅមើល៍ ខ្ញុំរកផ្លូវដោះស្រាយ» ដេសម៉ាណូ ប្រាប់អ្នកដែលគិតតែពីរើ។
ព្រះអើយ ពួកឆ្កួតនោះគិតយ៉ាងម៉េចបានជាដាក់ស្រីម្នាក់នេះមកអំពល់ទុក្ខគេ ជួយឲ្យគេត្រឡប់មកវិញម្នាក់ឯងមិនបានទេអី?
«ឆាប់នាំយើងចេញពីទីនេះទៅ» ព្រះនាងមិនបានស្ដាប់អ្វីដែលគេស្រែកគំហក ទោះស្ដាប់ក៏មិនយល់ ទ្រង់គិតតែរើដល់ថ្នាក់គេអត់ទ្រាំមិនបាន ទើបស្រែកគំហកខ្លាំងៗម្ដងទៀត។
«នៅឲ្យវាស្ងៀមទៅមើល៍ បើនាងរើយ៉ាងហ្នឹងខ្ញុំកាត់ចំណងបានយ៉ាងម៉េច?» ម៉ាហ្វៀហូតកាំបិតដែលទុកជាប់ខ្លួននោះចេញមកបម្រុងកាត់ខ្សែចំណង តែឲ្យកាត់យ៉ាងម៉េចបើអ្នកទល់ខ្នងរើសម្រាសយ៉ាងហ្នឹង។
«...» ព្រះនាងស្ដាប់មិនបានថាគេនិយាយថាម៉េច ក៏ប៉ុន្តែដោយសំឡេងស្រែកគំហកខ្លាំងៗរបស់គេ ធ្វើឲ្យទ្រង់ខ្លាចរហូតដល់បាត់មាត់ឈឹង ឈប់រើនៅស្ងៀមមួយកន្លែង ទឹកភ្នែកក៏រលីងរលោង។
ដោយបទពិសោធរឿងយករួចខ្លួនរាប់មិនអស់ ធ្វើឲ្យថៅកែធំប្រើពេលតែមួយភ្លែតគឺអាចរួចផុតពីចំណងទាំងពីរនាក់បាន។
គេបោះខ្សែចំណងឆ្កួតៗនោះទៅលើថ្នល់ អត់គិតមិនបានថាពួកឆ្កួតនោះបញ្ជូនមកត្រង់ណាមិនថា តែលេងមកចំកណ្ដាលថ្នល់បែបនេះ ប្រសិនបើមានឡានបើកមកមិនបុកងាប់ទាំងពីរហើយទេអី មុននឹងបញ្ជូនមកគ្មានគណនាទីកន្លែងស្អីបន្តិចទេមើលទៅ។
ម៉ាហ្វៀកំលោះដើរទៅឈរអែបថ្នល់ខាងៗ ស្រីស្រស់ឃើញដូចនោះក៏រត់ទៅតាមគេដែរ។
«ចាំយើងផង!»
«ហ៊ើយ...» ដេស ឃើញបែបនេះហើយក៏ឈឺក្បាល មានរឿងឈឺក្បាលហើយពេលនេះ។ គេសម្លឹងមើលរាងស្ដើងដែលឈរក្បែរចំងាយមួយម៉ែត្រ គិតតែឈ្ងោកមុខឈ្ងោកមាត់ គ្មានសម្លៀកបំពាក់ល្វែងលើ ដើមទ្រូងក្រពុំទាំងគូវាអើត.កផ្ចាញ់ផ្ចាលគេខ្លាំងណាស់ តិចថាចាប់ក្រញិច។
គេបានត្រឹមតែគិតព្រោះមនុស្សដូចថៅកែធំស្រីកៀរនឹងជើង មិនចាំបាច់ភ្នែកស្អុយមកងងឹតមុខដោយសារតែស្រីមេញ្ហា ដែលគ្រាន់តែជួបគ្នាលើកដំបូង ក្បាលរបស់គេវិសនឹងជ្រុះពីស្មា។
«ហក៎ណេះ! យកទៅពាក់ទៅ ពិតជាមិនចេះខ្មាសមែន» គេដោះអាវគ្រហេខ្លួនបោះទៅគ្របក្បាលព្រះនាង។
«អុស៎...» ទ្រង់ជ្រមិលថយក្រោយបន្តិចពេលត្រូវស្អីធ្លាក់គ្របក្បាលដោយមិនបានត្រៀមខ្លួន ពេលទាញមកមើលក៏ឃើញថាអាវដែលគេតែងពាក់ជាប់ខ្លួន។
តែថាគេបោះឲ្យទ្រង់ធ្វើអី? ទ្រង់មានសម្លៀកបំពាក់របស់ទ្រង់ហើយ។
«ពាក់ទៅ... តិចបានល្បីលើទំព័រការសែត ស្រួលមិនស្រួលឡានពេទ្យឆ្កួតជិះមករកក៏ថាបាន» ដេស បញ្ជាក់ ភ្នែកអត់នឹងពិនិត្យដងខ្លួនរលោងនោះមិនបាន កំពុងតែភ្លឹកក៏ត្រូវធ្វើមុខធុញទ្រាន់ម្ដងទៀត ពេលស្រីស្រស់មិនយល់អ្វីដែលគេបានប្រាប់ បែរជាកាន់អាវគេបង្វិលទាញមើលសឹងតែ៣៦០ដឺក្រេ។
«ហ៊ើយ...»
«អា៎...»
រាងខ្ពស់ឈានតែមួយជំហានក៏មកឈរចំពោះមុខទ្រង់ ទ្រង់ភ្ញាក់រកថយទៅក្រោយមួយជំហានវិញ តែក៏ត្រូវដៃមាំចាប់ស្មាទាំងគូជាប់។
«នៅឲ្យស្ងៀម! រឿងច្រើនមែន...»
សម្ដីនិងទឹកមុខហាក់ដូចជាធុញទ្រាន់ពេញបន្ទុក ប៉ុន្តែកាយវិការពាក់អាវឲ្យទ្រង់បែរជាទន់ភ្លន់ ឡេវអាវត្រូវដាក់ម្ដងមួយគ្រាប់ៗរហូតអស់។
ព្រោះគេមានមាឌធំនិងខ្ពស់ជាងទ្រង់ដែលជាស្រី ទើបអាវគេដាក់លើដងខ្លួនស្រឡៅស្រឡូនហើយ ឃើញថាស្រុងដល់ពាក់កណ្ដាលភ្លៅ រីឯកអាវក៏ធ្លាក់រាងជ្រៅបង្ហាញគល់ទ្រូងសិចស៊ីបានបង្អួចភ្នែកគេដដែល ប៉ុន្តែទោះយ៉ាងណាក៏គ្រាន់បើជាងមិនពាក់ស្អីដែរ។
ពេលដាក់ឡេវអាវឲ្យរួច ម៉ាហ្វៀកំលោះខិតទៅឆ្ងាយបន្តិច ប្រើក្រសែភ្នែកមានពន្លឺសម្លឹងមើលស្នាដៃរបស់ខ្លួន នេះជាលើកទីមួយហើយដែលគេប្រណិបត្តិឲ្យអ្នកដទៃ គ្រប់ពេលមានតែអ្នកចាំបម្រើ គេមើលហើយមើលទៀត ហើយមានអារម្មណ៍ឃ្នើសចិត្តនឹងសំពត់ធ្លាក់វែងត្រឹម.កជើងរបស់នាងមែនទែន បើសិនជាគ្មានវាប្រហែលជាបានឃើញភ្លៅស្រឡៅស្រឡូនបង្អូតភ្នែកគេឲ្យត្រជាក់ភ្នែកខ្លះមិនខាន។
«បើស្រាតអាសំពត់នឹងចោលប្រហែលល្អ» គេរអ៊ូ តែក៏មិនបានយកជាការអី។
ចំនែកម្ចាស់រាងកាយដែលត្រូវគេវិភាគក៏បានតែឈ្ងោកមុខមើលដងខ្លួនខ្លួនឯង ឃើញវាបិតជិតហើយក៏អារម្មណ៍នៅមិនសុខ ព្រោះមិនទម្លាប់ សុខៗទ្រង់ក៏ងើយមុខញញឹមស្រស់ដាក់គេលេងឲ្យថៅកែធំភ្លាំងភ្លឹកមួយខណៈ។
«យើងអរគុណអ្នកឯងណាស់» ទ្រង់មានព្រះបន្ទូល ទោះដឹងថាគេស្ដាប់មិនបាន តែក៏មានព្រះបន្ទូលតាមមាយាទ។
ដេសម៉ាណូ សឹងតែភ្លេចដកដង្ហើម នេះជាលើកទីមួយហើយដែលនាងញញឹមដាក់គេ ដឹងខ្លួនម្ដងទៀតម៉ាហ្វៀកំលោះក៏យកដៃអង្អែល.កទៅមកព្រោះទាល់តម្រិះ។
ម៉ាហ្វៀកំលោះងាកទៅសង្កេតមើលជុំវិញខ្លួនម្ដងក៏ឃើញថាវាជាផ្លូវស្ងាត់មិនមានយានយន្តបើកបរកាត់ ទើបតែបានតែដកដង្ហើមធំ ប្រហែលជាដើរទៅមុខជារឿយៗហើយមើលទៅ គិតបានបែបនេះគេក៏លែងខ្វល់ពីអ្នកចំពោះមុខតទៅ មកដល់ទីនេះហើយប្រហែលជាត្រូវបំបែកផ្លូវគ្នារាងៗខ្លួន។
«យើងល្មមបែកគ្នាត្រង់នេះហើយ ចំនែកនាងចង់ទៅណាក៏ទៅៗ ខ្ញុំនឹងទៅតាមផ្លូវរបស់ខ្ញុំ អូខេ?» គេសួរហើយក៏អឺអើតែម្នាក់ឯង ព្រមទាំងលើកដៃចង្អុលផ្លូវឲ្យដើរម្នាក់មួយទិស។
«សង្ឃឹមថាយើងមិនចាំបាច់ជួបគ្នាទៀតទេ រឿងដែលនាងបានធ្វើចំពោះយើងមុននេះ យើងនឹងបំភ្លេចចោល...ទៅចុះ» ថាហើយគេក៏ដើរចេញទៅ។
«អេ៎! អ្នកឯងចង់ទៅណា? ចាំយើងផង» ព្រះនាងឃើញរាងខ្ពស់ដើរចេញទៅ ក៏ប្រញាប់ដើរទៅតាមឡើងញាប់ជើងស្អេក ទ្រង់ជ្រួញមុខបន្តិចពេលសំពត់វាពិបាកក្នុងការដើរ។
«ឈប់!!!» គេងាកមក ហើយចង្អុលមុខទ្រង់ ក្រសែភ្នែកក៏ប្រាកដប្រជាថាមិនលេងសើចជាមួយ។
«...» ទ្រង់ឈប់ស្ងៀមដូចមនុស្សយន្តត្រូវចុចតេឡេបញ្ជា។
«កុំមកតាមខ្ញុំ! យើងគ្មានស្អីពាក់ព័ន្ធនឹងគ្នាទេ នាងទៅតាមផ្លូវរបស់នាងទៅ»
គេមិនត្រឹមតែនិយាយ ថែមទាំងចង្អុលទៅខាងក្រោយ ដើម្បីបង្ហាញឲ្យនាងបែរខ្នងដើរចេញពីគេទៅ។ ទោះស្ដាប់មិនបាន ប៉ុន្តែកាយវិការរបស់គេបញ្ជាក់ច្បាស់ណាស់ថាដេញទ្រង់មិនឲ្យតាម ទឹកភ្នែកក៏ស្រក់ចុះតក់ៗ ព្រោះបើសិនជាគេទុកទ្រង់ចោល ទ្រង់ប្រាកដជាស្លាប់មិនខានទេ ទ្រង់មិនស្គាល់ទីនេះអីបន្តិច គេជាមនុស្សតែម្នាក់គត់ដែលទ្រង់ស្គាល់និងទុកចិត្ត។
«យើងទៅហើយ» ឃើញទឹកភ្នែករបស់នាងហើយក៏មិនហ៊ាននៅបន្តព្រោះខ្លាចថាខ្លួនឯងទន់ចិត្ត ទើបគេបំបែរខ្លួនដើរចេញទៅ ពេលដើរបានរាងឆ្ងាយបន្តិចក៏ងាកមកមើលក្រោយឃើញថាទ្រង់មិនបានដើរតាមទើបគេបន្តដំណើរទៅមុខទៀត។
ព្រះនាង ឥន្ទ្រីនា ឈរព្រះកន្សែងបែបនោះមួយសន្ទុះ ពេលសង្កេតឃើញគេដើរបានឆ្ងាយហើយ ទើបចាប់ផ្ដើមយាងទៅតាមគេពីក្រោយ ទោះសម្លាប់ព្រះនាងឲ្យស្លាប់ ក៏ព្រះនាងត្រូវតែតាមគេឲ្យជាប់ដែរ ទីនេះគួរឲ្យខ្លាចសឹងអី បើនៅម្នាក់ឯងមិនប្រាកដទេ អាចនឹងមានខ្លាឬក៏សត្វព្រៃមកវាយប្រហារទ្រង់ជាចំណីមិនខានឡើយ។
ដើរឡើងមួយហត់ ថៅកែធំឈប់បន្តិច ទើបអត់មិនបាននឹងងាកទៅក្រោយ តែរំពេចនោះក៏ត្រូវដកដង្ហើមធំដោយការនឿយនាយចិត្ត ពេលឃើញរាងស្ដើងនៅលឹមៗមិនឆ្ងាយណាស់ណាដើរងោកៗតាមក្រោយ។
ពួកគេបន្តដំណើរជារឿយៗដោយដើរបែកគ្នាបែកនោះ រហូតដល់មេឃកាន់តែងងឹតទៅៗ។ ដេសម៉ាណូ ចាប់ផ្ដើមបែកញើស គេងាកទៅក្រោយជារយៈឃើញស្រមោលមនុស្សលឹមៗ មើលទៅគឺមិនណយនោះទេ ដើរឡើងរាប់ម៉ោងហើយស្រីម្នាក់នោះមិនព្រមឈប់សម្រាក ស៊ូដើរតាមពីក្រោយគេរហូត។
អ្នកកំលោះញោចមាត់ញញឹមចុងមាត់ រួចក៏ដើរបន្ត... ប្រហែលជាកន្លះម៉ោងក្រោយមកមេឃក៏កាន់តែងងឹតមែនទែន ទើបគេរកកន្លែងសម្រាកសិនទៅចុះ។ ការដេកតាមផ្លូវវាមិនមែនជាការលំបាកសម្រាប់ថៅកែធំព្រោះអីកាលពីមុនជាញឹកញាប់ណាស់ដែលដេកតាមផ្លូវឬក៏ទីកន្លែងប្លែក ពេលដែលត្រូវសត្រូវលបខាំម្ដងៗ។ ដេស ដាក់ខ្លួនដេកអែមថ្នល់ រួចក៏បិទភ្នែកសម្រាកបន្តិច ប្រហែលជាដប់ប្រាំនាទីក្រោយមកក៏ឮសំឡេងសម្រិបជើងមនុស្សដើរមកជិត គេធ្វើជាមិនខ្វល់ព្រោះដឹងថាជាអ្នកណា។
ប្រហែលជាហត់ខ្លាំងណាស់ហើយ បើស្ដាប់តាមសំឡេងស្នូរជើងរបស់នាង។ រឿងនេះគួរតែបន្ទោសអ្នកស្រុករបស់នាងដែលទម្លាក់ពួកគេមកចំកន្លែងស្ងាត់ជ្រាបកណ្ដាលថ្នល់បែបនេះ អ្នកកំលោះគិតហើយក៏លែងខ្វល់ ស្អែកធ្វើយ៉ាងណាត្រូវតែរកកន្លែងទាក់ទងទៅមនុស្សរបស់គេឲ្យបាន។
ព្រឹកថ្ងៃថ្មី...
ដេស យកដៃបាំងភ្នែកព្រោះចាំងថ្ងៃ គេម្រើកខ្លួនប្រុងក្រោក ប៉ុន្តែក៏ទច់ងក់ឈ្ងោកមុខមើលខាងឆ្វេងដៃក៏ឃើញរាងស្ដើងដេកក្រវៀនៗបែរមុខមកបៀតនឹងដើមដៃខាងឆ្វេងរបស់គេ។
ស្អីមកដេកជិតតាំងពីពេលណា?
ម៉ាហ្វៀកំលោះយកដៃខាងស្ដាំកៀរមុខស្រទន់ចេញឲ្យបែរទៅម្ខាងទៀត រួចក្រោកអង្គុយត្រង់ខ្លួន ពេលឈ្ងោកមុខមើលនាងម្ដងទៀតក៏ឃើញស្រីឆ្លៀតឱកាសបើកភ្នែកបាត់។
«អុស៎!» ព្រះនាងស្ទុះក្រោកឈរ ឈានជើងទៅឈរចំងាយពីរម៉ែត្រពីគេ រួចឈ្ងោកមុខចុះ រហូតដល់ចិញ្ចើមក្រាស់ថៅកែធំជ្រួញចូលគ្នា។
កាលពីយប់ត្បុលមកដេកជិតគេ ដល់បើកភ្នែកឡើងបែរជាបង្ហាញឬកពាស្អប់ខ្ពើមគ្នាឲ្យឃើញ ស្រីម្នាក់នេះចង់យ៉ាងម៉េចឲ្យប្រាកដហ្នឹង តែគេក៏មិនបានខ្វល់ខ្វាយច្រើន បានតែខាំធ្មេញតិចៗរួចក្រោកឈរត្រង់ខ្លួនដូចគ្នា។
គេចោលភ្នែកមើលជុំវិញខ្លួន ពេលថ្ងៃបែបនេះមើលបានច្បាស់និងចម្ងាយឆ្ងាយ គ្រាន់តែសម្លឹងទៅមុខបន្តិចក៏ឃើញថាមានការ៉ាស់សាំងមួយ។
សំណាងពិតជាចូលខាងគេពិតមែន!
ខ្ជិលខ្វល់ច្រើន ទើបគេបោះជំហានសំដៅទៅមុខ ដោយមានរាងតូចស្ដើងក្នុងសំលៀកបំពាក់អាវមិនអាវសំពត់មិនសំពត់ដើរត្រឹកៗតាមពីក្រោយ។
ពេលមកដល់ការ៉ាស់សាំងមួយនោះ នៅទីបំផុតគេក៏រកទូរសព្ទខលទាក់ទងទៅកូនចៅបាន។
(អាឡូ...ប្រេនដន និយាយ) ចុងខ្សែម្ខាងទៀតលើក។
«គឺយើង»
(ថៅកែធំ?) បើកំពុងតែអង្គុយធ្វើការ ប្រេនដន ប្រហែលជាភ្ញាក់ធ្លាក់ពីកៅអីស្រេចបាត់ហើយ។
«អើគឺយើង»
(ហើយថៅកែធំ បាត់ទៅណាបីឆ្នាំមកនេះ?)
«ស្អីគេ បីឆ្នាំ?» ដេស ភ្ញាក់សឹងតែជ្រុះទូរសព្ទពីដៃ។
គេទៅទីនោះតែប្រាំថ្ងៃទេ ម៉េចក៏ទៅជាបីឆ្នាំទៅវិញ ប្រេនដន លេងសើចទេមែនទេ?
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!

No comments:
Post a Comment