ភាគទី៨
«អូនធ្វើស្អីបានទៅ បងមានសិទ្ធមានប្រពន្ធមួយទៀតបានស្រាប់ទៅហើយ វាអាចមកពីអូនជាប្រពន្ធមិនសូវល្អ»នាងតូចឈ្ងោកមុខចុះបន្តិចសំឡេងតបក៏ឮសូរខ្សាវៗហាក់មិនចង់បញ្ចេញសូរសំនៀង។នៅនគររបស់នាង អ្នកជាស្វាមីដែលមានឋានៈបុណ្យស័ក្តិខ្ពស់និងទ្រព្យសម្បត្តិហូរហៀរ មានសមត្ថភាពយកប្រពន្ធច្រើនបានស្រាប់ទៅហើយ ទើបនាងដោយផ្នត់គំនិតនោះមកតាម។ នាងគ្រាន់តែមានចិត្តភ័យខ្លាចថាស្វាមីនឹងបោះបង់ចោល ឬក៏អស់ក្ដីស្រឡាញ់ចំពោះខ្លួន ផ្តេរទៅឲ្យស្រីផ្សេងតែប៉ុណ្ណោះ។
«អេ៎...នេះគាំទ្រឲ្យប្ដីមានប្រពន្ធច្រើនឬ? មិនដឹងសោះថាប្រពន្ធខ្ញុំចិត្តបានដល់ថ្នាក់នេះ» ដេស ធ្វើជាឧទាន ក្នុងចិត្តអត់នឹងអន់ចិត្តចំពោះភរិយាមិនបាន មើលទៅនាងដូចជាគ្មានអាការៈប្រចណ្ឌអីសោះ។
«គឺបងក៏មានសិទ្ធិបែបនោះស្រាប់ទៅហើយមិនមែនឬ?»
«គ្មានអីបន្តិចនោះទេ»
អឺម តាមពិតវាបែបនោះពិតមែន ប៉ុន្តែអ្នកណាទៅនិយាយឲ្យប្រពន្ធកាន់តែគួរឲ្យអាណិតជាងនេះទៀតនោះ ត្រឹមនាងធ្វើមុខស្រពោន សម្លឹងគេមក់ៗបែបនេះ គេសឹងតែទប់ចិត្តមិនបាន សឹងតែទាញនាងមកឱបឲ្យណែនដើម្បីលួងលោម មើលទៅល្ងាចមិញ ម៉ានីកា និយាយស្ដីច្រើនណាស់ជាមួយប្រពន្ធគេ ទើបបានជានាងមានអាការៈបែបនេះ។
«ប៉ុន្តែអូនសូមអង្វររឿងមួយបានទេ?»
«...» ម៉ាហ្វៀកំណាចស្ងាត់មាត់ ចាំស្ដាប់នាងនិយាយបន្ត មើលទៅប្រពន្ធរបស់គេមិនបានយកចិត្តទុកដាក់នឹងសម្ដីបដិសេធរបស់គេអំបាញ់មិញនោះទេ។
អ៊ីចឹងតើបានជាគេថាកម្លាំងតូចចិត្តរបស់មនុស្សស្រីគឺសាហាវខ្លាំងណាស់ ស្អីក៏បាំងជិតដែរ ពេលដែលកំពុងតែងរ។
«បើសិនជាបងយកនាង គឺអូនចង់និយាយពី ម៉ានីកា ឈ្មោះនាងបែបនេះមែនទេ?»
«អឺម...»
«ហ្នឹងហើយ បើបងយក ម៉ានីកា ធ្វើជាប្រពន្ធម្នាក់ទៀត អ៊ីចឹងបានន័យថាអូនជាប្រពន្ធដើម នាងជាប្រពន្ធចុង ដូច្នេះសូមបងកុំដេញអូនចេញពីផ្ទះអី អូនមិនអាចរស់នៅខាងក្រៅតែម្នាក់ឯងបាននោះទេ បងក៏បានដឹងស្រាប់ទៅហើយ អូនសន្យាថានឹងមិនបង្ករឿង មិនធ្វើបាបប្រពន្ធចុង ហើយក៏មិនរំខានឲ្យបងឈឺក្បាលដែរ ហ៊ឹក» និយាយមិនទាន់ចប់គោលបំនងផង នាងក៏មិនអាចទប់សំឡេងយំបានតទៅទៀត ទើបធ្លោយវាចេញមកនៅទីបំផុត។
ខ្លាចខ្លាំងបំផុត ខ្លាចគេលែងស្រឡាញ់ថែមទៀតផង។
ព្រះអើយ ប្រពន្ធអ្នកណានេះគួរឲ្យស្រឡាញ់អីយ៉ាងនេះ? ថៅកែធំញោចមាត់ញញឹមតិចៗ រួចចាប់ក្បាលតូចៗឲ្យយំជ្រប់នឹងដើមទ្រូងខ្លួន ដៃក៏អង្អែលសក់ក្បាលនាងថ្នមៗទៅមក ជាហេតុបណ្ដាលឲ្យភរិយាយំកាន់តែឮខ្លាំងថែមទៀត។
ណ្ហើយ ឈប់លហើយវរៗយំទឹកភ្នែកលិចបន្ទប់ សម្បូរទឹកណាស់តើ។
«ដែលយំនេះ ព្រោះមិនពេញចិត្តនិងប្រចណ្ឌបើបងយកប្រពន្ធមួយទៀត ឬក៏យំព្រោះខ្លាចថានឹងត្រូវដេញចេញពីផ្ទះ ហើយគ្មានកន្លែងនៅហ៊ឺម?» គេមិនទាន់លួង ចាំឈ្លេចសួរមួយសំណួរទៀតសិន។
«គឺទាំងពីរយ៉ាងហ្នឹង ប៉ុន្តែខ្លាចត្រូវដេញចេញខ្លាំងជាង ព្រោះបើត្រូវដេញចេញមែន អូនគ្មានកន្លែងត្រូវទៅនោះទេ» នាងរៀបរាប់ទាំងទឹកភ្នែកមិនទាន់ស្ងួត ខណៈនៅយំនៅឡើយ ប៉ុន្តែនៅឆ្លៀតឆ្លើយតបទៀត។
អ្វីដែលសំខាន់មួយទៀតគឺ នាងមិនអាចរស់បានដោយគ្មានគេ។
«ឈប់យំបានហើយ បងសន្យាថាគ្មានថ្ងៃយកប្រពន្ធមួយទៀត ហើយក៏គ្មានថ្ងៃដេញអូនចេញពីផ្ទះដែរ ប្រពន្ធដើមទាំងមូលដេញចេញម៉េចបាន» គេបញ្ជាក់ដោយសំឡេងប្រាកដប្រជា ប៉ុន្តែក៏ឆ្លៀតលេងសើចចុងប្រយោគ។
«បងសន្យាហើយណា បើបងក្បត់សន្យាប្រាកដជាត្រូវកម្មពាតាមបន្លោចពេញមួយជីវិត»
ហើយព្រះអាទិទេពក៏គ្មានថ្ងៃប្រោសព្រំអ្នកដែលក្បត់សន្យាដែរ មនុស្សមានអណ្ដាតហើយពេលគ្រលៀសអណ្ដាតកាលណាត្រូវតែគោរពពាក្យសច្ចៈផង។
«បាទ! បងសន្យា»
គេជឿជាក់ថាគេគ្មានថ្ងៃ ធ្វើបែបនោះដាក់ស្រីម្នាក់នេះបានទេ នាងជាគ្រប់យ៉ាងរបស់គេ។
«អរគុណណាស់ដែលសន្យានឹងអូន»
ទោះគេមិនសូវជាប៉ិនយកចិត្ត រាងរមាំងរមោកបន្តិច កាចបន្តិច ផ្ដាច់ការខ្លាំង ប៉ុន្តែគ្រប់យ៉ាងដែលជាគេនាងស្រឡាញ់និងស្មោះស្ម័គ្រអស់មួយជីវិត។
«កុំយំបងមិនចូលចិត្តឃើញទឹកភ្នែកអូន» គេលូកដៃទៅជូតទឹកភ្នែកឲ្យភរិយាថ្នមៗ។
«អឺម...អូនឈប់យំហើយ»
«ជុប! បងមិនមានប្រពន្ធថ្មីទេ រឿងនឹងវាសំខាន់លើអូនថាផ្គាប់ចិត្តប្ដីបានប៉ុណ្ណា»
ពេលប្រពន្ធឈប់យំ ក៏តាំងញ៉ោះទៀត ឮសម្ដីស្វាមីបែបនេះ អ្នកស្រីភរិយាក៏បានតែមុខក្រហមពេលគិតយល់ន័យ ដៃតូចៗក្ដាប់ចូលគ្នាគក់ទ្រូងសុទ្ធតែសាច់ដុំឮឌឹបៗ។
«បងនេះ! ឈប់និយាយជាមួយហើយ»
«បងនិយាយការពិត ម៉ោះៗ ចាប់ផ្ដើមរៀនយកចិត្តបន្តិចទៅ តិចថាប្ដីរៀបការយកប្រពន្ធមួយទៀតដែលចេះចិត្តយកថ្លើមជាង»
ដេស និយាយបង្អើលរួចក៏ឃើញភរិយារកពេបមាត់យំ ប៉ុន្តែវិនាទីបន្ទាប់បបូរមាត់ក្រាស់ក៏ឱបទៅខាំបឺតជញ្ជក់បបូរមាត់ស្ដើង លេបសំឡេងនាងដោយភាពស្រេកឃ្លាន។ ដៃធំចាប់ផ្ដើមមិននៅមិនស្ងៀម ចាប់ប្រលាត់ស្បែកនាងម្ដងមួយៗរហូតដល់សល់តែខ្លួនននលគោក តាមដោយគេខ្លួនឯងចាត់ការដោះសម្លៀកពាក់អស់ពីខ្លួនដែរ។
លូណា ដែលត្រូវស្នាមថើបស្រូបយកវិញ្ញាណឡើងទន់ខ្លួនក៏បានតែស្រាវស្រើបសព្វសសៃ រហូតដល់ថៅកែធំដកខ្លួនចេញ រួចចាប់ស្រីស្រស់ឲ្យអង្គុយលើចង្កេះ។
«យកចិត្តប្ដីបន្តិចមក អំបាញ់មិញនិយាយមែនណា»
«...» ភរិយាមិនបានតបត ប៉ុន្តែច្បាស់ណាស់ថាព្រមធ្វើតាម ព្រមយកចិត្តគេ ព្រោះខ្លាចស្វាមីនិយាយមែន រួចលេងយកប្រពន្ធថ្មីមួយទៀត នាងបានគ្រាំចិត្តបណ្ដោយ។
យ៉ាងណាក៏ស្ត្រីជាភេទមួយដែលមិនចូលចិត្តចែករំលែករបស់បែបនេះស្រាប់ទៅហើយ វាជារបស់ឯកសិទ្ធិ។
ពេលព្រឹកឡើង លូណា បើកភ្នែកក៏ឃើញថាខ្លួនឯងនៅក្នុងរង្វង់ដៃកក់ក្ដៅសាំទម្លាប់ដូចរាល់ដង។ នាងបែរមុខទៅរកស្វាមីដែលដេកឱបនាងពីក្រោយ រួចសម្លឹងមុខសង្ហាមិនដាក់ភ្នែក មើលយូរៗក៏ពាសនឹកឃើញដល់រឿងយប់មិញ។
អាយ៎...វាគួរឲ្យខ្មាសខ្លាំងណាស់ រឿងបែបនោះ ចេះយកមកនឹកឃើញទាំងព្រឹកកើតដែរ ស្រីស្រស់បានតែនឹកបន្ទោសខ្លួនឯងក្នុងចិត្ត។
រឿងនេះគួរតែបន្ទោសគេដែលត្រេកកាម ហើយនៅបោកនាងឲ្យត្រេកកាមកាត់តាមទៀត យប់មិញនេះនាងធ្វើជាខាវហ្គើរល៍ ហើយនៅធ្វើតាមសំនើរឆ្កួតៗជាច្រើនរបស់ស្វាមីទៀតផង
អួយ៎...បំភ្លេចរូបភាពទាំងនោះមិនបានទេ!
ចាំបានថាពួកនាងស្រឡាញ់គ្នាមិនដឹងជាប៉ុន្មានដង ដឹងត្រឹមតែដល់ថ្នាក់អស់កម្លាំងយកតែមែនទែន ជ្រប់មុខសន្លប់ភ្លឹងលើដើមទ្រូងគេ។
«ប្រុសទំនើង» នាងរអ៊ូ រួចព្យាយាមលើកដៃមាំដែលដាក់លើចង្កេះចេញថ្នមៗដើម្បីកុំឲ្យគេភ្ញាក់ដឹងខ្លួន ព្រោះថាបើគេដឹងខ្លួនមិនប្រាកដទេថានាងអាចនឹងត្រូវចាប់ស៊ីទាំងព្រឹកព្រហាម បន្ទាប់មកទើបនាងដើរចូលទៅដោះទុកនិងសម្អាតខ្លួនក្នុងបន្ទប់ទឹក។
ពេលចេញមកវិញក៏ឃើញថាម៉ោង ៧:៣០ ទៅហើយ អ្នកស្រីធំម្នីម្នាតម្រង់ទៅគ្រែដើម្បីដាស់ស្វាមី តាមធម្មតាគេទម្លាប់ភ្ញាក់ពីព្រឹក ប៉ុន្តែព្រឹកបែរជាទ្រមក់ទៅវិញ។
សមមុខ ត្រេកកាមខ្លាំងពេក! នឹកបែបនេះហើយ លូណា អត់មិនបាននឹងជ្រួញច្រមុះដាក់អ្នកដេកលក់ស្រួលលើគ្រែ។
«ដេស! ដេស! ក្រោកឡើង បងត្រូវទៅធ្វើការព្រឹកនេះ»
ដៃស្រឡូនទន់ល្មើយអង្រួនស្មាអ្នកដេកតិចៗ មាត់ក៏ហៅដោយសំឡេងស្រទន់។
«ហ៊ឺម...អូនក្រោកហើយឬ?» អ្នកទើបតែបើកភ្នែកទាំងមមីមមើសួរដោយសំឡេងក្ងួរ។
ឃើញសភាពគេបែបនេះពិតជាគួរឲ្យស្រឡាញ់ហាក់ដូចជាកូនក្មេងពិតមែន។
«ចាស៎! ថ្ងៃរាងខ្ពស់ហើយ បងត្រូវទៅធ្វើការមិនមែនឬ? ក្រោកមក អូនលាយទឹកឲ្យរួចហើយ»
«បាទ!» ថៅកែធំក្រោកអង្គុយ រួចឈរត្រង់ខ្លួនបម្រុងនឹងដើរចូលទៅក្នុងបន្ទប់ទឹក ប៉ុន្តែក៏មិនភ្លេចទម្លាប់លោទៅថើបបបូរមាត់ភរិយាជាកិច្ចអារុណសួស្ដី។
«អារុណសួស្ដី»
«ចាសអារុណសួស្ដី» គេនិយាយជាភាសាខ្មែរ ព្រោះនាងធ្លាប់និយាយប្រាប់និងបង្រៀនឲ្យនិយាយបែបនេះច្រើនដងទើបគេអាចចេះនិយាយបាន។
«ចូលទៅអូនរៀបចំខោអាវឲ្យ»
«បាទ»
មួយសន្ទុះក្រោយមកគេក៏ចេញពីបន្ទប់ទឹកវិញ ដោយស្លៀកត្រឹមតែកន្សែងពោះគោពណ៌ស ហើយថែមទាំងស្លៀកសំយេសទៀតផង ដើមទ្រូងហាប់ណែនមានសុទ្ធតែរោម ត្រូវក្រាបព្រោះតំណក់ទឹកសើម ឃើញហើយពិតជាសិចស៊ីខ្លាំងណាស់។ លូណា បានឃើញបែបនេះហើយក៏បានតែមុខក្រហម ទោះបានឃើញសឹងតែរាល់ថ្ងៃ ប៉ុន្តែនាងមិនបានសាំនឹងរូបភាពបែបនេះស្អីបន្តិចនោះទេ គេចូលចិត្តបង្ហាញរាងកាយឲ្យនាងអៀនជារឿយៗ។
ចំនែកថៅកែធំងាកឃើញភរិយាមុខក្រហម ក៏បានតែញោចមាត់ញញឹមព្រោះនាងតែងតែបែបនេះ។ គេដើរតម្រង់ទៅរកប្រពន្ធដែលឈរកាន់ខោអាវចាំរួចជាស្រេច អារម្មណ៍ល្អមែនទែនដែលភ្ញាក់ពីគេងព្រឹកឡើងមានប្រពន្ធជាទីស្រឡាញ់ចាំបម្រើរៀបចំមួយតួខ្លួនឲ្យ។
គិតៗទៅគ្មានស្អីល្អជាងការយកប្រពន្ធខ្មែរនោះទេ ព្រោះភក្ដីភាពនិងក្ដីស្រឡាញ់មានជូនស្វាមី ស្ត្រីខ្មែរដឹងតែជាប់លេខមួយហ្មង ស៊ូដេកឱបធាតុប្ដីក៏មិនយកប្ដីថ្មីដែរ។
«តោះ!»
ចុងក្រោយពេលវេលាពេលព្រឹកក៏បញ្ចប់ត្រឹមអាហារពេលព្រឹក។ ដេស ចេញទៅធ្វើការដោយទុកឲ្យភរិយានៅផ្ទះដូចដើម ប៉ុន្តែក៏បន្ថែមកម្លាំងយាម នឹងប្រាប់គ្រប់គ្នាថាបើសិនជាអ្នកណាម្នាក់ចូលមកដោយគ្មានការអនុញ្ញាត គេអនុញ្ញាតឲ្យបាញ់សម្លាប់ចោលបាន។
«ទៅផ្ទះត្រកូល វ៉ុលតា» ពេលឡានបើកចេញក្រៅភូមិគ្រឹះ ថៅកែធំក៏បញ្ជាកូនចៅដោយសំឡេងត្រជាក់។
ប្រេនដន ស្ដាប់ឮហើយនឹកបារម្ភឪពុកកូនពីរនាក់នោះជំនួស។
កាលពីម្សិលទម្រាំចាត់ការបញ្ហាផ្សារហ៊ុនធ្លាក់ចុះបាន គឺលេងឡើងវក់វីទាំងគេទាំងថៅកែធំ ពេលនេះដល់ពេលជម្រះបញ្ជីជាមួយត្រកូល វ៉ុលតា ចង់ដឹងដូចគ្នាថាចៅហ្វាយនឹងចាត់ការយ៉ាងម៉េច។
«បាទ!»
ពេលទៅដល់ផ្ទះត្រកូល រ៉ុលតា ដេសម៉ាណូ ក៏មិនបានអូសបន្លាយពេលវាលាឲ្យវែងឆ្ងាយ គេនិយាយប្រាវៗប្រាប់ថានឹងផ្ដាច់ពាក្យ ត្រកូលទាំងពីរគ្មានជាប់សាច់ញាតិនឹងគ្នាឬស្អីទៀតទាំងអស់។
«នេះលោកដូចជាហួសហេតុពេកហើយ ថៅកែធំ ទោះយ៉ាងណាក៏ទុកមុខឲ្យគ្នាខ្លះផង កុំព្រោះតែស្រីម្នាក់លោកដល់ថ្នាក់កាត់ផ្ដាច់ទំនាក់ទំនងដៃគូរកស៊ីដូចជាខ្ញុំ ធ្វើបែបនេះវាហាក់ដូចជាមើលងាយគ្នាពេកហើយ» បុរសចំណាស់ប្រមុខត្រកូល វ៉ុលតា និយាយដោយសំឡេងតានតឹង វាពិតជាហួសហេតុពិតមែន អាកំលោះម្នាក់នេះធ្វើដូចជាដៃគូជំនួញដូចគេមានតម្លៃមិនស្មើស្រីម្នាក់។
«ស្រីម្នាក់ដែលលោកកំពុងនិយាយដល់នាងជាប្រពន្ធខ្ញុំ!» ដេស ឡើងសំឡេង ចាប់ផ្ដើមមុខក្រញូវបង្ហាញការមិនពេញចិត្ត។ អ្នកណាក៏ដោយគ្មានសិទ្ធិមកនិយាយហាក់ដូចជាប្រពន្ធគេគ្មានតម្លៃភាពជាមនុស្សនោះទេ ប្រមុខត្រកូល វ៉ុលតា បើនៅតែនិយាយមិនស្ដាប់គ្នាទៀត សាកនិយាយដោយកាំភ្លើងហើយចាំតែមើលទៅ។
ចំនែកបុរសចំណាស់ក៏បានតែភ្ញាក់ព្រើតនឹងសម្ដីម៉ាហ្វៀឈាមត្រជាក់ ព្រោះមិននឹកស្មានថាគេព្រមទទួលស្គាល់នាងម្នាក់នោះជាប្រពន្ធពេញៗមាត់បែបនេះ លេងមកអ៊ីចឹងៗគេក៏ហើបមាត់លែងចង់រួចមួយខណៈ។
«មិនមែនជាម៉ែឯណា»
«បើលោកនៅតែនិយាយមិនឲ្យកិត្តិភរិយារបស់ខ្ញុំទៀត ខ្ញុំនិងលោកអាចនឹងមិនអាចដំណើរក្នុងវិស័យតែមួយបានតទៅទៀតទេ ហើយអាចនឹងក្លាយជាសត្រូវធំនឹងគ្នាទៀតផង ព្រោះកាលណាបើលោកមិនឲ្យតម្លៃភរិយាខ្ញុំ គឺស្មើនឹងមើលងាយជាន់ឈ្លីកិត្តិយសខ្ញុំដូចគ្នា» ថៅកែធំក្ដៅឆេវនឹងសម្ដីបន្ថែមល្បើយរបស់កញ្ចាស់ វ៉ុលតា។
មែនហើយប្រពន្ធរបស់គេមិនមែនជាម៉ែ ប៉ុន្តែនាងនឹងក្លាយជាមាតារបស់កូនគេ។
«ដូច្នេះហើយពេលនិយាយអំពីប្រពន្ធខ្ញុំ សូមមេត្តានិយាយស្ដីប្រយ័ត្នប្រយែងបន្តិច»
ព្រោះកាំគ្រាប់ភ្លើងវាគ្មានភ្នែកមើលមនុស្សនោះទេ សុខៗដើមទ្រូងខាងឆ្វេងរបស់តាកញ្ចាស់អាចនឹងធ្លុះក៏ថាបាន។
«សុំទោសផងបើនិយាយធ្វើឲ្យលោកយល់ច្រលំ ខ្ញុំគ្រាន់តែអន់ចិត្តដែលលោកសុខចិត្តបោះបង់ភាពថ្កុំថ្កើនរបស់យើង» កញ្ចាស់ វ៉ុលតា ព្យាយាមកែពាក្យសម្ដី ព្រោះមើលស្ថានកាលទៅមិនល្អនោះទេ បើគេនៅតែនិយាយស្ដីមិនចូលត្រចៀកតទៅទៀត ព្រោះមិនចង់ធ្វើសត្រូវធំរបស់ត្រកូល ម៉ាយស៊ែឡូ បើសិនជាក្លាយជាសត្រូវនឹងគ្មានថ្ងៃបានឈរជើងស្រួលឡើយ។
«ភាពថ្កុំថ្កើងរបស់លោកច្រើនជាង សម្រាប់ខ្ញុំទោះអត់ វ៉ុលតា ក៏មានអ្នកផ្សេងជាដៃគូដែរ...ចំនែកពាក្យសម្ដីរបស់លោកអំបាញ់មិញខ្ញុំមិនបានប្រកាន់អីណាស់ណាទេ ប៉ុន្តែសុំលោកកុំបោះពាក្យសម្ដីអ្វីដែលមិនឲ្យតម្លៃប្រពន្ធខ្ញុំតទៅទៀតគឺបានហើយ»
ហ៊ឹស! ការពារសិនទៅ អាក្មេងប្រលីមិនទាន់ជ្រុះពីក្បាល អាងមានអំអាចប៉ុណ្ណឹង ក៏ក្រអឺតក្រទមដាក់យើង
«ប្រហែលជាត្រូវសុំទោសហើយចំពោះការយល់ច្រឡំមុននេះ»
«ល្អអ៊ីចឹង! វិលមករឿងដើមវិញ ដូចដែលខ្ញុំបាននិយាយអ៊ីចឹង ខ្ញុំត្រូវការផ្ដាច់ពាក្យ ចំពោះរឿងព័ត៌មាន ខ្ញុំឲ្យពេលលោកពីរថ្ងៃដើម្បីប្រលែងព័ត៌មានចេញទៅក្រៅ ហេតុផលអាស្រ័យលើខាងលោក ជាអ្នកប្រាប់អ្នកកាសែត ធ្វើយ៉ាងណាក៏កុំឲ្យកូនស្រីលោកបាក់មុខ និង កុំឲ្យប៉ះពាល់ដល់ជំនួញ ជាពិសេសប៉ះពាល់ដល់កិត្តិយសប្រពន្ធរបស់ខ្ញុំ ហើយក៏ជួយដាស់តឿនកូនស្រីរបស់លោកផង កុំទៅរករឿងប្រពន្ធរបស់ខ្ញុំទៀត លើកនេះនាងទះប្រពន្ធខ្ញុំមួយកំផ្លៀង ចាត់ទុកថាខ្ញុំបានដឹងឮហើយ បើមានលើកក្រោយខ្ញុំមិនធានាសុវត្ថិភាពរបស់កូនស្រីលោកទេ»
«ឲ្យខ្ញុំសុំទោសត្រង់ចំនុចនឹងផង មកពីកូនស្រីខ្ញុំនាងឆេវឆាវពេក... ខ្ញុំគ្មានស្អីត្រូវនិយាយឬបដិសេធបាននោះទេ» លោក វ៉ុលតា និយាយឡើង។
«ប្រាប់នាងឲ្យចេះទប់អារម្មណ៍ខ្លះផង ព្រោះជូនកាលខ្ញុំក៏មិនចេះទប់អារម្មណ៍ដូចគ្នា...អឺម គិតថាលាលោកទៅសិនហើយព្រោះត្រូវមានការងារបន្តទៀត»
«អញ្ជើញ សង្ឃឹមថាយើងនៅតែជាដៃគូល្អនឹងគ្នា»
«ក៏សង្ឃឹមបែបហ្នឹងដូចគ្នា» ថៅកែធំញញឹមចុងមាត់ រួចដើរចេញទៅបាត់ជាមួយកូនចៅ។
ត្រឹមតែម៉ាហ្វៀចេញផុត កែវភ្នែកញញឹមញញែមរបស់ម្ចាស់ផ្ទះក៏ប្ដូរមកកក្រញូវមុខឡើងខ្មៅអែ គាត់ទាញទូរសព្ទខលចេញជាបន្ទាន់។
«ម៉ានីកា នៅឯណាឆាប់មកផ្ទះភ្លាម ប៉ាមានរឿងនិយាយជាមួយ មិនថាឯងមានការងារសំខាន់ឬជាប់ជប់លាងសំខាន់ឯណាក៏ដោយ ត្រូវតែមកផ្ទះឥលូវនេះ» និយាយហើយគាត់ក៏ដាក់ទូរសព្ទចុះ ដៃឡើងញ័រទទ្រើក គិតថាញ័រព្រោះខឹងអ្នកកំលោះម៉ាហ្វៀស្រករកូនមាក់ងាយច្រើនជាង។
បីម៉ោងក្រោយមក...
«អួយ...ប៉ាតើមានរឿងទៅបានជាខលទៅធ្វើដូចជាមុខជំនួញជិតរលំ» ម៉ានីកា ដែលទើបតែដើរចូលមក រអ៊ូ ហើយដាក់ខ្លួនអង្គុយលើសាឡុងនៅម្ខាងនៃឪពុក។
«ជាប៉ាទៅវិញទេដែលត្រូវសួរឯងថាបានធ្វើស្អីខ្លះ ទើបបានជាអា ដេស វាមកសុំផ្ដាច់ពាក្យ?»
«ប៉ាថាម៉េច?» ម៉ានីកា ងើបពីសាឡុងអង្គុយដំបូង ប្ដូរទៅអង្គុយកៀកឪពុកវិញ ទឹកមុខក៏ពេញទៅដោយការភ្ញាក់ផ្អើល កុំប្រាប់ណាថាព្រោះតែរឿងនោះ។
មិនអាចទេ ត្រឹមតែស្រីគ្មានតម្លៃម្នាក់ថៅកែធំមិនចេះបែងចែកការងារដល់ថ្នាក់នឹងផងឬ?
«ត្រូវហើយ បានល្អមុខហើយលើកនេះ»
«នេះគ្រាន់តែស្រីម្នាក់ ថៅកែធំហ៊ានផ្ដាច់មកសុំផ្ដាច់ពាក្យផងឬ?»
«មិនត្រឹមតែស្រីម្នាក់ តែមើលទៅអា ដេស វាលង់នឹងស្រីម្នាក់ណុងខ្លាំងណាស់ ត្រឹមប៉ានិយាយប៉ះពាល់នាងនោះតែបន្តិច វាក៏ខឹងឡើងចេញផ្សែងតាមត្រចៀក»
បានឮបែបនេះហើយ ម៉ានីកា ក៏កាន់តែខឹង មិនគិតថាខ្លួនឯងមានអីអន់ជាងស្រីអត់ជាតិម្នាក់នោះ។ មុខក៏អ៊ីចឹងៗ មានសម្បុរស្រអែមដែលជាសម្បុរជនជាតិអឺរ៉ុបចង់បានយោង និងភ្នែកពណ៌ខ្មៅមុតនឹងឯង ក្រៅពីហ្នឹងគឺចាញ់នាងដាច់ គ្មានភាពសិចស៊ីទាក់ទាញស្អីបន្តិចនោះទេ។
«តាមពិតទៅគឺមកពីនាងនោះវាស្ត្របឺរីណាប៉ា កាលពីម្សិលខ្ញុំបានទៅជួបវានៅផ្ទះថៅកែធំ ហើយខ្ញុំគិតថាវាប្រហែលជាទូលពិតស្អីដល់ថៅកែធំហើយទើបបានជាគាត់មកសុំផ្ដាច់ពាក្យថ្ងៃនេះ» នាងលាក់មិនព្រមប្រាប់ថាខ្លួនបានទៅជេរប្រពន្ធគេប្រាវៗថាម៉េចខ្លះ ព្រោះខ្លាចឪពុកថាឲ្យថាធ្វើស្អីមិនចេះគិត ទីនោះជាផ្ទះថៅកែធំ ហើយសុទ្ធតែជាមនុស្សថៅកែធំ ទៅធ្វើបែបនេះកាន់តែធ្លាក់ពិន្ទុ។
«ឯងក៏អ៊ីចឹងដែរ មានពេលដល់ទៅពីរឆ្នាំ តែគ្មានបានការស្អីបន្តិច»
«អួយ៎...ប៉ាវាហួសពីការប៉ាន់ស្មានបន្តិច បើសិនជាអត់ពីមីស្រីនោះខ្ញុំថាថៅកែធំខ្ចប់ផស៎ខ្ញុំតាំងពីយូរហើយ» ម៉ានីកា មិនព្រមទទួលស្គាល់ការពិត បែរជាទម្លាក់កំហុសទៅឲ្យអ្នកដែលមិនដឹងអី។
«ត្រូវហើយ នេះវិសតែនឹងដាច់ជើងរកស៊ីទៀតផង ដោយសារតែវា»
«ប៉ាខ្ញុំថាយើងធ្វើស្អីម្យ៉ាងទៅ»
«ឯងចង់ធ្វើស្អី? ប៉ាប្រាប់ទៅ រឿងឯងទៅរករឿងប្រពន្ធគេ គេមកគម្រាមប៉ា បើឯងលេងមិនស្រួលទៀតប្រាកដជាស្លាប់មិនខាន»
«ប៉ាកុំភ័យទៅមើល៍ វាអាចមិនអាក្រក់ដល់ថ្នាក់នោះក៏ថាបានដែរ»
«ផែនការស្អីឯង?»
«...» ម៉ានីកា ញញឹមរួចលោទៅខ្សិបដាក់ត្រចៀកឪពុក។
«...» បានឮផែនការរបស់កូនស្រីហើយ តាកញ្ចាស់ក៏ញញឹមងក់ក្បាលយល់ស្រប។
«ល្អអ៊ីចឹងខ្ញុំខ្ចីមនុស្សរបស់ប៉ាបួនដប់នាក់ណា»
ផ្នែកម្ខាងទៀតនៅម៉ាកាវ...
«ល្បង ដំណឹងជាការពិតហ្អី?» ល្វីស ឈរមុខជញ្ជាំងកញ្ចក់សម្លឹងទៅក្រៅ ដៃម្ខាងដាក់ទូរសព្ទផ្អិបជាប់ត្រចៀក ម្ខាងច្រត់ចង្កេះ ទឹកមុខពេញដោយសំណួរ។
(ឃើញម៉េចគឺអ៊ីចឹងហើយ)
«សម្រេចថាយកប្រពន្ធលួចលាក់ ចោលមុខជំនួញដូនតា?»
តាមពិតវាមិនធ្ងន់ធ្ងរដល់ថ្នាក់នឹងទេ ប៉ុន្តែថៅកែតូចបែរជានិយាយបេះបួយបងប្រុស បើនៅជិតអាចនឹងត្រូវបាតជើងក៏ថាបានដែរ។
(អាណាថាប្រពន្ធល្បងជាស្រីលួចលាក់ហាស៎? ជាភរិយាត្រឹមត្រូវវើយ ភរិយា) ថៅកែធំស្រែកឡូឡាពីចុងខ្សែម្ខាងមក ព្រមទាំងបញ្ជាក់ច្បាស់រហូតដល់ថៅកែតូច បើកភ្នែកធំៗ ដកទូរសព្ទចេញពីត្រចៀក រួចពិនិត្យមើលលេខ។
ខលត្រូវហើយតើ បែកគ្នាពីរឆ្នាំ មិនបានជួបគ្នា បានត្រឹមតែនិយាយតាមរលកធាតុអាកាសបងប្រុសគេផ្លាស់ប្ដូរដូចមនុស្សម្នាក់ផ្សេងទៀតបានដល់ថ្នាក់ហ្នឹង!
«ល្បង!»
(វាស្អី?) អ្នកដែលស្រែកឡូឡា ព្រមស្ងាត់រួចឆ្លើយតបប្អូនប្រុស។
«ល្បងមិនបានត្រូវលាងខួរក្បាលទេមែនទេ?»
(វាថីឯងថៅកែតូច?) ចិញ្ចើមថៅកែធំជ្រួញចូលគ្នា។
«គឺល្បងកំពុងតែមានស្នេហា»
(អ្នកណាថាយើងមានស្នេហា យើងមានប្រពន្ធទៅវិញទេ) អ្នកមានប្រពន្ធមិនព្រមទទួលស្គាល់ថាខ្លួនមានស្នេហា គេដឹងត្រឹមតែថាចង់នៅក្បែរស្រីម្នាក់ហ្នឹងរាល់ថ្ងៃ ចង់ឲ្យនាងមានទាយាទឲ្យគេ ប៉ុន្តែរឿងស្នេហានិងក្ដីស្រឡាញ់អស់នេះគេមិនដឹងអីបន្តិចនោះទេ។
«ដែលកំពុងធ្វើនេះមិនមានស្នេហាទេឬ?» ថៅកែតូចសួរបញ្ជាក់។
(យើងធ្វើត្រូវធ្វើបែបហ្នឹង)
«សុខចិត្តបោះបង់លុយ»
(លុយមិនប៉ុន្មាននឹង វាមិនធ្វើឲ្យត្រកូល ម៉ាយស៊ែឡូ ក្រនោះទេ)
«អីយ៉ា...បើអ៊ីចឹងម៉េចមិនផ្ដាច់តាំងពីពីរឆ្នាំមុនដែលបាននាងមកនៅជាមួយទៅ» ល្វីស ចង់សំដៅដល់ប្រពន្ធល្បងធំ។
(គឺគ្មានហេតុផលអីត្រូវធ្វើបែបនោះ ប៉ុន្តែពេលនេះពីរនាក់ឪពុកកូននោះធ្វើដូចជាហួសហេតុពេកហើយ ពេលយើងមិនអើពើក៏កាន់តែហួសហេតុទៅៗ ទើបត្រូវបង្ហាញអំណាចដាក់វិញខ្លះ ដើម្បីឲ្យដឹងថាអ្នកណាជាខ្លាសេដ្ឋកិច្ចនៅទីនេះ)
«សម្រេចថាម្នាក់ហ្នឹងជាបងថ្លៃធំទីមួយរបស់ខ្ញុំ?»
(ទីមួយទីពីរខ្មោចយក៍ឯងស្អី ថៅកែតូច ប្រពន្ធបងមានតែម្នាក់នឹងឯង តិចថាត្រូវ)
«អួយ៎...និយាយដៀមដាមលេងសើចបន្តិចក៏មិនបាន ល្បងមែនទែនហើយ ឥលូវសម្រេចថារឿងផ្ដាច់ពាក្យជាការពិត ទំនាក់ទំនងរវាង ម៉ាយស៊ែឡូ និង វ៉ុលតា ដើរដល់ផ្លូវបញ្ចប់ ប៉ុន្តែនៅតែមានការងាររួមបន្តិចបន្តួចដូចគ្នា តើត្រូវដែរទេ?»
(អើ...យើងចង់ឲ្យឯងក្រឡុកផ្សារហ៊ុននៅ ម៉ាកាវ ព្រោះបានឮថាកញ្ចាស់ វ៉ុលតា ដាក់ដើមទុនធំទៅទីនោះ)
លើកនេះគេនឹងលេងឲ្យក្លាយជាមាន់សម្លម្ដង។
«តាមឈ្នានីសដល់ថ្នាក់នឹងផង»
(យើងមិនមែនស្រីដែលត្រូវប្រើពាក្យថា ឈ្នានីស ទេ ថៅកែតូច នេះជាបញ្ជាបងប្រុសឯង ឆាប់ទៅធ្វើវាទៅ យើងមិនចូលចិត្តឲ្យអ្នកណាប៉ះពាល់របស់សំណព្វយើងឡើយ)
«បាទ ទទួលបញ្ជា ផ្ដាំប្រាប់អ្នកស្រីធំផង តិចទៀតមានប្អូនថ្លៃទៅសួរសុខទុក្ខ ឲ្យបាត់ភ័យដែលត្រូវ ម៉ានីកា ចូលមកខាំដល់ផ្ទះ ព្រោះតែបងប្រុសអសមត្ថភាពមើលថែប្រពន្ធមិនបានល្អ»
(ឯង...)
តូតៗៗ...
មិនចាំឲ្យបងប្រុសជេរទាន់ ល្វីស ប្រញាប់បិទទូរសព្ទ រំពេចនោះក៏ឃើញសារដែលទើបតែផ្ញើចូលមកល្មម។
អ្នកស្រីតូចញ៉ាំអីបានច្រើនណាស់ថ្ងៃនេះ លេបថ្នាំរួច ក៏គេងលក់ហើយពេលនេះ - ឡាក់រីន សារជាអក្សរ មានទាំងរូបភាពនៅខាងក្រោមប្រយោគ។
អានសាររួចហើយ បបូរមាត់បានរូបក៏ញោចញញឹម ចុចពង្រីករូបភាពដើម្បីបានមើលឲ្យកាន់តែច្បាស់ ឃើញមុខស្រទន់គេងលក់ដូចកូនក្មេងហើយក៏ចុចពង្រីករូបភាព មើលបានមួយសន្ទុះ ទើបងាកត្រឡប់ទៅតុធ្វើការវិញ ដោយដាក់ទូរសព្ទនៅលើតុក្បែរកុំព្យូទ័រជិតដៃបំផុត។
ភូមិគ្រឹះម៉ាយស៊ែឡូ, អ៊ីតាលី
«ណេះ!»
«ស្អីគេហ្នឹង?» លូណា មើលក្រដាសកាសែតដែលស្វាមីហុចឲ្យ ដៃមិនទាន់លូកយកមកអានភ្លាមៗ ប៉ុន្តែពេលត្រូវក្រសែភ្នែកផ្ដាច់ការចូលចិត្តបង្គាប់នោះហើយក៏បានតែដកដៃចេញពីហោប៉ៅ រួចទាញវាមកអាន។
ព័ត៌មានក្ដៅៗ...
ស្នេហ៍បែកបាក់របស់ ម៉ានីកា វ៉ុលតា និង ដេសម៉ាណូ ម៉ាយស៊ែឡូ
កាលពីពេលថ្មីៗនេះពួកយើងបានដឹងរួចមកហើយថាទាយាទធំត្រកូល ម៉ាយស៊ែឡូ បានចិញ្ចឹមស្រីលួចលាក់ម្នាក់នៅក្នុងភូមិគ្រឹះ ហើយពេលនេះរឿងកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ អ្នកនាង ម៉ានីកា បានផ្ដាច់ពាក្យនឹងគូដណ្ដឹងគឺលោក ដេសម៉ាណូ ជាបន្ទាន់។ បើតាមការស្មានប្រហែលជាទទួលយកមិនបានដែលអនាគតស្វាមីមានស្រីលួចលាក់ក្នុងផ្ទះ បើរៀបការហើយចូលទៅនៅក្នុងផ្ទះ ប្រាកដជាមានប្រពន្ធចុងប្រពន្ធដើម វាច្បាស់ជាគ្មានក្ដីសុខនោះទេ។
បញ្ជាក់តាមបទសំភាសន៍ផ្ទាល់ជាមួយអ្នកនាង ម៉ានីកា បានឲ្យដឹងថា ស្រីលួចលាក់ម្នាក់នោះនៅតែបន្តស្នេហ៍នឹងលោក ដេសម៉ាណូ ដដែល ដោយមិនរអៀសចិត្តដែលធ្វើឲ្យគូដណ្ដឹងគេបែកបាក់ឡើយ។
សម្រាប់រឿងរ៉ាវបន្ត សូមរង់ចាំមើលបន្តទៀត។
«បងទៅផ្ដាច់ពាក្យដោយខ្លួនឯង ហើយរឿងអ្នកកាសែតសរសេរផ្សេងៗពីអូនក្នុងនឹងកុំយកចិត្តទុកដាក់ សម្រាប់បងអូនមិនមែនជាស្រីលួចលាក់អីបន្តិចទេ អូនជាប្រពន្ធបងស្មោះ» ថៅកែធំនិយាយពេលឃើញភរិយាអានចប់រួចងើយមុខសម្លឹងមើលគេភ្លឹសៗ។
មើលក្រសែភ្នែកនាងទៅគឺពេញដោយក្ដីចម្ងល់ លាយលំទៅដោយការអន់ចិត្ត ទើបគេរហ័សបកស្រាយ ហើយក៏គិតមិនខុសដែលនិយាយចេញទៅបែបនេះព្រោះភរិយាក៏ញញឹមងក់ក្បាលជឿសម្ដីគេ។
ព្រោះតែនាងបែបនេះឯង ទើបគេលង់ងើបមុខមិនរួច គេទាញនាងមកឱបជាប់ដើមទ្រូង តែនៅសុខៗក៏ត្រូវនាងរុញចេញឆ្ងាយ។
«យ៉ាងម៉េចហ្នឹង?» ចិញ្ចើមក្រាស់ជ្រួញចូលគ្នាបន្តិច ព្រោះគិតថាប្រពន្ធចាប់ផ្ដើមពាសមិនយល់នូវអ្វីដែលគេបាននិយាយអំបាញ់មិញ ទាំងដែលឃើញឬកពានិយាយយល់គ្នាងាយៗហើយហ្នឹង។
«ក្លិនទឹកអបរបស់បង ធុំហើយគួរឲ្យចង់ក្អួត» មិនត្រឹមតែចង់ក្អួតទេនាងនៅរាងវិលមុខទៀតផង ទើបលើកដៃឈ្លីសៀកផ្កាទាំងសងខាងតិចៗ។
«អូនមិនស្រួលខ្លួនទេដឹង ម៉ោះទៅគេងលើគ្រែសិនទៅ» ថៅកែធំម្នីម្នាចូលទៅគ្រាហ៍ប្រពន្ធ ប៉ុន្តែក៏ត្រូវឃ្នើសចិត្តម្ដងទៀត ព្រោះស្រីតូចហាមមិនឲ្យចូលទៅជិត។
«កុំចូលមកជិតអូន បងផ្លាស់ខោអាវសិនទៅ ហើយកុំបាញ់ទឹកអប់ ចាំមករកអូន» នាងមិនដែលអត់មាយាទនិយាយមិនរក្សាទឹកចិត្តប្ដីបែបនេះ ប៉ុន្តែវាពិតជាពិបាកទ្រាំពិតមែន ទាំងដែលរាល់ដងក្លិនរបស់គេនាងចូលចិត្តសោះហ្នឹង។
«បាទ អ៊ីចឹងអូនអង្គុយលើគ្រែសិនទៅ បងចូលទៅផ្លាស់ខោអាវសិន» គេរហ័សដើរចូលទៅក្នុងបន្ទប់ផ្លាស់ខោអាវ មួយភ្លែតក្រោយមកក៏ចេញមកវិញ ព្រមទាំងរហ័សរហួនទៅក្បែរភរិយាសួរអាការៈ បន្ទាប់មកទើបឲ្យមនុស្សខលហៅពេទ្យមកពិនិត្យសុខភាពឲ្យភរិយា។
«ចូលរួមអបអរផងលោក ម៉ាយស៊ែឡូ ភរិយាលោកមានផ្ទៃពោះបានបីអាទិត្យហើយ»
«ថាម៉េច?»
ឮសម្ដីគ្រូពេទ្យហើយ ដេស ដល់ថ្នាក់បើកភ្នែកធំៗ មាត់អត់មិនបាននឹងហាសួរបញ្ជាក់ដើម្បីភាពប្រាកដប្រជា។
«បាទ! គឺថាអ្នកស្រីមានពោះផ្ទៃពោះបានបីសប្ដាហ៍ហើយ»
«អូហ៍ម៉ាយហ្គដ» អ្នកមិនដែលមានកូនឧទាន រួចឈរធ្មឹងមួយខណៈ វិនាទីបន្ទាប់ទើបងាកមុខទៅមើលភរិយាដែលសម្លឹងមើលប្រតិកម្មគេស្រាប់។
«យើងមានកូនជាមួយគ្នាឬ? បងមានកូនជាមួយអូនហើយ លូណា» ថៅកែធំ ក្ដាប់ដៃភរិយា ហើយក៏រអ៊ូញាប់មាត់ស្អេក។
«បាទ! ប៉ុន្តែការមានកូនលើកដំបូងបែបនេះ វាប្រឈមមុខនឹងការរលូតខ្លាំងណាស់ ដូច្នេះហើយលោកគួរតែនាំភរិយាទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពឲ្យបានញឹកញាប់និងត្រឹមត្រូវ ព្រមទាំងឧស្សាហ៍ទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការណែនាំ របៀបចៀសវាងការរលូតក្នុងកំឡុងពេលបីខែដំបូង និងរបៀបថែមទាំសុខភាពអ្នកម៉ាក់»
«ត្រូវអរគុណលោកហើយ»
«បាទមិនអីទេ ខ្ញុំនឹងរៀបចំថ្នាំប៉ូវឲ្យអ្នកស្រី ថ្ងៃស្អែកលោកគួរនាំភរិយាទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យសុខភាពទៅ»
លោកគ្រូពេទ្យណែនាំហើយក៏រៀបចំថ្នាំឲ្យ បន្ទាប់មកទើបលាចេញទៅវិញ។
ក្នុងបន្ទប់ក៏សល់តែពីរនាក់ប្ដីប្រពន្ធ បន្ទាប់ពីគ្រូពេទ្យចាកចេញទៅ ថៅកែធំដែលដឹងខ្លួនថាក្លាយជាឪពុកថ្មីៗឈរញញឹមសម្លឹងពោះប្រពន្ធមិនដាក់ភ្នែក រហូតដល់អ្នកម៉ាក់ថ្មោងថ្មីចាប់ផ្ដើមព្រឺសម្បុរ។
«ដេស»
«...»
«ដេស»
«...»
«ដេស បានឮអូនហៅទេ?» ចុងក្រោយនាងក៏លូកដៃទៅចាប់ប្រអប់ដៃស្វាមី ពេលនោះទើបបានដឹងថាដៃគេត្រជាក់ឲ្យស្រេប ហើយក៏ញ័រតិចៗដែរ រំពេចនោះមិនទាន់ទាំងបានត្រៀមខ្លួនផង រាងកាយទាំងមូលក៏ត្រូវស្វាមីលោមកឱបរិតជាប់សឹងតែដកដង្ហើមមិនរួច។
«បងមានកូនជាមួយអូនហើយ»
«ចាស៎! យើងមានកូន ប៉ុន្តែបងជួយពន្លែងអូនសិនទៅ អូនដកដង្ហើមមិនរួច»
«សុំទោស បងភ្លេច បង...» ថៅកែធំប្រញាប់ពន្លែងភរិយា រួចក៏ធ្វើមុខដូចកូនក្មេង រៀងងីងើៗ រហូតដល់ឃើញហើយនាងអត់នឹងអស់សំណើចមិនបាន។
«បងត្រេកអរឬក៏ភ័យឲ្យប្រាកដហ្នឹង?»
«ទាំងពីរហ្នឹង ទីមួយ ត្រេកអរណាស់ដែលមានកូនជាមួយអូន ទីពីរ គឺថាភ័យដូចគ្នាពេលឮថាដំបូងៗអ៊ីចឹងគឺប្រឈមនឹងការរលូត ហើយខ្លាចថាអូនឈឺផងដែរ»
បានឮសម្ដីរបស់ស្វាមីហើយស្រីតូចក៏រលីងរលោងទឹកភ្នែក គេគិតនាងគ្រប់ពេល ទោះគេមិនដែលនិយាយប្រាប់ដោយផ្ទាល់ថាស្រឡាញ់ ប៉ុន្តែគ្រប់ទង្វើរទាំងអស់សុទ្ធតែបញ្ជាក់ប្រាប់ថាស្រឡញ់នាងខ្លាំងណាស់ សូម្បីតែទៅផ្ដាច់ពាក្យជាមួយដៃគូជំនួញក៏គេហ៊ានធ្វើរួចទៅហើយ ទាំងនេះក៏ព្រោះតែនាងម្នាក់ប៉ុណ្ណោះ។ដោយសារក្ដីរំភើបពេកទើបនាងស្រក់ទឹកភ្នែកនៅទីបំផុត លំបាកដល់ថៅកែធំឆ្លេឆ្លាប្រញាប់លួងប្រពន្ធ ព្រោះគេគិតថាប្រពន្ធក៏សប្បាយចិត្តដល់ថ្នាក់ហូរទឹកភ្នែក ទាំងដែលទឹកភ្នែកដែលហូរនោះគឺមានចំនែកគេជាដើមហេតុដូចគ្នា។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!

No comments:
Post a Comment