"ចក្រវាឡការស្រមើស្រមៃខ្ញុំ​ ដំណើរផ្សងព្រេងរបស់អ្នក"

Responsive Advertisement

Friday, April 3, 2020

សង្គ្រុបស្នេហ៍ ម៉ាហ្វៀ វគ្គ២ ភាគ៣

ភាគទី២១
«មីងនិងក្មួយ អ៊ីចឹងបានន័យថាប្រពន្ធរស់ឯងគឺព្រះនាង ទេពី ដែលបានបាត់ខ្លួននោះ?»
អ៊ីចឹងបានន័យថាក្មួយស្រីដែល លូណា ប្រាប់ថារកឃើញហើយគឺប្រពន្ធរបស់ប្អូនប្រុសគេ គេចង់តែសើចអោយណាណីទេ ម៉េចក៏ផែនដីមូលបានដល់ថ្នាក់នេះ។

(បាទល្បង! សូមល្បងឈប់សោកសៅនិងខឹងរឿងអ្នកបងធំទៀតទៅ ហើយមួយទៀត ប្រពន្ធខ្ញុំផ្ដាំអោយសុំទោសផង នាងគ្មានចេតនាធ្វើអោយរឿងក្លាយទៅជាបែបនេះឡើយ នាងគ្មានបំណងបំបែកបំបាក់គ្រួសារល្បងទេ) ល្វីស ឆ្លើយមិនសូវពេញសំឡេងប៉ុន្មាន។
«យើងមិនបានសោកសៅ យើងសុខសប្បាយធម្មតា ហើយក៏ប្រាប់ប្រពន្ធឯងទៅថាយើងបានបំភ្លេចរឿងរបស់មីងនាងហើយ អ៊ីចឹងហើយពួកឯងទាំងពីរនាក់ឈប់មករំលឹករឿងរបស់នាងអោយយើងបានឮម្ដងទៀត ចំនែករឿងដែលនាងបំបែកបំបាក់ឬអត់ នាងខ្លួនឯងក៏គួរតែដឹងហើយ» ដេស និយាយដោយសំឡេងរាងរឹង ដល់ថ្នាក់ ល្វីស ចាប់ថ្នាក់បានថាបងប្រុសកំពុងតែខឹងរាលដាលដល់ប្រពន្ធគេដែរ។
(ល្បង!) ល្វីស ដំឡើងសំឡេងហៅបងប្រុស គេដឹងថាបងប្រុសកំពុងតែគ្រាំបេះដូងខ្លាំង។
«បានហើយ ល្វីស បងសុខសប្បាយឯងក៏បានដឹងហើយ បាយៗ យកល្អយកពេលវេលាដែលមានទៅមើលថែប្រពន្ធឯងទៅ សង្ឃឹមថាឯងគ្មានថ្ងៃដូចជាបង»
(ល្បងកុំទាន់...)
ទូតទូត...មិនរង់ចាំអោយប្អូនប្រុសឆ្លើយតបស្អីទៀត គេក៏រហ័សចុចបិទ។ ម្រាមដៃទាំងប្រាំក្ដាប់ទូរសព្ទឡើងណែន បើវាអាចនិយាយបាន វាប្រហែលជាស្រែកស្ដីអោយគេជាក់ជាមិនខានឡើយ។
ថៅកែធំពិតខ្នងផ្អែកនឹងកៅអីអង្គុយ ងើយក្បាលទៅក្រោយ ភ្នែកទាំងគូក៏បិទជិតឈឹង ព្យាយាមរម្ងាប់អារម្មណ៍អស់ពីសមត្ថភាព។ គេអង្គុយបែបនេះមួយសន្ទុះធំ ទើបក្រោកឡើងដើរចេញពីទៅខាងក្រៅ។
ណ្ហើយ...រឿងវាចប់ហើយ!

មួយសប្ដាហ៍ក្រោយមក...@ភូមិគ្រឹះ ម៉ាយស៊ែឡូ,
លីហ្សាណា បី ឌែន អង្គុយលើកសាឡុងតម្លៃថ្លៃទល់មុខ ដេស។ នាងលេងជាមួយអាល្អិតបានបន្តិច ក្រោយមកទើបងើយមុខទៅនិយាយជាមួយនឹងម្ចាស់ផ្ទះ។
«ឌែន មិនរករឿងទេមែនទេ?»
«ក៏ខ្លះៗដែរដូចគ្នា តាមចរិកកូនង៉ា» ដេស តបបែបជាប៉ាប៉ាប្រូហ្វេសសិនណល(Professional father)។
តាំងពី លូណា ចាកចេញទៅបាត់ ក្នុងពេលជិតមួយខែមកនេះ គេបានមេផ្ទះចំណាស់ជួយមើលថែ ទើបបានជាមិនសូវហត់នឹងរឿងកូនប្រុសប៉ុន្មាន ប៉ុន្តែក៏មានពេលខ្លះត្រូវហត់នឿយដូចគ្នា ជាពិសេសគឺពេលយប់ អោយតែអាល្អិតភ្ញាក់ តែងតែស្រែកយំទាររកបៅទឹកដោះគោ ទើបលោកប៉ាម៉ាហ្វៀត្រូវក្រោកទាំងយប់ពីរនាក់មេផ្ទះ ឆុងទឹកដោះគោនិងលួងលោម រហូតអាល្អិតដេកលក់ទៅវិញនៅទីបំផុត។
«លោកលំបាកហើយ ដេស ខ្ញុំសោកស្ដាយចំពោះរឿងដែលបានកើតឡើងផងណា» លីហ្សាណា និយាយដោយសំឡេងយល់ចិត្ត ឃើញទឹកមុខ ដេស ហើយក៏ដឹងថាគេគ្មានក្ដីសុខឡើយ បន្ទាប់ពី លូណា ចាកចេញទៅ។
«...»
«ខ្ញុំសុំសួររឿងមួយបានទេ? សង្ឃឹមថាលោកមិនប្រកាន់ខឹងនឹងខ្ញុំ» នាងផ្អាកនិយាយបន្ត រួចចាំសង្កេតមើលទឹកមុខម្ចាស់ផ្ទះ «គឺរឿងរបស់ លូណា តើហេតុអីបានជានាងចាកចេញទៅ?»
«បើនាងសួរពីរឿងនេះទៀត យើងនឹងគ្មានស្អីនិយាយជាមួយនាងឡើយ ហ្សាណា បើសិនជានាងចង់មកលេងនឹង ឌែន នៅទីនេះបានតទៅទៀតសូមកុំរំលឹកឈ្មោះស្រីម្នាក់នោះអោយយើងបានឮទៀតអោយសោះ» សំឡេងត្រជាក់ កម្រិតសូន្យអង្សារបន្លឺឡើង រហូតដល់ លីហ្សាណា អត់មិនបាននឹងនឹកភ័យ ទើបនាងរហ័សនិយាយសុំទោសពៃរ៍យ៉ាងលឿន។
«អោយខ្ញុំសុំទោសផងទៅចុះ បើសិនជាបាននិយាយអីប៉ះពាល់ខ្លាំង រហូតដល់ធ្វើអោយលោកមិនពេញចិត្ត ពិតជាសុំទោសមែន»
«យើងក៏មិនបានថានាងនិយាយស្អីខុសដែរ គ្រាន់តែចង់ប្រាប់នាង នៅទីនេះគ្មានឈ្មោះ លូណា ស្អីទាំងអស់ សង្ឃឹមថានាងយល់ពីអ្វីដែលយើងចង់ប្រាប់»
«ចាស៎...ខ្ញុំយល់ហើយ ប៉ុន្តែគ្រាន់តែបារម្ភពី លូណា អុស៎...សុំទោសគឺថា...» និយាយចុះនិយាយឡើង នាងក៏ភ្លាត់មាត់និយាយឈ្មោះ លូណា ឮចូលត្រចៀកគេដដែល ទើបរហ័សរកនិយាយកែពាក្យ ប៉ុន្តែក៏ត្រូវគេនិយាយកាត់មុន។
«នាងគ្មានអីនិយាយក្រៅពីរឿងនេះទេមែនទេ បើអ៊ីចឹងខ្ញុំមានការងារត្រូវធ្វើបន្តទៀត ជួយផ្ញើ ឌែន មួយថ្ងៃផង» ដេស ក្រោកឈរបន្ទាប់ពីនិយាយរួច ឃើញឬកពារបស់គេហើយ លីហ្សាណា ក៏មិនហ៊ាននិយាយអីច្រើនតទៅទៀត ព្រោះខ្លាចថារំខានចិត្តដល់ម្ចាស់ផ្ទះ ទើបនាងបានតែតបទទួលពាក្យរបស់ម៉ាហ្វៀពោះម៉ាយ។
«មិនអីទេ លោកទៅធ្វើការបស់លោកទៅចុះ ខ្ញុំរំខានពេលលោកហើយ ចំនែក ឌែន ខ្ញុំនៅលេងជាមួយគេទាល់តែល្ងាចទើបត្រឡប់ទៅវិញ ប្រហែលទាន់លោកត្រឡប់មកវិញ»
«អឺម...»
លីហ្សាណា តាមមើលខ្នងទូលាយល្វឹងល្វើយ ហាក់ដូចគ្មានកោះគ្មានត្រើយ។ តាមរយះការសន្ទនាគ្នាអំបាញ់មិញ នាងទទួលដឹងថាគេមានសភាពផ្លូវចិត្តយ៉ាប់យឺនខ្លាំងណាស់ ទោះមើលពីសំបកខាងក្រៅទៅគេរឹងមាំ ប៉ុន្តែខាងក្នុងគេកំពុងតែត្រូវការអ្វីម្យ៉ាងដែលមិនអាចទទួលបានសមបំណង។
«សុំទោសផង ដេស» នាងនិយាយរង៉ូវៗតែម្នាក់ឯង ហើយក៏ឈ្ងោកមើលទារកក្នុងរង្វង់ដៃ បបូរមាត់ក្រហមស្រាលញោចញញឹមតិចៗដាក់ ឌែន។
«ឌែន ប៉ាប៉ាកូនឥលូវគួរអាណិតណាស់ មិនដឹងថាម៉ាក់កូនទៅណាបាត់ទេ ទុកអោយប៉ាប៉ាគ្រាំចិត្ត ម៉ាក់ធំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះរឿងនេះទេ ម៉ាក់ធំទាល់គំនិតពិតមែន ពេលនេះ ឌែន ត្រូវកំព្រាម៉ាក់ហើយ អោយម៉ាក់ធំសុំទោសផងណា» នាងបន្តនិយាយជាមួយអាល្អិត ជារឿយៗ បន្ទាប់ពីនោះក៏បីអាល្អិតដើរលេងជាមួយនឹងអ្នកបម្រើរួមទាំង ឡេរ៉ា ផងដែរ គ្រប់គ្នាចូលចិត្តនាងព្រោះដឹងថានាងជាមនុស្សល្អ ជាមិត្តភក្តិរបស់អ្នកស្រីធំ ជាអ្នកជួយអ្ននស្រីធំនិងអ្នកប្រុសអោយរស់រានមានជីវិតបន្ទាប់ពីរឿងហេតុអាក្រក់កាលពីលើកមុន។
ល្ងាចបន្តិច ក្រោយពី ឌែន គេងលក់រួច លីហ្សាណា ក៏ឆ្លៀតខ្សិបខ្សៀវជាមួយមេផ្ទះសួររឿង លូណា ស្ងាត់ៗ។
«ខ្ញុំពិតជាមិនដឹងរឿងច្រើនពិតមែន ដឹងត្រឹមតែអ្នកស្រីធំបានចាកចោលថៅកែធំ គាត់ទុកអ្នកប្រុស ឌែន អោយថៅកែធំមើលថែ ចំពោះរឿងចាកចេញព្រោះតែរឿងអី ពួកគាត់ឈ្លោះគ្នាឬអត់ ហើយអ្នកស្រីធំទៅនៅឯណា ខ្ញុំពិតមិនដឹង» អ៊ំស្រី ឡេរ៉ា រៀបរាប់ប្រាប់តាមដំណើររឿង។
«ហ៊ើយ...ខ្ញុំបានសួរលោក ដេស ហើយ ប៉ុន្តែគេមិនអោយនិយាយដល់រឿង លូណា ទេ ទើបខ្ញុំលេងហ៊ានសួរស្អីតទៅទៀត» អ្នកគ្រូពេទ្យដកដង្ហើមធំដោយចិត្តខ្វល់ខ្វាយ។
«ចាស៎ត្រឹមត្រូវហើយ គាត់មិនអោយគ្រប់គ្នានៅទីនេះនិយាយដល់អ្នកស្រីធំជាដាច់ខាត បើអ្នកណាហ៊ានតែនិយាយអោយគាត់បានឮ ច្បាស់ជាត្រូវដេញចេញពីទីនេះពុំខានឡើយ»
«ដល់ថ្នាក់នេះផងឬ?» លីហ្សាណា សួរដោយសំឡេងភ្ញាក់ផ្អើល។
«ចាស៎ ពិតមែន ឥលូវនេះគ្មានអ្នកណាហ៊ានរំលឹកដល់រឿងអ្នកស្រីធំទៀតនោះទេ»
«យ៉ាប់ខ្លាំងហើយ បើសិនជាអ៊ីចឹងនោះ»
«ខ្ញុំបារម្ភពីអ្នកស្រីធំមិនចាញ់គ្នា មិនដឹងថាគាត់ទៅដល់ណា ថ្ងៃនោះនាងខ្ញុំមិនបានឃើញគាត់ចុះចេញទៅទីណាឡើយ ប៉ុន្តែបែរជាបាត់អ្នកស្រីធំ ហើយថៅកែធំប្រាប់ថាគាត់ចាកចេញ» និយាយដល់រឿងនេះលើកណា អ៊ំស្រីមេផ្ទះតែងតែមិនអស់ចិត្តលើកហ្នឹង។
«ឬក៏ លូណា ក្បត់ចិត្តថៅកែធំ?» លីហ្សាណា ប៉ាន់ស្មាន តែវិនាទីបន្ទាប់ក៏គ្រវីក្បាល ព្រោះគិតថាមិនអាចទៅរួច។
«...»
«មិនអាចទេ»
«ចាស៎! ខ្ញុំក៏គិតថាមិនអាចដូចគ្នាដែរ អ្នកស្រីធំមិនដែលធ្វើខ្លួនផ្ដេសផ្ដាសឡើយ ខ្ញុំស្គាល់និស្ស័យគាត់ច្បាស់» អ៊ំស្រី ឡេរ៉ា អះអាងទាំងមានជំនឿចិត្ត។
«ហើយចុះម៉េចក៏បាត់ខ្លួន ហើយលោក ដេសម៉ាណូ ក៏មើលទៅខឹងដាច់ក្បាលដាច់កន្ទុយ?»
«ខ្ញុំមិនដឹងហ្នឹងណា គាត់បញ្ជាក់តែមួយម៉ាត់គត់គឺ អ្នកស្រីធំចាកចេញហើយ»
«យ៉ាប់ណាស់ ម៉េចក៏មានរឿងបែបនេះទៅរួច ខ្ញុំអាណិតតែ ឌែន ទេ ត្រូវកំព្រាម្ដាយតាំងពីតូចក្រូចឆ្មា» លីហ្សាណា រអ៊ូទាំងចិត្តសោកសៅ ព្រោះមិននឹកស្មានថាគ្រួសារមិត្តភក្តិជួបរឿងបែកបាក់គ្នា អ៊ីចឹងទាល់តែសោះ។
«ត្រឹមត្រូវហើយ អ្នកស្រីធំក៏គួរអោយអាណិត អ្នកប្រុស ឌែន ក៏កាន់តែគួរអោយអាណិត ហើយរឿងដែលគួរអោយណិតជាងនឹងទៅនោះគឺ ថៅកែធំ តែម្ដង ព្រោះតាំងពីអ្នកស្រីធំចាកចេញទៅ ក្រោយមកពីខាងក្រៅក៏ចូលទៅសង្ងំក្នុងបន្ទប់ពីរនាក់អ្នកប្រុសតូច ឌែន ជួនកាលថ្ងៃសម្រាកក៏សង្ងំនៅជាមួយគ្នាពេញមួយថ្ងៃ»
ថៅកែធំជាមនុស្សគួរអោយខ្លាចស្រាប់ទៅហើយ ដល់ពេលបញ្ចេញសកម្មភាពបែបហ្នឹងទៀត កាន់តែគួរអោយខ្លាច។ គ្រប់គ្នាសឹងតែដកដង្ហើមមិនចូលពេញពោះ ពេលជួបមុខស្មើធេងរបស់ម្ចាស់ផ្ទះម្ដងៗ មានតែពេលដែលគេនិយាយជាមួយកូនប្រុសតែប៉ុណ្ណោះដែលមើលទៅរាងទន់ភ្លន់តាមបែបបទឆ្គងៗរបស់គេ ក្រៅពីនោះគេប្រៀបបាននឹងទឹកកកនៅតំបន់ប៉ូលខាងជើង។
«អឺម...» អ្នកគ្រូពេទ្យបានស្ដាប់ហើយក៏បានតែងក់ក្បាលរិះគិត បន្ទាប់ពីនោះនាងក៏អាចសម្រេចចិត្តអ្វីម្យ៉ាងបាន។
ម៉ោងប្រហែលជា៥:៣០នាទីល្ងាច សំឡេងម៉ាស៊ីនឡានពន្លត់ឈប់នៅមុខភូមិគ្រឹះ រាងខ្ពស់ឈានជើងចុះពីលើឡានក្រោយពីកូនចៅរត់ទៅបើកទ្វារអោយ។ គេដើរចូលទៅក្នុងផ្ទះក៏លាន់មាត់សួរទៅភ្ញៀវក្រមុំ ដែលគិតថានាងគួរតែត្រឡប់ទៅវិញហើយ ប៉ុន្តែបែរជាឃើញឈរកណ្ដាលផ្ទះគេដដែល។
«មិនទាន់ត្រឡប់ទៅវិញទៀតឬ ហ្សាណា ឬក៏នាងចង់ស្នាក់នៅទីនេះមួយយប់?» គេសម្លឹងមើលមុខនាង បន្ទាប់មកភ្នែកក៏គ្រលៀសមើលជុំវិញខ្លួនក្រែងឃើញកូនប្រុស។
«ឌែន គេងលក់នៅក្នុងបន្ទប់លោក អ៊ំស្រី ឡេរ៉ា យកទៅគេងមុននឹងបន្តិចក្រោយពីបំបៅរួច»
នាងជ្រើសរើសឆ្លើយសំណួរចុងក្រោយមុន ពេលឃើញក្រសែភ្នែកគេរ៉េរកមើលអាល្អិត។
«ខ្ញុំមានរឿងចង់និយាយជាមួយលោកបន្តិច ទើបបានជាមិនទាន់ត្រឡប់ទៅវិញ មិនដឹងថាលោកមានពេលឬអត់?» នាងសួរដោយការក្រែងចិត្ត គិតថាគេទើបមកពីធ្វើការប្រហែលជាហត់នឿយខ្លាំង ហើយត្រូវនាងរំខានទៀត តែណ្ហើយ...ដើម្បីសម្រេចគោលបំណងនាងត្រូវតែហ៊ានប្រថុយ។
«បានតើ...» ម្ចាស់ផ្ទះងក់ក្បាល ហើយក៏ដើរតម្រង់ទៅសាឡុង គេរាដៃអោយនាងអង្គុយដែរ។
«អរគុណ»
«នាងមានរឿងអីនិយាយមក សម្រាប់នាងបើអាចជួយបានយើងនឹងជួយ...នាងក៏ដឹង»
«គឺថា...» នាងរាងបង្អាក់សំដីបន្តិច ក្នុងចិត្តអត់នឹងក្ដុកក្ដួលមិនបាន ម្យ៉ាងខ្លាចថាត្រូវគេបដិសេធ ប្រាកដជាបាក់មុខស្លាប់ហើយ។
«...»
«គឺខ្ញុំចង់និយាយដល់រឿង ឌែន»
«ឌែន យ៉ាងម៉េច?»
«ឃើញថាពេលនេះលោកក៏នៅម្នាក់ឯង អឺ...ខ្ញុំដឹងថាលោកមានអ្នកមើលថែកូនប្រុសហើយ ប៉ុន្តែដូចលោកបានដឹងស្រាប់ទៅហើយថាខ្ញុំស្រឡាញ់ ឌែន ដូចកូនប្រុសបង្កើត ខ្ញុំបីគេតាំងពីគេកើតមកភ្លាមៗ ទើបកើតអារម្មណ៍ស្រឡាញ់ស្និទ្ធស្នាលហាក់បីដូចសាច់ឈាម ដល់ពេលឃើញរឿងបែបនេះកើតឡើង ទើបខ្ញុំមានចិត្តអាណិត ឌែន ជាខ្លាំង អឺ...លោកកុំយល់ច្រលំថាខ្ញុំមើលងាយលោកគ្មានសមត្ថភាពចិញ្ចឹមកូនអី» ពេលនិយាយដល់ត្រង់ចំនុចនេះ នាងក៏រហ័សគ្រវីដៃបកស្រាយ ខ្លាចគេយល់ច្រលំថានាងមើលងាយគេ តែពេលឃើញគេមិនបានថាអី រាងធូរទ្រូងបន្តិច ទើបសម្រេចចិត្តនិយាយបន្ត។
«គឺខ្ញុំចង់ជួយមើលថែ ឌែន យ៉ាងណាក៏អាចផ្ដល់ក្ដីស្រឡាញ់អោយគេតាមដែលអាចធ្វើបានជំនួស លូណា ខ្លះ អឺ...សុំទោសផងដែលត្រូវរំលឹកដល់នាង»
«...» ដេស មិនបានថាអី គេនៅតែរក្សាទឹកមុខស្មើ ប៉ុន្តែដៃបែរជាក្ដាប់ចូលគ្នា បន្ទាប់ពីបានឮឈ្មោះ លូណា។
«ទោះមិនអាចជំនួសម្ដាយបង្កើតបាន ប៉ុន្តែខ្ញុំពិតជាចង់មើលថែគេដោយផ្ទាល់ដៃពិតមែន» នាងបញ្ជាក់ទាំងទឹកចិត្តស្មោះត្រង់។
«ចុះការងាររបស់នាង?»
«ខ្ញុំអាចដាក់ពាក្យលាឈប់បាន បើលោកអនុញ្ញាតអោយខ្ញុំមកធ្វើជាម៉ាក់ធំរបស់ ឌែន បានមើលគេ អុស៎...សុំទោស សូមលោកកុំយល់ច្រលំថាខ្ញុំចង់តម្កើងតំណែង ខ្ញុំគ្រាន់តែ...»
«បានហើយយើងយល់ហើយ»
លីហ្សាណា និយាយមិនទាន់ចប់ប្រយោគផង ដេស ក៏លើកដៃហាម ព្រមទាំងបញ្ជាក់ថាគេយល់ពីចេតនារបស់នាង។
«អរគុណដែលលោកយល់...បើលោកអនុញ្ញាត ខ្ញុំពិតជាសប្បាយចិត្តក្នុងការមើលថែ ឌែន» នាងនៅតែបញ្ជាក់ពីគោលជំហរដើម។
«បាន»
«ពិតមែនឬ?» នាងបើកភ្នែកធំៗ ដោយការសប្បាយចិត្ត។
«នាងចាប់ផ្ដើមពីណាក៏បានដែរ ចាំប្រាប់យើងតាមក្រោយទៅចុះ ចំនែករឿងកន្លែងស្នាក់នៅ នាងចង់រើមកនៅទីនេះក៏បាន ចង់ទៅនៅខាងក្រៅក៏បាន បើសិនជានាងត្រូវការភាពផ្ទាល់ខ្លួន យើងនឹងប្រាប់មនុស្សអោយចាត់ចែងអោយ»
គេគិតថាមានមនុស្សមកជួយមើលថែ ឌែន ជំនួសអ៊ំស្រីមេផ្ទះក៏ល្អដែរ ព្រោះអ៊ំស្រី ឡេរ៉ា ក៏ហត់នឿយមិនស្ទើរដូចគ្នា។ គាត់មានការងារត្រូវធ្វើច្រើនណាស់ទៅហើយ ម្យ៉ាងវិញទៀត លីហ្សាណា ក៏មិនមែនអ្នកក្រៅឯណា នាងធ្លាប់ជួយជីវិតកូនប្រុស ថែមទាំងឥលូវបើរកអ្នកមើលថែកូន ខ្លាចថារញ៉េរញ៉ៃនិងមិនទុកចិត្ត ហើយនាងស្រាប់ក៏ស្រឡាញ់កូនប្រុសគេដូចកូន ទើបគេសម្រេចចិត្តយល់ស្របតាមដំណើររបស់នាងដោយមិនរារែកចិត្ត។
«អ៊ីចឹងពីរអាទិត្យក្រោយនេះតែម្ដងទៅ ស្អែកខ្ញុំនឹងដាក់ពាក្យសុំឈប់ ចំនែករឿងកន្លែងស្នាក់នៅ ខ្ញុំគិតថាស្នាក់នៅទីនេះគឺល្អបំផុតហើយ ខ្ជិលចេញចូលទៅមកៗខ្លាំងណាស់ បើលោកមិនយល់ទាស់អីទេនោះ»
«តាមចិត្តនាងទៅចុះ យើងមិនថាអីទេ ចាំយើងអោយមនុស្សរបស់យើងចាត់ការរៀបចំបន្ទប់អោយនាងទៅចុះ»
«អរគុណលោកខ្លាំងណាស់»
«មិនអីទេ ចំនែករឿងប្រាក់ខែយើងនឹងអោយនាងរាល់ខែ យើងមិនចូលចិត្តកេងចំណេញកំលាំងពលកម្មអ្នកដទៃ»
«ខ្ញុំគ្រាន់តែសុំកន្លែងស្នាក់និងអាហារក៏ល្អណាស់ទៅហើយអោយតែបានមើលថែ ឌែន» លីហ្សាណា ពេលបានឮប្រយោគចុងក្រោយរបស់គេ ក៏រាងស្រងាកចិត្តបន្តិច។
«មិនបានទេ សម្រេចតាមយើងនិយាយទៅចុះ ចាំអោយ ប្រេនដន បញ្ជាក់បន្ថែមទៀតពីរឿងប្រាក់ខែ»
«ចាស៎ បើលោកត្រូវការបែបនោះក៏បាន ខ្ញុំមិនអីស្រាប់ទៅហើយ»
«អឺម...អ៊ីចឹងយើងឡើងទៅខាងលើហើយ រកទៅមើល ឌែន បន្តិច នាងចង់គេងនៅទីនេះមួយយប់ ចាំទៅព្រឹកស្អែកសឹមទៅវិញក៏បានដែរ» គេនិយាយចប់ក៏ក្រោកឈរឡើង ទើបអ្នកគ្រូពេទ្យក្រមុំរហ័សក្រោកឈរដែរ។
«មិនអីទេ ខ្ញុំទៅវិញឥលូវនេះហើយ»
«បើកឡានពេលយប់អ៊ីចឹងខ្លាចតែមិនល្អ បើនាងចង់បានមនុស្សរបស់ខ្ញុំជូនទៅក៏បានដែរ» គេដាក់សំណើរ ព្រោះនាងធ្វើដំណើរផ្លូវឆ្ងាយយប់ប្រលប់បែបនេះវាមិនល្អប៉ុន្មាន។
«ចាស៎ មិនអីទេ អរគុណខ្លាំងណាស់ ប៉ុន្តែខ្ញុំអាចបើកទៅខ្លួនឯងបានពិតមែន មិនចាំបាច់រំខានដល់អ្នកដទៃទេ»
«តាមចិត្តនាងទៅចុះអ៊ីចឹង»
«អ៊ីចឹងលាសិនហើយលោក ដេស»
«អឺម ប្រយ័ត្នប្រយែងតាមផ្លូវផង ជួបគ្នាឆាប់ៗ»
«ចាស៎ ជួបគ្នាឆាប់ៗ...ជុបជុប» នាងដើរទៅឈរក្បែរគេ រួចលោទៅថើបលាគ្នាតាមបែកស្ទាយអឺរ៉ុប បន្ទាប់មកទើបដើរចេញទៅ ចំនែក ដេស ក៏ប្រញាប់ដើរឡើងទៅខាងលើ តម្រង់ទៅរកកូនប្រុសដូចគ្នា។

មហានគរ,
«ព្រះនាងម្ចាស់ តើនឡើងមកព្រះមែ»
សំឡេងដាស់បន្លឺឡើង អ្នកដែលកំពុងលង់លក់ឮសំឡេងនោះល្វើយៗ ត្របកភ្នែកបិទជិតបើកឡើងនៅទីបំផុត។
លូណា កម្រើកខ្លួនក្រោកអង្គុយ ខួរក្បាលនៅរាងងីងើព្រោះទើបតែក្រោកពីដេកមិនទាន់ស្វាង មុននេះដេកលក់ស្រួលដល់ហើយ។
វេលាបន្ទាប់ទើបនាងញញឹមតិចៗដាក់ភិលៀងស្រីដែលមើលមកខ្លួនស្រាប់។
«តើមានការអីមែនទេ?»
«ព្រះមែម្ចាស់ នេះដល់ពេលថ្វាយបង្គំព្រះអាទិទេពហើយ ព្រះមហេសីប្រហែលជាទៅដល់ទីសក្ការៈមុនបាត់ទៅហើយក៏មិនដឹង» ភិលៀងស្រីប្រាប់។
«អូហ៍! ថ្ងៃនេះជាថ្ងៃថ្វាយរលឹកដល់ព្រះអាទិទេពឬ?» ភាពងងុយទាំងប៉ុន្មានរលាយបាត់អស់ នាងបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ហើយក៏រហ័សដាក់ជើងចុះពីក្រឡាបន្ទំ។
«ព្រះមែម្ចាស់ ពួកខ្ញុំម្ចាស់ត្រៀមទឹកស្រង់សម្រាប់ទ្រង់រួចរាល់ហើយ»
«អឺម...»
បន្ទាប់ពីស្រង់ទឹក និងតុបតែងខ្លួនរួចមក លូណា ក៏រហ័សដើរញាប់ជើងឈានចេញពីតំណាក់ជាមួយនឹងភិលៀងរបស់ខ្លួន។
«ស្លាប់ហើយ...ម្ចាស់បងច្បាស់ជាទៅរងចាំមុនជាមិនខានទេ ពួកនាងក៏អ៊ីចឹងដែរ ម៉េចក៏មិនដាស់យើងមុនហ្នឹងបន្តិច» នាងរអ៊ូខណៈដើរញាប់ជើង ហើយក៏ឆ្លៀតងាកទៅបន្ទោសអ្នកបម្រើស្រី។
«ខ្ញុំម្ចាស់ដាស់ទ្រង់ម្ដងរួចទៅហើយ តែទ្រង់មិនតើនឡើងឡើយ ហើយដោយសារតែឃើញទ្រង់មិនស្រួលព្រះកាយផងនោះទើបខ្ញុំម្ចាស់ទុកពេលមួយសន្ទុះទៀតចាំដាស់ទ្រង់» ភិលៀងស្រីម្នាក់នោះតប ហើយក៏ដើរឱនមុខមើលចុះក្រោម។
«ណ្ហើយទៅចុះ ខុសមកពីយើងហ្នឹង» ចុងក្រោយនាងក៏បានតែបន្ទោសខ្លួនឯង ស្របពេលដើរមកដល់ទីសក្ការៈល្មម។
«ម្ចាស់បង»
លូណា ហៅបងស្រីព្រមទាំងធ្វើកាយវិការគោរពដល់អ្នកដែលមានឋានៈខ្ពស់ជាង ពួកភិលៀងស្រីក៏រហ័សក្រោបលូនគោរពហើយក៏ចៀសទៅអង្គុយនៅម្ខាងរៀងៗខ្លួន។
«ម្ចាស់អូនមកដល់ហើយឬ?»
«ព្រះមែម្ចាស់ អោយខ្ញុំម្ចាស់សុំរាជទានទោសផង ដែលយឺតយ៉ាវធ្វើអោយទ្រង់ចាំយូរ» នាងរហ័សសុំទោសពៃរ៍។
«មិនអីទេ យើងមិនបានរងចាំយូរណាស់ណាទេ យើងទើបតែមកដល់អំបាញ់មិញនេះដូចតែគ្នាដែរហ្នឹង ម៉ោះ! ម្ចាស់អូនចូលមក»
«អរព្រះគុណព្រះមែ»
ក្រោយចប់ការថ្វាយបង្គំព្រះអាទិទេពមក លូណា និងព្រះមហេសី ក៏យាងទៅគង់នៅតំណាក់ខាងក្រោយ ដែលនៅដាច់ឡែកពីគេ មានស្រះទឹកថ្លាឈ្វេង និងទេសភាពស្អាតត្រជាក់ភ្នែក។
«ម្ចាស់អូន តើចៅសម្លាញ់របស់យើងប៉ុណ្ណាហើយ?» អ្នកដែលទើបតែដឹងថាខ្លួនក្លាយជាលោកយាយគេសួរឡើង។
«ព្រះមែម្ចាស់ ល្វី មានព្រះជន ២វស្សា ហើយ ទាំងឆ្លាតទាំងគួរអោយស្រឡាញ់» ពេលនិយាយដល់ក្មួយប្រុស លូណា ក៏ញញឹមស្រស់បន្តិច ប៉ុន្តែវិនាទីបន្ទាប់ក៏ទម្លាក់ទឹកមុខ ពេលនឹកឃើញដល់កូនប្រុសសំឡាញ់ដូចគ្នា។
«យើងចង់ឃើញចៅប្រុសរបស់យើងបានម្ដងខ្លាំងណាស់» ព្រះមហេសីរអ៊ូ ក្នុងព្រះទ័យជ្រួលច្រាល់ខ្លាំងចង់ឃើញចៅមែនទែន។
«សុំទោសផងព្រះមែម្ចាស់» លូណា និយាយដោយការយល់ចិត្តដល់បងស្រី គិតថាទ្រង់ក៏ប្រហែលជាតូចចិត្តខ្លាំងដែលមិនអាចជួបនឹងចៅប្រុសបាន។
«មិនអីទេ ធ្វើយ៉ាងម៉េចបានទៅ បើព្រហ្មលិខិតចារមកបែបនេះទៅហើយ យើងចង់ជំទាស់ក៏មិនបានប្រយោជន៍អីដែរ»
«ពួកគេរស់បានសុខហើយ ទ្រង់កុំបារម្ភអី»
«យើងដឹងថាពួកគេរស់បានសុខហើយ ប៉ុន្តែពេលខ្លះអត់នឹងនឹករលឹកចង់ឃើញមុខខ្លាំងមិនបាន»
«ខ្ញុំម្ចាស់យល់ព្រះមែ»
«ណ្ហើយទៅចុះ...មកនិយាយរឿងរបស់ទ្រង់វិញ» ព្រះមហេសី មានព្រះសុវនីយ៍បញ្ចប់សន្ទនាពីបុត្រីនិងចៅប្រុស នាំអោយ លូណា រហ័សសួរបងស្រីយ៉ាងរហ័ស។
«រឿងខ្ញុំម្ចាស់ឬព្រះមែ?»
«ត្រូវហើយ»
«រឿងអីទៅព្រះមែ?»
«គឺរឿងកាលពីប៉ុន្មានថ្ងៃមុន ក្រោយពីទ្រង់ចាកចេញទៅតាមរកបុត្រីរបស់យើង...ព្រះបុត្រា ទេវស័ក្តិ ក្សត្រានគរខាងលិច បានមកស៊ើបសួរនាំ ចង់ចងស្ពានមេត្រីនឹងនគររបស់យើង ប៉ុន្តែដោយសារតែទ្រង់និងបុត្រីរបស់យើងមិនបាននៅទីនេះ ទើបព្រះអង្គម្ចាស់ទ្រង់មិនទាន់ឆ្លើយតបយល់ព្រមនៅឡើយជាមួយនឹងព្រះអង្គម្ចាស់ ទេវស័ក្តិ ព្រោះមិនដឹងថាទ្រង់ត្រឡប់មកវិញឬអត់ ប៉ុន្តែពេលនេះទ្រង់មកវិញហើយ ទើបព្រះអង្គអោយយើងមកសួរនាំទ្រង់ តើទ្រង់យល់ព្រមធ្វើជាជាយារបស់ព្រះអង្គម្ចាស់នគរខាងលិចដែរឬទេ? ត្បិតអីបុត្រីរបស់យើងមិននៅគឺមានតែទ្រង់មួយអង្គគត់អាចធ្វើតួនាទីនេះជំនួសបាន»
បានឮព្រះសុវនីយ៍របស់បងស្រីហើយ ដូចមានស្អីស្ទះកកត្រង់បំពង់ករបស់ លូណា ដូច្នោះដែរ។ នាងទ្រឹងគិតមួយខណៈ បន្ទាប់ពីលេបទឹកផ្សើមបំពង់ករួច ទើបរហ័សតបបងស្រីទាំងមិនពេញសំឡេង។
«តើទ្រង់អាចជួយទូលថ្វាយដល់ព្រះអង្គអោយខ្ញុំម្ចាស់បន្តិចបានទេ ថាខ្ញុំម្ចាស់សុំពេលគិតពីរបីថ្ងៃ រួចសឹមទូលទ្រង់តាមក្រោយ តើបានទេ?» នាងស្រវាចាប់ដៃបងស្រី ព្យាយាមប្រើក្រសែភ្នែកអង្វរករដល់អ្នកចំពោះមុខអោយយោគយល់។
«ហ៊ើយ...ប្រាកដជាបាន យើងនឹងទូលដល់ព្រះអង្គតាមអ្វីដែលទ្រង់ចង់បាន ប៉ុន្តែបើតាមគំនិតរបស់យើង បើទ្រង់យល់ព្រមរៀបអភិសេក វាជារឿងល្អខ្លាំងណាស់ នគរទាំងពីរកាន់តែមានមិត្តភាពល្អនឹងគ្នា ឥទ្ធិពលមហានគរកាន់តែសុះសាយ ហើយទ្រង់ក៏មានអាយុច្រើនណាស់ហើយ ធ្មេចបើកៗជិតចូលបីខ្ទង់ទៅហើយ ដូច្នេះយកគ្រួសារអោយហើយ គឺជារឿងល្អខ្លាំងណាស់សម្រាប់មនុស្សស្រីដូចជាពួកយើង» ព្រះមហេសីមានព្រះសុវនីយ៍បញ្ចុះបញ្ចូលតាមគំនិតរបស់ទ្រង់ ព្រោះបារម្ភខ្លាចប្អូនស្រីគ្មានព្រះស្វាមីនឹងគេ ទាំងដែលតាមធម្មតាស្រីៗសម័យនេះអាយុត្រឹម១៦ទៅ១៨ឆ្នាំ គឺដល់អាយុរៀបការ មានសិទ្ធិអាចមានស្វាមីបាន លើកលែងតែបុត្រីទ្រង់ និងប្អូនស្រីរបស់ទ្រង់ម្នាក់នេះឯង ដែលមិនព្រមយកក្រសែភ្នែកមើលអ្នកណាសោះ ទាំងដែលមានអ្នកចូលមកចែចូវរាប់មិនអស់ក្នុងរយះពេលកន្លងមកនេះ លើកនេះសង្ឃឹមថានឹងបានសម្រេច ប្អូនស្រីនឹងមានគូស្រករនឹងគេ ទ្រង់ក៏អស់បារម្ភ។
មនុស្សស្រីណារើសច្រើន អាយុកាន់តែកើន អាចប្រឈមមុខនឹងពាក្យថាក្រមុំចាស់បាននៅទីបំផុត។
«អរព្រះគុណាណាស់ដែលទ្រង់សណ្ដោសដល់ខ្ញុំម្ចាស់» លូណា ផ្គុំដៃសំពះបងស្រី គ្រាន់តែឮព្រះមហេសីមានព្រះសុវនីយ៍ដល់រឿងអភិសេកក្នុងចិត្តនឹករលឹកដល់ស្វាមីដែលនៅលោកម្ខាងទៀតនៃពិភពលោក។
«ម្ចាស់អូនកុំខ្លាចអី មនុស្សយើងកើតមកត្រូវតែមានគូ ទ្រង់ក៏ដូចគ្នា ទ្រង់សប្បាយព្រះទ័យបាន បងបានឃើញរាជបុត្រអង្គនោះហើយ ទ្រង់ស្រស់សង្ហា ឬកពាក៏អង់អាច ទើបបងចង់អោយទ្រង់ទទួលពាក្យលើកនេះ» ព្រះមហេសីនៅតែព្យាយាមលើកសរសើរពីរាជបុត្រអង្គនោះ។ ទ្រង់មិនបានដឹងនោះទេថារាល់ព្រះសុវនីយ៍របស់ទ្រង់ មិនបានចូលត្រចៀក លូណា សូម្បីតែមួយម៉ាត់ ព្រោះខួរក្បាលរបស់នាងកំពុងតែគិតដល់រឿងមនុស្សម្នាក់ទៀត។
«ម្ចាស់អូន?»
«...»
«ម្ចាស់អូន?» ពេលទតឃើញប្អូនមិនមានព្រះសុវនីយ៍តបត ឬកពាហាក់កំពុងគិតដល់រឿងផ្សេងរហូតដល់ភ្លឹកស្មារតី ទើបព្រះមហេសីបន្លឺសំឡេងហៅអ្នកចំពោះមុខ។
«ម្ចាស់អូន»
«ចាស៎ អុស៎...ព្រះមែ ខ្ញុំម្ចាស់សុំរាជទានទោស» លូណា រហ័សសុំទោសពៃរ៍ពេលដឹងថាខ្លួនឥតមាយាទដាក់បងស្រីចំពោះមុខភិលៀងគ្រប់គ្នា។
«ទ្រង់កំពុងតែគិតដល់រឿងអីហ្នឹង ទើបបានជាបងហៅច្រើនដងហើយនៅតែមិនចាប់ភ្លឹកទៀត?»
«ខ្ញុំ...ខ្ញុំម្ចាស់ គឺថា...»
«គឺថាអីឬ?» ព្រះមហេសីសម្លឹងមើលមុខស្រទន់ ត្រចៀកទាំងគូក៏ផ្ទៀងស្ដាប់ តាំងពីត្រឡប់មកវិញអនុត្រីហាក់មានឬកពាប្លែកៗគួរអោយកត់សំគាល់។
«ខ្ញុំម្ចាស់កំពុងតែគិតដល់រឿងដែលបានកើតឡើង វាហាក់ដូចជាច្របូកច្របល់ដល់ហើយ» លូណា តបដោយសំឡេងខ្សាវៗ រហូតដល់អ្នកជាបងស្រីអត់មិនបាននឹងដកដង្ហើមធំ រួចទាញប្រអប់ដៃអនុជត្រីមកកាន់ដោយការយល់ចិត្ត។
«កុំគិតច្រើនពេក អោយបងសុំទោស បើសិនជាដាក់សម្ពាធទ្រង់រឿងរៀបអភិសេក ទាំងដែលទ្រង់ទើបតែមកពីហត់នឿយ»
«អឺ...មិ...មិនមែន...អឺ ខ្ញុំម្ចាស់មិនបានគិតបែបហ្នឹងទេ សូមទ្រង់កុំរអៀសព្រះទ័យអី ខ្ញុំម្ចាស់គ្មានអារម្មណ៍ថាទ្រង់ដាក់សម្ពាធអីបន្តិចទេ» លូណា រហ័សបកស្រាយដើម្បីកុំអោយបងស្រីយល់ខុសទាន់។
«អ៊ីចឹងឬ?»
«ព្រះមែម្ចាស់»
«ណ្ហើយ...រឿងទទួលអភិសេកឬអត់ គឺអាស្រ័យលើទ្រង់ទេ ពេលនេះយើងចង់ទៅមើលកន្លែងតំបាញកំណាត់បន្តិច តើទ្រង់ចង់យាងទៅជាមួយយើងដែរទេ?»
«ល្អខ្លាំងណាស់ព្រះមែ»
ឱកាសល្អមកដល់ហើយ លូណា ក៏ស្រវាចាប់យក ប្រសើរជាងអង្គុយអោយបងស្រីបញ្ចុះបញ្ចូលអោយទទួលយកពាក្យចែចូវរបស់រាជបុត្រណាក៏មិនដឹង នេះស៊ូទៅមើលគេត្បាញកំណាត់វិញមិនល្អជាងហ្អី។
«អ៊ីចឹងក្រោកមក»

-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!

No comments:

Post a Comment

ប្រមូលសិនពិសេស

ប្រមូលសិនពិសេស

ម៉ាណូវែលManovel

ជីវិតពិតប្រៀបបាននឹងប្រលោមលោក ខុសគ្នាត្រង់ជីវិតពិតយើងត្រូវរៀបប៉ារ៉ូដើរតួដោយខ្លួនឯង។ ពួកយើងសប្បាយចិត្តដរាបណាអ្នកគាំទ្រនៅតែរីករាយជាមួយប្រលោមលោករបស់យើងខ្ញុំ។


Comments

Contact Form

Name

Email *

Message *