ព្រះអង្គនិងអគ្គមហេសីបានត្រឹមតែសំដែងទឹកមុខអស់សង្ឃឹម ក្រោយពីឮព្រះសុវនីយ៍របស់ព្រះនាង។
«ហេតុអីក៏មិនអាច ក្រែងទ្រង់ប្រាប់យើងថា ទ្រង់បានជួបនឹង ទេពី ហើយ ម៉េចក៏មិននាំបុត្រីរបស់យើងមកវិញ?» ព្រះបាទ សូរ្យកាន ត្រាស់បង្គាប់សួរ។
«ព្រះមែម្ចាស់ ខ្ញុំម្ចាស់ពិតជាបានជួបជាមួយនឹង ទេពី ពិតមែន ប៉ុន្តែរឿងសំខាន់ដែលខ្ញុំម្ចាស់ចង់ទូលដល់ទ្រង់ទាំងពីរអោយបានជ្រាបនៅពេលនេះគឺ ទេពី បុត្រីរបស់ទ្រង់ នាងមានស្វាមីនិងបុត្រានៅទីនោះ ទើបមិនអាចត្រឡប់មកវិញបាន»
«ថាម៉េច?/ព្រះអើយ...» ក្សត្រ សូរ្យកាន ឧទានសួរបញ្ជាក់ដោយការភ្ញាក់ផ្អើល ចំនែកព្រះមហេសីក៏ស្រែករកព្រះ ព្រោះមិនគិតថាអ្វីដែលបានឮអំបាញ់មិញជាការពិត។
«...»
«ទ្រង់មានបន្ទូលសុទ្ធតែជាការពិតមែនទេ?» ព្រះអង្គមានព្រះបន្ទូលសួរ។
«ព្រះមែម្ចាស់ សុទ្ធតែជាការពិត រឿងគឺខ្ញុំម្ចាស់ជាអ្នកសម្រេចចិត្តមិននាំ ទេពី ត្រឡប់មកវិញ ព្រោះមិនចង់ឃើញនាងបែកបាក់គ្រួសារ បែកបាក់ពីមនុស្សដែលនាងស្រឡាញ់ ទើបខ្ញុំម្ចាស់បង្គាប់អោយ ទេពី នៅទីនោះបន្ត ចំនែកខ្ញុំម្ចាស់ក៏ធ្វើដំណើរត្រឡប់មកវិញ» លូណា ប្រាប់តាមការពិតទាំងអស់ដោយមិនលាក់បាំងអ្វីឡើយ លើកលែងតែរឿងរ៉ាវស្នេហារបស់ខ្លួន។
«បុត្រីរបស់យើងទៅនៅទីនោះ មានទាំងស្វាមីទាំងបុត្រា តើរឿងនេះយើងគួរយំឬសើចល្អទៅ ទ្រង់មានព្រះបន្ទូលទៅមើល៍» ព្រះមហាក្សត្រត្រាស់បង្គាប់សួរម្ដងទៀត ទឹកព្រះភក្ត្រទ្រង់ហាក់បីដូចមិនរីករាយទាល់តែសោះចំពោះការសម្រេចចិត្តរបស់ លូណា ដែលមិនព្រមនាំបុត្រីរបស់ទ្រង់ត្រឡប់មកនគរវិញ។
«ត្រឹមត្រូវហើយម្ចាស់អូន ដឹងទេថាយើងចង់ជួបមុខបុត្រីយ៉ាងណា ហ៊ឹក...» ព្រះមហេសីស្រក់ទឹកនេត្រានៅទីបំផុត។
«អោយខ្ញុំម្ចាស់រាជទានទោស ប៉ុន្តែដោយសារតែខ្ញុំម្ចាស់ដឹងថាទ្រង់ស្រឡាញ់បុត្រីខ្លាំងណាស់ ច្បាស់ជាចង់អោយនាងមានសេចក្ដីសុខហើយ ទើបខ្ញុំម្ចាស់សម្រេចចិត្តបែបនោះ»
«ទ្រង់គិតថាការនៅទីនោះ បុត្រីរបស់យើងមានក្ដីសុខជាងនៅជាមួយនឹងយើង តើមែនដែរទេ?» ព្រះអង្គ សូរ្យកាន ដំឡើងសំឡេង ក្នុងចិត្តក៏មួហ្មងចំពោះនាង។
«ម្ចាស់បង...» ព្រះមហេសីទតឃើញព្រះស្វាមីចាប់ផ្ដើមក្រោធក៏បានតែហៅទ្រង់ដើម្បីទាញសតិត្រលប់មកវិញ។
«បើខ្ញុំម្ចាស់មានព្រះបន្ទូលត្រង់ចំនុចណាធ្វើអោយទ្រង់យល់ច្រលំថា ខ្ញុំម្ចាស់គិតថា ទេពី នៅជាមួយទ្រង់គ្មានសេចក្ដីសុខជាងនៅទីនោះ អោយខ្ញុំម្ចាស់សូមរាជទានទោសផងទៅចុះ ប៉ុន្តែអ្វីដែលខ្ញុំម្ចាស់ចង់ទូលដល់ទ្រង់នៅពេលនេះគឺ ទេពី នាងរស់នៅទីនោះមានក្ដីសុខហើយ នាងបានប្រាប់ខ្ញុំម្ចាស់ថាមិនចង់ត្រឡប់មកវិញទេ ព្រោះនាងមានកូនមានស្វាមី នាងមិនដាច់ចិត្តចោលពួកគេឡើយ ព្រមទាំងបានផ្ដាំផ្ញើខ្ញុំម្ចាស់មកសុំខមាទោសដល់ទ្រង់ទាំងពីរព្រះអង្គអោយលើកលែងទោសអោយនាងផង នូវរឿងដែលបានកើតឡើង និងរឿងដែលនាងធ្វើអោយទ្រង់ព្រួយព្រះទ័យ»
«ពុទ្ធោ ទេពី បុត្រីមាតា» ព្រះមហេសីយកហត្ថាស្ទាបទ្រូង ដកដង្ហើមចូលសួតហៅសតិត្រឡប់មកវិញ។
«ទ្រង់ផ្ដាំផ្ញើមកបែបនេះឬ?»
«ព្រះមែម្ចាស់...ហើយក្នុងនាមខ្ញុំម្ចាស់ជាម្ចាស់មីងរបស់នាង ក៏សូមអោយទ្រង់អភ័យទោសអោយបុត្រីដែលមានស្វាមីនិងកូនដោយឥតការអនុញ្ញាតពីទ្រង់ផងទៅចុះ សូមទ្រង់ជួយបន់ស្រន់អោយ ទេពី រស់នៅសុខសាន្តជាមួយនឹងក្រុមគ្រួសាររបស់នាងផង»
«រស់នៅទីនោះ បុត្រីរបស់យើងជាពិតជាមានក្ដីសុខមែនឬ?» ព្រះអង្គម្ចាស់ត្រាស់បង្គាប់សួរម្ដងទៀត ដើម្បីអោយប្រាកដព្រះទ័យ។
«ព្រះមែម្ចាស់ ច្បាស់ណាស់»
«ល្អណាស់បើសិនជាបែបនោះ ទោះយើងមិនបានបុត្រីមកវិញ ប៉ុន្តែត្រឹមបានដឹងថានាងមានក្ដីសុខ គ្មានជំងឺឈឺថ្កាត់អី យើងក៏សប្បាយព្រះទ័យដែរ មែនទេម្ចាស់អូន?» ទ្រង់ងាកទៅសួរជាយាក្រោយពីមានព្រះបន្ទូលរួច។
ណ្ហើយទៅចុះ...ធ្វើម៉េច បើសិនជាបុត្រីទ្រង់នៅទីនេះក៏មានតែរោគាយាយីមិនរលោះសោះហើយ បើកាលបានទៅនៅទីនោះធ្វើអោយមានក្ដីសុខ សុខភាពល្អ ទ្រង់ក៏មិនដឹងថាប្រកែកនឹងវាសនាយ៉ាងម៉េចបានដែរ គ្រប់យ៉ាងមានតែបណ្ដោយតាមព្រហ្មលិខិតតែប៉ុណ្ណោះ។
«ព្រះមែម្ចាស់» ព្រះមហេសីឆ្លើយទាំងទឹកនេត្រាស្រក់ ទ្រង់ចង់ជួបបុត្រីខ្លាំងណាស់ ប៉ុន្តែមើលទៅប្រហែលជាគ្មានសង្ឃឹមទេ។
«ខ្ញុំម្ចាស់អរព្រះគុណណាស់ ដែលទ្រង់ព្រះសណ្ដោស បើសិនជាទ្រង់ចង់ដាក់ទោសខ្ញុំម្ចាស់ ក៏ដាក់មកចុះ ដែលខ្ញុំម្ចាស់មិននាំម្ចាស់ក្មួយត្រឡប់មកវិញ ប៉ុន្តែបែរជាហ៊ានបង្គាប់អោយនាងនៅទីនោះបន្ត» លូណា ឱនក្បាលបន្តិច មាត់ក៏និយាយម៉ាត់ៗហាក់មិនខ្លាចសេចក្ដីស្លាប់។
«រឿងអីដែលយើងត្រូវដាក់ទោសទ្រង់នោះ? ទ្រង់ទៅរកបុត្រីរបស់យើងដល់ទីនោះ មិនដឹងថាជួបរឿងអ្វីខ្លះ... ទ្រង់ប្រហែលជាហត់នឿយខ្លាំងហើយ យើងទៅវិញទេដែលត្រូវអរគុណដល់ទឹកព្រះទ័យល្អរបស់ទ្រង់» ព្រះមហាក្សត្រមានព្រះបន្ទូល ចំនែកព្រះមហេសីក៏បានតែងក់ក្បាលយល់ស្រប រួចសម្លឹងមើលមុខប្អូនស្រីដោយការយល់ចិត្ត។
«ជាព្រះកិត្តិយសណាស់ព្រះមែ»
«ល្អណាស់ ពេលនេះយើងបានដឹងដំណឹងហើយថា បុត្រីរបស់យើងមិនបានស្លាប់ មិនបានវេទនា ប៉ុន្តែកំពុងមានក្ដីសុខជាមួយនឹងគ្រួសាររបស់គេ ណ្ហើយ...ទោះជាយើងផ្សងចង់ជួបមុខចៅប្រុសរបស់យើងបានម្ដង ក៏ប្រហែលជាមិនអាចទៅរួចដែរ»
អ្នកដែលទើបតែដឹងខ្លួន ក្លាយជាជីតាគេបានតែដកដង្ហើមធំ។ ចប់ព្រះបន្ទូលនៅចុងប្រយោគក៏រអ៊ូរទាំ ធ្វើអោយព្រះមហេសីបានឮហើយក៏មានអារម្មណ៍ចង់ជួបមុខចៅប្រុសដូចគ្នា តែមិនអាច។
«ត្រូវហើយ យើងនឹងបន់ស្រន់ដល់ព្រះអាទិទេពអោយតាមជួយថែរក្សាបុត្រីយើងនិងក្រុមគ្រួសាររបស់នាងជារៀងដរាប» ព្រះមហេសី ឥន្ទ្រីនី មានព្រះបន្ទូល។
«យើងក៏ដូចគ្នា...»
«អរព្រះគុណណាស់» ពីរនាក់ប្ដីប្រពន្ធងាកមើលមុខគ្នា រួចក៏ញញឹមពេលនិយាយចប់ប្រយោគ។
លូណា ឃើញដូច្នេះហើយក៏រាងធូរទ្រូងបន្តិច គិតថាមិនងាយដូចនេះទេតើមុនហ្នឹង។
«ខ្ញុំម្ចាស់អរគុណព្រះណាស់...ដែលទ្រង់យោគយល់ នេះប្រសិនបើ ទេពី បានឮមិនដឹងជាសប្បាយព្រះទ័យយ៉ាងណា»
បន្ទាប់ពីបញ្ចប់កិច្ចសន្ទនាគ្នារួច លូណា ក៏ត្រឡប់មកព្រះតំណាក់វិញ។ គ្រាន់តែឈានជើងចូលដល់ក្នុងតំណាក់ភ្លាម ទឹកមុខក៏ប្រែជាក្រៀមក្រំ គ្មានពន្លឺនៃសេចក្ដីសុខទាល់តែសោះ គ្រប់យ៉ាងនៅជុំវិញខ្លួន មានអារម្មណ៍ថាល្ហល្ហេវ ងាកទៅណាក៏ស្រឡះល្វឹង តំណាក់ហាក់គ្មានជញ្ជាំង។
«ព្រះនាងម្ចាស់ ទ្រង់ត្រូវការអោយពួកខ្ញុំម្ចាស់គក់ច្របាច់ជូនដែរទេព្រះមែ?» ភិលៀងស្រីនាំខ្លួនចូលមកសួរនាំ ឃើញព្រះភក្រ្តម្ចាស់ខ្លួនមិនស្រស់បស់ក៏កើតការបារម្ភជាខ្លាំង។
«អឺម...ក៏ល្អម្យ៉ាងដែរ យើងខានអោយពួកអ្នកគក់ច្របាច់អោយយូរមកហើយ»
«ព្រះមែម្ចាស់មិនយូរទេ ទើបតែប៉ុន្មានថ្ងៃនឹងឯង» ភិលៀងស្រីតប។
លូណា មិនបានតបតអី នាងគ្រាន់តែញញឹមតិចៗ ព្រោះដឹងថាទោះនិយាយទៅក៏គ្មានអ្នកយល់ថាតាមពិតទៅនាងបែកពីទីនេះបីឆ្នាំមកហើយ។
«អ៊ីចឹងទ្រង់យាងឡើងក្រឡាបន្ទំទៅព្រះមែ ពួកខ្ញុំម្ចាស់នឹងគក់ច្របាច់ថ្វាយ»
ផុតមាត់ភិលៀងស្រី លូណា ក៏ដាក់ខ្លួនដេកបែរចំហៀងលើក្រឡាបន្ទំ ដៃម្ខាងដាក់ស្របនឹងដងខ្លួន ចំនែកដៃម្ខាងទៀតដែលនៅខាងក្រោមក៏ដាក់ទ្រាប់ក្បាលពីលើខ្នើយរាងជាត្រីកោណមានស្រោមជាកំណាត់សាច់ល្អលេខមួយ។
ក្លិនក្រអូបនៃផ្កាសាយភាយពេញផ្ទៃតំណាក់ បន្ទាប់ពីភិលៀងស្រីអុជភ្លើងពីក្រោមកែវដែលដាក់ទឹកផ្កាក្រអូបពីលើ ចម្រាញថ្វើជាពិសេស។
ពួកនាងៗចាប់ផ្ដើមគក់ច្របាច់អោយម្ចាស់ស្រី ចំនែក លូណា ក៏បិទភ្នែកប្រិមៗ អារម្មណ៍ធូរស្រាលចាប់ផ្ដើមបង្ករូបរាងឡើងបន្តិចម្ដងៗ។ រយះពេលប៉ុន្មានឆ្នាំមកនេះ នាងហត់នឿយចិត្តពេកហើយ ខណៈនេះបានភិលៀងជួយធ្វើសសៃអោយបន្ធូរអារម្មណ៍ បូករួមក្លិនក្រអូបនៃផ្កា ប៉ះប្រសាទសម្ជស្ស ធ្វើអោយអារម្មណ៍ស្រួលខ្លួនបានមិនគួរអោយជឿ។
បន្ទាប់ពីនោះបានមួយសន្ទុះ យើងក៏បានឮត្រឹមតែសំឡេងដកដង្ហើមស្មើធេង ដែលបញ្ជាក់ប្រាប់ថា រាងស្ដើងបានគេងលង់លក់បាត់ទៅហើយ។
ចំនែកពួកភិលៀងក៏នៅតែបន្តបម្រើដល់ម្ចាស់ស្រី រហូតដល់មួយពេលជាង ទើបអ្នកខ្លះបំបែកគ្នាទៅរៀបចំគ្រឿងរណ្ដាប់និងអាហារសម្រាប់ លូណា។
ផ្នែកម្ខាងទៀតនៃពិភពលោក (អ៊ីតាលី),
ពីរអាទិត្យក្រោយមក...
ក្រីងៗ...សំឡេងទូរសព្ទលើតុក្នុងភូមិគ្រឹះ ម៉ាយស៊ែឡូ បន្លឺឡើងខ្ទរ។
មេផ្ទះ ឡេរ៉ា ដើរទៅដល់រួចលើកទូរសព្ទដាក់ផ្អឹបនឹងត្រចៀក។
«ភូមិគ្រឹះ ម៉ាយស៊ែឡូ កំពុងនិយាយ»
(អាឡូ ខ្ញុំ លីហ្សាណា សុំជួបអ្នកស្រី លូណា តើបានដែរទេ?) សំឡេងពិរោះស្នើចេញពីចុងខ្សែម្ខាងទៀត បណ្ដាលអោយអ្នកលើកទូរសព្ទបើកភ្នែកធំៗ គាត់អត់មិនបាននឹងងាកមើលជុំវិញខ្លួនដើម្បីអោយប្រាកដចិត្តថាគ្មានមនុស្សនៅ ជាពិសេសថៅកែធំ។
«ចាស៎ សុំទោសអ្នកនាងប្រហែលជាខលមកខុសលេខហើយ»
(ឈ...ឈប់សិន) លីហ្សាណា រហ័សនិយាយឃាត់ញាប់មាត់ស្អេក ព្រោះមិនគិតថាថាខ្លួនឯងខលខុសលេខ អំបាញ់មិញអ្នកលើកទទួលនៅនិយាយឈ្មោះភូមិគ្រឹះ ម៉ាយស៊ែឡូ (គិតថាមិនខលខុសទេ បើសិនជាទីនោះជាភូមិគ្រឹះម៉ាយស៊ែឡូ)
«...»
(អាឡូ! អាឡូ! តើឮខ្ញុំនិយាយដែរទេហ្នឹង?) លីហ្សាណា ទាញទូរសព្ទមកមើលទាំងទឹកមុខងឿងឆ្ងល់ ពេលគ្មានសំឡេងឆ្លើយតបពីចុងខ្សែម្ខាងទៀត។
«...» មេផ្ទះចំណាស់ឈររឹងខ្លួនស្ដូក គាត់ស្ដាប់ឮសំឡេងហៅ ប៉ុន្តែកំពុងតែគិតថាគួរតែឆ្លើយតបតឬអត់។
(អាឡូ...)
ក្រិប...
ឡេរ៉ា ដាក់ទូរសព្ទលើតុចុះ ហើយក៏ដកដង្ហើមធំ រឿងបានរញ៉េរញ៉ៃហើយពេលនេះ គិតបានត្រឹមនេះគាត់ក៏បានតែគ្រវីក្បាល រួចឈានជើងដើរចេញពីត្រង់នោះ។
«ហ្អេ៎...នេះយ៉ាងម៉េចហ្នឹង និយាយគ្នាមិនទាន់ដឹងណាណីផងក៏បិទទូរសព្ទហើយឬ?» លីហ្សាណា រអ៊ូរទាំ ដោយមិនអស់ចិត្តនាងក៏សម្រេចចិត្តខលទៅសារជាថ្មីម្ដងទៀត។
«ហ៊ើយ...» គាត់ឈានជើងដើរចេញមិនទាន់បានប៉ុន្មានផង សំឡេងទូរសព្ទក៏បន្លឺឡើងម្ដងទៀត ទើបបានតែដកដង្ហើមធំម្ដងទៀត រួចបោះជំហានទៅលើកទូរសព្ទជាលើកទីពីរ។
«អាឡូ! បើសិនជាអ្នកនាងខលមកព្រោះតែចង់ជួបអ្នកស្រីធំ ត្រូវសុំទោសផង ព្រោះគាត់លែងនៅទីនេះទៀតហើយ ដូច្នេះសូមមេត្តាឈប់ខលមកទៀត»
(អឹក...មានន័យថាម៉េច?) អ្នកគ្រូពេទ្យក្រមុំបានត្រឹមតែមិងមាំងព្រោះមិនយល់ស្ថានការណ៍ ចិញ្ចើមគូសឡើងខ្វង់ជ្រួញចូលគ្នាបន្តិច។
«គឺបានន័យថាអ្នកស្រីធំលែងនៅទីនេះហើយ»
(នាងទៅណាចុះ?)
«ខ្ញុំមិនដឹងទេ សុំទោសផង នាងខ្ញុំត្រូវដាក់ទូរសព្ទចុះហើយ ព្រោះទីនេះមិនអនុញ្ញាតអោយនិយាយរឿងចៅហ្វាយ»
ទូតទូត...
«ស្អីគេហ្នឹង?»
អ្នកគ្រូពេទ្យកាន់តែជ្រួញចិញ្ចើមថែមទៀត នាងដកទូរសព្ទចេញពីត្រចៀករួចសម្លឹងមើលវាហាក់ដូចជាវត្ថុចម្លែក នៅតែងីងើនឹងរឿងដែលបានឮអំបាញ់មិញ។
«លូណា លែងនៅទីនោះ ហើយចុះទៅណា? មានរឿងកើតឡើងទៅ?» នាងរអ៊ូម្នាក់ឯង ដោយចិត្តកង្វល់។
«គួរតែខលទៅលោក ដេសម៉ាណូ តើល្អដែរទេ?» នាងគោះម្រាមដៃមេនឹងកញ្ចក់អេក្រង់ទូរសព្ទតិចៗ ខួរក្បាលកំពុងដំណើរការគិតថាគួរឬមិនគួរ តែពេលគិតចុះគិតឡើង នាងគ្មានលេខទូរសព្ទផ្ទាល់ខ្លួនរបស់គេឡើយ «ស្លាប់ហើយ គ្មានលេខរបស់លោក ដេសម៉ាណូ ផងហ្នឹង» នាងទម្លាក់ដៃចុះស្របនឹងដងខ្លួនដោយអស់សង្ឃឹម ប៉ុន្តែវិនាទីបន្ទាប់ក៏ញោចមាត់ញញឹមពេលនឹកឃើញអ្វីម្យ៉ាង។
«ត្រូវហើយគួរតែខលទៅលោក ប្រេនដន...ខ្ញុំមានលេខរបស់គេតើ ល្អណាស់ខលចូលគេ គឺអាចជួបនឹងលោក ដេសម៉ាណូ បានហើយ»
«អ្នកគ្រូពេទ្យ ហ្សាណា ដល់ម៉ោងចាក់ថ្នាំអ្នកជំងឺបន្ទប់លេខ៤ របស់អ្នកគ្រូហើយ»
នាងមិនទាន់ទាំងបានចុចទៅលេខទូរសព្ទ ប្រេនដន ផង សំឡេងរបស់ពេទ្យរួមការងារក៏បន្លឺឡើង ទើបនាងបានត្រឹមតែប្រញាប់ទុកទូរសព្ទទៅក្នុងហោប៉ៅ រួចងក់ក្បាលដើរចូលទៅខាងក្នុង។
«ចាស៎ៗទៅដល់ឥលូវហើយ»
«ខ្ញុំមិនចាក់ថ្នាំទេ ខ្ញុំជាហើយ» អាល្អិតអាយុប្រហែលជាប្រាំមួយឆ្នាំប្រាប់ទៅគ្រូពេទ្យដោយសំឡេងប្រាកដប្រជា វាពេបមាត់រកយំបានគ្រប់ពេលបើសិនជាត្រូវចាក់ថ្នាំមែននោះ។
ឈានជើងចូលបន្ទប់ភ្លាមក៏ឮសំឡេងអាល្អិតកំហូចភ្លែត ទើប លីហ្សាណា បានតែគ្រវីក្បាល រួចញញឹមដើរសំដៅទៅគ្រែអ្នកជំងឺ។
«យ៉ាងហើយ ប្រេណូ?»
ត្រឹមបានឮសំឡេងអ្នកគ្រូពេទ្យ អាល្អិតក៏ងាកមុខមករកយ៉ាងរហ័សដោយទឹកមុខត្រេកអរ។
«អ្នកគ្រូពេទ្យស្អាតមកដល់ហើយឬ? ខ្ញុំជាហើយមិនឈឺដូចថ្ងៃមុនទៀតទេ ដូច្នេះតើកុំចាក់ថ្នាំខ្ញុំបានដែរទេ?» អាល្អិតប្រើក្រសែភ្នែកមានពន្លឺសម្លឹងមើលមុខស្រទន់របស់អ្នកគ្រូពេទ្យស្អាត។
ឃើញបែបនេះហើយ លីហ្សាណា បានតែញញឹមតិចៗដោយការយល់ចិត្ត ប៉ុន្តែនាងគ្មានថ្ងៃយល់ព្រមតាមសំណើរអាល្អិតជាដាច់ខាត។
«ចាស៎ ពេលនេះ ប្រេណូ ជាហើយ ប៉ុន្តែបើសិនជា ប្រេណូ មិនព្រមចាក់ថ្នាំអោយគ្រប់ដូហ្វទេ ជំងឺនឹងរើឡើងវិញ ពេលនោះ ប្រេណូ ប្រាកដជាត្រូវចាក់ថ្នាំច្រើនជាងពេលនេះទៅទៀត» នាងនិយាយបន្លោចរហូតអាល្អិតនឹកខ្លាច ព្រមទាំងពេបមាត់រកយំ។
«ខ្ញុំមិនចង់ចាក់ថ្នាំច្រើនទេ»
«បើមិនចង់ អ៊ីចឹងពេលនេះព្រមចាក់មួយម្ជុល ឬក៏ចាំចាក់ច្រើនម្ជុលពេលក្រោយ?»
នាងសួរព្រមទាំងទាញសឺរ៉ាំងបូមថ្នាំ រួចសម្លឹងមុខអាល្អិតរងចាំចម្លើយ។
«ខ្ញុំមិនចង់ចាក់ច្រើនម្ជុលពេលក្រោយទេ»
«ល្អអ៊ីចឹងបានន័យថាចង់ចាក់ពេលនេះ មួយម្ជុល?» នាងសង្កត់ពាក្យ មួយម្ជុល វិនាទីបន្ទាប់ក៏បានឃើញ ប្រេណូ ងក់ក្បាលយល់ព្រម។
«ល្អណាស់ ប្រេណូ ជាក្មេងល្អ ច្បាស់ជាឆាប់ជាមែនទែន រួចនឹងបានចេញពីមន្ទីរពេទ្យ ពេលនោះលែងចាក់ថ្នាំតទៅទៀតហើយ» នាងសរសើរ បន្ទាប់មកទើបឱនទៅចាត់ការចាក់ថ្នាំអោយអាល្អិត។
«អ្នកគ្រូពេទ្យ ហ្សាណា ពិតជាមានសមត្ថភាពបញ្ឆោតក្មេងពិតមែន ត្រឹមមិនប៉ុន្មាននាទីផង ប្រេណូ ក៏ព្រមចាក់ថ្នាំទៅហើយ» ក្រោយចេញពីបន្ទប់របស់អ្នកជំងឺ អ្នកគ្រូពេទ្យស្រីម្នាក់ក៏និយាយឡើង។
«ហ៊ឹសៗ កូនក្មេងគឺតែងតែបែបនេះឯង»
«ប៉ុន្តែអ្នកគ្រូពូកែលួងក្មេងបំផុតដឹងទេ បើសិនជាខ្ញុំវិញ ប្រាកដជាត្រូវចាប់ដៃចាប់ជើង ប្រេណូ ចាក់ថ្នាំមិនខាន» អ្នកគ្រូពេទ្យម្នាក់នោះនិយាយរួចក៏សើច ស្រមៃរូបភាពខ្លួនឯងចាប់កូនក្មេងចាក់ថ្នាំគ្រប់រូបភាព។
«អ្នកគ្រូមិនទាន់សាកល្បងផងម៉េចថាមិនកើត»
«ធ្លាប់ហើយ អ្នកគ្រូក៏ធ្លាប់ឃើញពីរបីដងដែរ ខ្ញុំត្រូវពួកក្មេងៗរើឡើងធ្លាក់ពីលើគ្រែ»
«ហ៊ឹៗ សុំទោសផងកាលហ្នុង»
«មែនជាកំហុសអ្នកគ្រូ ហ្សាណា ឯណា គឺខ្ញុំមិនចេះលួងក្មេងដោយខ្លួនឯង»
«ហ្វឹកហ្វាត់បន្តិចទៀតទៅ នឹងទម្លាប់ហើយ»
«គិតថាប្រហែលជាមិនទម្លាប់ទេ... ណ្ហើយ អ៊ីចឹងខ្ញុំទៅផ្នែកអ្នកខាងជំងឺជាន់ទីពីរបន្តហើយណា»
«ចាស៎...»
អ្នកគ្រូពេទ្យម្នាក់នោះរុញរទេះថ្នាំចេញទៅ លីហ្សាណា ក៏បែរខ្លួនដើរចេញទៅផ្នែកម្ខាងនៃមន្ទីរពេទ្យ។ នាងលូកយកទូរសព្ទដៃមកខលទៅអ្នកណាម្នាក់ម្ដងទៀត។
(អាឡូ ខ្ញុំ ប្រេនដន និយាយ)
«លោក ប្រេនដន ខ្ញុំគឺ លីហ្សាណា ណា លោកចាំបានទេ?» នាងរហ័សប្រាប់ឈ្មោះ ព្រោះខ្លាចថាអ្នកម្ខាងទៀតចុចបិទ។
ចំនែក ប្រេនដន បន្ទាប់ពីឮឈ្មោះ លីហ្សាណា គេរាងភ្ញាក់បន្តិច ព្រមទាំងរេភ្នែកមើលជុំវិញ ជើងក៏ឈានដើរទៅកន្លែងស្ងាត់មនុស្ស។
(បាទ អ្នកនាងមានការអីមែនទេ?)
«គឺកាលពីមុននេះបន្តិច ខ្ញុំបានខលទៅភូមិគ្រឹះ ម៉ាយស៊ែឡូ ដើម្បីសុំជួបនឹង លូណា ព្រោះខ្ញុំខលទៅលេខនាងមិនចូល ប៉ុន្តែបែរជាបានឮថានាងឈប់នៅទីនោះហើយ តើមានរឿងអីកើតឡើងមែនទេ?»
(អ្នកស្រីធំ ឈប់នៅហើយ អ្នកនាងស្គាល់មិនច្រលំទេ ចំនែកព្រោះតែរឿងអីនោះ ខ្ញុំប្រហែលជាមិនអាចជម្រាបអ្នកនាងបានឡើយ)
«សុំអង្វរខ្ញុំពិតជាបារម្ភពី លូណា ពិតមែន លោកជួយប្រាប់ស្អីដល់ខ្ញុំបន្តិចតើបានដែរទេ?»
(ពិតជាមិនបានពិតមែន ត្រូវសុំទោសផង អ្នកនាងមានរឿងអីទៀតដែរទេ?)
«អឺគឺ...អ៊ីចឹងលោកជួយប្រាប់ដល់លោក ដេសម៉ាណូ ផងថាអាទិត្យក្រោយខ្ញុំនឹងទៅលេង សង្ឃឹមថាគេអនុញ្ញាត»
(រឿងនេះចាំខ្ញុំជម្រាបលោកសិន បើសិនជាថៅកែធំ អូខេ ចាំខ្ញុំខលទៅប្រាប់អ្នកនាងវិញ)
«អរគុណណាស់»
(បាទ! មិនអីទេ បាយបាយ)
«ចាស៎! បាយបាយ»
«តើមានរឿងអីកើតឡើងអោយប្រាកដហ្នឹង?» នាងឈ្ងោកមុខសម្លឹងទូរសព្ទហើយក៏រអ៊ូ ក្នុងចិត្តអត់មាននឹងកង្វល់មិនបាន។
«ហ៊ើយ...» បន្ទាប់ពីដកដង្ហើមធំរួចនាងក៏ដើរចូលទៅខាងក្នុងមន្ទីរពេទ្យវិញ។
ក្នុងពេលតែមួយនោះ ប្រេនដន ក៏គោះទ្វារបន្ទប់ធ្វើការបស់ចៅហ្វាយ រួចបើកដើរចូលទៅក្រោយទទួលបានការអនុញ្ញាត។
«មានការអី ប្រេនដន?»
«បាទថៅកែធំ អំបាញ់មិញអ្នកនាង លីហ្សាណា ខលមក នាងប្រាប់ថាអាទិត្យក្រោយសុំមកលេងអ្នកប្រុសតូច»
ប្រេនដន បញ្ចៀសមិននិយាយពីរឿងរបស់ លូណា ព្រោះចៅហ្វាយមិនអនុញ្ញាត គេនិយាយតែរឿងដែល លីហ្សាណា សុំអនុញ្ញាតមកលេងនៅអាទិត្យក្រោយ។
«លីហ្សាណាឬ?»
«បាទ!»
«បើនាងចង់មក ក៏អោយមកមក យើងមិនថាអីទេ ឌែន ប្រហែលជាសប្បាយចិត្តបើបានជួបនឹងនាង»
«បាទ»
«មានអីទៀតដែរទេ?»
«បាទមានគឺ ថៅកែតូច ខលមកប្រាប់ខ្ញុំថាអោយថៅកែធំលើកទូរសព្ទគាត់ផង បើមិនដូច្នោះទេគាត់នឹងជិះយន្តហោះមករកក្នុងរយះពេល២៤ម៉ោងមកទីនេះ»
ប្រេនដន ចង់តែបោកក្បាលអោយងាប់ទេពេលខ្លះ ម្នាក់ៗចង់ទាក់ទងទៅចៅហ្វាយសួរនាំរឿងផ្សេងៗមិនចូល ប៉ុន្តែបែរជាហើយនាំគ្នាសម្រុកខលមកគម្រាមគេទៅវិញ។
«អឺមដឹងហើយ»
«បាទ ខ្ញុំចេញទៅវិញហើយអ៊ីចឹង»
បន្ទាប់ពីមនុស្សជំនិតដើរចេញទៅ ដេស ក៏ទាញទូរសព្ទមកមើល ម្រាមដៃកម្រើកចុចខលទៅនរណាម្នាក់នៅទីបំផុត។
(កាលពីម្សិលល្បងរវល់ធ្វើស្អី? ហើយអំបាញ់មិញនេះល្បងរវល់ធ្វើស្អីទៀត ទើបមិនលើកទូរសព្ទខ្ញុំ?)
សំណួរប្រាវៗបានឮពីចុងខ្សែម្ខាង ដេស ទាញទូរសព្ទចេញពីត្រចៀកបន្តិច បន្ទាប់មកទើបដាក់វាផ្អឹបវិញ រួចឆ្លើយតបនឹងអ្នកម្ខាងទៀត។
«យ៉ាងម៉េចឯងមានការអី?»
(ស្អីគេល្បង នេះជាសំណួរដែលល្បងត្រូវសួរបន្ទាប់ពីធ្វើអោយប្អូនប្រុសដូចខ្ញុំមិនពេញចិត្តឬ?) ល្វីស គំហកសួរពីចុងខ្សែម្ខាងទៀត បើនៅជិត ដេស ច្បាស់ជាបានឃើញទឹកមុខក្ដៅក្រហាយរបស់ប្អូនប្រុសជាក់ជាមិនខាន។
«យើងបានធ្វើស្អី ម៉េចក៏ឃើញមិនដឹង?» ដេស នៅសួរដោយមិនដឹងក្ដៅត្រជាក់ សួរចប់ក៏បានឮសំឡេងជញ្ជក់មាត់មិនពេញចិត្តរបស់ ល្វីស។
(នៅមានមុខមកសួរទៀត សុំសរសើរល្បងហើយ ណ្ហើយចូលសាច់រឿងវិញ ចំពោះរឿងអ្នកបងអោយខ្ញុំសុំទោសផងទៅចុះ... ដឹងទេថាប្រពន្ធខ្ញុំកើតទុក្ខមិនសប្បាយចិត្តដូចគ្នា)
អ៎...ដេស ឧទានក្នុងចិត្ត មកពីប្រពន្ធមិនសប្បាយចិត្តអ៊ីចឹងតើ ទើប ល្វីស រហន់ខលមកគេណាស់។
«ឈប់រំលឹកពីរឿងនេះទៅ បងមិនចង់និយាយដល់វា»
សំឡេងស្ងួតស្ងប់ដូចទឹកគ្មានរលកបន្លឺឡើង ទឹកមុខក៏ធ្លាក់មកក្រៀមក្រំមួយរំពេច បេះដូងចាប់ផ្ដើមច្របាច់ឈឺម្ដងទៀត។
(មិនអាចមិននិយាយបានទេ ខ្ញុំដឹងរឿងរបស់ប្រពន្ធបងហើយព្រោះ ម៉ីអឺ ទើបតែប្រាប់ដូចគ្នា)
បើដឹងហើយមកសួររកខ្មោចស្អី?
«...» ដេស ស្ងាត់មាត់ចាំស្ដាប់ប្អូនប្រុសនិយាយម្ដង ព្រោះខ្ជិលឆ្លើយតបនឹងសំណួររបស់ ល្វីស។
(ល្បងកុំធ្វើបែបនេះ តើបានដែរទេ? អ្នកបងទៅ ព្រោះមានធុរៈសំខាន់មិនអ៊ីចឹងហ្អី)
ល្វីស និយាយដោយសំឡេងមិនពេញចិត្ត ព្រោះគេបានឮមកថាថៅកែធំដល់ថ្នាក់បង្គាប់គ្រប់គ្នាមិនអោយរំលឹកពីអ្នកស្រីធំតទៅទៀត ដល់ថ្នាក់ឈ្មោះក៏មិនចង់ឮ ពិតជារឿងយ៉ាប់យឺនខ្លាំងណាស់។
«សំខាន់ដល់ថ្នាក់ប្ដីនិងកូនដូចជាពួកយើងមិនសំខាន់ស្មើតើមែនទេ?» ទីបំផុត ដេស ក៏សួរត្បក គេព្យាយាមខាំមាត់ទប់អារម្មណ៍មិនអោយផ្ទុះដាក់ប្អូនប្រុស ស្របពេលនោះក៏បង្ខិតជើងបំបែរកៅអីអង្គុយបែរទៅខាងក្រោយ ទល់មុខផ្ទាំងកញ្ចក់ថ្លាអាចមើលឃើញទេសភាពខាងក្រៅបាន។
(មិនមែនបែបនោះទេ ល្បងគិតក្នុងផ្លូវវិជ្ជមានខ្លះផងទៅមើល៍ អ្នកបងស្រឡាញ់ល្បងនិងកូនខ្លាំងណាស់)
ការដើរតួធ្វើជាអ្នកសម្របសម្រួលជម្លោះ វាមិនមែនជារឿងស្រួលធ្វើនោះទេ ដូចពេលនេះអ៊ីចឹង ល្វីស សឹងតែយកក្បាលទៅបោកនឹងជញ្ជាំងបន្ទប់អោយដឹងណាណី បើកុំតែខ្លាចថាងាប់ចោលប្រពន្ធទេនោះ។
«បើនាងស្រឡាញ់ពួកយើងខ្លាំងនាងគង់មិនទៅចោលពួកយើងបែបនេះឡើយ ឯងមិនដឹងនោះទេ»
ដេស តបដោយសំឡេងសោះកក្រោះ អាចអោយ ល្វីស ចាប់ថ្នាក់បានថា ពេលនេះបងប្រុសក៏មានសភាពផ្លូវមិនល្អអីប៉ុន្មានដែរ។
(ល្បងហ្អា៎ ម៉េចក៏និយាយអ៊ីចឹងទៅវិញ?)
«វាការពិត! នាងទៅហើយគឺមិនអាចត្រឡប់មកវិញបានទេ ឯងដឹងទេ ហើយទោះបីជានាងត្រឡប់មកវិញក៏ប្រហែលជាពួកយើងស្លាប់មិនដឹងថាប៉ុន្មានជំនាន់ទៅហើយ»
(...)
«ណ្ហើយ...ឯងប្រាកដជាមិនយល់អ្វីដែលយើងកំពុងតែនិយាយនោះទេ»
(ម៉េចថាមិនយល់ ខ្ញុំដឹងរឿងឆ្លងភពអស់ហ្នឹងហើយ កាលលើកមុនល្បងគឺឆ្លងទៅមហានគរនោះតើត្រូវទេ?)
«ម៉េចក៏ឯងដឹង?» ដេស ឆ្លើយហើយក៏សួរដោយការចម្លែកចិត្ត ព្រោះមិនគិតថាប្អូនប្រុសបានដឹងពីរឿងនេះដែរ។
(គឺប្រពន្ធខ្ញុំប្រាប់)
«ប្រពន្ធឯង ម៉េចក៏នាងដឹង?» ដេស សួរដោយការភ្ញាក់ផ្អើលព្រោះមិនគិតថាមានមនុស្សដឹងរឿងរបស់គេនិងភរិយា។
(ល្បងមិនដឹងទេអី ថាតាមពិតទៅអ្នកបងនិងប្រពន្ធរបស់ខ្ញុំគឺជាមីងនិងក្មួយ ដែលខ្ញុំក៏ទើបតែដឹងនាពេលថ្មីៗនេះដូចគ្នា ល្បងចាំទេពេលដែលប្រពន្ធខ្ញុំឃើញប្រពន្ធល្បងលើកដំបូងនាងមានអាការៈយ៉ាងម៉េច?)
«មីងនិងក្មួយ អ៊ីចឹងបានន័យថាប្រពន្ធរបស់ឯងគឺព្រះនាង ទេពី ដែលបានបាត់ខ្លួននោះ?»
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!

No comments:
Post a Comment