"ចក្រវាឡការស្រមើស្រមៃខ្ញុំ​ ដំណើរផ្សងព្រេងរបស់អ្នក"

Responsive Advertisement

Thursday, April 9, 2020

សង្គ្រុបស្នេហ៍ ម៉ាហ្វៀ វគ្គ១ ភាគ៩

ភាគទី៩   ច្បាស់ណាស់ថាបន្ទាប់ពីគ្រប់គ្នាបានដំណឹងរឿងការមានផ្ទៃពោះរបស់អ្នកស្រីធំហើយក៏មានការសប្បាយចិត្តគ្រប់គ្នាចំនែកឯថៅកែធំ ក៏ផ្លាស់ប្ដូរពីបាតដៃទៅខ្នងដៃគេកាន់តែផ្ដាច់ការនិងប៉ិនបញ្ជានេះបញ្ជានោះជាងកាលពីលើកមុនលើសដើម។
គ្រប់គ្នាសាំទៅហើយនឹងបញ្ជារបស់ម្ចាស់ផ្ទះប្រុស និងរឿងដែលគេបញ្ជាប្រពន្ធឲ្យប្រយ័ត្នបែបនេះបែបនោះ រួមទាំងបទបញ្ជាគ្រប់សព្វបែបយ៉ាងទៀតដែលគ្រប់គ្នាចាំសឹងតែមិនអស់ ទោះចៅកែធំនិយាយឲ្យឮរាល់ថ្ងៃក៏ដោយ។
    ប៉ុន្តែវាជាការផ្លាស់ប្ដូរដ៏ល្អមួយ ព្រោះមើលទៅថៅកែធំដូចជាចេះទន់ភ្លន់ច្រើន និងស្រឡាញ់កូនខ្លាំង។
    «អ្នកស្រីធំ ពេលថ្ងៃរសៀលបន្តិច ថៅកែធំប្រាប់ថានឹងមកយកអ្នកស្រីទៅពិនិត្យសុខភាព» ឡេរ៉ា ប្រាប់ព្រមទាំងលើកបង្អែមដាក់ពីមុខស្រីស្រស់។
    «ចាស៎...ម៉ោងប៉ុន្មានដែរ?»
    «គាត់ប្រាប់ថាប្រហែលជាខ្ទង់ម៉ោង ៣:០០ រសៀលអីហ្នឹង»
    «ចាស៎»
    «អ្នកស្រីចង់ពិសាអីជាពិសេសដែលទេ ចាំខ្ញុំធ្វើជូន»
    «ខ្ញុំគិតថាមិនអីទេ សុំទឹកអីជូរៗបន្តិចមកបានហើយ»
    «ចាស»
    រៀងថ្ងៃរសៀលបន្តិចសំឡេងឡានក៏ឈប់ពីមុខផ្ទះ តាមដោយរាងខ្ពស់ដើរចូលមកខាងក្នុង គ្រាន់តែចូលមកដល់ភ្លាមក៏រហ័សសួរនាំភរិយាភ្លែត។
    «លូណា អូនយ៉ាងម៉េចហើយ មានមិនស្រួលអីដែរទេ?» តាំងពីដឹងថានាងពពោះកូនរបស់ខ្លួនមក គេក៏គិតតែពីបារម្ភស្អីសព្វគ្រប់បែបយ៉ាង។
    «ចាស៎...មិនអីទេ គ្រាន់តែពេលខ្លះរៀងវិលមុខបន្តិចបន្តួចតែប៉ុណ្ណោះ»
    បានឮសម្ដីរបស់ភរិយាហើយ ថៅកែធំក៏បានជ្រួញមុខព្រោះបារម្ភ។
    «កុំធ្វើមុខបែបនេះ អូនពិតជាមិនអីមែន គ្រាន់តែវិលមុខតិចតួចទេ មិនបានខ្លាំងក្លាដល់ថ្នាក់ទ្រាំមិនបានឯណា នេះប្រហែលជាមកពីកូននៅក្នុងផ្ទៃហើយ»
    «អ៊ីចឹងតោះ ឡេរ៉ា ប្រាប់អូនហើយមែនទេថារសៀលនេះបងមកយកអូនទៅមន្ទីរពេទ្យ»
    «ចាសប្រាប់រួចហើយ»
    «តោះ...បងគ្រាហ៍»
    រូបភាពបែបនេះគ្មានអ្វីដែលប្លែកភ្នែកសម្រាប់គ្រប់គ្នាក្នុងផ្ទះទៀតនោះទេ ព្រោះថៅកែធំបានផ្លាស់ប្ដូរទៅហើយ ដៃដែលធ្លាប់តែសម្លាប់មនុស្សនិងកាន់កាំភ្លើងពេលនេះកំពុងតែថ្នាក់ថ្នមភរិយាមិនឲ្យឃ្នើសចិត្ត។
    លោកប៉ានិងអ្នកម៉ាក់ថ្មោងថ្មីទទួលបានការអប់រំជាច្រើនពីអ្នកគ្រូពេទ្យបន្ទាប់ពី លូណា ពិនិត្យផ្ទៃពោះរួចនិងជោះឈាមឆែកសុខភាព។
    កំឡុងពេលមានផ្ទៃពោះដំបូងតែងតែប្រឈមមុខនឹងការរលូតងាយៗ រឿងនេះធ្វើឲ្យថៅកែធំលំបាកចិត្តនិងកាន់តែបារម្ភថែមទៀត ពេលមកដល់ផ្ទះវិញក៏បញ្ជាឲ្យដូរការ៉ូក្នុងបន្ទប់ទឹក ហើយនៅបញ្ជាប្រពន្ធមិនឲ្យចុះតាមកាំជណ្ដើរពេលដែលគេមិននៅ គឺអោយនាងនៅតែក្នុងបន្ទប់ ព្រោះបង្កាខ្លាចមានរឿងហេតុមើលមិនឃើញកើតឡើង។
    ចំនែកអ្នកម៉ាក់ក៏បានតែដកដង្ហើមធំចំពោះបញ្ជាគ្រប់យ៉ាងរបស់ស្វាមី ប៉ុន្តែនាងមិនបានជំទាស់គិតតែងក់ក្បាលផ្ងក់ៗទទួលបញ្ជា ព្រោះយល់ចិត្តគេ ដឹងថាគេបារម្ភខ្លាំងពីខ្លួនឯងទើបធ្វើបែបនេះ។
    «អូនថាឈ្មោះនេះពិរោះខ្លាំងណាស់»
    «ឈ្មោះថាម៉េច?» លោកប៉ាសួរបន្ទាប់ពីវាឡើងគ្រែដាក់ខ្លួនក្បែរភរិយា គេសម្លឹងមុខស្រទន់ដែលញញឹមញញែមបិទមាត់មិនជិតដោយខ្សែភ្នែកស្រទន់។
    «ឌែនម៉ាណូ ម៉ាយស៊ែឡូ បើសិនជាកូនប្រុស ហើយ អ៊ីនណា ម៉ាយស៊ែឡូ បើសិនជាកូនស្រី» អ្នកម៉ាក់ប្រាប់ដោយសំឡេងមានក្ដីសុខ។
    «ពិរោះណាស់...បងចូលចិត្ត ប៉ុន្តែបងស្រឡាញ់កូនស្រីជាង បើកើតមកប្រហែលជាទន់ភ្លន់នឹងស្អាតដូចអូន»
    «ប្រុសក៏បានស្រីក៏បាន អូនមិនបានរើសឡើយ»
    «បងគ្រាន់តែបញ្ជាក់ថាចង់បានកូនស្រីជាងតែប៉ុណ្ណោះ ទោះកើតមកប្រុសក៏បងនៅតែស្រឡាញ់ដដែលហ្នឹង ព្រោះជាកូនអូននិងបង»
    «ចាស៎!»
    «ម៉ោះ បានហើយញ៉ាំទឹកដោះគោហើយចូលគេង» គេឈោងយកកែវទឹកដោះគោនៅតុក្បាលគ្រែហុចឲ្យភរិយា។
    «អរគុណ»
    «ម៉ោះចូលគេង»
    «សុបិនល្អ»
    «អឺម សុបិនល្អ ជុប» គេតប ហើយក៏ឱបថើបក្បាលក្រអូបមួយខ្សឺត រួចទាញនាងឱបក្នុងរង្វង់ដៃកាន់តែណែនថែមទៀត។

    ព័ត៌មានល្បីស្រីរបស់ប្រមុខត្រកូល ម៉ាយស៊ែឡូ កំពុងមានទាយាទក៏បែបធ្លាយ ចុះផ្សាយនៅព្រឹកថ្ងៃបន្ទាប់ ផ្ទុយទៅវិញ ដេស បែរជាញញឹមនឹងព័ត៌មានដែលបានលួចថតគេនិងភរិយាយកទៅចុះផ្សាយ ធ្វើបែបនេះនឹងគ្មានអ្នកណាហ៊ានថាប្រពន្ធគេជាស្រីលួចលាក់ទៀតឡើយ ណាមួយរឿងជាមួយ ម៉ានីកា ក៏ចាត់ការរួចរាល់ដូចគ្នា ព័ត៌មាននេះមិនអាចធ្វើឲ្យប៉ះពាល់ដល់គេបានទេ។
    «ថៅកែធំពេញចិត្តឬ?» ប្រេនដន មនុស្សជំនិតសួរ ខណៈដាក់ឯកសារចុះលើតុ។
    «អ្វីដែលឲ្យឯងគិតបែបនេះ?»
    «ទោះថៅកែធំមិនញញឹម ប៉ុន្តែពន្លឺភ្នែកបង្ហាញចេញច្បាស់ណាស់ គ្មានបិទបាំងស្អីបន្តិច ចំពោះរឿងព័ត៌មានដែលទើបតែបោះផ្សាយនោះ»
    «គឺវាគួរសម ប៉ុណ្ណេះ ត្រកូល វ៉ុលតា នឹងបានដឹង ថាប្រពន្ធយើងមិនមែនជាស្រីលួចលាក់ស្អីបន្តិចនោះទេ យើងចេញមុខចេញមាត់ដល់ថ្នាក់នេះហើយ បើនៅតែយល់ច្រលំទៀតនឹងលេងឲ្យងាប់» ពេលនិយាយដល់ពីរនាក់ឪកូននោះ សំឡេងគេក៏ត្រជាក់ ស្ដាប់ហើយបបួលឲ្យស្រៀវឆ្អឹងខ្នង។
    «ថៅកែធំ មានរឿងមួយទៀតដែលខ្ញុំមិនទាន់បានរាយការណ៍»
    «រឿងអី?»
    «ភាគហ៊ុនខាង ម៉ូសៀរ៉ូ អាល់តាន កំពុងតែឡើងស្រឺតៗ ម្យ៉ាងទៀតគេដូចជាប្រុងលួចឆ្មក់ចូលរួមចំនែកក្នុងកាស៊ីណូយើងដែរទាន»
    «ឲ្យវាបានចិត្តសិនទៅ បន្តិចទៀតខ្ញុំនឹងទម្លាក់ឲ្យដល់បាត» ចុងមាត់គេញញឹមតិចៗ គិតថាចង់ចូលមកក្នុង ឌីយ៉ាម៉ានតេ បានងាយៗឬ បើគេមិនអនុញ្ញាត ចាំមើលគេនឹងលេងឲ្យអាម៉ាហ្វៀស្ទើរភ្លើងបានឃើញសខ្មៅម្ដង។

    ម៉ានីកា ខឹងឡើងមុខក្រហម ពេលបានឃើញរូបភាពបុរសដែលខ្លួនប៉ងប្រាថ្នាគ្រាហ៍ស្រីអាស៊ី នៅមន្ទីរពេទ្យ។ ត្រឹមឃើញកាយវិការហើយក៏ដឹងថាគេស្រឡាញ់ស្រីម្នាក់នោះប៉ុណ្ណា វាកាន់តែបន្ថែមភាពឬស្យាឲ្យនាងថែមទៀត តើស្រីម្នាក់នោះវាមនស្អីល្អជាងនាងទៅ? មនុស្សស្រីដូចជានាងឲ្យវាដឹងគ្នាទៅថាមិនបានមួយចំណិតស្រីអាស៊ីពេស្យាម្នាក់នោះ។
    «ព្រះអើយ...ចាំមើលទៅយើងនឹងដឹងគ្នា ខ្ញុំមិនព្រមចាញ់ទាំងអាម៉ាស់បែបនេះទេ»
    ទោះកាសែតចុះថានាងជាផ្ដាច់ពាក្យបានមុន រូបភាពនាងក្លាយជាស្ត្រីគួរឲ្យអាណិតព្រោះត្រូវក្បត់ចិត្ត ប៉ុន្តែអាព័ត៌មានក្រោយៗនេះធ្វើឲ្យអាម៉ាស់មុខខ្លាំង វាហាក់ដូចជាជាន់ឃ្លីរបួសឲ្យឈឺគ្មានសល់សភាព។
    «ចាំតែមើលទៅ...នាងស្រីពេស្យា»
    ម៉ានីកា និយាយដោយការគុំគួន មិនយូរទេពួកគេនឹងបានដឹងគ្នាជាមួយនាង បើនាងមិនបានតាមប្រាថ្នា ក៏កុំសង្ឃឹមថាពួកគេមានក្ដីសុខឲ្យសោះ ពេលនេះមនុស្សរបស់នាងកំពុងតែឃ្លាំងមើលពួកគេគ្រប់ជំហាន សុំត្រឹមតែភ្លាត់ស្នៀតតែបន្តិច ពួកនោះនឹងខ្ចប់ក្នុងដៃនាងមិនខានទេ។
    «យ៉ាងម៉េចទៀតហើយថៅកែតូច ឥលូវដូចខលមកញឹកញាប់ដល់ហើយ នឹកបងប្រុសដូចជាយើងដល់ថ្នាក់ហ្នឹងឬ?» ដេស និយាយស្វាគមន៍បន្ទាប់ពីឃើញលេខប្អូនប្រុសខលមក រួចចុចទទួល ចុងមាត់ក៏ញោចញញឹមព្រោះដឹងថាមូលហេតុអ្វីបានជាប្អូនប្រុសខលមក។
    (ល្បងអាក្រក់មែន ក្នុងចិត្តនៅដឹងថាខ្ញុំជាប្អូនតែម្នាក់របស់ល្បងដែរឬ? ដល់ថ្នាក់រឿងមានកូននៅត្រូវមនុស្សរបស់ខ្ញុំរាយការណ៍ប្រាប់ មិនឃើញល្បងរីករាយមកផ្ដល់ដំណឹងប្រាប់ដល់ប្អូនដូចជាខ្ញុំឲ្យបានដឹងអីបន្តិចនោះទេ) អ្នកចុងខ្សែម្ខាងទៀតនិយាយធ្វើដូចជាអន់ចិត្តខ្លាំង។
    «ក៏ដឹងថាទោះមិនប្រាប់ព័ត៌មានក៏ផ្សាយឡើងកក្រើកដែរ»
    គេមិនបានកុហក ដូចពេលនេះអ៊ីចឹងមិនបានប្រាប់ ក៏ឃើញលេខប្អូនប្រុសខលមកដែរ។
    (ល្បងនេះពិតជាអត់ចិត្តពិតមែន ណ្ហើយខ្ញុំមិនប្រកាន់ល្បងនោះទេ គ្រាន់តែខលទៅចង់សួរថាប្រពន្ធមានកូនមែនទែនហ្អី?)
    «អាចង្រៃយ៍ កូនមែនទែន កូនលេងៗស្អីផស៎ឯង បងមានកូនជាមួយប្រពន្ធពិតប្រាកដ តើមានស្អីខុសត្រង់ណា?» ថៅកែធំជេរប្អូនភ្លាមៗបន្ទាប់ពីប្អូនប្រុសនិយាយមិនចូលត្រចៀក។
    (ចាំបាច់ជេរដែរល្បង ខ្ញុំគ្រាន់តែសួរតើ អ៊ីចឹងបានន័យថាម្នាក់នឹងគឺអ្នកបងធំពិតៗ មិនក្លែងក្លាយ ហើយក៏គ្មានថ្ងៃប្ដូរដែរ ដល់ថ្នាក់មានកូនជាមួយគ្នាហើយនោះ ខ្ញុំគ្រាន់តែឆ្ងល់មនុស្សដូចជាល្បងចេះស្រឡាញ់ប្រពន្ធកូនដល់ថ្នាក់នេះ និយាយតាមត្រង់ណា ឃើញរូបល្បងនិងអ្នកបងធំនៅក្នុងរូបថត កាលចូលមន្ទីរពេទ្យពិនិត្យសុខភាពហើយ ខ្ញុំនឹកព្រឺសម្បុរមិនទាន់បាត់នោះទេ វាហាក់ដូចជារូបភាពបន្លំភ្នែកមួយគ្រាស្អីបែបនោះ) ល្វីស ដែលមាត់មិនចេះទប់តាំងពីណាពីណីមកប្រាប់តាមត្រង់ រហូតដល់ថ្នាក់អ្នកស្ដាប់ហើយបានតែខាំមាត់ ព្រោះមិនដឹងថានឹកយកពាក្យស្អីមកជេរអាប្អូនជើងល្អឲ្យបានឈឺ។
    «យ៉ាងម៉េចមនុស្សកើតមកតែងតែមានចិត្ត មានការផ្លាស់ប្ដូរ គិតតែពីឯងទៅរឿងប្រពន្ធនោះមិនដឹងដល់ណាទេ»
    (ហ៊ឹសៗ ខ្ញុំដឹងថាល្បងដឹង ចាំខ្ញុំទំនេរចាំនាំប្រពន្ធទៅលេង ចាប់ផ្ដើមនឹកល្បងដែរព្រោះបែបយូរខានឃើញមុខពិតៗយូរដែរហើយ) ថៅកែតូចសើច។
    «ជឿឯងស្លាប់ហើយឮតែថាមកលេង ប៉ុន្តែមិនដែលឃើញស្រមោលទេ ឯងមានស្អីត្រូវនិយាយទៀតអត់ថៅកែតូច?»
    (មានគឺរឿង កញ្ចាស់ វ៉ុលតា អាលូវនេះវាចាប់ផ្ដើមបែរក្បាលទៅរក អាឆ្កួតនោះហើយ ឮដំណឹងថាវាចង់ចូលដៃគ្នានៅម៉ាកាវនិងសៀវហៃ តែប្រហែលជាលេងនៅម៉ាកាវមុន) ពេលនិយាយដល់ការងារពីរនាក់បងប្អូនក៏ចាប់ផ្ដើមប្រាកដប្រជាជាងមុន។
    «មនុស្សដូចថៅកែតូច គ្មានដៃគូណាគួរឲ្យខ្លាចស្រាប់ទៅហើយមិនអ៊ីចឹងហ្អី?»
    (ប្រាកដហើយ ប៉ុន្តែខ្ញុំត្រូវការមនុស្សរបស់បងមកបន្ថែមបន្តិច ព្រោះមនុស្សរបស់បងមានច្រើនជាងខ្ញុំហើយសុទ្ធតែពួកជើងខ្លាំងទៀត)
    «ចង់យកប៉ុន្មានក៏ប្រាប់ ប្រេនដន នឹងចាត់ការឲ្យ»
    (បាទ អរគុណចង់ប្រាប់តែប៉ុណ្ណឹងឯង)
    «អឺម បាយ»

    មួយអាទិត្យកន្លងផុតទៅ...
    មន្ទីរពេទ្យ@#&*!
    «ដេស អូនសុំចូលបន្ទប់ទឹកបន្តិច» លូណា ងាកទៅប្រាប់អ្នកជាស្វាមី ពេលគេងក់ក្បាលទើបនាងដើរចេញទៅ។
    «ប្រយ័ត្នប្រយែងផង លូណា»
    «ចាស»
    លូណា សំឡឹងមើលខ្លួនឯងក្នុងកញ្ចក់បន្ទប់ទឹក មួយប៉ប្រិចភ្នែកនោះនាងបែរជាមិនបានឃើញមុខខ្លួនឯង គឺជាទឹកមុខពេញដោយទឹកភ្នែករបស់បងស្រីទៅវិញ។
    «ម្ចាស់បង!» នាងរហ័សលូកដៃទៅប៉ះកញ្ចក់ ប៉ុន្តែរូបភាពដែលបានឃើញអំបាញ់មិញបានបាត់ស្រមោលទៅហើយ។
    «ម្ចាស់បង...ខ្ញុំម្ចាស់សូមព្រះរាជទានទោស ខ្ញុំរកម្ចាស់ក្មួយមិនទាន់ឃើញទេ» ទឹកភ្នែកហូរស្រក់នៅទីបំផុត នាងអង្អែលកញ្ចក់នឹកដល់បងស្រីគ្រប់សព្វសារពើ។ ម្ល៉េះពេលនេះមិនដឹងថាទ្រង់បារម្ភពីនាងយ៉ាងណា មិនដឹងថាទ្រង់ទុក្ខសោក ព្រះកន្សែងរាល់ថ្ងៃរាល់យប់ឬអត់?
    «ឲ្យខ្ញុំម្ចាស់សូមរាជទានទោស ខ្ញុំម្ចាស់មិនល្អ បែរជាឈ្លក់វង្វេងនឹងក្ដីសុខនៅទីនេះរហូតដល់ភ្លេចទ្រង់ ហេតុអីក៏ខ្ញុំម្ចាស់ធ្វើបែបនេះទៅកើត ហឹក...ខ្ញុំម្ចាស់សុំទោស» ស្រីស្រស់និយាយខ្សឹកខ្សួលជាភាសាខ្មែរចំពោះមុខកញ្ចក់។
    អារម្មណ៍ដឹងខុសបាចសាចចូលពេញក្រអៅបេះដូង។
    «ទេពី ឲ្យម្ចាស់មីងសុំទោស ដែលមកទល់ពេលនេះហើយនៅតែមិនអាចរកឯងឃើញទៀត»
    តាមពិតទៅទ្រង់ក៏បានសុំអោយស្វាមីស្វែងរកម្ចាស់ក្មួយតាមភិនភាគ ប៉ុន្តែយូរណាស់មកហើយនៅតែគ្មានដំណឹងទៀត ណាមួយខុសមកពីនាងដូចគ្នាដែលមួយរយះនេះគិតតែក្ដីសុខរបស់ខ្លួនឯង រហូតភ្លេចគ្រប់គ្នា ទាំងដែលនាងដឹងថាគ្រប់គ្នានៅទីនោះមិនដែលភ្លេចនាងឡើយ។
    «ខ្ញុំម្ចាស់នឹងព្យាយាមរកម្ចាស់ក្មួយឲ្យឃើញ»
    ទ្វារបន្ទប់ទឹកស្រីត្រូវបានបើក អ្នកដែលកំពុងតែយំមិនបានចាប់អារម្មណ៍សង្កេត រំពេចនោះ...
    «ហ៊ឺម...អឺម...អែង» លូណា ប្រឹងស្រែកពេលសុខៗក៏មានកំណាត់ខ្ទប់មាត់ជាប់ បណ្ដាលឲ្យស្រែកមិនឮ នាងប្រឹងរើសម្រាស ដៃក៏ខំបេះដៃស្រីម្នាក់នោះចេញពីមាត់ បានមិនប៉ុន្មាននាទីផងត្របកភ្នែកក៏ចាប់ផ្ដើមទន់ទៅៗ រូបភាពចុងក្រោយគឺរូបខ្លួនឯងនិងស្រីមិនស្គាល់មុខក្នុងកញ្ចក់ទល់មុខ។
    ស្ត្រីស្លៀកពាក់ឯកសណ្ឋានអ្នកសំអាត ពាក់ម៉ាស់ជិត ចាប់ក្រៀក លូណា ជាប់ ពេលស្រីតូចសន្លប់បាត់ស្មារតីហើយ ក៏ចាប់គ្រាហ៍រាងតូចដាក់ចូលទៅក្នុងរទេះដាក់សម្ភារៈសំអាត ព្រមទាំងគ្របកំណាត់សពីលើ រហូតដល់បាត់ មើលមិនដឹងថាមានមនុស្សកំពុងនៅក្នុងនោះ។
    ថោកែធំចាំប្រពន្ធយូរពេកក៏ដើរមកតាម គេដើរទៅមុខជ្រួសគ្នាជាមួយអ្នកសំអាតរុញរទេះចេញទៅ។ ម៉ាហ្វៀដើរតម្រង់ទៅបន្ទប់ទឹកស្រី ដោយក្ដីបារម្ភពេកក៏ដើរចូលទៅក្នុងព្រោះខ្លាចថាប្រពន្ធកើតអី ប៉ុន្តែពេលចូលទៅដល់បន្ទប់ទឹកក៏គ្មានមនុស្សសូម្បីតែម្នាក់ គេដើរហួសទៅពិនិត្យបន្ទប់នីមួយៗ ប៉ុន្តែបែរជាមិនឃើញថាបន្ទប់ណាមានមនុស្ស។
    «លូណា...» ដេស ឧទានពេលឃើញថាភរិយាមិនបាននៅក្នុងបន្ទប់ទឹកនារីទេ ហើយចុះនាងទៅណា?
    «វីវរហើយ...» មុខគេឡើងស្លេកពេលនឹកឃើញដល់អ្នកសំអាតដែលរុញរទេះចេញទៅអំបាញ់មិញ តាមពិតពេលដើរកាត់ស្រីម្នាក់នោះគេក៏មានអារម្មណ៍ខុសប្លែកបាត់ទៅហើយ។
    បាំង!! ថៅកែធំរត់ចេញពីបន្ទប់ទឹកនារី បិទទ្វារលាន់ក្រាំង ជ្រួសនឹងស្រីម្នាក់ដែលដើរមកបម្រុងចូលបន្ទប់ទឹក ត្រូវនាងសម្លឹងមើលមុខដោយការចម្លែកចិត្ត ប៉ុន្តែគេមិនបានយកចិត្តទុកដាក់ខ្វល់។
    «ប្រេនដន! មានឃើញអ្នកសំអាតអូសរទេះចេញមកមិញដែរទេ?» គេរត់មកឈប់មុខមនុស្សជំនិតរួចសួរទាំងដង្ហក់ខ្យល់ ភ្នែកក៏រេរំពៃមើលជុំវិញខ្លួន។
    «ឃើញតើ គឺទៅខាងនោះ» ប្រេនដន ចង្អុលទៅខាងជណ្ដើរយន្ត។
    «ស្លាប់ហើយ» អ្នកដែលបារម្ភពីប្រពន្ធជាងស្អីទៅទៀត រត់តម្រង់ទៅជណ្ដើរយន្ត ដោយមានសំឡេង ប្រេនដន ស្រែកហៅពីក្រោយនិងរត់មកតាម។
    «ថៅកែធំមានរឿងអី?» ប្រេនដន ឈប់មុខជណ្ដើរយន្តដែរ គេសួរឡើងខណៈថៅកែធំចុចបូតុងជណ្ដើរយន្តឡើងញាប់ដៃស្អេក។
    «លូណា បាត់ខ្លួនហើយ ខ្ញុំគិតថាអ្នកសំអាតអូសរទេះអំបាញ់មិញនេះជាអ្នកចាប់ទៅ»
    «យ៉ាប់ហើយ ថៅកែធំចុះទៅតាមទៅ ខ្ញុំទៅសួរខាងមន្ទីរពេទ្យឲ្យឆែកកាំរ៉ាសិន»
    «អឺម...ឲ្យលឿនឡើងទៅ ប្រេនដេន ខ្ញុំខ្លាចថាប្រពន្ធខ្ញុំនឹងកើតស្អី»
    «បាទ!» ប្រេនដន រត់បកក្រោយតម្រង់ទៅរកបន្ទប់ធ្វើការរបស់គ្រូពេទ្យ។
    «បើកឲ្យវាលឿនឡើងទៅ»
    មនុស្សកំពុងតែប្រញាប់ម៉េចក៏វានៅលោតម្ដងមួយជាន់ៗកើតទៀត។ ពេលឃើញថាជណ្ដើរលោតចុះក្រោមដល់ជាន់ទីរពីរហើយ ចៅកែធំ ខ្ជិលចាំខ្លាចថាមិនទាន់ទើបគេប្រញាប់រត់ទៅតាមជណ្ដើរជើងវិញ។
    «កុំភ័យអូនសម្លាញ់បង»
    តឺង!!! ទ្វារជណ្ដើរយន្តបើកឡើងនៅជាន់ក្រោមដី ដែលជាជាន់ដាក់យានជំនិះ រទេះរុញអូសចេញមកក្រៅ តម្រង់ទៅរកឡានមួយគ្រឿងដែលកំពុងបញ្ឆេះម៉ាស៊ីន បើកភ្លើងចាំរួចជាស្រេច។
    «គ្រប់យ៉ាងអូខេតើមែនទេ?»
    «ចាស៎ ប្រញាប់ជួយលើកនាងដាក់លើឡានបន្តិចទៅ ខ្ញុំខ្លាចថាមានគេមកទាន់»
    កំណាត់ពណ៌សត្រូវបើកឡើង រាងតូចដែលសន្លប់បាត់មាត់បាត់កត្រូវលើកចេញពីរទេះសម្ភារៈរួចដាក់ចូលទៅក្នុងឡានបាំងខាងក្រោយ។
    ខណៈនោះរាងខ្ពស់ដែលរត់ចុះមកតាមជណ្ដើរជើងក៏រត់តម្រង់មករកឡានមួយនោះ ស្របពេលនឹងជនទាំងពីរងាកទៅឃើញល្មម។
    «ប្រញាប់ឡើងឡានមក ឲ្យលឿនឡើង» ពួកវាស្ទុះចូលក្នុងឡានដែលបញ្ឆេះចាំស្រេច រួចបើកចេញទៅ។
    ប៉ាំងៗ!!! ងឺត!!! សំឡេងគ្រាប់កាំភ្លើងប៉ះគូទឡានពីរបីគ្រាប់ឡើងចេញផ្កាភ្លើង តាមដោយសំឡេងកង់ឡានកកិតនឹងប៊ីតុងព្រោះអាយែបត់សឹងតែ១៨០ដឺក្រេ រួចបើកចេញទៅយ៉ាងលឿន។
    «ចង្រៃយក៍អើយ...»
    ថៅកែធំរត់ចេញទៅក្រៅតាមឡានបើកចេញទៅអំបាញ់មិញ សំណាងក៏ជួបនឹង ប្រេនដន ដែលអង្គុយនៅក្នុងឡានចាំហើយជាស្រេច។
    «ថៅកែធំ ឡើងមក»
    ប៉ាំង!!! ទ្វារឡានត្រូវបានបិទ។
    «តាមឡានអំបាញ់មិញឲ្យទាន់ ប្រពន្ធខ្ញុំនៅក្នុងនោះ ឲ្យសញ្ញាទៅគ្រប់គ្នាផង»
    ប្រេនដន បើកឡានចេញទៅតាម ព្រមមានឡានបួនប្រាំគ្រឿនទៀតសុទ្ធតែពណ៌ខ្មៅបើកចេញទៅតាមពីក្រោយ។
    ឡានបួនប្រាំគ្រឿងបើកតាមឡាន មេកសឺដេស ពណ៌ខ្មៅខាងមុខជាគោលដៅតែមួយ ចៃដន្យចរាចរណ៍មិនសូវអំណាយផលដល់ការបើកឡានលឿនទាន់ចិត្ត ទើបកើតមានឧបត្តិវហេតុខ្លះ និងការប៉ះទង្គិចគ្នាតិចតួច ពេលដល់ផ្លូវកាច់ជ្រុលមួយឡានជនល្មើសក៏បើកកាច់ចេញទៅយ៉ាងលឿន។
    «ដាច់តម្រុយហើយ ប្រេនដន បើកកាច់តាមផ្លូវនឹងទៅ ឲ្យលឿនឡើង»
    «ចៅហ្វាយនោះឃើញវិញហើយ វានៅខាងមុខមិនឆ្ងាយពីយើងប៉ុន្មានទេ» ប្រេនដន ជាន់ហ្គ៊ែរកប់ៗ។
    «ល្អបន្ថែមលឿនឲ្យទាន់លេងឲ្យវាឈប់ឡានតាមសម្រួល ប្រពន្ធយើងនៅក្នុងនោះ គឺគ្រាន់តែបាញ់កង់ឡានវាឲ្យធ្លាយបានហើយ»
    «បាទ!»
    ផូង ខ្សឺត...ងឺតតតតត...សំឡេងកង់ឡានអូសកកិតថ្នល់កៅស៊ូ ឡានខាងមុខដែលបើកក្នុងល្បឿនសន្សឹមៗឈប់នៅនឹងមួយកន្លែង។
    ប៉ាំង!! សំឡេងទ្វារឡានបិទ តាមដោយរាងខ្ពស់របស់ថៅកែធំដើរតម្រង់ទៅរកឡានខាងមុខដោយទឹកមុខគួរឲ្យខ្លាច តាមដោយមនុស្សរបស់គេជាងដប់នាក់ទៀតដើរចុះពីឡានតម្រង់ទៅគោលដៅតែមួយ។
    កញ្ចក់ឡានមេកសឺដេសទម្លាក់ចុះយឺតៗ បុរសនៅក្នុងឡានអឺតកសម្លឹងមើលមកមនុស្សនៅខាងក្រៅឡាន។
    «នែ! លោកយ៉ាងម៉េចហ្នឹង?» បុរសម្នាក់នោះសួរឡើងដោយការរករឿងព្រោះឡានត្រូវបាញ់បែកកង់។
    កែវភ្នែកកំណាចពណ៌ទឹកសមុទ្ររេមើលសព្វពេញទាំងឡាន តែក៏ត្រូវស្រងាកចិត្ត បេះដូងធ្លាក់ចុះដល់ចុងជើងពេលបាំងខាងក្រោយអត់មានមនុស្សសូម្បីតែម្នាក់។
    «បើកទ្វារ!»
    ក្រិត!!! កាំភ្លើងអាមេហើយស្រេក តម្រង់កាណុងទៅបុរសក្នុងឡាន ទើបបុរសម្នាក់នោះលើកដៃទាំងពីរឡើងលើជាការចុះចាញ់ បន្ទាប់មកទើបគេព្រមចុះពីឡាន ខណៈមនុស្សរបស់ថៅកែធំឈ្ងោកក្បាលចូលទៅក្នុងឡានដើម្បីត្រួតពិនិត្យ។
    «មិនឃើញមានស្អីទេ ថៅកែធំ»
    «ប្រពន្ធអញនៅឯណា?» ដេស សម្លុត កាណុងកាំភ្លើងក៏ដាក់ចំកណ្ដាលថ្ងាសអាម្នាក់នោះសឹងតែកប់កាណុងចូលទៅក្នុងក្បាល។
    «ប្រ...ប្រពន្ធលោក...? ខ្ញុំម៉េចនឹងដឹងទៅ ខ្ញុំបើកឡានសុខៗក៏ត្រូវពួកលោកមកស្ទាក់ ហើយបាញ់កង់ឡានខ្ញុំឡើងធូរអស់ ទាំងនេះជាស្អីទៅ? នៅយកកាំភ្លើងមកគម្រាមខ្ញុំទៀត អំពើបែបនេះអាចជាប់គុកបាន» ចំណាប់ខ្មាំងតបទាំងញ័រមាត់ចំប៉្រប់ ព្រមទាំងប្រហើនហ៊ានត្បកចង់ចាប់គេដាក់គុកទៀត។
    «ទម្រាំយើងជាប់គុក គិតថាក្បាលឯងបែបត្រូវធ្លុះពីមុខទៅក្រោយមុនព័ត៌មានឮដល់ត្រចៀកប៉ូលីស»
    «លោ...ក...នេះចង់ធ្វើស្អីខ្ញុំ? ខ្ញ...ខ្ញុំមិនដឹងរឿងស្អីនោះទេ ខ្ញុំមិនដឹងថាលោកកំពុងតែរកអ្នកណា ខ្ញុំគ្រាន់តែបើកឡានមកតាមផ្លូវនេះ ព្រោះមានមនុស្សដណ្ដើមឡានខ្ញុំយកទៅបាត់ ហើយបង្គាប់ឲ្យខ្ញុំជិះអាមួយនេះ ទើបខ្ញុំជិតវាមកផ្លូវនេះ» ទីបំផុតបុរសម្នាក់នោះក៏ព្រមប្រាប់ការពិត ព្រោះខ្លាចថាត្រូវបាញ់ធ្លុះក្បាលមែន ទឹកមុខម៉ាហ្វៀចំពោះមុខគួរឲ្យខ្លាចខ្លាំងណាស់ គេសឹងតែរាគនោមទៅហើយ។
    «អានរកអើយ»
    ផាច់!!! កណ្ដាប់ដៃម៉ាហ្វៀមានទៅស្រាលអី ត្រឹមមួយដៃអាម្នាក់នោះដួលខ្ពៀកទៅលើថ្នល់ មាត់បែកឈាមរឹមៗ។
    «ទុកជីវិតឲ្យខ្ញុំផងសុំអង្វរ ខ្ញុំពិតជាមិនដឹងអីមែន» វាលើកដៃសំពះ ប៉ុន្តែមនុស្សដូចជាថៅកែធំមិនងាយជឿសម្ដីអ្នកដទៃងាយៗឡើយ។
    «ពួកឯងចាប់វាញាត់ឡាន បើខ្ញុំរកអ្នកស្រីធំមិនឃើញ ឲ្យវាទៅដឹងថារឿងវានិយាយជាការពិតឬអត់»
    «បាទ!»
    «ទេ! កុំធ្វើស្អីខ្ញុំ ខ្ញុំប្រញាប់ទៅធ្វើការ លោកមិនអាចធ្វើបែបនេះបានទេ ខ្ញុំប្រាប់ហើយថាមិនបានដឹងរឿងអីទេ ប្រុសស្រីពីរនាក់នោះជាអ្នកយកឡានខ្ញុំទៅ គេបញ្ជាឲ្យខ្ញុំបើកមកខាងនេះ» វាប្រឹងស្រែកប្រាប់ថៅកែធំ ព្យាយាមរើបម្រាសចេញពីការចាប់របស់កូនចៅម៉ាហ្វៀ ប៉ុន្តែវាគ្មានប្រយោជន៍នោះទេ ទីបំផុតក៏ត្រូវចាប់ញាត់ឡានទាល់តែបាន។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!

No comments:

Post a Comment

ប្រមូលសិនពិសេស

ប្រមូលសិនពិសេស

ម៉ាណូវែលManovel

ជីវិតពិតប្រៀបបាននឹងប្រលោមលោក ខុសគ្នាត្រង់ជីវិតពិតយើងត្រូវរៀបប៉ារ៉ូដើរតួដោយខ្លួនឯង។ ពួកយើងសប្បាយចិត្តដរាបណាអ្នកគាំទ្រនៅតែរីករាយជាមួយប្រលោមលោករបស់យើងខ្ញុំ។


Comments

Contact Form

Name

Email *

Message *