ភាគទី៧
ពីរឆ្នាំក្រោយមក...ពន្លឺព្រះអាទិត្យចាំងឆ្លងកាត់កញ្ចក់ថ្លាជះពន្លឺលើរាងកាយមួយគូដែលកំពុងតែគេងឱបគ្នានៅលើគ្រែ។
ពេលព្រឹកព្រហាមបែបនេះជាពេលគេងលក់ស្រួលខ្លាំងបំផុត។
«ដេស...ធ្វើអីហ្នឹង ឈប់រំខានអូនទៅមើល៍» សំឡេងក្ងួរៗប្រាប់ រាងកាយននលគោកប្រុងប្រាសខ្លួនគេងបែរទៅម្ខាង ដើម្បីគេចពីការលូកលាន់របស់មនុស្សដៃរពឹស ប៉ុន្តែក៏ត្រូវខាងប្រុសស្រវាឱបជាប់មុន។
«ចង់គេចទៅណា ព្រឹកបែបនេះបងចង់ពិនិត្យអូនបន្ត» ដេសម៉ាណូ ខ្សិបដាក់ត្រចៀកមនុស្សទ្រមក់ទាន់បើកភ្នែក នាំឲ្យនាងរួញ.កព្រោះរសើប។
«មិនចេះធុញទេឬ ពិនិត្យបែបនេះសឹងតែរាល់ថ្ងៃទៅហើយ?» លូណា សួរបែបមិនប្រាកដប្រជា ភ្នែកនៅតែបិទជិតដដែល នាងត្រូវការដេកបន្ថែមមួយម៉ោងពីរទៀត ព្រោះថាយប់មិញក្រោយពីគេត្រឡប់មកពីកាស៊ីណូវិញ នាងក៏ត្រូវគេលេបត្របាក់សឹងតែទន់ឆ្អឹង។
នាងគឺ លូណា ម៉ាយស៊ែឡូ ជាព្រះនាង ឥន្ទ្រីនា កាលពីពីរឆ្នាំមុននោះអី នៅចាំបានទេ? បន្ទាប់ពីប្រើរយៈពេលរៀនសូត្រភាសាអ៊ីតាលីអស់រយៈពេលពីរឆ្នាំកន្លងមក និងស្វែងយល់ពីមនុស្សនៅទីនេះ ព្រមទាំងការរស់នៅនៃពិភពលោកមួយនេះ នាងក៏ប្រទះឃើញខ្លួនឯងពេញចិត្តនឹងការរស់នៅទីនេះ ចំនុចសំខាន់មួយទៀតគឺ ក្រោយពីគេធ្វើឲ្យនាងក្លាយជារបស់គេកាលពីយប់មួយនៅពេលមួយឆ្នាំមុនមក ចិត្តវិញ្ញាណនាងបានបូជាប្រគល់ជូនគេទៅហើយ។
នាងនិងគេបានរៀបការតាមបែបខ្មែរបុរាណដោយស្ងាត់ៗគ្មានអ្នកដឹង ដោយគ្រាន់តែបានសំពះអុជធូបថ្វាយបង្គំព្រះអាទិទេពរួច ដើម្បីមិនឲ្យខុសទំនៀបទម្លាប់ និងមានអាចារ្យជាសាក្សី ព្រោះខ្លាចថាជីដូនជីតាកាច់ ណាមួយនាងក៏គ្មានសាច់ញាតិនៅទីនេះដែរ ធ្វើបែបនេះគឺល្អបំផុតហើយ។
សព្វថ្ងៃនេះនាងកំពុងតែមានក្ដីសុខក្នុងរង្វង់ដៃកក់ក្ដៅមួយនេះ ទោះគ្មានអ្នកក្រៅដឹងពីទំនាក់ទងរបស់ពួកគេ គ្មានព័ត៌មានល្បីពីគ្រួសារមួយនេះក៏ដោយ។ ចំនែករឿងស្វែងរកម្ចាស់ក្មួយនាងមិនដែលភ្លេច នៅតែបន្តស្វែងរក ប៉ុន្តែវាគ្មានដំណឹងសោះតែម្ដង ព្រោះគ្មានតម្រុយណាដែលប្រាប់ជាក់ឲ្យអាចស្វែងរកឃើញបានងាយៗ។
«បងធ្លាប់ប្រាប់ថាធុញអូនឬ?»
«មិនធ្លាប់ទេ»
«ដូចនេះមិនគួរនិយាយពាក្យមិនល្អបែបនេះទេ ជាពិសេសពេលព្រឹកព្រលឹមបែបនេះ»
«ចាស អូនសុំទោស»
«លួងចិត្តបងដោយរាងកាយទន់ៗរបស់អូនទៅ ទើបវាបាត់ខឹង»
«បងនេះពិតជា...អ្ហឺម...»
ទម្រាំតែបញ្ចប់ភារកិច្ចផ្អែមល្ហែមនាពេលព្រឹករបស់ប្ដីប្រពន្ធពីរនាក់ហ្នឹងបាន ម៉ោងក៏៨:០០ត្រឹមតែម្ដង ខណៈចុះទៅទទួលទានអាហារពេលព្រឹក អ្នកស្រីធំក៏បានតែអៀនឡើងមុខក្រហមនឹងក្រសែភ្នែកអាណិតស្រឡាញ់របស់មេផ្ទះដែលដឹងរាក់ជ្រៅ។
បើមិនដឹងទៀតមានតែចម្លែក មើលមុខនាងអៀនឡើងក្រហម ហើយនិយាយពី.កវិញមានសុទ្ធតែស្នាមក្រហម។
«អ្នកស្រីធំញ៉ាំឲ្យច្រើនទៅប៉ូវកម្លាំង»
«ចាសអរគុណណាស់អ៊ំស្រី ឡេរ៉ា»
«ត្រូវហើយអូនខ្សោយណាស់ ខំញ៉ាំឲ្យច្រើនទៅ» ដេស ជួយបន្ថែមល្បើយ ហើយក៏ទទួលបានក្រសែភ្នែកសម្លក់មកវិញ។
ដែលនាងអស់កម្លាំងខ្សោយយ៉ាងហ្នឹងក៏ព្រោះតែអ្នកណា? បើមិនមែនគេជាអ្នកបឺតស្រូបយកកម្លាំងពីរាងកាយនាងទេនោះ។
«កុំមើលបែបនេះ...ប្រញាប់ញ៉ាំទៅ បងត្រូវទៅធ្វើការហើយ» ថៅកែធំទម្លាក់កាសែតជិតកែវកាហ្វេដែលស្រកអស់ពាក់កណ្ដាល រួចដើរទៅឱបចង្កេះប្រពន្ធឲ្យដើរជូនទៅដល់មុខផ្ទះ។
«ល្ងាចនេះតែងខ្លួនឲ្យស្អាត បងណាត់អូនទៅឌីនើរ៍ជាមួយគ្នា ប៉ុន្តែមិនបានមកយកទេ បងឲ្យមនុស្សរបស់បងមកយកអូនទៅកាស៊ីណូ ក្រោយពីបងរួចកិច្ចការ ចាំទៅញ៉ាំអីទាំងអស់គ្នា អូខេទេ?»
«ចាស៎!» លូណា ញញឹមស្រស់ លោមុខទៅថើបថ្ពាល់គ្រើមមួយខ្សឺត តែមនុស្សកំហូចបែរជាលូកដៃមកចាប់កញ្ចឹងកនាងទាញទៅថើបជញ្ជក់មាត់ចំពោះមុខកូនចៅ។
«បងទៅហើយ! នៅផ្ទះកុំរពឹស»
«ចាស៎» នាងឆ្លើយទាំងមុខក្រហម ប្រញាប់ត្រឡប់ខ្លួនដើរចូលទៅក្នុងភូមិគ្រឹះវិញ បន្ទាប់ពីគេចេញឡានទៅបាត់ ព្រោះមិនចង់ប្រឈមមុខនឹងគ្រប់គ្នាដែលមើលមកដោយក្រសែភ្នែកចំអែចំអន់។
ឡានពណ៌ខ្មៅទំនើប ស្លាកលេខពិសេសបើកទៅមុខជារឿយៗ ចំនែកអ្នកអង្គុយក្នុងឡានក៏បានតែងាកទៅមើលទេសភាពតាមកញ្ចក់ដោយទឹកមុខស្រស់បស់។ អ្នកស្រីធំ អង្គុយដណ្ដើរទាញទូរសព្ទមើលម៉ោងដណ្ដើរ បន់ស្រន់ឲ្យតែដល់កន្លែងធ្វើការរបស់ស្វាមីឆាប់ៗ នាងពិតជារំភើបពិតមែនព្រោះមិនដែលបានស្គាល់កន្លែងធ្វើការរបស់គេឡើយ នេះជាលើកទីមួយហើយដែលគេណាត់ចេញមកញ៉ាំអីនៅខាងក្រៅ។
«ជិតដល់ហើយឬនៅ?» ទ្រាំចាំសឹងតែមិនបានទើបអត់មិនបាននឹងសួរអ្នកបើកឡាន។
«បាទ! ជិតហើយទាន»
«ហ៊ើយ...»
អ្នកបើកឡានឮអ្នកស្រីធំដកដង្ហើមធំហើយក៏បានតែញោចមាត់ញញឹមដោយក្ដីអាណិតស្រឡាញ់ នេះបែបរំភើបណាស់ហើយ ព្រោះមិនសូវជាបានចេញទៅណាមកណានឹងគេនោះទេ គ្រប់យ៉ាងត្រូវយកទៅថ្វាយនៅភូមិគ្រឹះ ជិវិតរស់នៅបែបមិនចេះខ្វះអីនៅក្នុងក្រសែភ្នែកថៅកែធំ។
កាស៊ីណូ ឌីយ៉ាម៉ានតេ (Diamante Casino)
លូណា សំឡើងមកអាគារខ្ពស់ស្កឹមស្កៃដោយទឹកមុខកោតសរសើរ ប៉ុន្តែពេលចុះពីលើឡានក៏ត្រូវអស់សង្ឃឹមព្រោះគិតថានឹងបានជួបមុខស្វមីមុនគេ បែរជាឃើញ ប្រេនដន ឈរចាំទៅវិញ។
«អ្នកស្រីធំ! ថៅកែធំរវល់ជាប់ភ្ញៀវ បន្តិចទៀតរួចរាល់ហើយ គាត់ផ្ដាំប្រាប់ថាឲ្យអ្នកស្រីធំទៅអង្គុយលេងនៅបន្ទប់ខាងលើសិនទៅ»
«ចាស៎ អរគុណ» នាងឆ្លើយរួចក៏ដើរចូលទៅខាងក្នុងជាមួយ ប្រេនដន។ ស្រីស្រស់កាន់តែរំភើបញាប់ញ័រថែមទៀត ពេលឃើញពីភាពមហិមានៃអំណាចរបស់ស្វាមី។
«ទាំងនេះជាស្អី?»
កន្លងមកនាងមិនដឹងសោះឡើយថាកាស៊ីណូនឹងជាស្អីគេ ហើយគេធ្វើស្អី នេះជាលើកដំបូងដែលឃើញមុខជំនួញរបស់ស្វាមី។
«ទាំងអស់នេះសុទ្ធតែជាល្បែងទាំងអស់ មនុស្សគ្រប់គ្នាតែងមកផ្សងសំណាងឬកាត់បន្ថយស្ត្រេសនៅទីនេះ ចំនែកខាងលើបន្ទាប់គឺសណ្ឋាគារ ឯខាងលើបំផុតជាជាន់បន្ទប់ធ្វើការរបស់ថៅកែធំ និងជួនកាលក៏ស្នាក់នៅទីនោះពេលណាដែលការងារច្រើនធ្វើមិនទាន់ ហើយមិនអាចត្រឡប់ទៅផ្ទះបាន»
«អ៎...»នាងក្រមុំញញឹមនឹកស្ញប់ស្ញែងស្វាមីមែនទែន ក្រសែភ្នែកមានពន្លឺរហូតដល់ ប្រេនដន មើលឃើញហើយក៏សើចតិចៗ។
«អង្គុយលេងសិនទៅអ្នកស្រីធំ...អ្នកស្រីត្រូវការអីជាពិសេសទេ?» ពេលទៅដល់ក្នុងបន្ទប់ខាងលើ ប្រេនដន ក៏រហ័សផ្ដាប់ផ្គុនចៅហ្វាយស្រី។
«អឺម...មិនបាច់ទេ ខ្ញុំអង្គុយបែបនេះចាំ ដេស ចេញមកល្អជាង» ព្រោះខ្លាចថាញ៉ាំអីហើយខ្លាចថាឆ្អែតមុនបានទៅញ៉ាំអីខាងក្រៅជាមួយស្វាមី។
«បាទ! អ៊ីចឹងត្រូវការទឹកត្រជាក់ៗទេ?»
«ក៏ល្អ អរគុណ»
«ជួយលើកទឹកត្រជាក់មកឲ្យអ្នកស្រីធំបន្តិច» ប្រេនដន ងាកទៅបញ្ជាជំនួយការគេដែលឈរនៅម្ខាង បន្ទាប់មកទើបងាកមកប្រាប់នាងក្រមុំថាគេត្រូវទៅជួយចាត់ការងារចៅហ្វាយបន្តសិន បន្តិចទៀតពួកគេនឹងមកវិញជាមួយគ្នា។
ពេល ប្រេនដន ចេញទៅបាត់ បន្ទាប់ដោយជំនួយការស្រីលើកទឹកចូលមកហើយក៏ចេញទៅម្នាក់ទៀត លូណា ក៏ចាប់ផ្ដើមពិនិត្យបន្ទប់ធ្វើការស្វាមី មើលចុះមើលឡើង ក៏ក្រោកដើរទៅឈរមាត់ជញ្ជាំងកញ្ចក់ ដែលអាចមើលឃើញទស្សនីយ៍ភាពទូទាំងក្រុងបាន។
«អ្នកស្រីធំឯងមកហើយនៅ?» បន្ទាប់ពីជួនភ្ញៀវទៅវិញរួចក៏សួរនាំពីភរិយា ខណៈជើងកំពុងដើរតម្រង់ទៅបន្ទប់វិញ។
«បាទ! អង្គុយចាំថៅកែធំប្រហែលជាកន្លះម៉ោងហើយទាន»
«អឺម...ឲ្យមនុស្សរៀបចំឡានឥលូវហ្នឹងទៅ ខ្ញុំនឹងចេញទៅឌីននើរ៍ជាមួយអ្នកស្រីធំ»
«បាទ»
គ្រាន់តែបើកទ្វារភ្លាម ដេស ដើរតម្រង់ទៅរកភរិយាភ្លែត។
«ចាំយូរដែរទេ?» គេសួរខណៈដាក់ខ្លួនអង្គុយក្បែរភរិយា។
«ចាស៎! មិនយូរប៉ុន្មានទេ»
«ឃ្លានហើយនៅ?» ទោះសំឡេងមិនសូវជាទន់ភ្លន់ ប៉ុន្តែអ្នកស្ដាប់បែរជារំភើបនឹងការយកចិត្តទុកដាក់របស់គេ។
«ចាស៎ ឃ្លានតិចៗដែរហើយ កុំធ្វើមុខបែបហ្នឹងអី អូនដឹងថាបងរវល់ខ្លាំង ប្រេនដន បានប្រាប់អូនរួចហើយ» នាងរហ័សលួងលោមពេលឃើញទឹកមុខគេក្រោយពីនាងប្រាប់ថាឃ្លាន។
«ឥលូវប៉ិនយកចិត្តបងដល់ហើយ ប្រពន្ធអ្នកណានេះ» ក្នាញ់ពេកទើបគេយកដៃក្ដិចច្រមុះស្រួចនោះតិចៗ។
«រួចរាល់ការងារហើយមែនទេឥលូវហ្នឹង?»
«បាទ! រួចហើយ តោះបងដឹងថាអូនឃ្លានខ្លាំង»
អ្នកស្រីធំញញឹមតិចៗដាក់ពាក្យសម្ដីស្វាមី បន្ទាប់មកទើបក្រោកតាមការទាញរបស់ម្ចាស់ជីវិត ដៃមាំក្រសោបចង្កេះអង្ក្រងជាប់មិនប្រលែង ខណៈដើរទទឹមគ្នាចេញទៅ។
«ទីនេះស្អាតខ្លាំងណាស់» លូណា មើលជុំវិញខ្លួន ការតុបតែងហាងក៏ស្អាត ចំទីនេះនៅលើដំបូលផងគ្មានជញ្ជាំងទៀតនោះ កាន់តែនាំឲ្យមើលឃើញទេសភាពទីក្រុងជុំវិញ ពេលងើយមើលទៅលើក៏ឃើញព្រះច័ន្ទនិងផ្កាយរះមួយៗ ចំនែកនៅតុក៏មានថូផ្កាកុលាបក្រហម ស្រាក្រហម របស់នាងគឺទឹកក្រូច ព្រមទាំងមានអុជភ្លើងទៀនពីរដើម បង្កបរិយាកាសរ៉ូមេនទិកទៀតផង។
«អង្គុយចុះមក»
«អរគុណ»
ដេស ដែលមិនធ្លាប់ប្រណិប័តន៍អ្នកណា ម្នីម្នាទាញកៅអីឲ្យភរិយារួចទើបដើរទៅដាក់អង្គុយខ្លួនទល់មុខនាង។
«ពេញចិត្តទីនេះទេ?» គេសួរដោយមានមោទនភាព នេះខំឲ្យមនុស្សចាត់ការដោយផ្ទាល់ ព្រមទាំងកក់កន្លែងទាំងមូល មិនឲ្យបង្កភាពរអ៊ូ នាំរំខានភាពរ៉ូមេនទិក។
«ពេញចិត្តខ្លាំងណាស់ ស្អាតទៀតផង»
«សុំទោសផងណា ដែលកន្លងមកមិនបាននាំអូនចេញមកខាងក្រៅ» គេនិយាយដោយមានអារម្មណ៍ដឹងខុស ប៉ុន្តែគេក៏មានហេតុផលរបស់គេ ដែលមិនព្រមនាំនាងចេញមកខាងក្រៅខណៈនាងមិនទាន់ដឹងពីសង្គមមួយនេះ ព្រមទាំងមិនសូវជាចេះនិយាយភាសាអ៊ីតាលីអីប៉ុន្មាន។
«មិនអីទេ អូនពេញចិត្តនៅក្នុងផ្ទះច្រើនជាង ឲ្យតែមានបងទៅបានហើយ»
«កុំចូលចិត្តធ្វើខ្លួនគួរឲ្យស្រឡាញ់ពេក បងលង់អូនឡើងចង់ងើបមុខមិនរួចទៅហើយ»
«អូនខុសទៀតហើយឬ បងនេះចូលចិត្តទម្លាក់កំហុសមកលើអូនជារឿយៗ»
«បងនិយាយសុទ្ធតែជាការពិត អូនជាមេធ្មប់ពង្វក់ស្នេហ៍ច្បាស់ណាស់» គេបញ្ជាក់ ស្របគ្នានឹងអ្នករត់តុលើកអាហារដើរចូលមក។
«ម៉ោះ ឆៀរ៍» គេលើកកែវវាញន៍ជល់គ្នានឹងកែវទឹកក្រូចរបស់ភរិយា កែវភ្នែកស្រទន់បញ្ជាក់ពីក្ដីស្រឡាញ់លើសលុបមិនព្រមដកចេញពីផ្ទៃមុខភរិយា ខណៈមាត់ចឹបវាញន៍ឆ្ញាញ់ពិសា ចំនែកអ្នកត្រូវសម្លឹងផ្អែមល្ហែមក៏បានតែមុខក្រហមព្រោះអៀន។
បរិយាកាសល្អៗពេញដោយភាពផ្អែមល្ហែមជាមួយបទសន្ទនាបែបគូស្នាហា អមដោយបទចម្រៀង Toxic របស់ Britney Spears ច្រៀង Cover ដោយ Marie Plassard ច្រៀងលំនាំបែបក្លាស់សិច(Classic)នាំបរិកាសកាន់តែរ៉ូមេនទិច រហូតដល់ពួកគេមិនបានចាប់អារម្មណ៍នោះទេថារាល់សម្មកភាពនៃភាពផ្អែមល្ហែមកំពុងតែត្រូវផ្អិតរូបភាពយកដោយកាំមេរ៉ារបស់អ្នកកាសែត។
ព្រឹកថ្ងៃថ្មី...នៅតុអាហារពេលព្រឹក...
«ថៅកែធំ...» ប្រេនដន ដើរចូលមកជិតរួចឱនខ្សិបដាក់ត្រចៀកចៅហ្វាយតិចៗ ដោយមានក្រសែភ្នែកអ្នកស្រីធំសម្លឹងមើលមិនដាក់ បន្ទាប់មកមនុស្សជំនិតក៏ហុចថេបប្លេតអោយចៅហ្វាយ។
ព័ត៌ក្ដៅៗ...
ប្រពន្ធលួចលាក់របស់ប្រមុខធំនៃត្រកូល ម៉ាយស៊ែឡូ!
ស្រីៗទូទាំងអ៊ីតាលីប្រហែលជាត្រូវខកចិត្តហើយមើលទៅបន្ទាប់ពីបានអានព័ត៌មានមួយនេះ។ ការរង់ចាំអស់រយៈពេលពីរឆ្នាំក្នុងការព្យាយាមរកព័ត៌មានស្រីលួចលាក់របស់ប្រមុខធំនៃត្រកូល ម៉ាយស៊ែឡូ ពេលនេះក្រុមអ្នកកាសែតយើងក៏អាចប្រមាញ់រូបថតបាននៅទីបំផុត។
ល្បីយូរមកហើយថាលោក ដេសម៉ាណូ ម៉ាយស៊ែឡូ មានចិញ្ចឹមស្រីលួចលាក់ជាជនជាតិអាស៊ី រស់នៅក្នុងភូមិគ្រឹះស្កឹមស្កៃនោះ ខណៈដែលយើងធ្លាប់ឮព័ត៌មានខ្សិបខ្សេវថាស្រីអាស៊ីម្នាក់នោះធ្លាប់មានបញ្ហាសតិអារម្មណ៍ផងដែរ។ នាងជាស្រីដំបូងហើយដែលអាចតោងលោក ដេសម៉ាណូ ម៉ាយស៊ែឡូ បានរហូតដល់ទៅពីរឆ្នាំ ដោយមិនបានត្រូវទាត់ចោល ពេលនេះយើងចាប់ផ្ដើមសង្ស័យតិចៗហើយ មិនដឹងថាស្រីអាស៊ីមុខស្រស់រូបនេះអាចឆក់យកបេះដូងហើយគ្រប់គ្រងតំណែងអ្នកស្រីធំប្រចាំត្រកូល ម៉ាយស៊ែឡូ បានឬអត់ណ៎? ទាំងនេះយើងប្រហែលជាត្រូវរង់ចាំតាមដានបន្តទៀតហើយ...
ទាំងនេះជារូបភាពរ៉ូមេនទិកដែលពួកគេបានសាសងគ្នាកាលពីយប់មិញនៅភោគនីយដ្ឋាន@#$%^&
ប្រូស...ថេបប្លេតថ្មីស្រឡាងប៉ះកតិតនឹងតុអាហារដោយសាររងកម្លាំងបោះ។
«ចង្រៃយក៍...»
«អុស៎...»
«សុំទោស» ដេស ប្រញាប់និយាយសុំទោសភរិយាដែលភ្ញាក់ក្រញាងនិងមើលគេដោយក្រសែភ្នែករន្ធត់ចិត្ត។
«អ៊ំ ឡេរ៉ា ជួយនាំអ្នកស្រីធំឡើងទៅខាងលើបន្តិច»
«ដេស តើមានរឿងអី?» លូណា ក្រាញននៀលមិនព្រមទៅតាមមេផ្ទះចំណាស់ នាងសម្លឹងមុខស្វាមីដោយក្ដីព្រួយបារម្ភគិតថាគេប្រហែលកំពុងតែមានបញ្ហាធំ។
«បងមានបញ្ហាតិចតួចត្រូវដោះស្រាយ ពេលនេះបងត្រូវចេញទៅខាងក្រៅ អូនឡើងទៅខាងលើតាមសម្ដីបងសិនទៅ ល្ងាចនេះបងនឹងត្រឡប់មកវិញ»
«ដេស...»
«ស្ដាប់តាមសម្ដីបង»
លូណា ភ្ញាក់បន្តិចពេលឮបញ្ជាត្រជាក់ជាងទឹកកករបស់ស្វាមី នាងងក់ក្បាលជាការយល់ បន្ទាប់មកទើបឈ្ងោកមុខដើរទៅតាម ឡេរ៉ា ចេញទៅ។
«លូណា បង...» ពេលឃើញភរិយាបាក់ទឹកមុខ អ្នកដែលគ្រប់គ្រងអារម្មណ៍មិនបានក៏មានអារម្មណ៍ដឹងខុស។ រឿងនេះមិនមែនជាកំហុសរបស់នាង គឺគេជាអ្នកនាំនាងចេញទៅខាងក្រៅ ប៉ុន្តែអំបាញ់មិញនេះវាជ្រួលប្រើសម្ដីគ្មានអារម្មណ៍ដាក់នាងទៅហើយ។
អូខេ! ចាំត្រឡប់មកវិញចាំសុំទោសហើយលួងទៅចុះ!! គេគិតបែបនោះក្នុងចិត្ត បន្ទាប់មកទើបដើរចេញទៅជាមួយមនុស្សជំនិត។
ពេលចូលមកដល់ក្នុងឡាន ប្រេនដន ក៏រហ័សងាកក្រោយមកសួរចៅហ្វាយ។
«ថៅកែធំ ឥលូវប្រុងចាត់ការយ៉ាងម៉េច?» គេមើលមុខតានតឹងរបស់ចៅហ្វាយ ហើយក៏ខ្លាចជំនួសរោងពុម្ពដែលហ៊ានចុះផ្សាយព័ត៌មានថៅកែធំ។
ពិតជាថ្លើមធំពាសមេឃមែន គេសូមសសើរ។
«មានយ៉ាងម៉េច បិទព័ត៌មាននឹងចោល ហើយលេងឲ្យអារោងពុម្ពនឹងរលាយបាត់ឈ្មោះទៅ ខ្ញុំមិនចង់ឮថានៅអ៊ីតាលីមានរោងពុម្ពឈ្មោះហ្នឹងតទៅទៀត»
អាណាក្បាលធំខួរតូច ប្រហើនហ៊ានចុះផ្សាយព័ត៌មានគេ ឲ្យវាដឹងទៅថាគេនឹងច្របាច់វាឲ្យខ្ទេចមិនសល់សភាពដើម ចុះស្អីមិនចុះ នៅហ៊ានផ្សាយថាប្រពន្ធរបស់គេជាស្រីលួចលាក់ទៀត ចំនុចនេះបានតែកាន់កាំភ្លើងទៅបាញ់អាអ្នកសរសេរចោលតើ។
«បាទ! ប៉ុន្តែរឿងព័ត៌មាននេះខ្ញុំគិតថាប្រហែលជាម្ចាស់ភាគហ៊ុនមួយចំនួនបានដឹងដូចដែលយើងបានដឹងហើយ ហើយត្រកូល វ៉ុលតា ក៏គិតថាបានដឹងដូចគ្នា»
«ចង្រៃយក៍អើយឲ្យវាអ៊ីចឹងឡើង...» គេមិនបានខ្លាចអំណាចត្រកូល វ៉ុលតា បានដឹងរឿងផ្ទាល់ខ្លួនរបស់គេ ប៉ុន្តែពេលនេះវាមិនមែនជាពេលវេលាល្អដែលត្រូវប្រកាសប្រាប់ពិភពលោកថា លូណា ម៉ាយស៊ែឡូ ជាប្រពន្ធរបស់គេនោះទេ។
«ខ្ញុំចេះដោះស្រាយហើយ ឯងប្រាប់ខាងកាស៊ីណូទៅថាមានប្រជុំនៅកន្លះម៉ោងខាងមុខនេះ»
«បាទ!»
នៅភូមិគ្រឹះម៉ាយស៊ែឡូ...
សំឡេងឡានពន្លត់ម៉ាស៊ីនខាងមុខផ្ទះ បណ្ដាលឲ្យអ្នកដែលនៅក្នុងបន្ទប់បានឮ អត់ឆ្ងល់មិនបានថាហេតុអីក៏ស្វាមីឆាប់ត្រឡប់មកវិញលឿនខ្លាំងម្ល៉េះ ទាំងដែលទើបតែចេញទៅខាងក្រៅអំបាញ់មិញ ក្រែងប្រាប់ថាមានការងារធ្វើហ្អី? គិតបានបែបនេះហើយរាងស្ដើងក៏ម្នីម្នារត់ចុះមកខាងក្រោម ព្រោះគិតថាអ្នកដែលនាងទទឹងរង់ចាំ ប៉ុន្តែពេលមកដល់ខាងក្រោមបែរជាឃើញស្រីស្អាតសិចស៊ីម្នាក់ឈរកណ្ដាលភូមិគ្រឹះទៅវិញ។
ផ្ដាច់!!! តឹប... កាសែតហោះមកចំកណ្ដាលមុខ រួចធ្លាក់ទៅលើការ៉ូ។
អ្នកស្រីធំនៅងីងើនៅឡើយ ចាប់ហេតុការណ៍មិនទាន់បាន មិនដឹងថាមានរឿងអីកើតឡើងឲ្យប្រាកដ សុខៗស្រីម្នាក់នេះមកដល់ផ្ទះរបស់ខ្លួន ហើយយកក្រដាសគប់កណ្ដាលមុខនាង។ ស្រីស្រស់ឱបមើលក្រដាសកាសែត រំពេចនោះក៏ឃើញមានរូបថតខ្លួននិងថៅកែធំជាច្រើនសន្លឹក។
រូបនេះ...! នាងឧទានក្នុងចិត្ត ភ្នែកចាប់ផ្ដើមគ្រលៀសមើលអក្សរ ពេលនោះក៏ឃើញថាគេសរសេរពីខ្លួននិងស្វាមី ប៉ុន្តែហេតុអីក៏មានក្រដាសព័ត៌មានទាំងនេះបាន?
«ជានាងមែនទេដែរជាប្រពន្ធលួចលាក់របស់ ដេស ហ្អាស៎?» ស្រីចំនូលថ្មីស្រែកខ្លាំងៗដាក់ ស្រីបម្រើនិងមេផ្ទះរត់ចេញមកមើលហេតុការណ៍។
«អ្នកនាងជាអ្នកណា?» ទោះអ្នកម្ខាងទៀតសម្លុតខ្លាំងៗ ប៉ុន្តែស្រីតូចនៅតែសួរដោយសំឡេងទន់ភ្លន់ រហូតដល់អ្នកចំពោះមុខគិតថានាងសួរដោយការផ្ចាញ់ផ្ចាល។
«នៅមុខក្រាស់មកសួរថាយើងជាអ្នកណាបានទៀត ស្រីមេអំបៅ»
«ខ្ញុំពិតជាមិនស្គាល់អ្នកនាងពិតមែន» លូណា នៅតែរក្សាកម្រិតសំឡេងដដែល។
«ល្អ...យើងប្រាប់នាងយកតែបុណ្យទៅចុះ យើងនេះគឺជាអនាគតប្រពន្ធ ដេស ចំនែកនាងឯងគឺគ្រាន់តែជាស្រីលួចលាក់តែប៉ុណ្ណោះ»
«បានន័យថាយ៉ាងម៉េច?»
«បានន័យថាបន្តិចទៀតយើងនិង ដេស នឹងរៀបការជាមួយគ្នា ចំនែកនាងត្រៀមខ្លួនរើចេញឲ្យហើយទៅ»
គ្មានពាក្យសម្ដីណាបានស្ដាប់ហើយគួរឲ្យខ្លាចដូចពាក្យថា ត្រូវរើចេញនោះទេ។
«តែខ្ញុំក៏ជាប្រពន្ធរបស់ ដេស ដែរ ហេតុអីត្រូវរើចេញ?» ស្រីតូចសួរបញ្ជាក់ កាលនៅសម័យអង្គរ ព្រះមហាក្សត្រមានព្រះមហេសី មានស្រីស្នំ ប៉ុន្តែព្រះមហេសីមិនបានដេញស្រីស្នំឲ្យទៅឆ្ងាយពីនគរនោះទេ ពួកស្រីៗអស់នោះអាចរស់នៅក្នុងរាជវាំងបានតើ ចុះហេតុអីក៏ស្រីម្នាក់នេះ ដែលអះអាំងថាជាប្រពន្ធរបស់ ដេស ម្នាក់ទៀតមកប្រាប់ថានាងនឹងត្រូវដេញចេញពីផ្ទះ បន្ទាប់ពីពួកគេរៀបការជាមួយគ្នាជាប្ដីប្រពន្ធ។
តាមគិតនាងគួរតែជាប្រពន្ធដើម ចំនែកស្រីចំពោះមុខគួរតែជាប្រចុង ចុះហេតុអីក៏ស្រីម្នាក់នេះតំឡើងឬទ្ធិដាក់នាងខ្លាំងម្ល៉េះ មិនខ្លាចប្រពន្ធដើមខ្លះទេឬ?
«នាងជាប្រពន្ធ ដេស ដែរឬ? ហាសហា អ្នកណាប្រាប់នាង អ្នកណានិយាយ មានអ្នកណាដឹងឮដែរទេ? បែបនេះគេថាជាស្រីបម្រើតណ្ហា ស្រីលួចលាក់ទៅវិញទេ ស្រីពេស្យា»
ម៉ានីកា ដែលរង់ចាំឱកាសនេះជិតពីរឆ្នាំ ទម្រាំបានជួបស្រីម្នាក់នេះដោយផ្ទាល់ ចាប់ផ្ដើមបាញ់ប្រាវៗតាមអារម្មណ៍គុំកួនដែលលាក់ក្នុងទ្រូង។ រយៈពេលប៉ុន្មានឆ្នាំមកនេះនាងព្យាយាមចូលជិត ថៅកែធំ ឲ្យដៃគេគ្រប់សព្វបែបយ៉ាង ប៉ុន្តែគេបែរជាមិនដែលយកភ្នែកមើលនាង ចំនែកចំណងកិច្ចសន្យាភ្ជាប់ពាក្យនោះឬ វាគ្មានន័យអីបន្តិចសោះ បានត្រឹមតែជួយដល់មុខជំនួញតែប៉ុណ្ណោះ។ រឿងស្រីលួចលាក់របស់គេ នាងដឹងយូរមកហើយ ប៉ុន្តែដោយសារតែគ្មានភស្តុតាង ទើបមិនអាចនិយាយស្ដីស្អីបាន។ ពួកអ្នកកាសែតដែលប្រើឲ្យមកយកព័ត៌មានក៏មិនបានផលព្រោះគេទុកស្រីម្នាក់នេះដូចជារាជនីប្រចាំភូមិគ្រឹះទៅហើយ ទើបតែកាលពីម្សិលទេដែលស្រីមាយានេះត្រូវអនុញ្ញាតនាំទៅក្រៅ ហើយក៏ជាឱកាសល្អសម្រាប់អ្នកតាមដាន វាហុចផលល្អដល់នាងមានលេសចូលមកក្នុងភូមិគ្រឹះរករឿងបាន បើមិនអ៊ីចឹងទេនោះអាចនឹងត្រូវថៅកែធំខឹងដាច់ក្បាលដាច់កន្ទុយក៏ថាបានដែរ បើចូលមកផ្ដេសផ្ដាស ប៉ុន្តែរឿងនេះគេមិនអាចថាអីនាងបានទេ ព្រោះវាខូចខាតដល់កិត្តិយសនាង គេមានឈ្មោះជាគួរដណ្ដឹងនាងទាំងមូល ហើយមកលេចឮព័ត៌មានចិញ្ចឹមស្រីលួចលាក់ក្នុងផ្ទះបែបនេះម៉េចនឹងបានទៅ។
«គឺ ដេស អ្នកនិយាយ ហើយគ្រប់គ្នានៅក្នុងផ្ទះនេះក៏បានដឹងដែរ»
«អាហ្នឹងគេហៅថាស្រីលួចលាក់ទៅវិញទេ ស្រីដែលគេស្រឡាញ់លើកតំកើងឲ្យខ្ពង់ខ្ពស់គឺជាយើងទៅវិញទេមីស្រីល្ងង់»
មែនហើយ ស្រីម្នាក់នេះនិយាយក៏មានហេតុផលម្យ៉ាងដែរ! លូណា គិត នាងមិនបានខឹងអ្នកចំពោះ ប៉ុន្តែបែរជាកើតអារម្មណ៍តូចចិត្តតូចថ្លើម ខ្លាចក៏ខ្លាច។
«ខ្ញុំជាប្រពន្ធ ដេស ដែរ! អ្នកនាងគ្មានសិទ្ធមកថាអោយខ្ញុំបែបនេះ វាជាភាសាអាក្រក់ស្ដាប់ខ្លាំងណាស់ មនុស្សស្រីល្អមិនគួរនិយាយស្ដីខ្វះមាយាទបែបនេះទេ» លូណា ខាំមាត់ណែន នៅមហានគរនាងគ្មានប្រពន្ធក្រោយឯណាហ៊ានមកថាឲ្យជាន់ឈ្លីកិត្តិយសប្រពន្ធដើមដូចស្រីម្នាក់នេះកំពុងពេលនេះនោះទេ។
«ប្រពន្ធហេស៎?»
ផាច់!!! សំឡេងបាតដៃផ្ទប់នឹងថ្ពាល់រលោង បណ្ដាលឲ្យមុខស្អាតបែរទៅម្ខាងតាមកម្លាំងដៃ។
«អាក៎!»
«នែ៎...» ឡេរ៉ា ដែលទ្រាំឈរមើលតទៅទៀតលែងបាន ដើរចូលមកពាំងមុខអ្នកស្រីធំ។ គាត់ដឹងថាស្រីម្នាក់នេះជាអ្នកណា ប៉ុន្តែវិនាទីនេះរឿងសំខាន់ត្រូវការពារអ្នកស្រីធំសិន ព្រោះដឹងថាថៅកែធំឃ៊ែរអ្នកស្រីធំជាងស្រីបិសាចចូលខ្លួនចំពោះមុខ។
«ថយចេញភ្លាមខ្ញុំនឹងទះវាឲ្យបាត់ឆ្កួត ប្រាប់នាងឯងឲ្យហើយ ដឹងខ្លួនឆាប់ដើរចេញពី ដេស ឲ្យហើយទៅ គេជាគូដណ្ដឹងរបស់យើងហើយ ពួកយើងជិតរៀបការជាមួយគ្នា ពេលនោះនឹងផ្សព្វផ្សាយទូទាំងពិភពលោក មិនដូចស្រីលួចលាក់រស់នៅស្ងាត់ស្ងៀមក្នុងភាពខ្មៅងងឹតគ្មានរស្មីដូចនាងឯងទេ»
«ហ៊ឹក...»
«អូហ៍ អ្នកស្រីធំកុំយំអី កុំទៅស្ដាប់គេនិយាយអី មិនពិតនោះទេ»
«អ្នកណាថាមិនពិតខ្ញុំជាគូដណ្ដឹងរបស់ ដេស អ៊ំស្រីដឹងខ្លួនក៏រៀនរៀបឬករៀបពាល្អៗដាក់ខ្ញុំឲ្យហើយទៅ ក្រែងលោអនាគតទៅអាចជ្រកក្បាលនៅទីនេះបានបន្ត»
«បានហើយឈប់និយាយទៅ...អ្នកនាងនេះពិតជាអាក្រក់ពិតមែន ធ្វើខ្លួនគួរឲ្យស្អប់ ប្រញាប់ចេញពីទីនេះភ្លាមទៅ បើមិនចេញទេតិចថាមានរឿងធំ ព្រោះអំបាញ់មិញនេះខ្ញុំបានខលទៅប្រាប់ថៅកែធំពីរឿងដែលអ្នកនាងមកទីនេះគ្មានការអនុញ្ញាតហើយ»
ចប់សម្ដីរបស់ស្ត្រីចំណាស់ ម៉ានីកា ក៏មុខស្លេកមួយភ្លែត បន្ទាប់មកក៏ខឹងឡើងក្រហមមុខ ចង់ធ្វើស្អីក៏មិនកើតទើបបានតែជេរប្រទេចអ្នកចំពោះមុខមួយម៉ាត់ពីរទៀត រួចដើរចេញទៅក្រៅបើកឡានចេញពីភូមិគ្រឹះបាត់។
«អូហ៊ូ...អ្នកស្រីធំរបស់អ៊ំ កុំយំអីមិនមែនជារឿងពិតនោះទេ ថៅកែធំគ្មានថ្ងៃបោះបង់អ្នកស្រីឡើយជឿខ្ញុំទៅ ថៅកែធំស្រឡាញ់អ្នកស្រីធំណាស់ណា»
«ហ៊ឹកអ៊ំ...ចុះបើពាក្យសម្ដីរបស់ស្រីម្នាក់នោះជាការពិត?» ស្រីតូចហូរទឹកភ្នែករហាម ខ្លាចខ្លាំងថារឿងទាំងនេះកើតជាការពិត។
«មិនពិតគឺមិនពិតហើយ ជឿអ៊ំទៅ បន្តិចទៀតថៅកែធំមកដល់ អ៊ំនឹងជម្រាបដល់ថៅកែធំ ឲ្យថៅកែធំលេងស្រីម្នាក់ឲ្យអស់ដៃម្ដងចាំមើលទៅ ជឿអ៊ំស្រីណា»
«ចាស៎!» ស្រីតូចស្ដាប់បង្គាប់បានយ៉ាងល្អ ប៉ុន្តែក្នុងដួងចិត្តនៅតែចងចាំរាល់ពាក្យសម្ដីរបស់ ម៉ូនីកា បានប្រាប់។
ដេស ដើរញាប់ជើងតម្រង់បន្ទប់គេង គ្រាន់តែបើកទ្វារភ្លាមក៏តម្រង់ទៅរកគ្រែដែលមានរាងស្ដើងដេកមានទាំងដាមទឹកភ្នែកមិនទាន់ស្ងួច។
«យំខ្លាំងដល់ថ្នាក់នេះផងឬ ព្រះនាងឆ្លងភពរបស់បង?» គេដាក់ខ្លួនអង្គុយក្បែរ ខណៈនោះអ្នកដេកលក់ក៏ភ្ញាក់ដឹងខ្លួនព្រោះពួករង្គើ។
«ដេស...» សំឡេងស្អកក្ងួរៗដោយសារតែយំយែកច្រើនពេកមុននឹងដេក ភ្នែកក៏ឡើងមមីព្រោះមិនទាន់ស្វាំងងងុយ។
«បាទ!»
«រួចការងារហើយឬ?»
«បាទ...»
«ហ៊ឹក...» នាងស្ទុះចូលទៅក្នុងល្វែងទ្រូងហាប់ណែន ហើយក៏កំចាយទឹកភ្នែកទឹកសម្បោរដាក់ដើមទ្រូងគេជាការសងសឹក។
«កុំយំ បងបានដឹងរឿងហើយ ម៉ានីកា មករកអូនមែនទេ?» គេសួរដោយសំឡេងថ្នមៗ ខ្លាចថាវាប៉ះពាល់ដល់អារម្មណ៍របស់នាង។
«អឺម...»
អ៎...តាមពិតទៅស្រីម្នាក់នោះឈ្មោះថា ម៉ានីកា ហើយគេក៏ស្គាល់នាងពិតមែន គិតបានត្រឹមនេះស្រីតូចក៏កាន់តែភ័យខ្លាចថែមទាំងនឹកដល់សម្ដីរបស់ ម៉ានីកា បានប្រាប់នាងកាលពីល្ងាចមិញ។
«កុំយំ!» មនុស្សមិនចេះលួងមនុស្សស្រីតាំងពីណាពីណីមកម្ល៉េះបានតែធ្វើខ្លួនមិនត្រូវ តាំងពីបាននាងមកគេមិនដែលធ្វើឲ្យនាងយំសោកនោះទេ ថ្ងៃនេះ ម៉ានីកា បែរជាមកធ្វើឲ្យភរិយាគេយំយែក ចាំមើលស្រីនោះនឹងដឹងគ្នាមិនខាន។
«ហ៊ឹក នាងជាប្រពន្ធបងម្នាក់ទៀតឬ?» សំឡេងដណ្ដឺតអណ្ដកមិនទាន់បាត់សួរឡើង ក្បាលនៅតែជ្រប់នឹងទ្រូងហាប់ណែនមិនព្រមដក។
«មិនពិតអីបន្តិចទេ ប្រពន្ធតែម្នាក់របស់បងគឺជារូបអូនទៅវិញទេ នៅតែមិនទាន់ជឿជាក់បងទៀតឬ អ្នកស្រីធំ?» គេនិយាយលាយលំដោយសំឡេងអស់សំណើច ទាំងដែលកាលកាលៈទេសៈនេះគ្មានអីគួរឲ្យអស់សំណើចសោះ តែគេបែរជាសើច ពេលខ្លះគេក៏មិនយល់ពីខ្លួនឯងដូចគ្នា។
«ប៉ុន្តែនាងប្រាប់ថាជាគូដណ្ដឹងរបស់បង ហើយជាអនាគតប្រពន្ធរបស់បងដែរ» ភរិយាតវ៉ា ពាក្យសម្ដីនាងទាំងប៉ុន្មានសុទ្ធតែជាការពិត។
«ជាគូដណ្ដឹងហ្នឹងគឺមែន ប៉ុន្តែជាអនាគតប្រពន្ធបងគឺគ្មានថ្ងៃនោះទេ ប្រពន្ធបងជាអូនហើយក៏នៅតែជាអូន មិនថាពេលនេះឬក៏អនាគត» គេបញ្ជាក់ដោយសំឡេងប្រាកដ។
ទោះដឹងថាខ្លួនឯងល្ងង់ដែលជឿសម្ដីគេងាយៗ ប៉ុន្តែត្រឹមបានឮគេបញ្ជាក់បែបនេះ នាងបែរជាបានស្ងប់ចិត្ត ឈប់យំឲ្យឮតទៅទៀត ទីបំផុតក្បាលតូចគ្របដោយសក់ខ្មៅរលោងក៏ព្រមដកចេញពីដើមទ្រូងគេ រួចងើយមុខសម្លឹងភ្នែកពណ៌ទឹកសមុទ្រចំៗ ដើម្បីស្វែងរកការពិតនិងការជឿជាក់។
«ពិតមែនឬ?»
«ពិតមែន! តែមុខអូនទៅត្រូវនឹងស្អីហ្នឹង?» ពេលមើលមុខប្រពន្ធចំទើបដឹងថាមានស្នាមក្រហម រឿងនេះប្រាកដជាមិនចប់ងាយៗទេ ស្នាមម្រាមដៃឲ្យក្រវាម ទោះកាលពីល្ងាចឮ ឡេរ៉ា និយាយប្រាប់រួចហើយ ប៉ុន្តែពេលឃើញគេក៏កាន់តេខឹងទ្វេរគុណ។
«អឺម...គឺត្រូវទះពេលដែលមិនបានប្រយ័ត្នខ្លួន...»
«ម៉ានីកា នេះពិតជារកកន្លែងស្លាប់ឃើញហើយមើលទៅ» អ្នកកំលោះសង្គ្រឺតធ្មេញនិយាយ។
ចាំមើលគេនឹងលេងឲ្យងាប់ហ្មង!
«អូនមិនអីទេ បងកុំនិយាយគួរឲ្យខ្លាចបែបនេះអី ពេលនោះនាងខឹងអូនពេក»
«ហ៊ឹស!»
«ប៉ុន្តែមានន័យថាម៉េចដែលថានាងជាគូដណ្ដឹងបង ហើយមិនមែនជាអនាគតប្រពន្ធនោះ?» នាងប្ដូររឿងនិយាយព្រោះខ្លាចទោសៈរបស់ស្វាមី។
«គឺជាគូដណ្ដឹងព្រោះផលប្រយោជន៍ អឺម...និយាយយ៉ាងម៉េចទើបអូនយល់ទៅណ៎?» គេដកឃ្លាឈប់និយាយបន្តិច រួចបម្រាសខ្លួនខិតទៅផ្អែកខ្នងនឹងក្បាលគ្រែឃីងសាយ ព្រមទាំងទាញរាងកាយស្រឡៅស្រឡូនក្នុងឈុតគេងស្ដើងសាច់រលោង ដាក់ចន្លោះភ្លៅនិងផ្ដួលទៅលើដើមទ្រូងសុទ្ធតែរោមរបស់ខ្លួន។
«យ៉ាងម៉េច?»
«គឺវាជារឿងមុខជំនួញ ការរកស៊ីតែងតែមានការដោះដូរ រឿងបែបនេះអ្នកជំនួញសឹងតែគ្រប់គ្នាច្រើនធ្វើ ប៉ុន្តែជួនកាលមិនយកជាការពិតអីបន្តិចទេ ដូចជាករណីបងនិង ម៉ានីកា អ៊ីចឹង... រឿងភ្ជាប់ពាក្យធ្វើជាគូដណ្ដឹងជាងការពិត ប៉ុន្តែគ្មានរឿងរៀបការយកគ្នាធ្វើប្ដីប្រពន្ធទេ តាមពិតបងបាននិយាយជំរះរឿងហ្នឹងជាមួយគ្រួសារត្រកូល វ៉ុលតា អឺម...ត្រកូល វ៉ុលតា គឺជានាមត្រកូលរបស់ ម៉ានីកា ហ្នឹង... បងនិយាយរួចរាល់តាំងពីដំបូងមកម្ល៉េះ ប៉ុន្តែពួកគេជាអ្នកក្បត់សន្យា» ព្រោះមិនចង់ឲ្យភរិយាមិនទុកចិត្តនិងខ្វល់ចិត្ត ទើបគេព្យាយាមនិយាយឡើងវែងដើម្បីឲ្យនាងទុកចិត្តនិងត្រឡប់មកស្រស់ស្រាយវិញ។
«ពួកគេជាអ្នកក្បត់សន្យាឬ?» នាងបើកភ្នែកធំៗ។
ការក្បត់សន្យាជារឿងគួរស្អប់និងមិនអាចលើកលែងទោសឲ្យបានសម្រាប់មនុស្សនៅសម័យកាលរបស់នាង ទើបនាងចាប់អារម្មណ៍ចំនុចនេះជាពិសេស។
ការក្បត់សន្យាស្មើនឹងការក្បត់ព្រះអាទិទេព!
«ពិតមែនហើយ...បងលង់អូនយ៉ាងនេះអស់ពេលពីរឆ្នាំទៅហើយ អូននៅសង្ស័យបងទៀតឬ? បងគ្មានថ្ងៃស្រវាស្រីម្នាក់នោះទេ ទាំងដែលអូនគួរឲ្យចាប់ក្រញិចយ៉ាងនេះ» និយាយចុះឡើងគេក៏ធ្វើឲ្យថ្ពាល់ភរិយាក្រហម ឃើញដូច្នេះទើបដកដង្ហើមធូរទ្រូងបានបន្តិច។
«ប៉ុន្តែចុះបើសិនជា...គឺថា...អូនចង់និយាយថា ប្រសិនបើជា...វាគ្រាន់តែប្រសិនបើប៉ុណ្ណោះ គឺថាបើសិនជាបងនិងនាងសុខៗស្រាប់តែប្ដូរចិត្តមករៀបការនឹងគ្នា ហើយក្លាយជាប្ដីប្រពន្ធនោះ?» ទោះគេបានអះអាងហើយក៏ដោយ ប៉ុន្តែពាក្យសម្ដីរបស់ ម៉ានីកា គឺមានច្រើនណាស់ដែលនៅស្អិតតោងជាប់ក្នុងខួរក្បាល។
«អេ៎...នេះនិយាយមិនស្ដាប់គ្នាឬ? ចិត្តចង់ឲ្យបងរៀបការមានប្រពន្ធចុងមួយទៀតមែនក៏អីហ្នឹង?» ថៅកែធំធ្វើជាតំឡើងសំឡេងហាក់ដូចជាខឹង ទាំងដែលការពិតទៅគឺអស់សំណើចនឹងទឹកមុខគួរឲ្យក្នាញ់របស់ភរិយាចង់ងាប់ហើយ។
ណ្ហើយចុះ...ឆប្រពន្ធលេងម្ដងក៏ជារសជាតិជីវិតដែរ។
«ទេ...អូនមិនបានចង់មានន័យបែបនោះអីបន្តិចទេ អូនគ្រាន់តែលើកឧទាហរណ៍ ថាបើសិនជាមានរឿងនឹងកើតឡើងមែនតែប៉ុណ្ណោះ»
«ចុះបើសិនជាបងប្ដូរចិត្ត អូនគិតយ៉ាងម៉េច?» គេឈប់បដិសេធ បែរជាចាក់បណ្ដោយ ហើយសួរបញ្ច្រាស់ទៅវិញ។
សំណួររបស់ស្វាមី លេងឲ្យអ្នកដែលគិតច្រើនប្រហោងបេះដូង អារម្មណ៍អ្វីម្យ៉ាងរត់ត្របាញ់តាំងពីក្បាលដល់ចុងជើង។
មែនហើយ វាជាអារម្មណ៍ភ័យខ្លាច និងខ្លាចបាត់បង់។
«អូនធ្វើស្អីបានទៅ បងមានសិទ្ធមានប្រពន្ធមួយទៀតបានស្រាប់ទៅហើយ វាអាចមកពីអូនជាប្រពន្ធមិនសូវល្អ» នាងតូចឈ្ងោកមុខចុះបន្តិច សំឡេងតបក៏ឮសូរខ្សាវៗហាក់មិនចង់បញ្ចេញសូរសំនៀង។
-----សូមរង់ចាំអានភាគបន្ត-----
#បើពេញចិត្ត កុំភ្លេចជួយឡាច ខមមិន និងស៊ែរ ផងណា!

No comments:
Post a Comment