"ចក្រវាឡការស្រមើស្រមៃខ្ញុំ​ ដំណើរផ្សងព្រេងរបស់អ្នក"

Responsive Advertisement

Friday, April 3, 2020

សង្គ្រុបស្នេហ៍ ម៉ាហ្វៀ វគ្គ២ ភាគ១

ភាគទី១៩ (តវគ្គ១)
«អូនសន្យាថានឹងត្រឡប់មកវិញ» លូណា និយាយបញ្ជាក់ជាលើកចុងក្រោយ រួចក៏ធ្វើមាត់អិចអូចសូត្រមន្តអ្វីម្យ៉ាង រំពេចនោះខ្លួនប្រាណទាំងមូលក៏រលាយរសាត់បាត់ទៅតាមខ្យល់ដូចផ្សែង។
«...»
ប្រាវ...សំឡេងប្រេះបែកបេះដូងរបស់ ដេស បែកជាបំនែកតូចៗ។
ម៉ាហ្វៀកំណាចស្រក់ទឹកភ្នែកមួយតំណក់ ក្រោយពីរាងកាយដែលធ្លាប់តែថ្នាក់ថ្នមរលាយបាត់ចំពោះមុខ។ គេជ្រប់មុខនឹងបាតដៃទាំងពីរ បានមួយសន្ទុះក្រោយមក ទើបដកដៃចេញរួចឈ្ងោកមើលកូនប្រុសដែលចាប់ផ្ដើមថ្ងូរអេសអាក៎...។
«ឌែន...ម៉ាក់ទៅចោលពួកយើងហើយ»
ដេស ថ្ងួចថ្ងូរដូចសត្វរងរបួសទូលពិតប្រាប់កូនប្រុស ដែលបើកភ្នែកសម្លឹងមើលមកស្រាប់ ទោះបីអាល្អិតមើលមិនទាន់ឃើញក៏ដោយ។ រំពេចនោះសំឡេងកូនប្រុសក៏យំឡើងកងរំពងហាក់ដូចដឹងថាម្ដាយទៅចោលខ្លួនហើយ ដៃជើងរើខ្វៃៗព្រោះចង់អោយលោកប៉ាលើកមកបី។
«ម៉ាក់ទៅចោលពួកយើងហើយកូន...» គេនិយាយពាក្យដដែលៗជាមួយកូនប្រុស បន្ទាប់ពីលើកអាល្អិតមកបី។
«ង៉ាៗ អ៊ឹងង៉ាៗ...» ឌែន គិតតែពីស្រែកយំក្នុងរង្វង់ដៃលោកប៉ា។
លោកប៉ាដែលកំពុងតែទុក្ខសោកព្រោះព្រាត់ប្រពន្ធ រហ័សទុកការឈឺចាប់គ្រប់យ៉ាងមួយឡែកសិន ងាកមកចាប់អារម្មណ៍អាការៈយំឡើងគាំងរបស់កូនប្រុសវិញ។ ម៉ាហ្វៀកំណាចបីកូនយោលយោកតិចៗ ជាការលួងលោមដូចធ្វើសព្វដង តែអាល្អិតមិនព្រមបាត់យំ ទើបគេបានតែដើរទៅឆុងទឹកដោះគោ ស្របពេលនោះទ្វារបន្ទប់ក៏ត្រូវបើកឡើង វត្តមានរបស់អ៊ំស្រី ឡេរ៉ា ប្រាកដឡើង ស្ទុះចូលមកក្នុងបន្ទប់ទាំងទឹកមុខពេញដោយក្ដីបារម្ភ។
«ថៅកែធំ ហេតុអីក៏អ្នកប្រុសតូចយំសម្បើមម៉្លេះ? ហើយឯណាអ្នកស្រី?» គាត់សួរឡើងខណៈដើរតម្រង់ទៅរកចៅហ្វាយហើយក៏ជួយយកកំប៉ុងទឹកដោះគោពីដៃ ដេស មកឆុងអោយ។
«កូនយើងយំខ្លាំងណាស់ ជួយឆុងអោយលឿនបន្តិចមក» ដេស បញ្ចៀសមិនឆ្លើយតបសំណួររបស់ស្ត្រីចំណាស់ គេបញ្ជាអោយគាត់ប្រញាប់ឆុងទឹកគោ ព្រោះកូនយំកាន់តែស្វាយមុខឡើងហើយ។
«ចាស៎ៗ រួចរាល់ហើយណេះ»
ឡេរ៉ា រហ័សរហួនឆុងទឹកដោះគោ ពេលរួចក៏ហុចអោយទៅចៅហ្វាយ ដាក់ចូលក្នុងមាត់អាល្អិតភ្លាម ប៉ុន្តែអាល្អិតបែរជាមិនព្រមបៅទៅវិញ។
ឌែន ខ្ជាក់ក្បាលមឹមៗចេញពីមាត់ មិនព្រមបឺតបៅទឹកដោះគោដែលជាចំណីអាហារ ហើយក៏បន្តស្រែកយំ រហូតដល់លោកប៉ានិងមេផ្ទះ បើកភ្នែកធំៗដោយក្ដីបារម្ភ។
«ម៉េចក៏កូនយើងមិនបៅអ៊ីចឹង?» ដេស ងាកទៅសួរស្ត្រីចំណាស់ ទាំងដៃនៅតែបន្តដាក់ក្បាលមឹមៗត្រង់មាត់កូនប្រុស ខណៈដៃអង្រួនខ្លួន ឌែន បំពេរ តែត្រូវអាល្អិតងាកមុខចេញម្ដងហើយម្ដងទៀត។
«ចាស៎នាងខ្ញុំគិតថាអ្នកប្រុសតូច ប្រហែលជាមិនស្រួលខ្លួនទេដឹង ថៅកែធំ»
«អ៊ីចឹងឆាប់អោយមនុស្សត្រៀមឡានទៅ យើងនឹងនាំ ឌែន ទៅមន្ទីរពេទ្យ»
ដេស ភ័យស្លន់ស្លោ ទឹកមុខឡើងស្លេកព្រោះខ្លាចថាមានរឿងអីកើតឡើងចំពោះកូនប្រុស ទាំងដែលមុននេះបន្តិច អាល្អិតមិនមានអាការៈគួរអោយបារម្ភបែបនេះទេ។
«ចាស៎...» ទោះចង់សួររកអ្នកស្រីធំយ៉ាងណា ប៉ុន្តែអ៊ំស្រី ឡេរ៉ា ក៏បានតែផ្អិបទុករឿងនេះសិន។ គាត់ត្រឡប់ខ្លួនដើរចេញទៅក្រៅយ៉ាងលឿន ទុកអោយ ដេស បីកូននឹងដៃ លួងលោមកូនសព្វគ្រប់បែបយ៉ាង។
«អុសអូ ឌែន កូនឆ្លាតប៉ាប៉ា កុំយំកូន ជាម៉ាហ្វៀយំបែបនេះមិនបានទេ ខូចឈ្មោះអស់ហើយ» ដេស លួងកូនប្រុសបណ្ដើរ ជើងក៏ឈានដើរចេញទៅក្រៅបណ្ដើរ ដើម្បីដើរចុះទៅខាងក្រោមនៃភូមិគ្រឹះ។
«ថៅកែធំឡានត្រៀមរួចហើយ» ប្រេនដន រត់មកទាំងបែកញើសភ័យមិនចាញ់ចៅហ្វាយ។
«តោះ!»
«អ៊ឹងង៉ាៗៗ...»
«ខ្ញុំទៅដែរ ថៅកែធំ» មេផ្ទះសុំទៅជាមួយដែរ ពេលទទួលបានការអនុញ្ញាតពីចៅហ្វាយ គាត់ក៏រហ័សដើរតម្រង់ទៅឡានដែរ។
«ថៅកែធំ» សុខៗ អ៊ំស្រី ឡេរ៉ា ក៏ហៅចៅហ្វាយ ខណៈ ដេស ដើរទៅដល់ឡាន គាត់ធ្វើមុខរអើៗ រួចក៏លូកដៃទៅទទួលអាល្អិតដែលកំពុងស្រែកយំ «អោយអ្នកប្រុសតូចមកខ្ញុំសិនមក ខ្ញុំគិតថាកុំទាន់អាលយកអ្នកប្រុស ឌែន ទៅមន្ទីរពេទ្យអី កូនក្មេងជាធម្មតាតែងតែយំបែបនេះឯង... ម៉ោះ! អោយនាងខ្ញុំសាកបីដើរជុំវិញនេះសិនទៅមើល៍... អ្នកប្រុសតូចអាចនឹងឈប់យំក៏ថាបានដែរ»
«...» ដេស មិនបានតបអី គេមានទឹកមុខតានតឹងបន្តិច ប៉ុន្តែក៏ព្រមហុចកូនប្រុសទៅអោយស្ត្រីចំណាស់ពរ។
«អូសអូ អ្នកប្រុសតូចឆ្លាតកុំយំ» គាត់ពរអាល្អិត រួចដើរទៅមុខភូមិគ្រឹះទៅមកៗ ដោយមានក្រសែភ្នែកថៅកែធំ និងគ្រប់គ្នាតាមមើលមិនដាក់ សឹងតែមិនហ៊ានដកដង្ហើម។
កន្លះម៉ោងក្រោយមក...
ឌែន ត្រូវដាក់ផ្ដេកថ្នមៗលើអង្រឹងក្បែរគ្រែឃីងសាយ។ ដេស ឈរសម្លឹងរាល់កាយវិការរបស់អ៊ំស្រី ឡេរ៉ា ក្នុងចិត្តក៏ធូរទ្រូងខ្សាក គិតថាបានយកកូនប្រុសទៅពេទ្យហើយ បើកុំតែបានគាត់ជួយបីដើរចុះឡើងៗ និងជួយលួងលោមកូនទេនោះ អាល្អិតសំឡេងល្អប្រហែលជាមិនឈប់យំឡើយ។
«ប្រាកដហើយឬ ថាកូនយើងមិនកើតអីទេ?» គេសួរដោយអត់នឹងបារម្ភមុខបារម្ភក្រោយមិនបាន។ ខ្លាចណាស់ថាបន្តិចទៀតកូនប្រុសអាចនឹងក្រោកដឹងខ្លួន បើកមាត់ស្រែកយំម្ដងទៀត។
«ចាស៎! ថៅកែធំកុំបារម្ភអី ប៉ុណ្ណេះហើយប្រហែលជារសៀលបន្តិចទើបភ្ញាក់»
«អរគុណ ឡេរ៉ា ហើយ បើគ្មានអ្នកទេ កូនប្រុសយើងមិនដឹងថាទៅជាយ៉ាងណា» ដេស និយាយទាំងសំឡេងខ្សោះអស់ជាតិ កែវភ្នែកពណ៌ទឹកសមុទ្រសម្លឹងមើលកូនប្រុសបង្កប់ទៅដោយក្ដីឈឺចាប់។
«អឺ...ថៅកែធំ ហើយចុះអ្នកស្រីធំ តើគាត់ទៅណាបាត់ហើយ ម៉េចនាងខ្ញុំមិនឃើញអ៊ីចឹង?» អ៊ំស្រី ឡេរ៉ា ដាច់ចិត្តសួរដោយសំឡេងតិចៗ ឃើញទឹកមុខចៅហ្វាយមិនស្រួលបន្ទាប់ពីសួររួចហើយ ធ្វើអោយគាត់រួញខ្លួនបន្តិច។
«នាងទៅហើយ»
ដេស ឆ្លើយទាំងទឹកមុខពេញទៅដោយការឈឺចាប់ដោយមិនអាចលាក់លៀមបាន ខ្សែភ្នែកគេឡើងអាប់រស្មីពេលនឹកឃើញដល់នាង។
«ទៅ? ទៅណា?»
ឡេរ៉ា សួរទាំងមិងមាំង ព្រោះមួយព្រឹកនេះ គាត់មិនទាន់បានឃើញអ្នកស្រីធំចុះទៅខាងក្រោមនោះទេ ហើយចុះម៉េចក៏ថៅកែធំប្រាប់ថាប្រពន្ធបានចាកចេញទៅបាត់ហើយ? តើមានរឿងអ្វីកើតឡើងអោយប្រាកដ?
«នាងទៅបាត់ហើយ»
«ខ្ញុំមិនយល់អ្វីដែលថៅកែធំកំពុងតែនិយាយទេ» អ៊ំស្រីមេផ្ទះធ្វើចិត្តក្លាហាននិយាយឡើង គ្រាន់តែឮសំនៀងសំឡេងអួលដើម.ករបស់ចៅហ្វាយ គាត់អត់នឹងផឺតពោះមិនបាន។
«បានហើយ...ឈប់សួរទៀតទៅ ដឹងត្រឹមថាចាប់ពីពេលនេះទៅ ទីនេះគ្មានអ្នកស្រីធំតទៅទៀតទេ ល្ងាចនេះចាំប្រាប់អ្នកបម្រើទាំងអស់អោយមកជុំគ្នាផង ខ្ញុំមានរឿងនិយាយជាមួយ»
«ចាស៎» ព្រោះមិនចង់ត្រូវមាត់ចៅហ្វាយ ទើបគាត់ឈប់សួរដេញដោល បានតែឱនក្បាលទទួលពាក្យ ព្រមទាំងនាំខ្លួនឯងចេញពីបន្ទប់ជាបន្ទាន់។
ពេលល្ងាចបន្តិចគ្រប់គ្នានៅក្នុងភូមិគ្រឹះ បានមកជួបជុំគ្នា។ ម្នាក់ៗអត់នឹងភិតភ័យមិនបាន ព្រោះមិនដឹងថាមានរឿងអ្វីកើតឡើង តើពួកគេមានបានធ្វើអីខុសឬអត់ក៏មិនដឹង ទើបបានជាសុខៗចៅហ្វាយហៅមកជួបជុំគ្នាបែបនេះ។
ប៉ុន្តែដល់ពេលមែនទែនទៅ គ្រប់គ្នាក៏បានតែប្ដូរពីភាពភ័យខ្លាចមកភ្ញាក់ផ្អើលលាយលំដោយការចម្លែកចិត្ត នៅពេលម្ចាស់ភូមិគ្រឹះប្រាប់ថា អ្នកស្រីធំបានចាកចេញពី ម៉ាយស៊ែឡូ បាត់ហើយ។ ចាប់ពីថ្ងៃនេះតទៅគ្មានមនុស្សស្រីឈ្មោះ លូណា គ្មានអ្នកស្រីធំស្អីទាំងអស់នៅក្នុងភូមិគ្រឹះ ម៉ាយស៊ែឡូ ហើយច្បាប់តឹងរ៉ឹងដែលគ្រប់គ្នាត្រូវអនុវត្តតាមគឺ ហាមនិយាយដល់ឈ្មោះអ្នកស្រីធំឬ លូណា ក្នុងភូមិគ្រឹះនេះទៀត បើសិនជាអ្នកណាហ៊ានល្មើស អ្នកនោះនឹងត្រូវដេញចេញពីភូមិគ្រឹះដោយមិនមានការយោគយល់អ្វីទាំងអស់។
«លោក ប្រេនដន តើមានដឹងរឿងអីដែរទេ?» ក្រោយពីចៅហ្វាយប្រាប់ដំណឹងនៃការបាត់បង់អ្នកស្រីធំ និងបានដាក់ច្បាប់ថ្មីសម្រាប់អោយគ្រប់គ្នាអនុវត្តរួច ហើយក៏ដើរទៅខាងលើវិញ។ គាត់ក៏រហ័សបោះជំហានមករក ប្រេនដន ដើម្បីសួរនាំ ព្រោះមានតែគេទេដែលស្និទ្ធស្នាលនឹងចៅហ្វាយបំផុត។
«ខ្ញុំក៏មិនច្បាស់ដូចគ្នា ទើបតែដឹងអំបាញ់មិញដែរ ប៉ុន្តែមើលទៅសភាពផ្លូវចិត្តចៅហ្វាយដូចមិនស្រួលទេ យ៉ាប់ជាងពេលអ្នកស្រីធំបាត់ខ្លួនលើកមុនទៅទៀត»
ប្រេនដន និយាយរលឹកដល់ លូណា ក៏បន្ថយកម្រិតសំឡេងខ្សិបៗ ព្រោះទើបតែទទួលបញ្ជាអោយអនុវត្តច្បាប់ថ្មី ទើបមិនចង់ក្លាយជាជនទីមួយដែលល្មើសច្បាប់ត្រូវបណ្ដេញចេញ។
«លោកមិនបានដឹងរឿងអីមែនឬ? យ៉ាប់ហើយអ៊ីចឹងនោះ ខ្ញុំក៏មិនបានដឹងស្អីអាលីង មិនដឹងថាមានរឿងអី សុខៗអ្នកស្រីក៏បាត់ខ្លួនទៅអ៊ីចឹងទៅ ហើយមើលសភាពទឹកមុខថៅកែធំអំបាញ់មិញទៅចុះ ដូចលោកបាននិយាយអ៊ីចឹងឯង ណ្ហើយ...ខ្ញុំមិនចង់គិតទេ តែវាជាប់ភ្នែក» គាត់និយាយហើយក៏បានតែដកដង្ហើមធំពេញដោយក្ដីបារម្ភ។
«អ្នកស្រីចេញពីពេលណាខ្ញុំមិនដឹងផង និយាយមែន ស្បថក៏បាន» ប្រេនដន បញ្ជាក់ពាក្យសម្ដីខ្លួន។
«ជឿលោកហើយ បានហើយលោកទៅធ្វើការរបស់លោកទៅ ខ្ញុំក៏ត្រូវទៅមើលពួកក្មេងៗធ្វើការងារដែរ ចាំណាបើមានដំណឹងអីប្រាប់មនុស្សចាស់ដូចខ្ញុំអោយបានដឹងផង ឮទេ?»
«បាទ!»
«អរគុណ...អ៊ីចឹងទៅហើយណា»
«បាទ»
ចំនែក ដេស បន្ទាប់ពីឈានជើងចូលទៅក្នុងបន្ទប់ភ្លាម ក៏ដាក់ខ្លួនអង្គុយលើពូកភ្លែត ទឹកភ្នែកកូនប្រុសមិនដឹងថាហូរមកពីណា រហូតដល់គេលើកដៃខ្ទប់មុខយំគ្មានសំឡេងមួយអ៊ឹសដោយអស់សភាពជាម៉ាហ្វៀកំណាច។ ស្មាទាំងសងខាងញ័រទទ្រើក គេខ្ទប់មុខយំបែបនោះមួយសន្ទុះធំ ទើបដកដៃចេញប្ដូរមកដាល់ពូកខ្លាំងៗពេញដោយកំហឹង។ បើសិនជាអាចគេចង់តែស្រែកមួយទំហឹង ប៉ុន្តែធ្វើបានត្រឹមតែខាំមាត់ឃាត់សំឡេងឡើងចេញឈាម។
«លូណា ម៉េចក៏អូនដាច់ចិត្តយ៉ាងនេះ? មិនស្រឡាញ់ពួកយើងទាំងពីរទេអី?» គេថ្ងូរដូចសត្វរងរបួស រួចផ្ដួលខ្លួនទៅលើពូកមួយទំហឹង ឡើងទ្រុឌពូកជ្រួញអស់សភាព។
«សន្យាឆ្កួតអី ដឹងទេថាបងប្រាកដជាស្លាប់មិនខាន បើគ្មានអូននៅក្បែរ... ឌែន ប្រាកដជាគួរអោយអាណិតខ្លាំងណាស់ពេលគ្មានម្ដាយនៅចាំថ្នាក់ថ្នម ម៉េចក៏អូនធ្វើបែបនេះដាក់ពួកយើងទៅរួច ដឹងហើយថាទៅទីនោះវាយូរយ៉ាងណាសម្រាប់អ្នកនៅទីនេះ ដឹងហើយថាបងមិនចង់បែកអូនសូម្បីតែមួយចម្រៀកនាទី ស្រីចិត្តអាក្រក់...» គេក្រឡាស់ខ្លួនដេកផ្កាប់មុខនឹងពូក រួចខ្ទប់សំឡេងថ្ងូរនឹងក្នើយស្ដាប់មិនចំភាសាតែម្នាក់ឯង ម្រាមដៃទាំងដប់ក្ដាប់សាច់កំណាត់ពូកឡើងជ្រួញចូលគ្នា។
«ត្រឡប់មកវិញមក...បងប្រាកដជាឆ្កួតស្លាប់មិនខានទេ បើអូនទៅបាត់ពីជីវិតបងបែបនេះ»
គេខ្លាចខ្លាំងណាស់ថានាងទៅបាត់រាប់ខែរាប់ឆ្នាំ ខ្លាចខ្លាំងណាស់ថានាងនឹងទៅហើយមិនអាចត្រឡប់មកវិញបាន។
គ្មានមនុស្សដែលស្រឡាញ់គ្នាខ្លាំងឯណា ចង់បែកពីម្ចាស់បេះដូងសូម្បីតែមួយវិនាទី ហើយ ដេស ក៏មិនមែនជាករណីលើកលែង គេត្រូវការនាងនៅក្បែរ កូនប្រុសតូចដែលទើបតែកើតក៏ត្រូវការនាងនៅក្បែរមិនចាញ់គេ ហេតុអីក៏នាងដាច់ចិត្តទៅចោលពួកគេបានយ៉ាងឈាមត្រជាក់ ហេតុអី?
«ស្រីចិត្តខ្មៅ ត្រឡប់មកវិញមក សូមអង្វរ បើអូនត្រឡប់មកវិញពេលនេះ បងនឹងអភ័យទោសអោយបាន»
«ត្រឡប់មកវិញមក...បើអូនមិនមកវិញពេលនេះទេ ទោះអូនមកថ្ងៃស្អែក ខែក្រោយ ឆ្នាំក្រោយ ឬក៏ពេលណាក៏ដោយ បងនឹងមិនអភ័យទោសអោយអូនជាដាច់ខាត ស្រីចិត្តអាក្រក់ឆាប់មកវិញមក...អូនចិត្តអាក្រក់ដាក់បងខ្លាំងណាស់ ដឹងទេថាបេះដូងបងស្ទើរតែឈប់លោតព្រោះតែវាគ្មានអូននៅក្បែរ តើអោយវាលោតសម្រាប់អ្នកណាទៀត... អូនឃោរឃៅដាក់បងខ្លាំងណាស់»
ព្រោះគេដឹងថានាងគ្មានថ្ងៃត្រឡប់មកវិញបានឡើយ ទោះមកវិញក៏រយះពេលយូរឆ្នាំខាងមុខទៀត ដោយសារគេបានស្រាវជ្រាវទាក់ទងនឹងបាតុភូតអយនកាល ដឹងពីបាតុភូតចម្លែកនេះកើតឡើងតែក្នុងកំឡុងខែ មិនា និងខែកញ្ញាតែប៉ុណ្ណោះ ដូច្នេះបានន័យថាថ្ងៃដែលនាងមកបើមិនស្ថិតក្នុងខែមិនាក៏ខែកញ្ញាដែរ ពេលវេលានៃបាតុភូតនោះវាកើតឡើងចន្លោះគ្នាដល់ទៅប្រាំមួយខែ។ ហើយចុះបើពេលវេលាដើរខុសគ្នាយ៉ាងហ្នឹង គេទៅត្រឹមតែប្រាំថ្ងៃនៅទីនេះគឺបីឆ្នាំ ចុះទម្រាំប្រាំមួយខែនោះ នៅទីនេះមិនរាប់ឆ្នាំទៅហើយទេអី ពេលនោះទោះនាងមកវិញក៏ប្រហែលជាគេអស់ដង្ហើម ឌែន ក៏ចាស់ស្លាប់ដូចគ្នា បើបែបនោះតើនាងត្រឡប់មកវិញធ្វើអី? គេមិនត្រូវការពាក្យសន្យាឆ្កួតៗទាំងនោះរបស់នាងឡើយ។
លើកមុនត្រឹមនាងបាត់ខ្លួនទៅរាប់ខែគេក៏អន្ទះអន្ទែងក្នុងទ្រូងរស់មិនសុខរាល់ថ្ងៃ ចុះទម្រាំតែមានកូនដែលចង់មើលថែរួមគ្នាទៀត គេកាន់តែចង់អោយនាងនៅក្បែរ ចង់ឃើញប្រពន្ធនិងកូនក្នុងក្រសែភ្នែកគ្រប់វិនាទី។
ដេស ថ្ងួចថ្ងូរបែបនោះតែម្នាក់ឯងរហូតដល់ដេកលក់ទាំងបេះដូងខ្ទេចខ្ទាំនៅទីបំផុត ខួរក្បាលក៏លែងដំណើរការទុក្ខសោកតទៅទៀត។
ត្រឹមភ្លេចនាងមួយពេល ក៏ល្អ!

លូណា ជ្រមិលបន្តិច ឈរមិនចង់នឹងបន្ទាប់ពីលេចខ្លួនឡើងនៅកណ្ដាលតំណាក់ ដែលចាំបានច្បាស់ថាជាតំណាក់របស់ខ្លួន។ មុខដែលដាមទៅដោយទឹកភ្នែក រេសម្លឹងមើលជុំវិញខ្លួន ទឹកភ្នែកហូរឥតដាច់ ព្រោះហេតុការណ៍មុននេះ បន្ទាប់ពីដាច់ចិត្តចាកចេញពីមនុស្សជាទីស្រឡាញ់ទាំងពីរ។
ព្រោះមិនអាចទ្រាំទ្រនឹងភាពឈឺចាប់បានតទៅទៀត ទើបនាងបានតែទម្លាក់ខ្លួនអង្គុយផ្ទាល់ថ្មកណ្ដាលតំណាក់ សសឹកយំនៅទីបំផុតដោយមិនអាចទប់សំឡេងបានតទៅទៀត។ នាងយំស្ទើរតែដាច់ខ្យល់ ពាក្យសម្ដីរបស់ ដេស នៅតែចាក់ទម្លុះសោតវិញ្ញាណរហូតមិនអាចបំភ្លេចបាន។
«ដេស អូនសុំទោស ហ៊ឹក! អូនសន្យាថានឹងត្រឡប់ទៅវិញ សូមមេត្តា កុំស្អប់ កុំខឹងអូន ហ៊ឹកហ៊ឺៗ» នាងខ្ទប់ទ្រូងយំយ៉ាងអស់សភាព។
នាងដឹងក្នុងចិត្តច្បាស់ណាស់ថាហេតុអីបានជា ដេស ខឹង ហើយដាក់កំហិតអោយនាងរើស។ ប៉ុន្តែដោយសារពាក្យសន្យាដែលនាងបានអោយទៅគ្រប់គ្នានៅទីនេះ នាងត្រូវតែកាត់ចិត្ត សុខចិត្តរងការឈឺចាប់ វិលត្រឡប់មកវិញ ដើម្បីប្រាប់ដំណឹងដល់គ្រប់គ្នា។ មនុស្សសម័យពីដើមពាក្យសន្យាគឺពាក្យសម្ដីដែលយើងមិនអាចនិយាយលេងសើច ឬក៏និយាយចោលបានទេ។ បើបានសន្យាអ្វីមួយហើយ ត្រូវតែគោរពពាក្យសច្ចៈ បើពុំនោះទេជីវិតអ្នកនឹងជួបតែភាពវិនាស ព្រោះគេជឿថាព្រះអាទិទេពនឹងដាក់ទោសដល់ជនណាដែលបានក្បត់ពាក្យសន្យាយ៉ាងស័ក្តិសម។
សំឡេងសសឹកយំបានឮចេញពីខាងក្នុងតំណាក់ព្រះនាង ឥន្ទ្រីនា បណ្ដាលពួកភិលៀងស្រីៗដែលដេកចាំនៅមុខបន្ទប់ដូចទម្លាប់បានភ្ញាក់ពីដំណេក។
«ព្រះនាងត្រឡប់មកវិញហើយឬ?»
ភិលៀងស្រីៗនាំគ្នាខ្សិបខ្សាវ ម្នាក់ៗក៏បើកភ្នែកកាត់ភាពងងុយដោយការភ្ញាក់ផ្អើល។
«ហើយចុះហេតុអីក៏មានសំឡេងយំ?» ភិលៀងម្នាក់ទៀតដែលមើលទៅទឹកមុខហាក់ដូចជាមនុស្សប៉ិនខ្លាចនិយាយឡើង នាងទំនងជាគិតដល់រឿងខ្មោចព្រាយអីមិនដឹង ទើបធ្វើមុខរអើលៗ។
«ត្រូវហើយ ម៉េចក៏មានសំឡេងយំ?»
«តិចលោខ្មោចទៅ»
«ឆ្កួតមែនហើយ កុំនិយាយផ្ដេសផ្ដាស តំណាក់ព្រះនាងមានខ្មោចព្រាយមកពីណា តិចបានត្រូវឥលូវហើយនាង មាត់និយាយឥតគម្របហ្នឹង» ភិលៀងស្រីម្នាក់នោះលើកដៃប្រុងទះមាត់មិត្តរួមការងារ ប៉ុន្តែមិនបានទះមែនទែនឡើយ បានតែលើកដៃជ្រលេចជ្រលតែប៉ុណ្ណោះ ខណៈអ្នកត្រូវគេជ្រលញោចខ្លួនគេចទៅម្ខាង។
«ថាមិនត្រូវដែរ គ្មានមនុស្សនៅអាចនឹងមាន» ម្នាក់ខ្លាចខ្មោចមិនហ៊ាននិយាយខ្លាំងព្រោះខ្លាចត្រូវទះ ទើបបានតែរអ៊ូល្មមស្ដាប់ឮតែម្នាក់ឯង ប៉ុន្តែអ្នកម្ខាងទៀតនៅបានឮដដែល។
«គ្មានមនុស្សនៅតែមិនប៉ុន្មានថ្ងៃហ្នឹង តើវាអាចខ្មោចព្រាយមកនៅបានយ៉ាងម៉េច បិទមាត់នាងឯងទៅ តិចថាទះមាត់មែនទែនទៅ» ម្នាក់ស្ដីអោយគេនោះលើកដៃឡើងម្ដងទៀត ឃើញដូចនេះម្នាក់ប៉ិនខ្លាចខ្លោចក៏រហ័សគ្រលាស់ពាក្យ។
«ខ្ញុំថាលេងតើ គ្រាន់តែខ្លាច»
«ប្រាកដជាព្រះនាងហើយ ពួកយើងចូលទៅមើលទៅ អោយលឿនឡើង ហើយឯងទៅគាល់ព្រះអង្គនិងព្រះមហេសីទៅ» ភិលៀងស្រីម្នាក់ទៀតនិយាយឡើង ព្រមទាំងប្រាប់អោយភិលៀងម្នាក់ទៀតទៅប្រាប់ដល់ក្សត្រទាំងពីរព្រះអង្គ គិតថាទ្រង់ប្រាកដជាសប្បាយព្រះទ័យជាក់ជាមិនខានឡើយ បើបានដឹងដំណឹងនេះ។
«អើ...ទៅឥលូវនេះហើយ ពួកឯងចូលទៅខាងក្នុងទៅ»
«អឺម...តោះពួកយើង»
ភិលៀងស្រីៗដើរចូលមកខាងក្នុង ម្នាក់ៗតក់ស្លុតយ៉ាងខ្លាំង ប្រញាប់ស្ទុះចូលទៅរករាងស្ដើងដែលយំសសឹកអង្គុយកណ្ដាលតំណាក់។
«ព្រះនាង» ពួកភិលៀងស្រែកឧទានព្រមគ្នា។
«ហ៊ឹកហ៊ឺៗៗៗ...»
«ព្រះនាង ម៉េចក៏ទ្រង់ព្រះកន្សែង?»
«...» លូណា អណ្ដឺតអណ្ដត ក្បាលគ្រវីអោយតតាត់ មិនព្រមឆ្លើយតបនឹងសំណួររបស់ភិលៀងស្រីឡើយ។
«ព្រះមែ ទ្រង់យាងទៅក្រឡាបន្ទំសិនទៅ» ពួកភិលៀងស្រីៗនាំគ្នាជួយគ្រាហ៍ លូណា សំដៅទៅក្រឡាបន្ទំ។
«ឈប់ព្រះកន្សែងទៅព្រះមេម្ចាស់ មានរឿងអីទៅ អ្នកណាធ្វើអីទ្រង់មែនទេ ហើយហេតុអីទ្រង់ត្រឡប់មកវិញទាំងទឹកនេត្រាបែបនេះ?»
«ហ៊ឹក!!!» លូណា គ្រវីក្បាលតតាត់ម្ដងទៀត ភ្នែកឡើងក្រហមដោយសារយំយែក។
«ព្រះនាង មិនស្រួលព្រះកាយមែនទេ ព្រះមែ?» ភិលៀងស្រីនៅតែបន្តសួរទៀត។
«យើង...ហ៊ឹក»
«ឈប់សួរព្រះនាងទៀតទៅ ឃើញទេថានាងឯងកាន់តែសួរ ទ្រង់កាន់តែស្រក់ទឹកនេត្រា» ភិលៀងម្នាក់ទៀតប្រាប់ ព្រមទាំងធ្វើទឹកមុខលំបាកចិត្ត ហើយម្នាក់ដែលប៉ិនសួរច្រើនក៏បានតែងក់ក្បាល។
មើលទៅពួកគេមានតែងចាំការយាងមកដល់របស់ព្រះមហាក្សត្រ និងព្រះមហេសីហើយទើបបាន គិតបានបែបនោះទើបពួកគេបានតែអង្គុយកំដរ លូណា ដោយមានអ្នកខ្លះក៏បក់ផ្លិតអោយ អ្នកខ្លះក៏ស្រក់ទឹកភ្នែកតាម ព្រោះអាណិតម្ចាស់ខ្លួន ទៅបាត់មិនដល់ប្រាំថ្ងៃផង ត្រឡប់មកវិញក៏ជោកជាំទៅដោយទឹកនេត្រា។
តើមានរឿងអ្វីចំពោះទ្រង់អោយប្រាកដ?
ព្រះអង្គម្ចាស់ សូរ្យកាន និងព្រះមហេសី ឥន្ទ្រីនី យាងមកដល់ក្នុងពេលមិនយូរប៉ុន្មាន។ ភិលៀងស្រីៗនាំគ្នាថ្វាយការគោរពដល់វត្តមានរបស់ទ្រង់ទាំងពីរព្រះអង្គ ចំនែក លូណា ក្រោយពីស្ដេចទ្រង់យាងមកដល់ក៏រហ័សស្ទុះរកចុះទៅថ្វាយបង្គំគោរពពួកទ្រង់ដែរ តែក៏ត្រូវព្រះមហាក្សត្ររាដៃមិនអោយចុះពីក្រឡាបន្ទំ ទើបនាងបានតែអង្គុយលើក្រឡាបន្ទំបែបនោះបន្ត។
«ម្ចាស់អូន/ម្ចាស់បង» ពីរនាក់បងប្អូនឱបគ្នាដោយក្ដីនឹករលឹក ត្រឹមតែប៉ុន្មានថ្ងៃសោះ សម្រាប់ព្រះមហេសីមានអារម្មន៍ថាហាក់បីដូចជាបែកបាក់ពីប្អូនស្រីរាប់ឆ្នាំអ៊ីចឹង។
«ម្ចាស់អូនយ៉ាងម៉េចហ្នឹង ហេតុអីក៏ទ្រង់ព្រះកន្សែង?» ព្រះមហេសីត្រាស់បង្គាប់សួរ ដោយព្រះភក្ត្រពេញដោយក្ដីព្រួយបារម្ភ ទ្រង់ងាកព្រះកាយសម្លឹងមើលព្រះភក្ត្ររបស់ប្អូនស្រី ត្រូវការចម្លើយតាមរយះនោះ។
«ខ្ញុំម្ចាស់...អ...អត់មានកើតអីទេព្រះមែ មកពីនឹកទីនេះពេក» លូណា សុខចិត្តនិយាយកុហក ភ្នែកក៏គេចមិនហ៊ានប្រសព្វភ្នែកនឹងបងស្រី។ នាងបន់ស្រន់សុំទោសដល់ព្រះអាទេពក្នុងចិត្តដើម្បីកុំអោយទ្រង់យកទោសពៃរ៍។
«អ៊ីចឹង ហើយចុះ...» ព្រះមហេសីបង្អាក់ព្រះសុវនីយ៍បន្តិច ខ្សែនេត្រាក៏រ៉េមើលជុំវិញខ្លួន គិតថាបានជួបប្រទះនឹងបុត្រី តែបែរជាគ្មានស្រមោលរបស់ ឥន្ទ្រីទេពី សោះ «ទ្រង់មិនបានជួប ទេពី ទេឬ?» ទ្រង់សួរដោយសំឡេងខ្សាវៗ។
«ត្រូវហើយទ្រង់មិនបានជួបបុត្រីរបស់យើងទេឬ?» ព្រះអង្គសូរ្យកាន ត្រាស់បង្គាប់សួរបន្តដោយសំឡេងតានតឹងមិនចាញ់ព្រះមហេសី។
«...» លូណា ឱនមុខជ្រប់មិនហ៊ានប្រសព្វភ្នែកជាមួយគ្រប់គ្នា ក្នុងចិត្តតានតឹងជាខ្លាំង ព្រោះមិនដឹងថាត្រូវនិយាយពីណាទៅណា។
«ម៉េចក៏ទ្រង់គ្មានព្រះបន្ទូលតបយើង?» ព្រះមហេសីជាអ្នកសួរបញ្ជាក់ប្អូនស្រីម្ដងទៀត ឯព្រះមហាក្សត្រក៏បានតែមានព្រះភក្ត្រមិនស្រួល កែវភ្នែកសម្លឹងមើលទៅ លូណា ជាគោលដៅតែមួយ។
«ខ្ញុំម្ចាស់...ហ៊ឹក...ខ្ញុំម្ចាស់សូមព្រះរាជទោស» ទីបំផុតនាងក៏អាចរកសំឡេងនិយាយបាន ទឹកភ្នែកដែលស្ងួតអំបាញ់មិញ ក៏ចាប់ផ្ដើមហូរស្រក់ចុះមកម្ដងទៀត។
«មានន័យថាម៉េច?» ព្រះអង្គ សូរ្យកាន ឧទាន ក្នុងព្រះទ័យនឹកព្រួយជាខ្លាំង។
«ម្ចាស់អូនមានព្រះសុវនីយ៍បែបនេះ ចង់បានន័យថាម៉េចទៅ?»
«ខ្ញុំម្ចាស់សូមព្រះរាជទានទោស ដែលមិនអាចនាំ ទេពី ត្រឡប់មកទីនេះវិញបាន» លូណា ស្រវាចាប់ដៃបងស្រីជាប់ មាត់ក៏និយាយសុំទោស ដើម្បីគាត់យោកយល់។
នាងដឹងថា ខ្លួនឯងបានធ្វើអោយក្ដីសង្ឃឹមរបស់គ្រប់គ្នាត្រូវរលាយ។ អ្នកទាំងអស់គ្នាមានជំនឿលើនាងខ្លាំងណាស់ថានឹងអាចនាំ ទេពី ត្រឡប់មកវិញបាន ប៉ុន្តែដល់ពេលមែនទែនទៅនាងបែរជាត្រឡប់មកវិញដោយដៃទទេ គ្មានស្រមោលរាជយាទមកជាមួយ។
ទើបនាងបានតែនឹកសុំទោសគ្រប់គ្នាម្ដងហើយទៀតនៅក្នុងចិត្ត។ ឃើញព្រះភក្ត្រឈឺចាប់និងអស់សង្ឃឹមរបស់បងស្រីហើយ នាងក៏ឈឺចាប់មិនចាញ់គ្នា។
«មិនជួបទេឬ?» ព្រះមហេសីទន់ដៃធ្លាក់ពីការចាប់របស់ប្អូនស្រី ព្រះភក្ត្រសំដែងពីក្ដីអស់សង្ឃឹមជាខ្លាំង ទឹកនេត្រាក៏រលីងរលោងមួយរំពេច។
ចំនែកព្រះមហាក្សត្រក៏មានព្រះភក្រ្តអស់សង្ឃឹមមិនចាញ់មហេសី ទ្រង់បិទភ្នែកមួយប្រិចដើម្បីរង្ងាប់អារម្មណ៍ ដែលកំពុងតែច្រាស់ច្រាល បន្ទាប់មកទើបឈានជើងយាងចេញពីក្រឡាបន្ទំរបស់ប្អូនថ្លៃស្រី ដោយមិនមានព្រះបន្ទូលអ្វីទៀតសូម្បីតែមួយម៉ាត់។
«ព្រះអង្គម្ចាស់!» លូណា ឧទានហៅអ្នកដែលបែរខ្នងយាងទៅដោយសំឡេងខ្សាវៗ ប៉ុន្តែព្រះបាទ សូរ្យកាន មិនបានងាកមកវិញឡើយ ទ្រង់យាងរហូតដល់បាត់ព្រះកាយពីតំណាក់តែម្ដង។
បន្ទាប់ពីនោះក្នុងតំណាក់ទាំងមូល នៅសល់តែនាង ព្រះមហេសី និងពួកភិលៀងស្រីៗ។
«ប្អូនស្រីមិនបានជួបជាមួយនឹងបុត្រីរបស់យើងមែនឬ? ហ៊ឹក...ឬក៏បុត្រីរបស់យើងមានគ្រោះថ្នាក់អ្វី? មានរឿងអ្វីកើតឡើងចំពោះបុត្រីរបស់យើងឬអត់? ហើយហេតុអីក៏ទ្រង់ត្រឡប់មកវិញ ហើយស្រាប់តែទួញសោក?» ព្រះមហេសីព្រះកន្សែងចេញមកនៅទីបំផុត ទ្រង់ត្រាស់សួរប្អូនស្រីជាច្រើនសំណួរជាប់ៗគ្នាដោយមិនអាចទប់ព្រះទ័យបានតទៅទៀត ខណៈនេះទ្រង់សឹងតែឆ្កួតស្លាប់ទៅហើយ។
«ម្ចាស់បង...ហ៊ឹក...តាមពិតទៅខ្ញុំម្ចាស់បានជួបនឹង ទេពី នៅទីនោះហើយ»
«មែនឬ? ហើយចុះម៉េចក៏ទ្រង់ត្រឡប់មកវិញតែអង្គឯង?» ព្រះមហេសីភ្លេចអស់ការយំយែក ទ្រង់រហ័សសួរអនុជត្រី សំឡេងពេញដោយក្ដីសង្ឃឹមម្ដងទៀត។
«ប៉ុន្តែ ទេពី មិនអាចត្រឡប់មកវិញជាមួយនឹងខ្ញុំម្ចាស់ឡើយ» លូណា ឆ្លើយសំឡេងខ្សាវៗ ហើយក៏សម្លឹងមើលទៅបងស្រីដោយការយល់ចិត្ត។
«ហេតុអី? ហេតុអីក៏មិនអាចត្រឡប់មកវិញជាមួយនឹងទ្រង់? ហេតុអី?...យើងមិនយល់នោះទេ» ព្រះមហេសីមិនដែលតំឡើងសំឡេងដាក់អនុជត្រីឡើយ ខណៈនេះទ្រង់បែរជាតំឡើងសំឡេងរាងខ្ពស់បន្តិច ភ្នែកក៏ក្រហមងាំងដោយសារការយំយែក។
«សូមអភ័យទោសអោយខ្ញុំម្ចាស់ផង ខុសមកពីខ្ញុំម្ចាស់ទេដែលមិនបាននាំនាងមក» លូណា ឱនក្បាលសំពះបងស្រីដើម្បីជាការសុំទោស។
«តើមានរឿងអីកើតឡើងចំពោះបុត្រីរបស់យើង?»
«រឿងវាវែងឆ្ងាយខ្លាំងណាស់... គិតថាយប់នេះទ្រង់គួរត្រឡប់ទៅព្រះតំណាក់វិញសិនទៅ ចាំព្រឹកស្អែកខ្ញុំម្ចាស់នឹងបកស្រាយគ្រប់យ៉ាងអោយទ្រង់ព្រះសណ្ដាប់ព្រះមែម្ចាស់»
«មិនបាន យើងចង់ដឹងឥលូវនេះ»
«មិនបានទេព្រះមែ ពេលនេះយប់ណាស់ទៅហើយ ទ្រង់ក៏គួរតែទៅផ្ទំ ណាមួយខ្ញុំម្ចាស់គិតថាចាំព្រឹកស្អែកតែម្ដងទៅ ដើម្បីជុំគ្នាជាមួយនឹងព្រះអង្គម្ចាស់ និងទ្រង់តែម្ដង... ទ្រង់គួរតែត្រឡប់ទៅវិញដើម្បីជួយលួងលោមព្រះអង្គផងព្រះមែ ព្រោះមើលតាមកាយវិការទ្រង់អំបាញ់មិញ មើលទៅមិនស្រួលព្រះទ័យទេ»
ម្យ៉ាងពេលនេះនាងមិនទាន់មានពាក្យណាល្អៗ ដើម្បីត្រៀមយកមកបកស្រាយរឿងគ្រប់យ៉ាងអោយអ្នកទាំងពីរបានស្ដាប់ដឹងនោះទេ ដូច្នេះហើយសុំពេលវេលាមួយយប់ទៀតដើម្បីធ្វើចិត្តសិនទៅចុះ ព្រឹកស្អែកសន្យាថានឹងប្រាប់គ្រប់រឿងរ៉ាវទៅគ្រប់គ្នាដោយមិនលាក់លៀមឡើយ។
ដោយបារម្ភពីព្រះស្វាមីដូចគ្នា ទើបព្រះមហេសីព្រមទទួលស្ដាប់នូវអ្វីដែលអនុជត្រីបានបញ្ចុះបញ្ចូល ទ្រង់ក្រោកពីក្រឡាបន្ទំរបស់អនុជត្រីស្រីយាងចេញទៅ ដោយមិនភ្លេចនឹងលួងលោមអនុជត្រីដូចគ្នា។
«អោយយើងសុំទោសផងដែលអំបាញ់មិញ យើងនិយាយស្ដីមិនពិរោះដាក់ទ្រង់ កុំខឹងនឹងយើងអីណា... ម្យ៉ាងវិញទៀតទ្រង់ក៏ដូចគ្នាកុំយំសោកទៀតអី ចាំព្រឹកចាំនិយាយគ្នាបន្តទៅចុះ»
«ព្រះមែម្ចាស់» លូណា ព្យាយាមញញឹមទាំងបេះដូងហូរទឹកភ្នែកដាក់បងស្រី។
«ពួកនាងចេញទៅខាងក្រៅទៅ យើងមិនអីនោះទេ» ពេលបងស្រីចេញទៅបាត់ នាងក៏ងាកទៅប្រាប់អ្នកបម្រើរបស់ខ្លួនអោយត្រឡប់ទៅដេកវិញ។
«ប៉ុន្តែព្រះនាង...»
«យើងមិនអីទេ នាំគ្នាចេញទៅ»
ភិលៀងស្រីៗទាំងនោះមិនចង់ចេញទៅក្រៅវិញឡើយ ព្រោះបារម្ភពីម្ចាស់ខ្លួន ប៉ុន្តែដោយសារតែមិនអាចជំទាស់នឹងបញ្ជាបាន ទើបបានតែនាំគ្នាដើរដង្ហែរគ្នាចេញទៅខាងក្រៅទាំងក្ដីកង្វល់។
«ដេស អោយអូនសុំទោស កុំខឹងអូនអី បន្តិចទៀតអូនត្រឡប់ទៅវិញហើយ» នាងរង៉ូវ ដាក់ក្បាលលើខ្នើយទាំងចិត្តខ្វល់ខ្វាយគ្រប់សព្វសារពើ ចិត្តអារម្មណ៍មិននៅនឹងខ្លួន វាហោះហើរទៅរកប្ដីនិងកូនដែលនៅផ្នែកមួយទៀតនៃពិភពលោក។
«ឌែន កូនម៉ាក់ អោយម៉ាក់សុំទោស ម៉ាក់ស្រឡាញ់កូន ហ៊ឹក...ស្រឡាញ់ប៉ាកូនមិនចាញ់គ្នា... ដេស អូនសន្យាថានឹងត្រឡប់ទៅវិញអោយបានលឿនបំផុត» លូណា បិទភ្នែកបណ្ដោយអោយទឹកភ្នែកហូរកាត់តាមកន្ទុយភ្នែករហូតដល់ខ្សោះល្វើយអស់កម្លាំងទើបដេកលង់លក់នៅទីបំផុត ដោយមិនអាចបរិយាយបាន។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!

No comments:

Post a Comment

ប្រមូលសិនពិសេស

ប្រមូលសិនពិសេស

ម៉ាណូវែលManovel

ជីវិតពិតប្រៀបបាននឹងប្រលោមលោក ខុសគ្នាត្រង់ជីវិតពិតយើងត្រូវរៀបប៉ារ៉ូដើរតួដោយខ្លួនឯង។ ពួកយើងសប្បាយចិត្តដរាបណាអ្នកគាំទ្រនៅតែរីករាយជាមួយប្រលោមលោករបស់យើងខ្ញុំ។


Comments

Contact Form

Name

Email *

Message *